អានតួអត្ថបទ

​អន្តោប្រវេសន៍ ៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាញ​សញ្ញា​អាសន្ន​នៅ​សមុទ្ទ​មេឌីទេរ៉ាណេ

ទូក​សង្គ្រោះ​របស់​​អង្គការ​SOSមេឌីទែរ៉ាណេ
ទូក​សង្គ្រោះ​របស់​​អង្គការ​SOSមេឌីទែរ៉ាណេ RFI/Juliette Gheerbrant
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

មានអន្តោប្រវេសន៍​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ ប្រថុយ​​ស្លាប់ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​មក​អឺរ៉ុប ! អាកាសធាតុ​ត្រជាក់ មិន​បាន​បង្អាក់​ដំណើរ​របស់​ពួក​គេ​ឡើយ ! នេះ​ជា​សម្រែក​របស់​អង្គការ​សង្គ្រោះ​នៅ​មេឌីទែរ៉ាណេ អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាលចំនួន​ពីរ ដែល​នៅ​បន្ត​ចាំ​ជួយ​ស្រោច​ស្រង់​អន្តោប្រវេសន៍​តាម​ទូក។

ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុនៗ ជន​អន្តោប្រវេសន៍​នៅ​បន្ត​ពុះ​ពារ​រត់​ឆ្លង​សមុទ្ទ​មក​អឺរ៉ុប​ដដែល​ មិន​រង់ចាំ​ដល់​មេឃ​ក្តៅ​បន្តិច​ទេ ! ហើយ​គិត​ត្រឹម​ពី​ដើម​ឆ្នាំ​មក​ប៉ុណ្ណោះ អង្គការ​សង្គ្រោះ​នៅ មេឌីទែរ៉ាណេ បាន​ស្រោច​ស្រង់​អន្តោប្រវេសន៍​តាម​ទូក​បាន​៣៧៥នាក់។ ពួក​គេ​មាន​គ្នា​រាប់​សិប​រយ​នាក់ កំពុងរិះរក​មធ្យោបាយ​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ​បើ​ទោះ​បី​ជា​ដឹង​ថា​ពេល​នេះ​ជា​រដូវ​ត្រជាក់​ក៏​ដោយ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់របស់​នាយក​អង្គការ ដែល​ប្រឹង​ដង្ហើយ​សុំ​អន្តរាគមន៍ និង​ជំនួយ​គាំទ្រ​មនុស្សធម៌ ព្រោះ​ បច្ចុប្បន្ននេះ មាន​ទូក​មនុស្សធម៌​ធំ​តែ​មួយ​គត់ ចាំ​ជួយ ក្នុង​អំឡុង​ពេល​រដូវ​ត្រជាក់។

ក្នុ​ងមួយ​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​អន្តោប្រវេសន៍​ឆ្លងសមុទ្ទ​តាម​​ទូក ប្រមាណ​១៨១៤៣៦​នាក់ បានមក​ដល់​ត្រើយ​អ៊ីតាលី។​ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មាន​ទេ។ មក​ដល់​ក៏​ច្រើន ចំនួន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​ក៏​ច្រើន​ខ្លាំង​បំផុត​ដែរ នៅ​ឆ្នាំ​២០១៦ ពោល​គឺ​ប្រមាណ​ជាង​៥ពាន់​នាក់។

​​ចរន្ត​រត់​មក​អឺរ៉ុប​តាម​សមុទ្ទ​ មិន​បាន​ថម​ថយ​ទេ ! ទូក​រខេករខាក បាន​ចេញ​ដំណើរ​ចម្លង​មនុស្ស​ជា​រៀងរាល់​ថ្ងៃ តែ​ខ្លះ​ក៏​បាន​បាត់​កណ្តាល​មហាសាគរ។ គ្រាន់​តែ​ពេល​នេះ គ្មាន​នរណា​ចាប់​អារម្មណ៍​និយាយទៀត​ឡើយ។ នេះ​ជា​ការ​សោកសង្វេង​របស់​លោកស្រី​នាយក​អង្គការ​សង្គ្រោះ​មេឌីទែរ៉ាណេ ដែល​អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​ និង​មតិ​សាធារណៈ​ មាន​ស្មារតី​ចង​ចាំ​ថា​សោកនាដកម្ម​ក្នុង​សមុទ្ទមេឌីទែរ៉ាណេ​បន្ត​មាន​ជា​រៀងរាល់​ថ្ងៃ។

អង្គការ​សង្គ្រោះ​មេឌីទេរ៉ាណេ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល ដំណើរការ​បាន​ដោយ​រំពឹង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​វិភាគ​ទាន​ឯកជន​ កំពុង​អំពាវនាវ​សុំ​ជំនួយ​​​ហិរញ្ញវត្ថុ​ ពី​គ្រប់​ទិសទី ព្រោះ​អង្គការ​មាន​ថវិកា​ត្រឹម​ពីរ​ខែ​ទៀត​ នឹ​ងអស់​លទ្ធភាព​ចេញ​ទូក​ទៅ​សង្គ្រោះ​អន្តោប្រវេសន៍​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ