អានតួអត្ថបទ
បារាំង

​បេក្ខជនប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ជាប់រឿង​អាស្រូវ​កេង​លុយរដ្ឋ​​​

លោកស្រី Penelope  Fillon និងលោក François Fillon នៅ​ក្នុង​មិទ្ទិញ​ថ្ងៃទី ២៩ មករា នាទីក្រុងប៉ារីស
លោកស្រី Penelope Fillon និងលោក François Fillon នៅ​ក្នុង​មិទ្ទិញ​ថ្ងៃទី ២៩ មករា នាទីក្រុងប៉ារីស REUTERS/Pascal Rossignol
ដោយ៖ អៀង សុខម៉ិញ
1 នាទី

​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង អតីត​នាយករដ្ឋមន្ត្រី​បារាំង និង​ជា​បេក្ខជនប្រធានាធិបតី​​​នៃ​បក្ស​សាធារណរដ្ឋ ដែល​គ្រប់គ្នា​រំពឹង​ថា​មាន​វាសនា​ខ្ពស់​អាចជាប់​ជា​ប្រធានាធិបតី​នៅ​ខែ​ឧសភា​ខាង​មុន កំពុង​ជួប​​រឿង​អាស្រូវ​កេង​លុយ​រដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរឡើងៗ។ ​សារព័ត៌មាន​ Le Canard Enchainé បាន​ទម្លាយ​ជា​បន្ត​បន្ទាប់​ថា កូនៗ​និង​ភរិយា​របស់​លោក​ហ្វីយ៉ុង​ ​បាន​ទទួល​ប្រាក់ខែ​រដ្ឋ​ប្រមាណ​​ជាង ១​លាន​អឺរ៉ូ ក្នុង​នាម​ជា​ជំនួយការឪពុក និង​​ស្វាមី កាល​នៅ​ជា​សមាជិក​សភា។ តើការ​យក​ប្រពន្ធ​កូន​ មក​ធ្វើ​ជា​ជំនួយការ​​​ជា​ទង្វើ​ខុស​ច្បាប់ឬ ?

ផ្សាយពាណិជ្ជកម្ម

យក​ប្រពន្ធ​កូន​មក​ធ្វើ​ជាជំនួយ​ការ​មិនមែន​ជាការ​ខុសច្បាប់​ទេ ប៉ុន្តែ​តើ​ប្រពន្ធ​និង​កូន​ៗ​ទាំង​នោះ​ពិត​ជា​បាន​បំពេញ​ការ​ងារ​ដោយ​ជាក់ស្តែង​ ឬ​គ្រាន់​តែ​មាន​ឈ្មោះ​ដើម្បីបាន​ប្រាក់​ខែ ?!  ​ព្រោះ​បើ​តាម​ការសាកសួររបស់​ប៉ូលិសប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុករលួយ​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​អង្កេត​បឋម​ ទៅ​កាន់​​ជំនួយការ​​ម្នាក់ទៀត ដែល​ត្រូវ​ធ្វើការ​ជាមួយ​​លោកស្រី​ហ្វីយ៉ុង បាន​អះអាងថាស្គាល់​លោកស្រីហ្វីយ៉ុង​ត្រឹម​ជាភរិយានាយករដ្ឋមន្ត្រី មិនដែល​ដឹង​សោះ​ថា​លោកស្រី​មាន​តួនាទី​ជា​​ជំនួយការ​សភា។​

ម្សិលមិញ ក្រុម​អង្កេត​បាន​ចុះ​ទៅឆែកឆេរ​នៅ​សភា ដើម្បី​សាកល្បង​ស្វែង​រកភស្តុតាង​​ផ្សេង​បញ្ជាក់​អំពី​​ការងារពិតៗ​របស់​លោកស្រីហ្វីយ៉ុង (ដែល​មិនមែន​ត្រឹម​វិក័យបណ្ណ​ប្រាក់បៀវត្សរ៍​ឡើយ)។ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង និង​លោកស្រី ប៉េណេឡុប ហ្វីយ៉ុង ក៏​ត្រូវ​បាន​ប៉ូលិស​អង្កេត​សាកសួរ​​ ​ ដាច់​ដោយ​ឡែក​ពី​គ្នា រួច​មក​ហើយ​ដែរ​ កាលពី​ថ្ងៃ​ចន្ទទី​៣០​មករា។

បើ​តាម​សារព័ត៌មាន​Le Canard Enchainé លោកស្រី​ប៉េណេឡុប ​ហ្វីយ៉ុង បាន​ចាប់​ផ្តើម​ការងារ​ជំនួយការ​​របស់​ស្វាមី និង​​របស់​សមាជិកសភា​ជំនួស នៅ​ពេល​លោក​ហ្វីយ៉ុង​ចូល​ក្នុង​​​រដ្ឋាភិបាល ពី​ឆ្នាំ​១៩៨៨ដល់​ឆ្នាំ​២០០៧ ​ដោយ​បាន​ទទួល​ប្រាក់​បៀវត្សរ៍ សរុប​​ប្រមាណ​ ៨៣ម៉ឺន​អឺរ៉ូ។ លោកស្រី​ក៏​បាន​ទទួល​​ប្រាក់​ខែ​១០​ម៉ឺន​អឺរ៉ូ  សម្រាប់ការងារ​នៅ​ទស្សនាវដ្តី La Revue des deux mondes​ ​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៣  ដែល​លោកស្រី​ទំនង​ជា​បាន​សរសេរ​អត្ថបទ​ប៉ុន្មាន​អក្សរ​ប៉ុណ្ណោះផង។

ជាង​នេះ​ទៅ​ទៀត បើ​តាម​ប្រភព​សារព័ត៌មាន​Le Canard Enchainé​ ដដែល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធទី​១​កុម្ភៈ​តែ​ម្តង បាន​ទម្លុះ​រឿង​អាស្រូវ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដោយ​បាន​អះអាងថា លោកហ្វីយ៉ុង ក៏​បាន​ធ្លាប់​ផ្តល់​ការងារ​ជា​ជំនួយការ​ព្រឹទ្ធសភា នៅ​រវាង​ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៧ ដល់​កូនស្រី និង​កូន​ប្រុស​របស់​លោក​ ដែល​កំពុង​នៅ​សិក្សា​នៅ​ឡើយ មិន​មែន​មាន​សញ្ញាប័ត្រ​ជា​មេធាវី ដូច​ដែល​លោក​ហ្វីយ៉ុង​បាន​អះអាង​ការពារ​ខ្លួន​នោះ​ទេ។

​តាំង​ពី​មាន​លេច​ធ្លាយ​រឿង​អាស្រូវ​លោកស្រី ​ប៉េណេឡុប​ ហ្វីយ៉ុង ​ស៊ី​ប្រាក់​ខែ​ជា​ជំនួយការ​ស្វាមី​មក បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ បាន​ខិត​ខំ​បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​បញ្ចេញ​គ្រប់​អំណះអំណាង ដើម្បីការពារ​ខ្លួន ប៉ុន្តែ​រាល់​ពាក្យ​ដែល​គ្រលាស់​ចេញ​មក តែង​អាចផ្ទាន់​​បាន​ទាំង​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ