អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រឿង​អាសូវកេង​លុយរដ្ឋ ៖ តើ​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង អាចខ្ទាតពី​​បេក្ខភាព​​ប្រធានាធិបតី​ឬ ?

សំឡេង ០៤:២៧
លោក François Fillon ថ្ងៃទី ៣១ មករា ២០១៧
លោក François Fillon ថ្ងៃទី ៣១ មករា ២០១៧ REUTERS/Christian Hartmann
ដោយ៖ អៀង សុខម៉ិញ

រឿង​អាស្រូវ​កេង​លុយរដ្ឋ​គ្រួសារហ្វីយ៉ុង បាន​រីករាលដាល​កាន់​តែ​ធំឡើងៗ ពី​ប្រពន្ធ​ដល់​កូន ... ការ​អង្កេតបឋម​បាន​ចាប់​បើក​ ការ​សាកសួរ និង​ឆែកឆេរ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​នៃ​បក្សសាធារណរដ្ឋ​​ បាន​ទន្ទេញ​ពាក្យ​ដដែលៗ​ថា​ បើ​គ្មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ទេ លោក​មិន​បោះបង់​បេក្ខភាព​ប្រធានាធិបតី​ឡើយ។ ចុះ​បើ​លោក​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​សង្វៀន តើ​នឹង​មាន​ផលវិបាក​យ៉ាងណា​ខ្លះ ?

ផ្សាយពាណិជ្ជកម្ម

 

ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ មួយ​ម៉ោង​ទៅ​ម៉ោង យុទ្ធនាការ​ឃោសនា​របស់​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បាន​និ​ងកំពុង​បោះជំហាន​ទៅ​រក​ផ្លូវ​ទ័ល។ ការ​ទម្លាយ​រឿង​អាស្រូវ​ មួយ​ហើយ​មួយ​ទៀត បាន​ធ្វើ​ឱ្យ​រូបភាព​បេក្ខជន​ប្រធានាធិបតី​ ដែល​តាំង​ខ្លួន​ជា​បុគ្គល​ដ៏​ស្អាត​ស្អំ ប្រលាក់​ប្រលូស​កាន់​តែ​ខ្លាំងឡើង។ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍ លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បាន​ក្លាយ​ពី​បេក្ខជន​ផុយស្រួយ ទៅ​បេក្ខជន​ជាប់​ជុច ក្នុង​សំណុំ​រឿង​អាស្រូវ​កេង​លុយរដ្ឋ​ឱ្យ​​ភរិយា និង​កូន ដល់​ទៅ​ប្រមាណ​ជាង​មួយ​លាន​អឺរ៉ូ។

នៅ​ចំពោះ​មុខ​រឿង​អាស្រូវ​ដែល​ប្រជាពលរដ្ឋ​ជាម្ចាស់​ឆ្នោត​មាន​អារម្មណ៍​ចុក​ចាប់​ជាង​គេ លោក​ហ្វីយ៉ុង បាន​ប្រឹង​រក្សា​ជំហរ និង​ការពារ​ខ្លួន ដោយ​អះអាង​កាលពី​ល្ងាច​ថ្ងៃអង្គារ​ថា ជា​ជនរងគ្រោះ​នៃ​អំពើ​ក្បត់ និង​ប្រតិបត្តិការ​មួល​បង្កាច់​បែប​អាជីព ៖​ “នៅ​បី​ខែ​មុន​បោះឆ្នោត​ ស្រាប់​តែ​មាន​ប្រតិបត្តិការ​ចង់​កម្ចាត់​បេក្ខជន​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ !”។ លោក​មិន​ព្រម​ចុះ​ចាញ់​ទេ ក្រោម​គំនាម​ប្រព័ន្ធ​ឃោសនា និង​មតិ​សាធារណៈ ប៉ុន្តែ​លោក​ ហ្វីយ៉ុង បាន​ដាក់​កំណត់​ថា​ នឹង​បោះបង់​បេក្ខភាព​ប្រធានាធិបតី​ប្រសិន​បើ​លោក​ត្រូវ​ជាប់​ចោទ​ដោយ​តុលាការ។

យុទ្ធនាការឃោសនា ​ត្រូវ​រំពឹង​លើ​លទ្ធផល​នៃ​ការ​អង្កេត គឺពិត​ជា​ពិបាក​ទទួល​យក​បំផុត។ ក្រុម​អ្នក​ស្តាំ​និយម​បារាំង ពិត​ជា​មិន​ចង់​ដឹង​ចង់​ឮ រឿង​ដ៏​អាប់​អួរ​នេះ​ឡើយ ព្រោះ​ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ លោក​ហ្វ្រង់ស័រ​ ហ្វីយ៉ុង បាន​បាត់​បង់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ប្រជាពលរដ្ឋ​ដល់​ទៅ​ ៧៦%​ មិន​ជឿ​លើ​ពាក្យ​ដោះសារ​របស់​លោក​ទេ​។ ក្នុង​បរិបទ​បែប​នេះ តើ​លោក​ហ្វីយ៉ុង នឹង​អាច​ឈាន​ដល់​ការ​បោះបង់​បេក្ខភាព​ប្រធានាធិបតី មែនឬ?

​ចម្លើយ​អាច​មាន​បី​។ ប្រសិន​បើ​ លោកហ្វីយ៉ុង មាន​ភស្តុតាង​គ្រប់​គ្រាន់​និង​លឿន​ បញ្ជាក់​អំពី​សកម្មភាព​ការងារ​ពិតៗ​របស់​ភរិយា​ និង​កូនៗ ​ក្នុង​នាម​ជា​ជំនួយការ មិនបាន​កេង​លុយ​រដ្ឋ ដូច​ការ​សង្ស័យ តុលាការនឹង​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់។ រឿង​អាស្រូវ​នឹង​ត្រូវ​បិទ​បញ្ចប់​។ ក្នុង​ករណី​នេះ​លោក​ហ្វីយ៉ុង អាច​រក្សា​សំណាង​ឈ្នះ​ឆ្នោត​ខែ​ឧសភា។

ប៉ុន្តែ​បើ​ក្រុមអ្នក​អង្កេត​រក​ឃើញតែចំណុចសម្រាប់​ដាក់​បន្ទុក​វិញ ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ហ្វីយ៉ុង​ជា​ផ្លូវការ ដែល​ពេល​នោះ​លោក​ត្រូវ​តែ​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព​ប្រធានាធិបតី។ ជា​ចុងក្រោយ​ គ្មាន​អ្វី​ជា​​ច្បាស់​លាស់ មាន​តែ​ពាក្យ​ចចាម​អារាម មាន​តែ​ការ​គាស់​កកាយរឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត​ ការ​អង្កេត​ត្រូវ​បើ​ពេល​យូរ ទម្រាំ​តែ​ដឹង​សខ្មៅ វា​អាច​ហួស​ពេល​ប្តូរ​បេក្ខជន​ប្រធានាធិបតី ... បើ​ហួសពេល​ គឺ​ត្រូវ​ចាញ់​ឆ្នោត។

​បក្ស​សាធារណរដ្ឋ ខ្លាច​បំផុត សេណារីយូ​ទីពីរ​ដែល​ត្រូវ​ប្តូរ​បេក្ខជន​។ ហេតុ​ដូច្នេះ​ហើយ​ បាន​គ្រប់គ្នា​ចង់​​ការ​អង្កេតមាន​ដំណើរ​កាល​លឿន​បំផុត។ កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ ! ​គេ​មិន​អាចបណ្តោយ​ពេល​វេលា​ឱ្យ​កន្លង​ទៅ​យូរ​បានឡើយ ព្រោះ​គណបក្ស​គ្មាន​ផែនការ​សង្គ្រោះ​ទេ។ គេ​មិន​អាច​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសរើសបេក្ខជន​បក្ស​ជាថ្មី​ម្តង​ទៀត​បាន​ឡើយ។ លក្ខន្តិកៈ​បក្ស​មិន​ចែង​អំពី​ករណី​រក​បេក្ខជន​ថ្មី​​​ជំនួស​បេក្ខជន​ជាប់​ឆ្នោត​រួច​ ត្រូវ​ដក​ខ្លួន​ចេញ​វិញ​ទេ និង​ក៏​គ្មានគ្រោង​​ដែរ​ដំណើរ​ការ​ច្បាប់​ទាក់ទង​នឹង​ករណី​បែប​នេះ។ តែ​បេក្ខជន​ម្នាក់ៗ និង​ហត្ថលេខា​គាំទ្រ​ចំនួន​៥០០​ត្រូវ​រក​មក​ដម្កល់​ឱ្យ​បាន​ យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃទី ១៧​មីនា ២០១៧ ពោល​គឺ​ក្នុង​រយៈ​ពេល​៦​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។

ហើយ​ប្រសិន​បើ​ពិត​ជា​ត្រូវ​ប្តូរ​បេក្ខជន​មែន នោះ​ការិយាល័យ​នយោបាយ​អាច​នឹងធ្វើ​ការ​សម្រេច​​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​តាម​អ៊ីនធ័រនែត ឬ​ក៏​ត្រូវ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​តំណាង​ជាតិ​និង​តំបន់​ចំនួន​២ពាន់​នាក់។  ខ្លះ​បាន​ផ្តើម​គិតស្រមៃ​ដល់​លោក​ អាឡាំង ហ្ស៊ូបប៉េ ដែល​បាន​ចាញ់​ឆ្នោត​ទល់​នឹង​លោកហ្វីយ៉ុង ខ្លះ​គិត​ដល់​លោក​នីកូឡា សាកូហ្ស៊ី ឬ​ក៏​ឥស្សរជន​ក្នុង​បក្ស​ជំនាន់​ថ្មី lលោក ហ្វ្រង់ស័រ ប៉ារ័ង François Baroin ។

ក្នុង​ពេល​ទូក​រៀប​លិច​បែប​នេះ ម្នាក់ៗ​បាន​ចាប់​ផ្តើម​គិត​អំពីប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង បាន​កោះ​ហៅ​សមាជិក​សភា​របស់​គណបក្ស​ទាំង​អស់​មក​ជួប​ប្រជុំ​គ្នា​ដោយ​បិទទ្វារ​​នៅទីស្នាក់ការ ដើម្បី​សាក​ល្បង​ប្រមូល​ផ្តុំ​កម្លាំង ជុំ​វិញ​លោក​ដដែល និង​ជំរុញ​ឱ្យ​សមាជិក​បក្សអត់​ធ្មត់​ឱ្យ​បាន​១៥​ថ្ងៃទល់​នឹង​រលក​សារ​ព័ត៌មាន​ដ៏ពុះកញ្ជ្រោល។​ ប៉ុន្តែ​ស្ថានការណ៍​ពេល​នេះហាក់​លែង​​អំណោយ​ផល​ហើយ។ បក្ស​ស្តាំ​និយម​ដែល​មាន​ជំហរ​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​​ឆ្នាំ​២០១៧​ កំពុងប្រឹង​ទប់​​ដង្ហើម ដូច​រង់​ចាំ​​មើល​ថ្ងៃ​​បោះឆ្នោត​ដែលមិន​អាច​ចាញ់ ​បើ​តាម​ក្បួន តែ​ចុងក្រោយ​បែរ​ជា​បក្ស​ដែល​មិន​អាច​យក​ឈ្នះ​បាន​ទៅ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ