អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​​នៅ​សារៈមន្ទីរ​Louvre​ ៖ ទេសចរ​ភេរវកម្ម ជាទម្រង់នៃ​ការ​គំរាមកំហែង​ថ្មី ?!

សំឡេង ០៥:៤១
ជនអេហ្ស៊ីប​អាយុ​២៩​ឆ្នាំ​ជាប់​សង្ស័យ​ជា​ភេរវកម្ម​ប្រឆាំង​ទាហាន​​នៅ​ជិត​សារៈមន្ទីរ​Louvre
ជនអេហ្ស៊ីប​អាយុ​២៩​ឆ្នាំ​ជាប់​សង្ស័យ​ជា​ភេរវកម្ម​ប្រឆាំង​ទាហាន​​នៅ​ជិត​សារៈមន្ទីរ​Louvre REUTERS/Christian Hartmann
ដោយ៖ អៀង សុខម៉ិញ

​ការ​វាយប្រហារនៅ​សារៈមន្ទីរ Louvre កណ្តាល​ក្រុង​ប៉ារីស ត្រូវ​បាន​រដ្ឋ​អាជ្ញា​បញ្ជាក់​ថា​ពិត​ជា​សកម្មភាព​ភេរវកម្ម​។ ២៤​ម៉ោង​ក្រោយ​ ការ​អង្កេត​កំពុង​បន្ត​ និង​បាន​នាំ​ដល់​ការ​រក​ឃើញ​អត្តសញ្ញាណ​​ជនដៃ​ដល់​ដែល​ទំនង​ជា​ជនជាតិ​អេហ្ស៊ីប អាយុ ២៩​ឆ្នាំ ទើប​ចូល​ជាន់​ទឹក​ដី​បារាំង​បាន​ប្រមាណ​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ។ ភេរវជន​សង្ស័យ​ បញ្ចេញ​សកម្មភាព​តែ​ម្នាក់​ឯង ប៉ុន្តែ​អ្នក​អង្កេត​កំពុង​ស្រាវជ្រាវ​រកក្រែង​មាន​ក្រុម ឬ​មាន​អ្នក​បញ្ជា​ពី​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ភេរវជន​សង្ស័យ​ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ! ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវអង្កេត ក្នុង​ទូរស័ព្ទ​ដៃ ក្នុង​​សំណុំឯកសារ​ទិដ្ឋាការអឺរ៉ុប ព្រមទាំង​​ការ​ឆែកឆេរ​នៅ​ក្នុង​ផ្ទះ​ស្នាក់​នៅ​ក្នុង​សង្កាត់​ដ៏​ប្រណិត​នាក្រុង​ប៉ារីស របស់​ជននេះ​ទៅ បាន​បង្ហាញ​ថា ភេរវជន​សង្ស័យ​បាន​ចូល​ក្នុង​ប្រទេស​បារាំង ដោយ​ស្រប​ច្បាប់ ក្នុង​នាម​ជា​ទេសចរ មិន​មែន​ជា​ជនភៀសខ្លួន ឬ​អន្តោប្រវេសន៍​ឡើយ កាលពី​ថ្ងៃទី ២៦​មករា ដោយ​ជិះ​យន្តហោះ​ចាកចេញ​​ពីទី​​ក្រុង​ឌូបៃ មក​កាន់​ក្រុង​ប៉ារីស។

​មាន​អាយុ​២៩​ឆ្នាំ មាន​សញ្ជាតិ​អេហ្ស៊ីប រូប​ថត​នៅ​លើ​ទិដ្ឋការ​ នៅ​លើ​លិខិត​ឆ្លង​ដែន​Biometrique ស៊ី​គ្នា​នឹង​រូប​ពិត​របស់​ជន​ដៃដល់ដែល​មាន​​ឈ្មោះ​ Abdallah El-Hamahmy និង​គ្មាន​ប្រវត្តិ​ប្រលាក់​ប្រលូស​នឹង​ភេរវនិយម​ ឬ​ជីហាត​ក្នុង​ប្រព័ន្ធ​ស៊ើប​ការណ៍​សម្ងាត់​បារាំង​ទេ។ តែ​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​បាន​ចាត់​ទុក​ទង្វើ​របស់​ជន​នេះ ថា​ជា​ទង្វើ​ភេរវកម្ម ពីព្រោះ បើ​តាម​សារ​Twitters សរសេរ​បង្ហោះ​ជា​ភាសា​អារ៉ាប នៅ​ប៉ុន្មានមិន​ដល់​មួយ​ម៉ោង​មុន​ពេល​​កើត​ហេតុ ថា ជំនួស​មុខ​ព្រះអាឡាហ៍ ... ដើម្បី​បងប្អូន​ស៊ីរី និង​យុទ្ធជន មួយ​នាទី​ក្រោយម​ក​ទៀត អាខោន​Twitters ដដែល​បាន​បង្ហោះ​សារ​មួយ​ទៀត ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ បើ​គិត​សរុប​ទៅ​មាន​សារ​ទ្វីតបែប​អ៊ីស្លាម​ជ្រុលនិយម​ដល់​មាន​ប្រមាណា​ជាង​១០ ​ក្នុងរយៈ​ពេល​តែ​ប្រមាណ​៧​នាទី។

​ទេសចរ-​ភេរវកម្ម​

​ជន​នេះ បាន​ស្នើ​សុំ​ទិដ្ឋាការទេសចរណ៍​បារាំង កាលពី​ថ្ងៃ​៣០​តុលា ២០១៦។ ពេល​មក​ដល់​ក្រុង​ប៉ារីស​ភ្លាម​នៅ​ថ្ងៃទី ២៦ មករា ជនជាប់​សង្ស័យនេះ​បាន​ជួល​បន្ទប់​សណ្ឋាគារ​ដ៏​ប្រណិត​ក្នុង​សង្កាត់​ដ៏​ល្អ កណ្តាល​ទី​ក្រុង​ប៉ារីស ប្រមាណ​ពីរបី​ជំហាន​ពី​Champs Elysée ដ៏​ល្បីល្បាញ តម្លៃ​​១៧០០​អឺរ៉ូ​ក្នុង​សប្តាហ៍​ គឺដូច​ជា​ទេសចរ​អ្នកមាន​មក​ពី​អារ៉ាប់ និង​បាន​ទៅ​ទិញ​កាំបិត​ផ្គាក់​ពីរ​ ក្នុង​តម្លៃ​ជិត​៧០០​អឺរ៉ូ នៅ​ថ្ងៃទី ២៨​មករា។​

​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​គេ​បាន​រក​ឃើញ​ទៀត​ថា ភេរវជន​សង្ស័យ​នេះ មាន​ទិដ្ឋាការ​ទៅ​អារ៉ាប៊ីសាអូឌីត និង​ទិដ្ឋាការ​ពីរ​ទៅ​តួកគី កាលពី​ឆ្នាំ​២០១៥ និង​២០១៦ ព្រម​ទាំង​លិខិត​ស្នាក់​នៅ​ប្រទេស​អេមៀរ៉ាទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​ អ្នក​ស្រាវជ្រាវ​កំពុង​បន្ត​ចោទ​សួររក​មូលហេតុ​ដែល​នាំ​ឱ្យ​ជន​នេះ​បញ្ចេញ​សកម្មភាព និង​ជាពិសេស កំពុង​ចង់​ដឹង​ថា​គេ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ដោយ​ចិត្ត​ឯង​ ឬ​ក៏​មាន​អ្នក​បញ្ជា​​ពី​ក្រោយ។ តែ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ស្គាល់​សកម្មភាព​ភេរវកម្ម​នៅ​ឡើយ​ទេ។

សារៈមន្ទីរ​Louvre និម្មិត្តរូប​ទេសចរណ៍​និង​វប្បធម៌

សារៈមន្ទីរ​Louvre នេះ​ជា​សារៈមន្ទីរ​ដែល​មាន​អ្នក​ចូល​ទស្សនាច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ក្នុង​មួយ​ឆ្នាំៗ ប្រមាណ ៧,៣​លាន​នាក់ ក្នុង​នោះ​៧៥%​ជា​ទេសចរបរទេស។ សកម្មភាព​ទេសចរណ៍ នៅ​សារៈ​មន្ទីរ​ទើប​ចាប់​រើប​ឡើង​បន្តិច​វិញ បាន​ពីរ​ខែ និង​សង្ឃឹម​លើ​ឆ្នាំ​២០១៧​ តែត្រូវ​មក​រង​ការ​វាយប្រហារ​ដោយ​កាំបិត​​លើ​ទាហាន​រក្សា​សន្តិសុខ។
តាំងពី​ពីរ​ឆ្នាំមក​ហើយ​ដែល​បារាំង​រស់​ត្រាំ​ត្រែង​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម។ ហើយ​ម្យ៉ាង​ទៀត ហេតុការណ៍​នេះ ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ដែល​ប៉ារីស​ បើក​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​បេក្ខភាព​ប៉ារីសចង់ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំកីឡាអូឡាំពិក​ JO​២០២៤។ ​វា​មិនមែន​ជា​ការ​ចៃដន្យ​ឡើយ​ដែល ភេរវជន​សង្ស័យ​​ជ្រើស​​រើសធ្វើ​សកម្មភាព​​នៅហាង​ទំនិញ​ក្រោម​ដី ជាប់​សារៈមន្ទីរ​ Louvre កន្លែង​​ជា​និម្មិត្តរូបទេសចរណ៍ ​វប្បធម៌ ប្រមូល​ផ្តុំ​ទៅ​ដោយសម្បត្តិ​សិល្បៈដ៏​សម្បូរ​បែប​ជាងគេនោះ។

សារៈមន្ទីរ​បាន​បើក​ទ្វារ​ជា​ធម្មតា នៅ​ថ្ងៃ​សៅរ៍​នេះ និង​បាន​ទទួល​ទេសចរ​ច្រើន​ចូល​ទស្សនា​ដូច​ធម្មតា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ