អានតួអត្ថបទ
បារាំង

បេក្ខជន​ប្រធានាធិបតី​បារាំង​នឹង​រងបទ​ចោទប្រកាន់​ពី​តុលាការ​ក្នុង​រឿង​កេងលុយរដ្ឋ

ប្តីប្រពន្ធ​ហ្វីយ៉ុង នៅក្នុង​មិទ្ទិញ​បក្ស​នៅថ្ងៃទី ២៩ មករា ២០១៧ នៅក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​កេងលុយរដ្ឋ Penelopgate
ប្តីប្រពន្ធ​ហ្វីយ៉ុង នៅក្នុង​មិទ្ទិញ​បក្ស​នៅថ្ងៃទី ២៩ មករា ២០១៧ នៅក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​កេងលុយរដ្ឋ Penelopgate REUTERS/Pascal Rossignol/File photo
ដោយ៖ ឈាង បុប្ផា
1 នាទី

លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​បារាំង ​បាន​បញ្ជាក់ នៅថ្ងៃ​ពុធ​ម្សិលមិញ ថា តុលាការ​នឹង​ចោទប្រកាន់​រូប​លោក នៅ​ថ្ងៃ​ទី​១៥​មីនា​ខាងមុខ។ រុំព័ទ្ធ​ខ្លួន​ដោយ​រឿងអាស្រូវ​កេង​បន្លំ​លុយ​រដ្ឋ បេក្ខជន​មក​ពី​គណបក្ស​ស្តាំ និង​កណ្តាល​និយម នៅ​តែ​អះអាង មិន​ព្រម ដកខ្លួន​ចេញ​ពី​សៃង្វៀន​ប្រកួត ដណ្តើម​តំណែង​ប្រធានាធិបតី​បារាំង ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ខែ​មេសា និង​ឧសភា​ខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង​នៅ​តែ​ចង់​ក្រាញ​ដល់​ទី​បំផុត។ នៅថ្ងៃ​ពុធ​ម្សិលមិញ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ធ្វើឡើង​ដោយ​ប្រថុចញ៉ុច លោក​បាន​អះអាង​ថា លោក​នឹង​នៅ​តែ​​បន្ត ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង។ ការប្រកាស​នេះ​ធ្វើឡើង នៅក្រោយ លោក​ហ្វីយ៉ុង​បាន​និយាយ​ថា តុលាការ​បាន​ជូន​ដំណឹង​ទៅ​មេធាវី​របស់លោក​ដែលថា តុលាការ​នឹង​កោះហៅ​រូបលោក​ទៅ​ចោទប្រកាន់ នៅ​ក្នុង​២​សប្តាហ៍​ទៀត (ថ្ងៃទី ១៥​មីនា)។

 
ត្រូវ​តុលាការ​ចោទប្រកាន់ ប៉ុន្តែ នឹង​មិន​ដកខ្លួន​ចេញ​ពី​បេក្ខភាព​ប្រធានាធិបតី។ ការប្រកាស​នេះ​ផ្ទុយស្រឡះ​នឹង​ការអះអាង​កន្លងមក​របស់​លោក​ហ្វីយ៉ុង ដែល​ថា លោក​នឹង​ដកខ្លួន​ចេញ​ភ្លាម បើសិន​លោក​រង​ការចោទប្រកាន់​ពី​តុលាការ។ “វា​ជា​រឿង​សីលធម៌” នេះ​បើតាម​សារ​Twitter របស់​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង កាលពី​ថ្ងៃ​ទី ២៦​មករា ពោល​គឺ​នៅក្រោយ​បែក​លេច​ធ្លាយ​រឿងអាស្រូវ​កេងលុយ​រដ្ឋ ជាង​១លាន​អឺរូ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍​បារាំង TF1 លោក​ហ្វីយ៉ុង​បាន​ក្រឡាស់​សំដី​មកវិញ​ដោយ​និយាយ​ថា លោក​នឹង​មិន​ដកខ្លួន និង​រង់ចាំ​ទុក​ឲ្យប្រជាជន ដែល​ជា​ម្ចាស់ឆ្នោត ជាអ្នកសម្រេច​ជោគវាសនា​របស់លោក។

តាម​ការចុះផ្សាយ​របស់​កាសែត​បារាំង​Le Canard Enchainé ភរិយា​របស់លោក ហ្វ្រង់ស័ ហ្វីយ៉ុង គឺ លោកស្រី ពេណេឡុប ហ្វីយ៉ុង មិន​ដែល​ធ្វើការ​ទាល់តែ​សោះ ប៉ុន្តែ បាន​បើក​ប្រាក់​ខែ ពី​សភា ក្នុង​នាម​ជា​ជំនួយការ​របស់​សា្វមី នៅ​សភា ជាង​២០​ឆ្នាំ។ ទោះ​ជា​រងការរិះគន់​ក្រោយ​ការចុះផ្សាយ​របស់​កាសែត លោក​ហ្វីយ៉ុង នៅ​តែ​និយាយ​ការពារ​ខ្លួន ថា លោក​ស្អាតស្អំ និង​មិន​ព្រម​លាឈប់​ពី​បេក្ខភាព​សម្រាប់​ការបោះឆ្នោត ប្រធានាធិបតី។

នៅ​ថ្ងៃ​សុក្រ ចៅក្រមស៊ើប​អង្កេត បីរូប​ត្រូវ​បាន​តែងតាំង នៅក្រោយ​អយ្យការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​បារាំង​បាន​បញ្ជូន បន្ត​ឲ្យ​ស៊ើបអង្កេត សំណុំរឿង​កេងលុយ​រដ្ឋ​របស់​លោកហ្វីយ៉ុង។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង​បាន​អះអាងខ្លួន លោក​នឹង​ខ្លួន ទៅ​តាម​ការកោះហៅ​របស់​តុលាការ ដែល​លោក​ចាត់ទុក​ថា មិន​យុត្តិធម៌ និងថា ​កំពុង​សម្លាប់​មិនត្រឹម​រូប​លោក ប៉ុន្តែ កំពុង​សម្លាប់​ផងដែរ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ទាំងមូល ព្រោះ​ថា នីតិវិធី​ធ្វើឡើង​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ការបោះឆ្នោត។

រឿងអាស្រូវ កេងលុយ​រដ្ឋ ដោយ​បាន​ប្រឌិត ការងារ​សម្រាប់​ឲ្យ​ភរិយា​បាន​ទទួល​ប្រាកខែ​ពីសភា បាន​ធ្វើ​ឲ្យ​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង បេក្ខជន​បក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​មាន​និន្នាការ​កណ្តាល និង​ស្តាំ​និយម​ធ្លាក់ បាត់បង់​សំឡេង​គាំទ្រ ពី​ចំណាត់​ថ្នាក់​លេខ​១ មក​នៅ​លេខ​បី គឺ​នៅពី​​ក្រោយ​លោកស្រី ម៉ារីន ឡឺពេន បេក្ខជន​បក្ស​ស្តាំ​និយមជ្រុល និង​បេក្ខជន​ថ្មី ស្រឡាង លោក​អេម៉ានុយអ៊ែល ម៉ាក្រុង​មក​ពី​គណបក្ស ឈ្មោះ ដើរ​ទៅមុខ។ បទ​ចោទប្រកាន់​ជាផ្លូវការ ពី​តុលាការ​នឹង​ ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង រួម​ទាំង​បក្ស​សាធារណរដ្ឋ រឹតតែ​ពិបាក​ស្តារ​មុខមាត់ ឬ​ត្រូវ​បិទ​បញ្ចប់​ជីវិត​នយោបាយ តែ​ម្តង គឺ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​កើតឡើង​ទៅទៀត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ