អានតួអត្ថបទ
តួកគី-ហូឡង់

ជម្លោះ​ការទូត៖ ហូឡង់​ហាមមិន​ឲ្យ​យន្តហោះ​រដ្ឋមន្រ្តី​ការបរទេស​តួកគី​ចុះចត

ប្រធានាធិបតី​តួកគី លោក​អ៊ែដូហ្កាន នៅក្នុង​វេទិការ​សាធារណៈ ថ្ងៃទី ១១ មីនា ២០១៧
ប្រធានាធិបតី​តួកគី លោក​អ៊ែដូហ្កាន នៅក្នុង​វេទិការ​សាធារណៈ ថ្ងៃទី ១១ មីនា ២០១៧ ©Kayhan Ozer/Presidential Palace/Handout via REUTERS
ដោយ៖ ឈាង បុប្ផា
១៩ នាទី

តួកគី​ដំឡើង​សំឡេង​កាន់តែខ្លាំង​ដាក់​មេដឹកនាំ​អឺរ៉ុប។ នៅថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដីហ្កាន​បាន​ព្រមាន​ចាត់វិធាន​តបវិញ បន្ទាប់​ពី​យន្តហោះ​របស់​រដ្ឋមន្រ្តី​ការបរទេស​តួកគី ត្រូវ​បាន​អាជ្ញាធរ​ហូឡង់ ហាម មិន​ឲ្យ​ចុះចត។ ប្រមុខ​ការបរទេស​តួកគី​មាន​គម្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ហូឡង់ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ប្រជាជន​តួកគី នៅ​បរទេស ក្នុង​ការបោះឆ្នោត​ប្រជាមតិ​នៅ​តួកគី។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​តួកគី​ខឹងសម្បារ​ខ្លាំងណាស់​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ហូឡង់ ដែល​បាន​ហាម​មិន​ឲ្យ​យន្តហោះ ដឹក​រដ្ឋមន្រ្តី​ការបទេស​តួកគី ចុះចត នៅថ្ងៃ​សៅរ៍ ម្សិលមិញ នៅទីក្រុង​រ៉ូតាដាម ប្រទេស​ហូឡង់។ នៅក្នុង​ក្បួន​មហាជន រៀបចំ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល លោក​ប្រធានាធិបតី​តួកគី រេស៊ីប អ៊ែរដូហ្កាន​បាន​ប្រតិកម្ម​ចាត់ទុក​ហូឡង់ថា ហ្វាស៊ីស និង​ជាសំណល់​របស់ពួកណាហ្ស៊ី។ នៅក្នុង​សំដី​ព្រមាន​ខ្លាំង លោក​អ៊ែរដូហ្កាន បាន​និយាយ​យ៉ាងដូច្នេះថា “ស្តាប់​ឲ្យ​បាន​ហូឡង់ អ្នកអាច​ហាម តាម​ចិត្តចង់ មិន​ឲ្យ​យន្តហោះ​រដ្ឋមន្រ្តី​តួកគី​ចុះចត ប៉ុន្តែ ចាំមើលវិញ តើ​យន្តហោះ​ហូឡង់​នឹង​ចុះចត​បាន​យ៉ាងម៉េច​នៅ​តួកគី”។

 
នៅថ្ងៃ​សៅរ៍ ក្រសួង​ការបទេស​តួកគី​បាន​កោះហៅ​ជា​បន្ទាន់​អ្នកតំណាង​រដ្ឋាភិបាល​ហូឡង់ នៅ​ទីក្រុង​អង់ការ៉ា។ សូមបញ្ជាក់ថា នៅ​ព្រឹកថ្ងៃ​សៅរ៍ នៅ​មុន​ចេញ​ដំណើរ​ទៅ​ហូឡង់ រដ្ឋមន្រ្តី​ការបរទេស​តួកគី បាន​ផ្តល់​បទសម្ភាសន៍​មួយ​ដល់​ទូរទស្សន៍ CNNតួកគី ដែល​នៅក្នុង​នោះ លោក​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​នយោបាយ ហើយ​និង​សេដ្ឋកិច្ច ប្រសិន​បើ​យន្តហោះរបស់​លោក​ត្រូវ​ហាម​មិន​ឲ្យ​គេ​ចុះចត​នៅ​ទឹកដី​ហូឡង់។

រដ្ឋាភិបាល​ ហូឡង់​បាន​បញ្ជាក់​ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត និង​លើក​យក​ហេតុផល​ថា វត្តមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​តួកគី នឹង​អាច​បង្ក​ឲ្យ​មាន​អសណ្តាប់ធ្នាប់​សង្គម។ នៅ​លើ​ទំព័រ​សង្គម​ហ្វេសប៊ុក ​នាយករដ្ឋមន្រ្តី ហូឡង់ លោក Mark Rutteបាន​សរសេរ​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​តួកគី មិន​គោរព​ពាក្យ​សំដី ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការជួបជុំ​ដ៏ធំមួយ​នៅកន្លែង​សាធារណៈ។ ​ប្រមុខ​រដ្ឋាភិបាល​ហូឡង់ បាន​វាយតម្លៃថា សំដី​គំរាម​របស់​ប្រមុខ​ការបរទេស​តួកគី នឹង​មិនអាច​ជួយ​ឲ្យ​គេ​រកឃើញ​ដំណោះស្រាយ សមហេតុផល​នោះទេ។

រដ្ឋមន្រ្តី​ការបរទេស​តួកគី លោក​Mevlut Cavusoglu ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ហូឡង់ (មាន​ប្រជាជនដើមកំណើត​តួកគី ជាង ៤សែននាក់)ដើម្បី​ឃោសនា រក​សំឡេង​គាំទ្រ​ពី​ប្រជាជន​តួកគី នៅ​បរទេស ឲ្យ​ចូលរួម​បោះឆ្នោត ប្រជាមតិ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ១៦​មេសា​ខាងមុខ។ រដ្ឋាភិបាល​តួកគី បាន​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដើម្បី គាំទ្រ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែល​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន បាន​ផ្តួចផ្តើម​គំនិត​ឡើង ដើម្បី​បង្កើន​អំណាច​របស់លោក ក្នុង​នាមជា​ប្រធានាធិបតីតួកគី។

វា​មិនមែន​ចៃដន្យ​ឡើយ​ដែល​រដ្ឋាភិបាល​ហូឡង់​បាន​ហាម​ការប្រមូលផ្តុំ​ជនជាតិ​តួកគី នៅ​ហូឡង់ ទៅតាម​ការអំពាវនាវ​របស់​រដ្ឋមន្រ្តីការបរទេស​តួកគី។ វិធានការ​នេះ​ធ្វើឡើង​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន ដែល​ហូឡង់ ត្រូវ​រៀបចំ​ការបោះឆ្នោត​សភា ដែលនៅក្នុង​បញ្ហា​អន្តោប្រវេសន៍ ជាប្រធានបទ​សំខាន់ ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ។

ក្រៅតែ​ពី​ហូឡង់ ជំនួបប្រជុំ​របស់​ប្រជាជន​តួកគី នៅ​បរទេស ត្រូវ​បាន​គេ​បិទ ហាម​មិន​ឲ្យ​ធ្វើ​ផងដែរ នៅ​ប្រទេស​អាល្លឺម៉ង់ ស្វ៊ីស និង​អូទ្រីស។ តួកគី និង​អឺរ៉ុប​ចាប់ផ្តើម​ប្រឈមមុខ​ដាក់គ្នា តាំង​ពី​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច នៅ​តួកគី ដែលនៅក្នុង​ទាហាន គ្រូបង្រៀន អ្នកកាសែត និង​មន្រ្តី​រដ្ឋការ​ជាច្រើន​ពាន់នាក់ ត្រូវ​បាន​រដ្ឋាភិបាល​របស់លោក​អ៊ែរដូហ្កាន ចាប់ឃុំខ្លួន ពីបទ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ