អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​​ប្តឹងទល់​​នឹង​​ម៉ូស្គូ​​ដែល​​​ខាឃាំង​​​មិន​ឲ្យ​​ទំនិញ​​អ៊ុយក្រែន​​ដឹក​​ឆ្លង​​កាត់​​ដែនដី​​រុស្ស៊ី​​

ប្រធានាធិបតី​​អ៊ុយក្រែន​លោក​​​ Petro Poroshenko ​
ប្រធានាធិបតី​​អ៊ុយក្រែន​លោក​​​ Petro Poroshenko ​ REUTERS/Gleb Garanich

ថ្ងៃ​អង្គារ​ម្សិលមិញ​ អ៊ុយក្រែន​ទើបសម្រេច​បាន​ដូចចិត្ត ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ តុលាការ​​អាជ្ញា​​កណ្តាល ​នៃ ​អង្គការពាណិជ្ជកម្ម​ពិភពលោក​ ដែល​ត្រូវ​សន្និដ្ឋាន​អំពី​វិធានការ​ ចាត់​​ដោយ​​ម៉ូស្គូ​ ដែល​តាម​មតិ​​​ក្រុង​គៀវ ​គឺ ​បង្កើត​ជា​ឧបសគ្គ​ដល់​ ការ​ដឹក​ទំនិញ​​របស់​​​អ៊ុយក្រែន​ ទៅ​កាន់​ប្រទេស​ឯ​ទៀត​ ដោយ​ឆ្លង​កាត់​តាម​ដែន​ដី​រុស្ស៊ី។​  

ផ្សាយពាណិជ្ជកម្ម


ប្រទេស​រុស្ស៊ី​​ ដែលកាលពីដើមខែកុម្ភៈកន្លងទៅ បានខ្ទប់ម្តងទៅហើយ ដល់ការបង្កើត​ ជា​ក្រុម​អ្នកជំនាញនោះ ឥឡូវ ដោយស្របនឹងក្បួនខ្នាត របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ គឺ លែងអាចជំទាស់ជាថ្មីឡើយ ដល់ការលេចចេញមកនៃក្រុមបែបនេះ។
 
ជាចម្លើយតបនឹង កិច្ចព្រមព្រៀងស្តីអំពីលំហពាណិជ្ជកម្មសេរី រវាងក្រុងគៀវនិង​សហភាព​អឺរ៉ុប​​​ ដែលបានចូលជាធរមានក្នុងឆ្នាំ២០១៦ រុស្ស៊ីពីចំណែកខ្លួន កាលពី​មួយ​ឆ្នាំ​មុន ​បាន​ចាត់​វិធានការ ពាណិជ្ជកម្មខាឃាំងយ៉ាងតឹងរ៉ឹង ទល់នឹងអ៊ុយក្រែន នៅ​តាម​ព្រំដែន​ខ្លួន​ ដែល​​តាម​យោបល់ ក្រុងគៀវ គឺ​មិន​ស៊ីគ្នា​ឡើយ ជាមួយនឹងកាតព្វកិច្ចរបស់រុស្ស៊ី ក្នុង​ឋានៈ​ជា​សមាជិក ​អង្គការ ពាណិជ្ជកម្មពិភពលោក។
 
វិធានការខាឃាំងនេះ ក្តោប ទាំងការដឹកជញ្ជូនតាមផ្លូវរថយន្ត ទាំង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង​ ​ហើយប៉ះជាពិសេសដល់ការដឹកទំនិញអ៊ុយក្រែនឆ្លងកាត់ដែនដីរុស្ស៊ី ទៅកាន់​ប្រទេស​​កាហ្សាក់ស្ថាន និង កៀហ្សីស៊ីស្ថាន។
 
ម៉ូស្គូការពារវិធានការនេះ ដ្បិតខ្លាចក្រែងទំនិញណាចេញពីសហភាពអឺរ៉ុប ដែលជាប់ក្នុង ទណ្ឌកម្ម​បកវិញ ពីខាងម៉ូស្គូ  អាចឆ្លៀតដឹកចូលដែនដីរុស្ស៊ី ទាំង ឃ្វាង​ក្បួន​ខ្នាត​ពាណិជ្ជកម្ម​​ រវាងក្រុងម៉ូស្គូ និង ព្រុចសែល។
 
តាមការបូកគុណឃើញនៃ ក្រសួងពាណិជ្ជកម្មអ៊ុយក្រែន វិធានការរុស្ស៊ី បានប៉ះលើ​​៧៩% ​នៃ ​ទំនិញ ​ដែលប្រទេសនេះនាំចេញ ​ទៅកាហ្សាក់ស្ថាន និង​​៩៥%​​នៃ​​ទំនិញ​​ដែល​នាំ​​ចេញ​​ទៅ ​កៀហ្ស៊ីស៊ីស្ថាន ​គិតជាតម្លៃ​ខាតបង់​គឺ​ប្រមាណ ​៤០០​ លាន​ដុល្លារ​សរអា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI