វិបត្តិ​ហ្គូយ៉ានបារាំង​ ឈាន​ដល់​ការ​ទាមទារ​ស្វ័យភាព

នៅ​ហ្គូយ៉ាន ពលរដ្ឋ​ក្មេង​ជាង​និង​ក្រ​ជាង​ អ្នក​នៅខេត្ត​ក្រុង​ផ្សេង​ទៀត​របស់​​ប្រទេសបារាំង​
នៅ​ហ្គូយ៉ាន ពលរដ្ឋ​ក្មេង​ជាង​និង​ក្រ​ជាង​ អ្នក​នៅខេត្ត​ក្រុង​ផ្សេង​ទៀត​របស់​​ប្រទេសបារាំង​ ©jody amiet/AFP

ចលនា​ប្រឆាំង​នៅ​ហ្គូយ៉ាន មិន​ទាន់​ស្ងប់​ស្ងាត់​ទេ ! នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​មហាផទៃ និង​ក្រសួង​ដែនដី​ឯ​នាយ​សមុទ្ទ​បារាំង​បានប្រកាស​ គម្រោង​ផែនការ​​​មួយ​ខ្សែ​ ក្នុង​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​១ពាន់​លាន​អឺរ៉ូ សម្រាប់​ស្តារ​ហ្គូយ៉ាន។ ប៉ុន្តែ​វិធានការ​នេះ​មិនស្កប់​​បំណង​ហ្គូយ៉ាន​ឡើយ។ ហ្គូយ៉ាន​បាន​ទាមទារ​សុំ​ឱ្យ​មាន​លក្ខន្តិកៈពិសេស​សម្រាប់​ដែន​ដី​នេះ​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

ការចរចា​ នៅ​តែ​បន្ត​ធ្វើ​ក្នុង​ថ្ងៃអាទិត្យ​នេះ ឯកូដកម្មទូទៅ​បាន​ចូល​ដល់​ថ្ងៃទី​៧​ហើយ ! សម្រាប់​ហ្គូយ៉ាន វិធានការជាង​៣០​ចំណុច សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​​ប្រកាស​ដោយ​​រដ្ឋាភិបាល​​​​ម្សិលមិញ ដែល​ភាគ​ច្រើន​ជា​ដំណោះស្រាយ​បន្ទាន់​ ក្នុង​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​១ពាន់​លាន​អឺរ៉ូ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ដែន​ដី​មួយ​ដុំ​នេះ​ទេ។

ហ្គូយ៉ាន​ ​បានបន្ត​​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ និង​រដ្ឋាភិបាល​ក្រុង​ប៉ារីស ឱ្យ​បើក​កិច្ចពិភាក្សា​​ច្បាស់​លាស់ ដើម្បី​ផ្តល់​សន្ទុះ ថ្មី​ដល់​ប្រទេស ប្រកប​ដោយ​​តម្លាភាព​ ពោល​គឺហ្គូយ៉ាន​ទាមទារ​សុំ​ប៉ារីស​​ផ្តល់​លក្ខន្តិកៈពិសេស​ដល់​ហ្គូយ៉ាន​ ដែល​ជា​ដែនដី​ឆ្ងាយ​ដាច់​ស្រយ៉ាល​ពេក​ពី​អំណាច​កណ្តាល​។

បច្ចុប្បន្ន​នេះ ហ្គូយ៉ានមាន​លក្ខន្តិកៈ​​ជា​ខេត្ត​មួយ​របស់​បារាំង ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ដែនដី​ឯ​នាយ​សមុទ្ទ។ ឥលូវ​ហ្គូយ៉ាន​ចង់​បាន​លក្ខន្តិកៈ​ពិសេស មាន​ប្រព័ន្ធ​ផ្សេង អាច​ធ្វើ​អារ​កាត់​សេចក្តី​​ដោយ​ខ្លួន​ឯងបាន ពីព្រោះ​ប្រព័ន្ធ​​​ផ្តុំ​អំណាចខ្លាំង​​តែ​​នៅ​ប៉ារីស ការ​រង់ចាំ​ឆ្លង​សេចក្តី​សម្រេច គ្រប់​រឿង​ ​​ពី​ប៉ារីស ដែល​នៅ​ឆ្ងាយ​ខ្លាំង ជា​ការ​បង្អាក់​មិន​ឱ្យ​ហ្គូយ៉ាន​បោះ​ជំហាន​ទៅ​មុខ​បានលឿន។

ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​មិន​អាច​ទទួល​យក​សំណើ​នេះ​បាន​ឡើយ ដោយ​ពន្យល់​ថា​ទង្វើ​ផ្ទុយ​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ។ កាលពី​ឆ្នាំ​២០១០ ហ្គូយ៉ាន​បាន​រៀប​ចំ​ប្រជាមតិ​មួយ​សុំ​ស្វ័យភាព​ (ដូច​ករណី​ហុងកុង) ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ច្រាន​ចោល​សំណើ​នោះ​ក្នុង​សំឡេង​ភាគ​ច្រើន។
ហ្គូយ៉ាន​ដែនដី​ដ៏​ធំ​របស់​បារាំង​​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង ចម្ងាយ​៧ពាន់​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​ប៉ារីស បាន​ធ្លាក់ក្នុង​វិបត្តិ​សង្គម​តាំង​ពី​ពីរ​សប្តាហ៍​មក​ ដោយ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​អំពី​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច​និង​សង្គម។ វិបត្តិ​នេះ​បាន​ពន្យឺត​សកម្មភាព​សេដ្ឋកិច្ច​ ហើយ​ទំនង​ជា​អាច​ត្រូវ​អូសបន្លាយ​ពេល​យូរ​ទៀត។ ព្រោះ​បើ​តាម​ក្រុម​សហជីព ដំណោះស្រាយ​ស្នើឡើង​ដោយ​រដ្ឋាភិបាលផុត​អាណត្តិ​ ​គ្រាន់តែ​ជា​ការ​លាប​ពណ៌ ជា​ពាក្យ​សន្យា​សម្រាប់​​រដ្ឋាភិបាល​ថ្មីទទួល​បន្ទុក​ដោះស្រាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI