សហគមន៍អ៊ីស្លាមបារាំងថ្កោលទោសភេរវកម្មប្រឆាំងប៉ូលិសនៅរុក្ខវិថីស្ហង់ស៍អេលីហ្សេ
ស្ថាប័នអង្គការសាសនាអ៊ីស្លាមធំៗនៅបារាំងទាំងអស់ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើវាយប្រហារបាញ់សម្លាប់ប៉ូលិសនៅលើដងវិថីស្ហង់ស៍អេលីហ្សេ ដែលពួកអង្គការរដ្ឋអ៊ីស្លាមប្រកាសទទួលស្គាល់ថាជាស្នាដៃរបស់ពួកគេ។ មិនតែប៉ុណ្ណោះ អង្គការបានប្រកាសជំហរគាំទ្រកងកម្លាំងរក្សាសណ្តាប់ធ្នាប់ជាតិ និងអំពាវនាវឱ្យមានការរួបរួមជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមប្រឹក្សាសាសនាអ៊ីស្លាមបារាំង ដែលជាស្ថាប័នតំណាងឱ្យសាសនាសំខាន់ទីពីរនៅប្រទេសបារាំង បានធ្វើការថ្កោលទោសខ្លាំងៗ តាមរយៈសេចក្តីថ្លែងការណ៍ ចំពោះការវាយប្រហារដ៏កំសាក និងព្រៃផ្សៃ ដៅប្រឆាំងលើភ្នាក់ងាររក្សាសន្តិសុខជាតិ។ “នៅចំពោះមុខស្ថានភាពដ៏ធ្ងន់ធ្ងរ និងកំរិតគំរាមកំហែងភេរវកម្មដល់កំពូល ក្រុមប្រឹក្សាសាសនាអ៊ីស្លាមបារាំង សូមអំពាវនាវឱ្យប្រជាជាតិទាំងមូលរួបរួម និងសាមគ្គីភាពគ្នា"។
ជានិម្មិត្តរូបសាសនាអ៊ីស្លាម ប្រចាំរដ្ឋធានីប៉ារីស តាំងពីជិតមួយសតវត្សរ៍មក វិហារអ៊ីស្លាមប៉ារីស បានគូសបញ្ជាក់ថា សកម្មភាពឧក្រិដ្ឋ ដ៏ងុបងុល មិនមែនជាតម្លៃសីលធម៌របស់សាសនាអ៊ីស្លាមទេ ! នៅថ្ងៃសុក្រនេះ វិហារបានឧទ្ទិសការសូត្រធម៌ បួងសួងសុំ សន្តិភាពនិងសន្តិសុខឱ្យប្រទេស។
សម្រាប់សហភាពអង្គការអ៊ីស្លាមបារាំង ដែលប្រសូតចេញពីចលនាភាតរអ៊ីស្លាម និងដែលបច្ចុប្បន្នបានក្លាយជាចលនា “អ៊ីស្លាមបារាំង” ការវាយប្រហារប៉ូលិស ដែលជាតំណាងរបបសាធារណរដ្ឋ មានន័យថាជាការវាយប្រហារលើប្រជាជនបារាំង។
វិទ្យាស្ថានអេហ្ស៊ីប Al Azhar ដែលជាអាជ្ញាធរអ៊ីស្លាមនិកាយស៊ុននីតដ៏ខ្ពង់ខ្ពស់មួយ ក៏បានធ្វើការថ្កោលទោសការវាយប្រហារភេរវកម្មបែបអសីលធម៌ដែរ។
សូមបញ្ជាក់ថា តាំងពីមានហេតុការណ៍ភេរវកម្មខែមករា២០១៥មក រដ្ឋាភិបាលបារាំងបានប្រមូលផ្តុំកម្លាំងប៉ូលិសនិងទាហានជាច្រើន ទៅចល័តការពាររក្សាសន្តិសុខនៅតាមទីតាំងសំខាន់ៗ និង កន្លែងប្រារព្ធសាសនាផ្សេងៗ មានជាអាទិ៍វិហារអ៊ីស្លាមចំនួន១០៩០ ក្នុងចំណោមវិហារអ៊ីស្លាមទាំង២៥០០នៅពេញផ្ទៃប្រទេស។ ប៉ុន្តែ គឺក្រុមប៉ូលិសនិងទាហានល្បាតទាំងនោះដែលបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មកន្លងមក។
ភេរវកម្មនៅលើដងវិថីស្ហង់ស៍អេលីហ្សេ បង្កឡើងដោយ ខ្មាន់កាំភ្លើង Karim Cheurfi ជាតិបារាំងអាយុ៣៩ឆ្នាំ ក្នុងនាមអង្គការរដ្ឋអ៊ីស្លាម ដោយមានបន្សល់ទុកនូវសារជាភាសាអារ៉ាបគាំទ្រអង្គការរដ្ឋអ៊ីស្លាម នៅជិតខ្លួន និងគម្ពីរកូរ៉ង់នៅក្នុងឡាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ