ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នរណា​ជា​អនាគត​​ប្រធានាធិបតីបារាំង ​លោក ​ម៉ាក្រុង ឬ ​លោកស្រី​ ឡឺប៉ែន ​ ?

សារព័ត៌មាន​បារាំង​ចុះ​ផ្សាយ​ព្រោង​ព្រាត​បេក្ខជន​ជាប់​ឆ្នោត​ជុំ​ទី​មួយ លោក ម៉ាក្រុង និង​លោកស្រី​ ឡឺប៉ែន
សារព័ត៌មាន​បារាំង​ចុះ​ផ្សាយ​ព្រោង​ព្រាត​បេក្ខជន​ជាប់​ឆ្នោត​ជុំ​ទី​មួយ លោក ម៉ាក្រុង និង​លោកស្រី​ ឡឺប៉ែន

តើ​​នរណា​ជា​ប្រធានាធិបតី​បារាំង​ថ្មី​បន្ត​ពី​លោក​ ហ្វ្រង់ស័រ ហូឡង់ ? ជា​​ប្រធានាធិបតី​ជា​ភេទ​ស្រ្តី​ជា​លើក​ដំបូង ឬ ជា​ប្រធានាធិបតីដែល​មាន​​វ័យក្មេង​ជាងគេ​បំផុត ?​ លោក អេម៉ានុយអែល ម៉ាក្រុង នៃ​ចលនា En Marche ! ដែល​បាន​ទទួល​សំឡេង​គាំទ្រនាំ​មុខ​គេ ២៣,៨៦% និង​​លោកស្រី ម៉ារីន ឡឺប៉ែន នៃ​បក្ស​រណសិរ្ស​ជាតិ ក្នុង​សំឡេង​ ២១,៤៣% ជា​បេក្ខជន​អ្នក​ឈ្នះ បាន​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ទីពីរ នៅ​ថ្ងៃទី ៧​ឧសភា ២០១៧។ ឯ​ចំណែក​បេក្ខជន​មក​ពី​បក្ស​ធំៗ ត្រូវ​ខ្ទាត​ចេញ​ពី​សង្វៀន​អស់​តាំង​ពី​ជុំ​ទីមួយ​តែ​ម្តង។ នេះ​ជា​លទ្ធផល​ឆ្នោត​ ដែល​ពុំ​ធ្លាប់​មានសោះ​​ក្នុង​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​បារាំង​ នា​រយៈ​ពេល​កន្លះ​សតវត្សរ៍​ចុង​ក្រោយនេះ ប៉ុន្តែ​វាក៏​​មិន​មែន​ជា​ការ​ភ្ញាក់ផ្អើលខ្លាំង​​ទាំង​ស្រុង​ឡើយ។

ផ្សាយពាណិជ្ជកម្ម

មាន​វ័យ​ក្មេង​អាយុ​ទើប​តែ​៣៩​ឆ្នាំ ! គ្មាន​នរណា​ស្គាល់​សោះ​ក្នុង​ពិភព​នយោបាយ​បារាំង មុន​ឆ្នាំ​២០១៣ លោក អេម៉ានុយអែល ម៉ាក្រុង មិន​ដែល​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត មិនដែល​ធ្លាប់ជាប់​ជា​តំណាង​រាស្ត្រ​អ្វី​ទាំង​អស់។ មាន​ភរិយា​ជា​គ្រូ​អក្សរសាស្ត្រ​របស់​ខ្លួន​កាល​នៅ​វិទ្យាល័យ លោក​ម៉ាក្រុង បាន​ផ្តើម​លេច​មុខ​ដំបូង​នៅ​ឆ្នាំ​២០១៣ ក្នុង​នាម​ទីប្រឹក្សា​ជំនិត​ម្នាក់​របស់​លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ ហូឡង់។ ជា​អ្នក​សង្គមនិយម​ ជា​អ្នកឆ្វេងនិយម​បែប​ថ្មី ទំនើប លើកស្ទួយ​ផ្នែក​ជំនួញ និង​សេដ្ឋកិច្ចសង្គម។ ​នៅ​ថ្ងៃទី ២៦​សីហា ២០១៤ លោកត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច។ នៅ​ឆ្នាំ​២០១៥ លោក​បាន​ធ្វើ​កំណែទម្រង់ បើក​ទូលាយ​ទីផ្សារ ដោយ​អនុម័ត​ច្បាប់​ឱ្យ​ធ្វើ​ការ​ថ្ងៃអាទិត្យ។

នៅ​ខែ​មេសា ២០១៦ លោក​បាន​បង្កើត​ចលនានយោបាយ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា ​En Marche ក្នុង​បំណង​ចង់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី តែ​មិន​បញ្ចេញ។ នៅ​ថ្ងៃ​ទី ៣០ សីហា ២០១៦ លោក​ក៏​បាន​លាលែង​ចេញ​ពី​តំណែងរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ ហើយ​ពីរបី​ខែ​ក្រោយ​ក៏​បាន​ប្រកាស​​ជា​ផ្លូវការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ក្នុង​នាម​ជា​អ្នក​កណ្តាល​និយម តំណាង​ឱ្យ​ចលនា​នយោបាយ​ថ្មី​។

ក្នុង​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ​ផង ចលនា​នយោបាយ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំងឡើងៗ រហូត​បាន​ជាប់​ឆ្នោត​នៅ​ជុំ​ទី​មួយ។ នៅ​ក្នុង​សុន្ទរកថា​ក្រោយ​លទ្ធផល​ឆ្នោត​យប់​មិញ លោក​បាន​តាំង​ខ្លួន​ធ្វើ​ដូច​ជា​បាន​ឈ្នះ​ឆ្នោត​ នៅជុំ​ទីពីរ បាន​ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ស្រេច​ទៅ ហើយ !

​លោកស្រី ម៉ារីន ឡឺប៉ែន បាន​ទទួល​សំឡេង​គាំទ្រ​កើន​ឡើង​ តែ​មិនបាន​មុខ

នេះ​ជា​លើក​ទីពីរ​ហើយ​ដែលបេក្ខជន​ប្រធានាធិបតី​បក្ស​រណសិរ្ស​ជាតិ បាន​ឈ្នះ​ឆ្នោត​ឡើង​ដល់​ជុំ​ទីពីរ​។ កាលពី​ឆ្នាំ​២០០២ លោក​ ហ្សង់ម៉ារី ឡឺប៉ែន ជា​ឪពុក​លោកស្រី​ម៉ារីន ឡឺប៉ែន ក៏​បាន​ឡើងទៅ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ទល់​បក្ស​ស្តាំ​និយម​ម្តង​ដែរ ក្រោមអារម្មណ៍​​ភ្ញាក់​ផ្អើលជា​ទី​​បំផុត ក្នុង​សំឡេង​គាំទ្រ​ជាង​១៨%។

នៅ​ឆ្នាំ​២០១៧​នេះ ដំណើរ​ឡើង​មក​ដល់​ជុំ​ទីពីរ របស់​លោកស្រី​ម៉ារីន ឡឺប៉ែន ​ត្រូវបាន​វិទ្យាស្ថានស្ថិតិ ព្យាករ តាំង​ពី​ឆ្នាំ​២០១៣​មក។ លោកស្រី នាំមុខ​រាល់គ្រប់​ការ​ស្ទង់​មតិ មុន​នឹង​ផ្តើម​ចុះ​វិញ​បន្តិច​នៅ​ពេល​ចុងក្រោយ។ ដូច្នេះ​ហើយ​បាន​ជា​​មិនសូវ​​មាន​ការ​ភ្ញាក់​ផ្អើល។ លោកស្រី​ ម៉ារីន ឡឺប៉ែន ដែល​មាន​គោលនយោបាយ​ជាតិ​និយម​ជ្រុល ចង់​បិទ​ព្រំដែន ប្រឆាំង​នឹង​អន្តោប្រវេសន៍ ចង់​ចេញ​ពី​អឺរ៉ុប ដើម្បី​លើ​ស្ទួយ​សេដ្ឋកិច្ច​បារាំង បាន​ធ្វើ​ល្អ​ជាង​ឪពុក និង​បាន​​ទទួល​សំឡេង​គាំទ្រ​ច្រើនជាង​ឪពុក ប៉ុន្តែតិច​ជាង​ការ​សង្ឃឹម​ទុក និង​មិន​បាន​​ជាប់​ក្នុង​លំដាប់​ទី​មួយ ដូច​ប្រាថ្នា។

​ជា​មួយ​សំឡេង​គាំទ្រតែ​​ ២១,៤៣% គឺ​ពិត​ជា​ឆ្ងាយ​នឹង​សំឡេង ៥០%​ដាច់​ខាតដែល​ត្រូវ​ប្រមូល​ឱ្យ​បាន​ដើម្បី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ណាស់ ! ម្យ៉ាង​វិញ​ទៀត លោកស្រី​ហាក់​ដូច​ជា​គ្មាន​សំឡេង​​បំរុង​ឯណា​ច្រើន​មក​ជួយ ដូច​លោក​ម៉ាក្រុង​ឡើយ។ ក្រោយ​ដឹង​លទ្ធផល​ឆ្នោត​ជុំ​ទីមួយ​​ភ្លាម បេក្ខជន​និង​បក្ស​នយោបាយ​ធំៗ​ដែល​ចាញ់​ឆ្នោត​ ដូច​ជា​លោក​ បឺណ័រ​ អាម៉ុង បក្ស​សង្គមនិយម លោក ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជនបក្ស​សាធារណរដ្ឋ​ លើក​លែង​តែ​បេក្ខជន​ឆ្វេងនិយមជ្រុល មេឡង់ស្ហុងចេញ បាន​អំពាវនាវភ្លាម​ ឱ្យ​ពលរដ្ឋ​បារាំង​នាំ​គ្នា​ធ្វើ​រនាំង​ឃាំង​កុំ​ឱ្យ​បេក្ខជន​ម៉ារីន ឡឺប៉ែន បាន​ឡើង​ជាដឹកនាំ​ប្រទេស ដោយ​ត្រូវ​ទៅ​បោះឆ្នោត​គាំទ្រ​ ឱ្យលោក អេមានុយអែល ម៉ាក្រុង ទោះ​បី​ជា​គ្មាន​ជំហរ​​នយោបាយ​ ដូចគ្នា​ក៏​ដោយ។ តើ​ពលរដ្ឋ​បារាំង​គិត​យ៉ាងណា គេ​នឹង​បាន​ដឹង​នៅ​យប់​ថ្ងៃ​ទី ៧ ឧសភា។

​ប្រតិកម្ម​​​អន្តរជាតិ​និង​អឺរ៉ុប

អ្វី​ដែល​គេ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​នោះ គឺ​គេ​ខ្លាច​បេក្ខជន​នៃ​បក្សជ្រុល​និយម ឆ្វេង និង​ស្តាំ​និយម ដែល​ប្រឆាំង​អឺរ៉ុប​ បាន​ឈ្នះ​ឆ្នោត​ឡើង​ដល់​ជុំ​ទីពីរ។ តែ​នៅ​ពេល​​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជុំ​ទីមួយ ប្រៀប​ដូច​ជា​ដក​បន្លាមួយ​​ចេញ​ពី​ទ្រូង​អឺរ៉ុប (​ឧបសគ្គ​នៅ​មិន​ទាន់​អស់ ព្រោះ​បន្ទាប់​ពី​បារាំង នឹង​មាន​ការ​បោះឆ្នោត​សភា​នៅ​​អាល្លឺម៉ង់ នៅ​ខែ​កញ្ញា បន្ទាប់​មក​អ៊ីតាលី នៅ​ឆ្នាំ​២០១៨​ទៀត។) ! ហានិភ័យ​នយោបាយ​ទាក់ទង​នឹង​អឺរ៉ុប​ ​ មិន​ត្រឹម​ត្រូវ​រលុប អស់​​មួយ​ភាគទេ តែ​ថែម​ទាំង​បាន​ផ្តល់​ពន្លឺ​នៃ​សង្ឃឹម​ឱ្យ​អឺរ៉ុប​ផង។

អាល្លឺម៉ង់ របស់​លោកស្រី មែរកិល ដែល​សំងំ​តាម​ដាន​បំផុត​ការ​បោះឆ្នោត​បារាំង បាន​សម្តែង​អំណរ​នឹង​ជោគជ័យ​ដំណាក់​កាល​ដំបូង​របស់​លោក ម៉ាក្រុង​។ លោក ម៉ាក្រុង ដែល​ជា​អ្នក​សេរីនិយម និង​ការពារ​បំផុត​អឺរ៉ុប។ ទីផ្សារ​មូលប័ត្រនៅ​អឺរ៉ុប បាន​បើក​ទ្វារ​នៅ​ថ្ងៃ​ចន្ទ​ជា​មួយនឹង​ការ​កើន​ឡើង​​យ៉ាង​ខ្លាំង​។ ប្រាក់​អឺរ៉ូ ក៏​បាន​ឡើង​ថ្លៃ​បន្តិច​ដែរ។ សារព័ត៌មាន​បរទេស តាំង​ពី​អាមេរិក ដល់​សិង្ហបុរី ដោយ​ឆ្លង​កាត់​ អេស្ប៉ាញ អ៊ីស្រាអែល ... បាន​ចាត់​ទុក​លទ្ធផល​ឆ្នោ​តបារាំង​ជុំ​ទី​មួយ​ថា​ជា​បដិវត្ត​នយោបាយ។

ប៉ុន្តែ​ផ្ទៃ​មេឃ​នយោបាយ​បារាំង នៅ​មិន​ទាន់​ស្រលះ​ទេ ! ពីព្រោះថា​បេក្ខជន ​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នៅ​ជុំ​ទីពីរ​នេះ បើ​ទោះ​ជា​នរណា​ត្រូវ​ឈ្នះ​​ឆ្នោត​នៅ​ថ្ងៃ​ទី ៧ ឧសភា ក្លាយ​ជា​ប្រធានាធិបតីក៏ដោយ ក៏​ត្រូវ​ឆ្លង​ឧបសគ្គ​មួយ​ទៀត គឺ​ប្រមូលសំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខែ​មិថុនា​ខាង​មុខ​ទៀត។

អ្នក​វិភាគ​ព្រួយ​បារម្ភ​ខ្លាច​បារាំង​ត្រូវ​មាន​រដ្ឋាភិបាល​ចម្រុះ។ ​​បើ​គេ​ពិនិត្យ​មើល​ទៅ​លទ្ធផល​ឆ្នោត​ជុំ​ទី​មួយ​ទៅ មាន​បេក្ខជន​បួន​រូប​ដែល​បាន​ទទួល​សំឡេង​យ៉ាង​ប្រកៀកប្រកិត​គ្នា។ លោក ម៉ាក្រុង ដែល​មាន​ចលនា​នយោបាយ​ក្មេង​ខ្ចី ថ្វី​បើ​នាំ​មុខ​មែន តែ​ក្នុង​សំឡេង​តិច (តិច​ជាង​២៥%)​ បើ​ប្រៀប​ទៅ​នឹង​ការ​បើឆ្នោត​ប្រធានាធិបតី​មុន ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រមូលផ្តុំ​និង​
គណបក្សនយោបាយ​ធំៗ​ជា​ប្រពៃណី បាន​ចាញ់ និង​គ្មាន​វត្តមាន​សោះ​ នៅ​ជុំ​ទី​ពីរ  ដែល​ជា​ករណី​ពិសេស​មិន​​​ធ្លាប់​មានសោះ​ ក្នុងប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​បារាំង​​ចាប់​តាំង​ពី​៥០​ឆ្នាំ​មក កំពុងប​ង្វិលបរាជ័យ​ពេល​នេះ ទៅ​ជា​កម្លាំង​សម្រាប់​យក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា ដើម្បី​បាន​គ្រប់គ្រង​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI