អ៊ីស្រាអែល-អាល្លឺម៉ង់

វិបត្តិការ​ទូត​រវាង​អាល្លឺម៉ង់​និង​អ៊ីស្រាអែល​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu REUTERS/Abir Sultan/Pool/File Photo

ក្រោយពី​សម្ងំ​អស់​ជា​ច្រើន​ខែ​កន្លង​មក​ វិបត្តិ​ការទូត​រវាង​អាល្លឺម៉ង់-អ៊ីស្រាអែល​បាន​ផ្ទុះ​ឡើង​វិញ​និង​រឹត​តែមាន​ភាព​តាន​តឹង​ជាង​មុន​ បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ជិតស្និត​ជាមួយគ្នា​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍មក​ដោយសារ​ទីក្រុង Berlin ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ការ​ប្រល័យពូជសាសន៍​លើ​ជន​ជាតិ Juif ក្នុង​ជំនាន់​​ពួក​Nazi អាល្លឺម៉ង់។​ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេលនេះ ​រដ្ឋាភិបាល​អ៊ីស្រាអែល​ មាន​ការ​ខឹង​ក្រេវក្រោធ​យ៉ាង​ខ្លាំងចំពោះ​​ការទូត​អាល្លឺម៉ង់។ ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benyamin Nétanyahu បាន​លុប​ចោល​ជំនួប​ប្រាស្រ័យ​ជាមួយ​ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក ​Sigmar Gabriel នៅ​ថ្ងៃ​អង្គារ​មុន​ក្នុង​ពេល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់​​នៅ​អ៊ីស្រាអែល។

 
លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​បន្ទោស​ថា​មក​ពី​លោក Sigmar Gabriel បាន​ទៅ​ជួប​ប្រាស្រ័យ​ជាមួយ​ក្រុម​អ្នក​តំណាង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​អ៊ីស្រាអែល​ដ៏ចម្រូងចម្រាស់​ចំនួន​២ ដែលតែងតែ​​រិះគន់​​ទិតៀន​យ៉ាង​ខ្លាំង​ក្លាមក​​​លើ​រដ្ឋា​ភិបាល​របស់​លោក ជាអាទិ៍​នៅ​លើ​បញ្ហា​ការ​ធ្វើ​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល។

ភ្លាមៗ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​​ហេតុការណ៍​​កន្លងទៅ​នេះ​។ វិបត្តិ​​ការទូត​រវាង​អ៊ីស្រាអែល​និង​អាល្លឺម៉ង់​នេះ បាន​ធ្វើ​អោយ​អាប់រស្មី​​ដល់​”ទំនាក់ទំនង​ដ៏​ពិសេស”​ដែល​​បាន​ចង​ភ្ជាប់​ប្រទេស​អាល្លឺម៉ង់​នឹង​អ៊ីស្រាអែល​តាំង​ពី​ជាង​៧០​ឆ្នាំ​កន្លង​មក​ហើយ​បន្ទាប់ពី​ការ​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ Juifs ​ជាង​៦​លាន​នាក់​​ដោយ​របប Nazi អាល្លឺម៉ង់។

ដោយឡែក យោងតាម​លោក​Elie Barnavi  អតីត​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​បារាំងវិញ លោកបាន​អះអាង​ថា ការ​លុប​ចោល​ជំនួប​ប្រាស្រ័យ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ជាមួយ​ប្រមុខ​ការទូត​អាល្លឺម៉ង់​នេះ ក៏​ពុំមែន​ជា​លើក​ទីមួយ​ដែរ ពីព្រោះ​លោក​ណេតានយ៉ាហ៊ូ  ធ្លាប់​បដិសេធ​ជា​ច្រើន​ដង​មក​ហើយ​ ជំនួប​ប្រាស្រ័យនានា​ ​ជាមួយ​បណ្តា​អ្នក​ទទួល​​ខុសត្រូវរបស់​​អឺរ៉ុបនៅ​​​ក្នុង​ហេតុផល​ដូច​គ្នា​នេះ​។ ​

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ ការ​រឹង​ចចេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​នៅ​ក្នុង​ជំនួប​ប្រាស្រ័យ​​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ៊ីស្រាអែល​ដ៏​ចម្រូង​ចម្រាស់​​នោះ ក៏​ត្រូវ​បាន​រង​នូវ​ការ​ទិតៀន​មិន​តិច​ដែរពីសំណាក់​មជ្ឈដ្ឋានសាព័ត៌មានអាល្លឺម៉ង់។​

ជាពិសេស នៅ​លើ​គុណវិបត្តិ​ការទូតអាល្លឺម៉ង់​ដែល​បាន​លេចធ្លាយ​​ឡើងជាលើកតំបូង​នៅ​​ខែ​មករា​មុន​ គឺ​​នៅ​ពេល​ ដែល​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ បាន​បន្លឺ​សំដី​ជា​លើ​តំបូង​​អំពីភាព​មន្ទិល​​សង្ស័យ​របស់​ខ្លួន ​នៅលើ ​ឆន្ទះ​របស់​លោក Netanyahu  ក្នុងការ​​រក​ដំណោះស្រាយ​នៅ​ដើម្បី ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​២ ​គឺ​​រដ្ឋអ៊ីស្រាអែល​និង​រដ្ឋប៉ាឡេស្ទីន បន្ទាប់​​ពី​សភា​អ៊ីស្រាអែល បាន​បោះឆ្នោតនៅ​​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​អាចយក​ដី​ថ្មីៗ​របស់​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​កាន់កាប់ Cijordanie មក​ធ្វើ​សម្បត្តិ រួម​របស់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI