អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ូស្គូ​ទើបបាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​សន្និសីទ​អន្តរជាតិ​ស្តីអំពី​សន្តិសុខ​

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ែរហ្កី ឡាវ្រូវ ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិសុខ នៅ​ក្រុង​ម៉ូស្គូ ថ្ងៃ២៦មេសា​២០១៧
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ែរហ្កី ឡាវ្រូវ ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិសុខ នៅ​ក្រុង​ម៉ូស្គូ ថ្ងៃ២៦មេសា​២០១៧ Reuters
ដោយ៖ កែវ ឆាយា
២៨ នាទី

សន្និសីទ​​ក្រុងម៉ូស្គូ​​ស្តីអំពី​​សន្តិសុខ​អន្តរជាតិ​ ​ហៅកាត់ថា​MCIS បាន​ប្រព្រឹត្តទៅ​អស់ពីរថ្ងៃ គឺ ​ថ្ងៃ២៦​និង​២៧មេសា ដោយមាន​ការចូលរួម​នៃ​ប្រតិភូ​ជាង៧០០នាក់​មកពី​៨៦​ប្រទេស ក្នុងនោះ មាន​រដ្ឋមន្ត្រី​ការពារជាតិ​ជាង​២០​ប្រទេស ។ សាច់រឿង​គឺ​អំពី​ការ​គម្រាម​ធំៗ​បំផុត​ក្នុង​លោក ជា​បឋម ភេរវ​និយម​អន្តរជាតិ​ក្នុង​ផ្ទៃ​នៃ​វិបត្តិ​នៅស៊ីរី ស្ថានការណ៍​ខ្វះ​លំនឹង​នៅ​អឺរ៉ុប បណ្តាល​មកពី​ការពង្រីក​វត្តមាន​យោធា​នៃ​បក្សសម្ព័ន្ធ​អូតង់​នៅជាប់​នឹង​ ព្រំប្រទល់​រុស្ស៊ី មកពី​សរអា បន្ត ដំឡើង​ប្រព័ន្ធខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​ក្រោម​លេសថា ដើម្បី​ប្រឈមនឹង​មីស៊ីល​អ៊ីរ៉ង់​ និង​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​៨៦ប្រទេស​នោះ​ដែល​តំណាងឲ្យ​បណ្តាជន​២ភាគ៣​លើ​ផែនដី នាំគ្នា​ចាត់ទុក​ជា​ឯកច្ឆន្ទថា គឺ​ភេរវនិយម​អន្តរជាតិ​ដែល​បច្ចុប្បន្ន ជា​ការ​គម្រាមធំ​បំផុត​ក្នុងលោក។ ហើយ​គេសារភាព​ថា តាំងពី​សន្និសីទ​ឆ្នាំមុន​មក ស្ថានការណ៍​ក្នុងលោក​មិនទាន់​វិវឌ្ឍ​បានប្រសើរ​ឡើយ។ មូលហេតុ​មកពី​មាន​ការខ្វែងគំនិត​នយោបាយ និង​មកពី​សកម្មភាព​ឯកតោ​ភាគី​នៃ​រដ្ឋ​ខ្លះ។

បាន​មក​ចូលរួម​ក្នុង​សន្និសីទ​ក្រុងម៉ូស្គូ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ ហៅ​កាត់ថា​MCIS​លើកនេះ ជា​លើកទី៦ គឺ​មាន​ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​នាំមុខគេ ដែល​ទទួលខុសត្រូវ​ចំពោះ​សន្តិសុខ​លើ​ពិភពលោក បែបយ៉ាង​អង្គការ​សហប្រជាជាតិ, អង្គការ​ដើម្បី​សន្តិសុខ​និង​សហ​ប្រតិបត្តិ​នៅ​អឺរ៉ុប​OSCE , អង្គការសហ​ប្រតិបត្តិការ​ក្រុង​សៀងហៃ​OCS , អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម​OTSC , សហគមន៍​រដ្ឋ​ឯករាជ្យ​CEI។

គោលជំហរ​ក្រុង​ម៉ូស្គូ​ចំពោះ​បញ្ហា​សន្តិសុខ​ក្នុងលោក ត្រូវបាន​លាត​ត្រដាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស ដោយ​រដ្ឋមន្ត្រី​ការពារជាតិ ជា​អ្នក​ចាត់ចែង​សន្និសីទ​នេះ ដោយ​នាយក​ស្ថាប័ន​សន្តិសុខជាតិ​FSB , ដោយ​នាយ​អគ្គសេនា​ធិការដ្ឋាន​កងទ័ព​រុស្ស៊ី។

ថ្លែង​ពីលើ​វេទិកា​សន្និសីទ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោកSerguei Lavrov មាន​ប្រសាសន៍៖ ការ​វាយប្រហារ​ពេលថ្មីៗ​ដោយ​សរអា​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ីរី គឺជា​ទង្វើ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​ជា​អំពើ​ឈ្លានពាន​លើ​រដ្ឋអធិបតេយ្យ​ដែល​អូសទាញ​ឲ្យ​កាន់តែ​សាំញ៉ាំ​ទៅ​បញ្ហា​ដែល​កំពុងចោទ ក្នុង​រឿង​ប្រយុទ្ធ​ទល់នឹង​ភេរវនិយម ដ្បិត​វាច្រាន​ឲ្យឃ្លាត​កាន់តែ​ទៅឆ្ងាយទៅ ការ​បង្កើតឡើង​ជា​រណសិរ្ស​រួមតែមួយ​សម្រាប់​ជំនះលើ​អកុសល​នេះ។

ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ លោក​នាយឧត្តមសេនីយ Serguei Shoigu លើកឡើង​ថា សកម្មភាព​នោះ​របស់​ក្រុង​វ៉ាស៊ីនតោន បាន​បង្កើតជា​គ្រោះថ្នាក់​ដល់ជីវិត​ពួកយោធា​រុស្ស៊ី​ដែល​វត្តមាន​នៅ​ស៊ីរី​ដើម្បី​ប្រយុទ្ធ​ទល់នឹង​ពួក​ភេរវជន។ ជំហាន​បែបនេះ​របស់​សរអា បាន​បង្ខំ​រុស្ស៊ី​ឲ្យ​ចាត់​វិធានការ​បន្ថែមទៀត ឆ្ពោះទៅ​បង្កើន​សុវត្ថិភាព​ក្រុម​ទ័ពរុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី។ ព្រម​ជាមួយ​នេះ បើ​សរអា​ដាក់​ទិសកំទេច​មែន អង្គការ​រដ្ឋអ៊ីស្លាម​នៅស៊ីរី នោះ​រុស្ស៊ី​ត្រៀមគាំទ្រ​ទាំងស្រុង​ដល់ការ​ខំប្រឹងប្រែង​បែបនេះ។ ស្តីអំពី​ទង្វើ​បក្សសម្ព័ន្ធ​អូតង់ ដែល​ចេះតែ​វាតទី​តាំងខ្លួន​គ្មានឈប់​មកដល់​ព្រំប្រទល់​រុស្ស៊ី​ទៅហើយ រដ្ឋមន្ត្រី​យោធា​រុស្ស៊ី​ថ្លែងថា សកម្មភាព​ម៉ូស្គូ​ខាងពង្រឹង​សមត្ថភាព​ការពារ​របស់​ខ្លួន គ្រាន់តែ​ជាប្រតិកម្ម​ថ្លឹងឲ្យ​បានស្មើ ចំពោះ​ទង្វើនេះ​របស់​អូតង់។ បក្ស​សម្ព័ន្ធនេះ​ចិញ្ចឹមទុក​គម្រោង​ទទួល​រដ្ឋថ្មីៗ​ឲ្យចូលជា​សមាជិក ហើយជា​សក្ខីកម្ម នឹងក្លាយ​ជារដ្ឋថ្មី​បែបនេះ គឺ​Montenegro។ តាមពិត សក្តានុពល​យោធា​Montenegro គឺ​សឹងស្មើ​នឹងសូន្យ ប៉ុន្តែ​ស្ថានភាព​ភូមិ​សាស្ត្រ​ប្រទេសនេះ នឹងអនុញ្ញាត​ឲ្យ​អូតង់​តាំង​ការត្រួតពិនិត្យ​លើ​តំបន់​Balkans​ទាំងមូល។

នាយក​ស្ថាប័ន​សន្តិសុខ​ជាតិរុស្ស៊ី​FSB លោក Alexandre Bortnikov ក្នុង​បទអន្តរាគមន៍​ខ្លួន ចង្អុល​ឲ្យ​ឃើញថា៖ ពួក​មេក្លោង​នៃ​អង្គការ​ភេរវនិយម​អន្តរជាតិ​ធំៗ បែបយ៉ាង​រដ្ឋអ៊ីស្លាម​​និង​រណសិរ្ស​អាល់ណូស្រាព្រមទាំង​រចនាសម្ព័ន្ធ​ទាំងឡាយ​នៅសេសសល់​ពី​អង្គការ​អាល់កៃដា ដោយ​យល់ដឹង​ក្នុងចិត្ត​ថា​ពួកគេ​នឹងត្រូវ​កំទេច​សាបសូន្យ​ទៅ នៅតាម​តំបន់ណា​ដែលគេ​ធ្លាប់​បាន​អាងយ៉ាង ឥឡូវ​បានចាប់​ផ្តើមប្តូរ​ទីកន្លែង​ទៅបោះ​ទីតាំងថ្មី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន យេម៉ែន​ និង​ទៅជ្រៅ​ក្នុងទ្វីបអាហ្វ្រិកតែម្តង ព្រមទាំង​កំពុង​គិតគូរ​បង្កើតឡើង​ជា​បណ្តាញ​ភេរវនិយម​ខ្នាតធំ​ថ្មី។

រីឯ​លោក​នាយអគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី ឧត្តមសេនីយ Valery Guerassimov បាន​ថ្លែងថា៖ បច្ចុប្បន្ន នៅតាម​បណ្តោយ​ខ្សែព្រំប្រទល់​ដែលខ័ណ្ឌ​ប្រទេស​រុស្ស៊ី ពី​បណ្តាប្រទេស​អូតង់ ម្ខាងៗ​បន្ត​ប្រមូលផ្តុំ​សព្វាវុធ​សម្រាប់​វាយលុក​វាត​ឲ្យកាន់តែ​ធំឡើង​សមត្ថភាព អាកាសយានដ្ឋាន​និង​កំពង់ផែ សម្រាប់​ទទួល​ភស្តុភារ។ ក្នុង​២ឆ្នាំ​ចុងក្រោយ នៅតាម​តំបន់​អឺរ៉ុប​ខាងកើត កម្លាំងទ័ព​រួម​របស់​អូតង់ បាន​បង្កើន​សឹង​២ដង លំហាត់​សឹក ក្នុង​គោលដៅ​ត្រៀម​ប្រយុទ្ធ។ ការវាត​បក្សសម្ព័ន្ធ​អូតង់ គឺ​បង្ខូច​តុល្យភាព​កម្លាំង​នៅ​ទ្វីបអឺរ៉ុប បង្កើន​ហានីភ័យ​នៃ​ឧប្បត្តិហេតុ​យោធា។ សកម្មភាព​ទាំងនេះ ដក់ជាប់​ដោយ​លក្ខណៈ​បង្កហេតុ​មែនពិត។

ជា​ការ​កត់សម្គាល់ ក្នុងថ្ងៃ​ដែល​សន្និសីទ​ក្រុងម៉ូស្គូ​ស្តីអំពី​សន្តិសុខ​អន្តរជាតិធ្វើ​ការងារខ្លួន អនុទី១​នៃ​នាយ​អគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី លោក​ឧត្តមសេនីយ Viktor Poznikhir បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ ប្រព័ន្ធខែល​មីស៊ីល​ប្រឆាំងមីស៊ី​ ដែល​សរអា ដាក់​ឲ្យ​ប្រចាំការ​នៅ​ទ្វីបអឺរ៉ុប និង​នៅតាម​នាវាចល័ត​ក្បែរៗ​ទឹកដី​រុស្ស៊ី គឺ​បង្កើតជា​គ្រឿងផ្សំ​យោធា​យ៉ាងខ្លាំង ស្ថិត​ក្នុង​របាំង សម្រាប់​លួច​វាយប្រហារ​នឹង​កាំជ្រួច​មីស៊ីល​នុយក្លេអ៊ែរ​តែម្តង មកលើ​ប្រទេស​រុស្ស៊ី។ ក្នុង​១៥ឆ្នាំ​ចុងក្រោយ សរអា​បាន​ចំណាយ​អស់​១៣០.០០០លាន​ដុល្លារ សម្រាប់​បង្កើត​ប្រព័ន្ធខែល​នេះ ហើយ​ទៅទល់​ឆ្នាំ​២០២២ ដោយ​បង្កើន​ខ្ទង់ចំណាយ​នេះ ៥៥.០០០​លានដុល្លារ​ទៀត មីស៊ីល​អាមេរិកាំង​សម្រាប់​ប្រឆាំង​មីស៊ីល នឹង​មាន​ចំនួន​លើសពី​ចំនួនក្បាល​រំសេវ​នុយក្លេអ៊ែរ​ប្រយុទ្ធ ដែល​មានដំឡើង​នៅតាម​មីស៊ីល​អន្តរទ្វីប​របស់​រុស្ស៊ី ហើយ​លើស​ដូច​មេឃ​និងដី ពី​កាំជ្រួច​មីស៊ីល​ដែល​អាច​បាញ់ទៅ​តែចម្ងាយមធ្យម​របស់​អ៊ីរ៉ង់និង​កូរ៉េខាងជើង ដែល​សរុបទៅ​មាន​មិនដល់​១០​ដើមផង។

ដើម្បី​កុំឲ្យ​ប្រជាជន​រុស្ស៊ី ធ្លាក់ក្នុង​ភាព​ភ័យខ្លាច អនុទី១​នៃ​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​រុស្ស៊ី​ខាង​ការពារ​ប្រទេស លោកFrants Klintsevich បាន​ថ្លែងថា៖ សេចក្តីថ្លែងការណ៍​របស់​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី គឺជា​សញ្ញា​ប្រាប់ទៅ​សរអា​ថា ពួកគេ​ត្រូវតែ​ដឹងថា រុស្ស៊ី​ដឹង​អំពី​ចេតនា​របស់​ពួកគេ​ហើយ​រុស្ស៊ី​នឹង​ឆ្លើយបក​ទៅវិញ​យ៉ាង​ចាស់ដៃ​ពុំខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ