រឿងJupiter s moon ត្រដាងឲ្យគេឃើញពីអំពើពុករលួយ និងការរើសអើងពូជសាសន៍
ចុះផ្សាយនៅថ្ងៃ៖
បញ្ហាជនភៀសខ្លួនបានត្រលប់មកសាជាថ្មី មកជាន់កម្រាលព្រំក្រហមរបស់មហោស្រពអន្តរជាតិកាន។ លើកនេះ គឺសមិទ្ធិករហុងគ្រី ដែលបានលើកនិយាយពី ជ្រុងមួយនៃវិបត្តិជនភៀសខ្លួន ដែលហុងគ្រី ផ្នែកមួយរបស់សហភាពអឺរ៉ុប កំពុងជួបប្រទះ។ រឿងព្រះចន្ទ របស់ជូពីទែរ Jupiter s moon ស្ថិតនៅក្នុងចំណោមខ្សែភាពយន្ត១៩ដែលត្រូវប្រកួតប្រជែងគ្នាដើម្បី ដណ្តើមរង្វាន់តាល់ប័ត្រមាស។
មនុស្សប្រុសស្រី ក្មេងចាស់ ក្នុងទឹកមុខស្លេកស្លាំង ឈរប្រជ្រៀតគ្នាដូចសត្វជ្រូកក្នុងរថយន្តឃ្លុបមួយ។ រថយន្តឈប់ងក់ធ្វើឲ្យអ្នកដំណើរដួលសង្កត់លើគ្នា មុននឹងរត់ស្រសំដៅទូកក្នុងភាពងងឹតសូន្យសឹង មើលចាក់ភ្នែកមិនធ្លុះ។ គេដឹងភ្លាមថា ក្រុមមនុស្សដែលកំពុងរត់កាត់ព្រៃ គឺជាជនភៀសខ្លួនស៊ីរី។ បន្ទាប់ពីរត់ ជួយគ្រាគ្នាទៅវិញ ទៅមក ឪពុកនិងកូនប្រុស ត្រូវគេបំបែក ឲ្យទៅអង្គុយក្នុងទូកពីរផ្សេងគ្នា។ គ្រាន់តែចេញដំណើរមិនបានប៉ុន្មានវិនាទីផង សំឡេងស៊ីរ៉ែន និងកាំភ្លើងបាញ់ចេញពីទូក ដែលបើកភ្លើងហ្វាសឹងខ្វាក់ភ្នែកទៅលើក្រុមមនុស្សដែលភ័យស្លន់ស្លោ ធ្លាក់ទឹកទៅហើយនោះ។
ព្រះចន្ទរបស់ហ្សុយពីទែរ la lune de Jupiter របស់សមិទ្ធិករហុងគ្រី គឺលោក Kornel Mundruczo បានចាប់ផ្តើមជាមួយនឹងសោកនាដកម្មស្លាប់ខ្លួនរបស់ប្រជាជនដើមបូព៌ាដែលប្រថុយជីវិតដើម្បីស្វែងរកកន្លែងជ្រកកោនថ្មី នៅទឹកដីអឺរ៉ុប។ ខុសពីរឿងកុនផ្សេងទៀត ដែលនិយាយពីបញ្ហារបស់ជនភៀសខ្លួន នៅក្នុង la lune de Jupiter សមិទ្ធិករហុងគ្រី បានប្រឌិតគំនិតថ្មី ដោយធ្វើឲ្យតួអង្គសំខាន់ គឺយុវជនស៊ីរី ដែលត្រូវប៉ូលិសបាញ់ត្រូវបីគ្រាប់ដួលទៅលើដីហើយនោះ ឲ្យរស់ឡើងវិញ និងអណ្តែតខ្លួនទៅលើអាកាស។
សម្រាប់គ្រូពេទ្យហុងគ្រី ម្នាក់ដែលប្រមឹក និងពុករលួយ យកលុយសំណូកពីជនភៀសខ្លួន ការចេះបណ្តែតខ្លួនរបស់យុវជនស៊ីរី Aryan គឺជាអភិនិហារ ដែលគេបានឆ្លៀតកេងយកទៅប្រើដើម្បីបោកយកលុយពីអ្នកជំងឺអ្នកមាននៅទីក្រុងBudapest។ អភិនិហារចេះបង្ហោះខ្លួនទៅលើមេឃ គ្រាន់តែជាបន្លែអមនៃរឿង ដែលតាមពិតទៅ ផ្តោតសំខាន់លើអំពើពុករលួយរបស់មន្រ្តីពេទ្យ និងការប្រកាន់ពូជសាសន៍របស់មន្រ្តី ប៉ូលិសដែលភ័យខ្លាចពីការចូលលុកលុយរបស់ជនបរទេសក្នុងទឹកដីហុងគ្រី។ ជនសុំជ្រកកោនមកពី ស៊ីរីបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកនៅក្នុងរថភ្លើង។ ទាំងអស់នេះជាការពិតមួយដែលកំពុងកើតមាននៅអឺរ៉ុបដែលកំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនមិនធ្លាប់មាន តាំងពីសង្រ្គាមលោកលើកទី២។
ប៉ុន្តែ សារមួយនៃរឿងគឺថា ជនភៀសខ្លួនទាំងអស់មិនមែនសុទ្ធតែជាភេរវជននោះទេ។ ពួកគេភាគច្រើនជាជនរងគ្រោះពិតដែលចង់បានតែកន្លែងជ្រកកោនថ្មី ហើយថា មិនត្រូវទេ ក្នុងចំណោមជនភៀសខ្លួន អាចមានមនុស្សដែលមានរិទ្ធិ អភិនិហារ អាចហោះដូចយុវជនស៊ីរី Aryanដូច្នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ