រឿង Okja របស់Netflix អាចនឹងមិនទទួលរង្វាន់តាល់ប័ត្រមាស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រឿងអ៊ុកចាត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃសុក្រទី ១៩នេះ នៅក្រោមសំលេងទះដៃ និងសំឡេងរិះគន់នៅក្នុងមហោស្រព។ អ៊ុកចា ផលិតដោយក្រុមហ៊ុនអាមេរិកាំង Netflix ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់តាល់បត្រ័មាស នៅក្នុងមហោស្រពកាន។ នៅក្នុងសន្និសីទកាសែតនៅថ្ងៃបើកសម្ពោធមហោស្រពកាលពីថ្ងៃពុធ លោកពេដ្រូ អាល់ម៉ូដូវ៉ា ប្រធានគណៈមេប្រយោគដាក់ពិន្ទុលើខ្សែភាពយន្ត បានពន្លយឲ្យដឹងថា ខ្សែភាពយន្តដែលមិនត្រូវដាក់បញ្ចាំងលើអេក្រង់ធំ តាមរោងកុន មិនគួរនឹងបានរង្វាន់តាល់ប័ត្រមាសនោះទេ។
ពិភពមហោស្រពភាពយន្តកាន នៅថ្ងៃនេះចាប់អង្រួនដោយការចាក់បញ្ចាំងខ្សែភាពយន្ត រឿងអ៊ុកចា របស់សមិទ្ធិករកូរ៉េខាងត្បូង លោកបង ជូនហូ។ រឿងអុកចា ឧបត្ថម្ភផលិតដោយក្រុមហ៊ុនបណ្តាញទូរទស្សន៍អ៊ីនធ័រនែតNetflix បានធ្វើឲ្យគេចាប់អារម្មណ៍ តាំងពីមិនទាន់ត្រូវគេចាក់បញ្ចាំងនៅក្នុងការប្រកួតប្រជែងម្ល៉េះ។
ក្រុមហ៊ុនអាមេរិកាំងបានបដិសេធ មិនចាក់បញ្ចាំងរឿងអ៊ុកចា នៅរោងកុនក្នុងប្រទេសបារាំង ទៅតាមការចង់បានរបស់ អ្នករៀបចំមហោស្រព។ ទៅតាមក្បួនច្បាប់របស់មហោស្រព រាល់ខ្សែភាពយន្តដែលត្រូវដាក់ឲ្យប្រកួតប្រជែង នៅក្នុងមហោស្រព ត្រូវតម្រូវឲ្យចាក់បញ្ចាំងនៅតាមរោងកុន ក្នុងប្រទេសបារាំង មុននឹងត្រូវចែកចាយ ដាក់ឲ្យគេជាវមើលនៅ តាមអ៊ីនធ័រនែត។ ប៉ុន្តែ Netflixវិញ បានប្រកាសប្រាប់ទៅអ្នកជាវរបស់ខ្លួនថា ពួកគេនឹងអាចមើលរឿងអ៊ុកចា ចាប់ពីថ្ងៃទី ២៨មិថុនា ខែក្រោយ។
ជំហររបស់ Netflixត្រូវបានគេចោទសួររួចហើយ នៅក្នុងសន្និសីទកាសែតរបស់គណៈមេប្រយោគដែលត្រូវដាក់ពិន្ទុ ជ្រើសរើសខ្សែភាពយន្តដែលល្អដាច់គេនៅក្នុងមហោស្រព។ លោកពេត្រូ អាល់ម៉ូដូវ៉ា សមិទ្ធិករអេស្ប៉ាញ និងជាប្រធានគណៈមេប្រយោគហាក់មិនយល់ស្របនឹងគំនិតរបស់ក្រុមហ៊ុន Netflixនោះទេ។ ក្នុងនាមជាអ្នកដឹកនាំរឿងមួយរូប លោកមិនចង់ឲ្យគេមើលខ្សែភាពយន្ត តែនៅលើអេក្រង់តូចៗ ជាងកៅអីអង្គុយនោះទេ។គេគួរតែមើលស្នាដៃកុន នៅលើអេក្រង់ធំ ក្នុងរោង ដូច្នេះតាមយោបល់របស់លោក រឿងភាពយន្តដែលត្រូវដាក់បញ្ចាំងនៅតាមរោងកុន នោះមិនគួរនឹងទទួលបានរង្វាន់តាល់ប័ត្រមាសនោះទេ។
នៅក្នុងសន្និសីទកាសែត កាលពីប៉ុន្មានម៉ោងមុននេះ សមិទ្ធិករកូរ៉េខាងត្បូង លោកបង ជូនហូ បានបន្ធូរភាពតានតឹងមកវិញ ដោយនិយាយថា លោកមិនអន់ចិត្តទេ ពីរឿងរង្វាន់ សំខាន់ គឺឲ្យតែបានគណៈមេប្រយោគបានមើលស្នាដៃកុន របស់គាត់ គឺគ្រប់គ្រាន់។ សម្រាប់លោក បង់ ជូនហូ ក្រុមហ៊ុន Netflixបានដើរតួនាទីសំខាន់ បានជួយឲ្យលោកអាចផលិតកុនមួយ ដោយសេរីភាព។ ម្យ៉ាងទៀត ទៅតាមកិច្ចសន្យាជាមួយ Netflix គឺរឿងអ៊ុកចា ចាក់បញ្ចាំងនៅតាមរោងកុននៅ កូរ៉េ និងនៅលើបណ្តាញទូរទស្សន៍អ៊ីនធ័រនែតរបស់ Netflixដែលមានអ្នកជាវ១០០លាននាក់ នៅក្នុងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ