បារាំង

លោកស្រី​​Simone Veil​ ជា​ស្ត្រី​ទី៥​ ដែល​​​បារាំង​​​​ចារឈ្មោះ​​​នៅ​​វិមា​ន​Panthéon​

លោកស្រី​ Simone Veil
លោកស្រី​ Simone Veil Reuters
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

ថ្ងៃពុធ​៥កក្កដា​នេះ ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​សម្រេច​អោយបារាំង​បញ្ចុះ​សព​​លោកស្រី​ ស៊ីមន វៃ ​Simone Veil ដែល​ជា​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​បារាំង អោយ​សពគាត់​បានបញ្ចុះ​នៅវិមាន​ប៉ង់តេអុង ​ Panthéon ជាមួយ​នឹង​ស្វាមី​របស់​គាត់។ លោកស្រី​Simone Veil បាន​ទទួល​មរណភាព កាលពី​ថ្ងៃសុក្រ៣០​មិថុនា។ លោកស្រី​ជាអតីត​រដ្ឋមន្ត្រី​សុខាភិបាល ដែលគេ​ស្គាល់ថា ​​បាន​​​​បង្កើត​ច្បាប់​អនុញ្ញាត​អោយស្ត្រី​​​ទទួលបាន​​សិទ្ធិ​រំលូតកូន។

ផ្សាយពាណិជ្ជកម្ម

អតីត​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង ស៊ីមន វៃ ​បានទទួលមរណភាព​ កាលពី​ថ្ងៃ​សុក្រ​៣០មិថុនា ក្នុង​អាយុ​៨៩ឆ្នាំ។ លោកស្រី​ត្រូវបានគេស្គាល់ថា បាន​តស៊ូ​បង្កើត​ច្បាប់​​អោយ​ស្ត្រី​ទទួលបាន​សិទ្ធិ​រំលូតកូន។ ​ក្នុង​ថ្ងៃ​បុណ្យសព​​​​លោកស្រី​ថ្ងៃពុធ​​៥​កក្កដានេះ អតីតប្រធានាធិបតី​ហូឡង់ និង​សាកូហ្ស៊ី មានទាំង​​នាយក​រដ្ឋមន្ត្រី និង​អតីត​នាយក​រដ្ឋមន្ត្រី​​បារាំង​ស្ទើរតែ​គ្រប់គ្នា មាន​ថ្នាក់​ដឹកនាំនយោបាយ​​​​បរទេសផងដែរ បាន​នាំគ្នា​ចូលរួ​មកុះករ​ឧទ្ទិស​អោយ​លោកស្រី។ ពិធី​បុណ្យសព​លោកស្រី​វៃ ក៏​បាន​បើក​អោយ​សាធារណជន​​​ចូលរួម​ផងដែរ។

ថ្ងៃពុធ​នេះ ប្រធានាធិបតី​បារាំង អេម៉ា​​នុយអែល ម៉ាក្រុង បាន​ប្រកាស​អោយ​បារាំង​ បញ្ចុះសព​លោកស្រី​ស៊ីមន វៃ និង​ស្វាមី​លោកស្រី​នៅវិមាន​ប៉ង់តេអុង​ Panthéon ដែល​មានទីតាំង​នៅ​សង្កាត់​ទី៥ ក្នុង​ក្រុង​ប៉ារីស។ វិមាន​ប៉ង់តេអុង ជាកន្លែង​ដែល​គេបញ្ចុះ​​​ឥស្សរជន​ដែលបាន​សាង​កេរ្តិ៍ឈ្មោះ​អោយ​បារាំង ដែល​លះបង់​ខ្ពស់​ដើម្បី​បារាំង​។ បែបយ៉ាង​មាន​លោកស្រី​ម៉ារី គួរី អតីត​អ្នកជំនាញ​រូបគីមីវិទ្យា​ រឺ​ក៏​អ្នកនិពន្ធ​វិចទ័រ អ៊ុយហ្កូ​ សុទ្ធ​តែ​ត្រូវ​គេបញ្ចុះ​នៅទីនោះ។ លោកស្រី​Simone Veil បាន​ក្លាយ​ជាស្ត្រី​ទី៥ ដែលបារាំង​ចារឈ្មោះ​នៅ​ប៉ង់តេអុង។

បារាំងពេញចិត្ត​ដាក់​អោយ​បុណ្យសព​លោកស្រី​ក្លាយជា​បុណ្យសព​ជាតិ ប្រធានាធិបតី សម្រេច​​​អោយ​សព​លោកស្រី​បញ្ចុះ​វិមាន​កិត្តិយស​​ប៉ង់តេអុង ដោយសារ​លោកស្រី​បាន​បម្រើជាតិ ធ្លាប់​ធ្វើ​ជា​អគ្គលេខាធិការ​ឧត្តម​​ក្រុមប្រឹក្សា​ជាន់ខ្ពស់​អង្គចៅក្រម ​ធ្លាប់​​ការពារ​សិទ្ធិមនុស្ស និង​​ជនទន់ខ្សោយ​ក្នុងសង្គម។ លោកស្រី​ជាស្ត្រី​ដំបូង​ដែល​ធ្វើជា​ប្រធាន​​ដឺកនាំ​សភា​អឺរ៉ុប។ លោកស្រី​ជាជនជាតិ​ជ្វីហ្វ​ម្នាក់ ​ដែល​បាន​​រួច​ជីវិត​ពី​មន្ទីរ​ឃុំឃាំងនៃ​​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្នុងសម័យ​​សង្គ្រាម​លោក​។​

ដោយឡែក លោក​អង់ទ័ន វៃ ដែលជា​ស្វាមី​លោកស្រី​ ​ក៏​ជាអ្នក​នយោបាយ​មួយរូបដែរ ​ត្បិតថា លោក​​មិនមានកេរ្តិ៍​ឈ្មោះ​បោះសម្លេង​ខ្លាំង​ដូច​លោកស្រី ក៏​សព​របស់​លោក​ត្រូវបាន​អនុញ្ញាត​អោយ​បញ្ចុះ​នៅ​វិមាន​ប៉ង់តេអុង​ជាមួយ​លោកស្រី​ដែរ គឺ​បញ្ចុះ​ក្នុងនាម​ជា​ស្វាមី​របស់​លោកស្រី។ លោក​អង់ទ័ន​ វៃ​ ទទួលមរណភាព​កាលពី​ឆ្នាំ២០១៣៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI