អានតួអត្ថបទ

បារាំងបើក​ប្រតិបត្តិការ​​​ជម្លៀស​អន្តោប្រវេសន៍​ជា​ថ្មី​ចេញ​ពីភាគ​ខាង​ជើង​ក្រុង​ប៉ារីស

ប្រតិបត្តិការ​ជម្លៀស​ជំរំ​អន្តោប្រវេសន៍នៅភាគ​ខាង​ជើង​ក្រុង​ប៉ារីស​
ប្រតិបត្តិការ​ជម្លៀស​ជំរំ​អន្តោប្រវេសន៍នៅភាគ​ខាង​ជើង​ក្រុង​ប៉ារីស​ Eric FEFERBERG / AFP
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ស្ថានភាព​នៅភាគខាង​ជើង​រដ្ឋធានី​ប៉ារីស កាន់​តែ​ដុនដាប​ខ្លាំង​ឡើងៗ ជំរំ​រខេករខាករីក​ធំឡើងៗ មិន​អាចបណ្តោយ​​បាន​ទៀត ! នៅ​​ព្រហាម​ ថ្ងៃ​សុក្រ​ទី ៧ កក្កដា​នេះ អាជ្ញាធរ​បារាំង​បាន​បើក​ប្រតិបត្តិការ​ជម្លៀសឈូស​ចេញ។ ​អន្តោប្រវេសន៍​ ប្រមាណយ៉ាង​ហោចណាស់​២ពាន់​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ទីស្នាក់​បណ្តោះអាសន្ន​ ក្នុង​តំបន់​ជិត​ទីក្រុង។

ផ្សាយពាណិជ្ជកម្ម

​ក្រៅ​អំពី​ការ​ភ័យ​ព្រួយ​បន្តិច​បន្តួច ខ្លាច​បែកខ្ញែក​ក្រុមគ្រួសារ ស្ថានភាពទូទៅ​នៃ​ការ​ជម្លៀស​បាន​ប្រព្រឹត្តទៅ​ដោយ​ស្ងប់​ស្ងាត់ល្អ​ទេ។ ដោយ​ប្រើ​កងកម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ប្រមាណ​ជិត ៣៥០​នាក់ អាជ្ញាធរ​បាន​ផ្តើម​ប្រតិបត្តិការ ដោយ​ការ​រាប់​ចំនួន​អន្តោប្រវេសន៍ មុន​នឹង​បញ្ជូន​ឡើងឡាន​ក្រុង​ចាក​ចេញ​ពី​ទីក្រុង។ ពួក​គេ​នឹង​ត្រូវ​ទទួល​ឱ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ នៅ​តាម​មជ្ឈមណ្ឌល ឬ​សាលកីឡា​ នៃ​ឃុំ​ស្រុក​ផ្សេង​ក្នុង​តំបន់​ជិត​រដ្ឋធានី។

នេះ​គឺ​ជា​លើក​ទី​៣៤​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក ដែល​អាជ្ញាធរ​បារាំង បាន​ធ្វើ​ការ​ជម្លៀស​អន្តោប្រវេសន៍​ដែល​នាំ​គ្នា​មក​បោះតង់ ក្រោម​ស្ពាន ​ក្រោម​ផ្លូវ​ក្រវ៉ាត់​ក្រុងនៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស។ ​ ​​​​ជំរំ​រខេករខាក គ្មាន​អនាម័យ គ្មាន​សុវត្ថិភាពដ៏​គួរ​ឱ្យ​ខ្មាសអៀន​បំផុត​សម្រាប់​ប្រទេស​បារាំងនេះ​ ​ដុះដាល​​រីកធំឡើង​ជា​រៀង​រាល់ថ្ងៃ ដោយ​មាន​អន្តោប្រវេសន៍​មក​ថ្មី​បន្ថែម​ប្រមាណ​២០០​នាក់ ក្នុង​មួយ​សប្តាហ៍ៗ ក្បែរ​មជ្ឈមណ្ឌល​មនុស្ស​ធម៌។ កាលពី​ខែ​វិច្ឆិកា​២០១៦ ប៉ារីស​បាន​បើក​​​មជ្ឈមណ្ឌល​មនុស្សធម៌​មួយ ទទួល​អន្តោប្រវេសន៍​ ដើម្បី​បញ្ចៀស​ភាព​អនាធិបតេយ្យនេះ​​ ប៉ុន្តែ​មិន​គ្រប់គ្រាន់ !

តាំង​ពី​បាន​គាស់​រំលើង​រំលាយជំរំ​អន្តោប្រវេសន៍​នៅ​កាឡេ ភាគ​ខាង​ជើង​​ប្រទេស​មក ប៉ារីស បាន​ក្លាយ​ជា​ទី​ស្នាក់​ដ៏​ធំ​របស់​ជន​អន្តោប្រ​វេសន៍ ដែល​មក​សំកុក​រង់​ចាំ​សុំ​សិទ្ធិ​ជ្រកកោន​។

ក្រសួង​មហាផ្ទៃ​បារាំង នឹង​បង្ហាញ​វិធានការ​ថ្មី​ស្តី​ពី​​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ និង​វិធានការ​ទប់​សា្កត់ចរន្ត​​អន្តោប្រវេសន៍​ខុស​ច្បាប់មិន​ប្រាកដប្រជា​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀតខាង​មុខ។ ចំណែក​សាលា​ក្រុង​ប៉ារីស ក៏​បាន​រៀប​ចំ​គម្រោង​ច្បាប់​មួយស្នើ​ទៅ​ដែរ ទាក់ទង​នឹង​ការ​ទទួល​ជន​អន្តោប្រវេសន៍ និង​ការ​សម្រប​ខ្លួន​របស់​ជនភៀស​ខ្លួន​ក្នុង​សហគមន៍​បារាំង។ ប៉ារិស ចង់​ឱ្យ​រដ្ឋាភិបាល​ចាត់​ចែង ចែក​អន្តោប្រវេសន៍​​ជា​បណ្តើរ​ និង​ទូទាំង​ប្រទេស​ តាម​ដំណើរ​ផ្លូវ​​ដែល​អន្តោប្រវេសន៍​នោះ​ឆ្លង​កាត់ ឱ្យ​ហើយ ដោយ​មិន​រង់ចាំ​ឱ្យ​តែ​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​ ផ្តុំ​គ្នា​អាក្រក់​មើល​ខ្លាំង​ ទើប​ចែកចាយ​គ្នា​ទទួល​បន្ទុក​ជា​ក្រោយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ