អ៊ុយក្រែន-អូតង់

អ៊ុយក្រែន​ដាក់​ទិស​ចូលជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់​

ប្រធានាធិបតី​អ៊ុយក្រែន លោក​ Petro Poroshenko និង​អគ្គលេខាធិការ​អង្គការ​អូតង់​ លោក​ Jens Stoltenberg
ប្រធានាធិបតី​អ៊ុយក្រែន លោក​ Petro Poroshenko និង​អគ្គលេខាធិការ​អង្គការ​អូតង់​ លោក​ Jens Stoltenberg REUTERS/Valentyn Ogirenko

អ៊ុយក្រែន​នឹង​ចាប់ផ្តើម​ពិភាក្សា​ជាមួយអូតង់​ ផែនការ​សកម្មភាព​ដែលនឹង​អនុញ្ញាត​ឲ្យខ្លួន​ ចូលជា​សមាជិកនៃ​អង្គការការពារ​នេះ ហើយ​ប្តេជ្ញាធ្វើ​កំណែទម្រង់​ លុះទាល់តែ​ក្នុង៣ឆ្នាំ​ទៀត ទៅទល់​ឆ្នាំ​២០២០ ឆ្លើយឲ្យបាន​ស្របនឹង​​បទដ្ឋាន​​របស់​បក្សសម្ព័ន្ធ​អាត្លង់ទិក​ខាងជើង​ - សេចក្តីនេះ​ ប្រកាស​ថ្ងៃចន្ទ​ ទី​១០កក្កដា ​ដោយលោក​ប្រធានាធិបតី​អ៊ុយក្រែន​ ប៉េត្រូ ​ប៉ូរ៉ូឆេនកូ។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​ខាងលើ​ ត្រូវបាន​លោកប្រមុខរដ្ឋ​អ៊ុយក្រែន​ ប៉េត្រូ ប៉ូរ៉ូឆេនកូ ​ធ្វើនៅ​ក្រុងគៀវ​ ពេលជួប​ជាមួយ​លោក​អគ្គលេខាធិការ​អូតង់ Jens Stoltenberg ក្នុង​ក្របខ័ណ្ឌ​ សម័យ​ប្រជុំឧទ្ទិស​ដល់​ខួប២០ឆ្នាំ ​នៃ​សហប្រតិបត្តិការ​​រវាងអ៊ុយក្រែន​និងអូតង់។​

លោក Stoltenberg ​ពីចំណែកគាត់​ បានថ្លែងសាទរ​ ចំពោះ​កំណែទម្រង់​នៅអ៊ុយក្រែន ​ដែលជា​ជំហានបង្ខិត​ ប្រទេសនេះ​ ទៅកាន់តែ​ជិតនឹងអូតង់។ គាត់លំអិតថា អូតង់​បានផ្តល់​ដល់អ៊ុយក្រែន​ បរិក្ខារថ្មីៗ​ ដែលនឹង​ជួយប្រទេសនេះ​ ឲ្យវែក​មុខ​រកឃើញ​ពួក​ដែល​ប្រព្រឹត្ត​ការវាយប្រហារ​ Cyberattaque​ ប៉ះលើអ៊ុយក្រែន​ និង​ប្រទេសឯទៀត ​ក្នុងខែ​មិថុនា​កន្លងទៅ។

ថ្លែងទៅពួក​អ្នកកាសែត ​លោកប្រធានាធិបតី​ ប៉ូរ៉ូឆេនកូ ​ប្រកាសជាអាទ៏៖​ អ៊ុយក្រែន​ បាន​កំណត់​យ៉ាងច្បាស់លាស់​ អនាគត​នយោបាយខ្លួន និង​អនាគតខ្លួន​​ក្នុងវិស័យ​សន្តិសុខ។ គាត់លើកឡើង​តមក​ទៀត ៖ ឥឡូវ​ យើងបាន​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់​ថា យើងចង់​ចាប់ផ្តើម​ការពិភាក្សា​អំពី​កម្មវិធី​ដើម្បីឲ្យ​អ៊ុយក្រែន​បានចូល​ក្នុង​បក្សអូតង់​ ហើយ​សំណើ​យើង​ដើម្បី​ធ្វើការពិភាក្សានេះ​ បានត្រូវទទួលយក​ដោយសោមនស្ស។​

ជាប់ក្នុង​ជម្លោះជាមួយរុស្ស៊ី​ ដែលគាំទ្រដល់​តំបន់បះបោរ​ប៉ែក​ខាងកើត​អ៊ុយក្រែន​ អ៊ុយក្រែន​ ក្នុងខែមិថុនា​ បានអនុម័ត​ច្បាប់​លើកជាអាទិភាព​នៃ​នយោបាយ​ក្រៅប្រទេស​ គឺ​ចូលជា​សមាជិក​អូតង់។ អូតង់​ពីចំណែក​ខ្លួន ក្នុងឆ្នាំ២០០៨​ បាន​យល់ព្រម​ថា ​អ៊ុយក្រែន​ ក្នុង​ថ្ងៃណាមួយ​ នឹងក្លាយជា​សមាជិក​បក្សសម្ព័ន្ធនេះ។ ​រីឯ​អ៊ុយក្រែន ធ្លាប់បាន​ផ្តល់ទៅ​អូតង់នូវអង្គភាព​ទ័ពខ្លួន សម្រាប់​ប្រតិបត្តិការ ជាអាទ៏​​នៅ​អាហ្វហ្កានីស្ថាន។

ផែនការផ្លូវការ​សម្រាប់អ៊ុយក្រែន​ចូលជា​សមាជិក​អូតង់ តម្រូវឲ្យ​ប្រទេសនេះ ​ឡើងដល់​កម្រិត​ជាក់លាក់​ខាងធ្វើ​កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច​ និង ​ក្នុងវិស័យ​ការពារ​ប្រទេស។ មួយឆ្នាំម្តង​ អ៊ុយក្រែន​ត្រូវ​រាយការណ៍​ទៅអូតង់ អំពីលទ្ធផល​នៃ​កំណែទម្រង់​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI