អានតួអត្ថបទ

បារាំង​​កំពុង​រងគ្រោះភ្លើង​​ឆេះ​ព្រៃខ្លាំង នៅ​ភាគ​ខាង​ត្បូង​ប្រទេស

ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរក្រុង​នីស ភាគ​ខាង​ត្បូង​ប្រទេស​បារាំង
ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរក្រុង​នីស ភាគ​ខាង​ត្បូង​ប្រទេស​បារាំង REUTERS/Eric Gaillard
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១​ម៉ឺ​ន​នាក់ ក្នុងនោះ ជាង​បី​ពាន់​អ្នក​ជា​ទេស​ចរបោះ​តង់​ក្នុង​ព្រៃ​ ត្រូវ​ជម្លៀស​ចេញ​ទាំង​កណ្តាល​អាធ្រាត្រ​ យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ​នេះ ដោយ​ហេតុ​តែ​មាន​គ្រោះ​ភ្លើង​ឆេះ​ព្រៃ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ តំបន់ភាគ​ខាង​ត្បូង​ដែល​​ជា​កន្លែង​​ទេសចរណ៍​ដ៏​ពេញ​និយម​ និង​ដែល​ទើប​រង​គ្រោះ​អគ្គីភ័យ​ឆេះ​ព្រៃអស់​ជាង​៥​ពាន់​ហិចតារ​ កាលពី​មួយ​ថ្ងៃ​មុន​នេះ​សោះ។

ផ្សាយពាណិជ្ជកម្ម

ក្រុមពន្លត់​អគ្គិភ័យ​ជាង​៥​រយ​នាក់ ឧទ្ធម្ភាគចក្រ​ពន្លត់​ភ្លើង​៨៧​គ្រឿង អាជ្ញាធរ​បារាំង​បាន​ប្រើ​គ្រប់​មធ្យោបាយ​តាម​ផ្លូវ​អាកាស តាំង​ពី​ម៉ោង​៧​ព្រឹក​ និង​បាន​ស្នើ​សុំ​ជំនួយ​យន្តហោះ​ពន្លត់​ភ្លើងអឺរ៉ុប​​ពីរគ្រឿង​មក​បន្ថែម​ទៀត ​ដើម្បី​យក​ឈ្នះ​ព្រះ​អគ្គី ដែល​កំពុង​ឆេះ​លេប​ត្របាក់​ព្រៃ​អស់​ប្រមាណ​ជាង​៨​រយ​ហិចតារ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង។ អណ្តាតភ្លើង និង​កម្លាំង​ឆេះ​រាលរឹត​តែ​មាន​សន្ធឹក​លឿន​ខ្លាំង ដោយ​សារ​មាន​ជំនួយ​ខ្យល់​បក​បោកខ្លាំង ពី​៦០​ទៅ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

​ជា​សំណាង​ល្អ គ្មាន​ជន​រងគ្រោះ​ដល់​បាត់​ជីវិត​ទេ មាន​តែ​កង​កម្លាំង​ពន្លត់​ភ្លើង​ និង​ក្រុម​សង្គ្រោះ​ជាង​ម្ភៃរូប។ ប្រជាពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។ បើ​តាម​រូបភាព​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម មាន​ពលរដ្ឋ​បានយក​ឆ្នេរ​ធ្វើ​ជា​ជម្រក​សម្រាក​។ ដំណើរ​កំសាន្ត​សម្រាក​វិស្សមកាល​ បាន​ក្លាយ​ជាដំណើរ​​​​រត់ប្រាស​តែ​អាយុ។ ផ្លូវ​ថ្នល់​ ត្រូវ​បិទ តាំង​ពី​យប់​មិញ​មក​ ជា​កិច្ច​ការពារ​ ព្រោះ​ដំណាក់កាល​នេះ​ជា​រយៈកាល​វិស្សមកាល ចំនួន​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់ និង​ស្នាក់​នៅ​​សម្រាក​កំសាន្ត​នៅ​ភាគ​ខាង​ត្បូង បាន​កើន​ឡើង​មួយ​ជា​បី។

ភាគ​ខាង​ត្បូង​បារាំង​ត្រូវ​ស្ថិត​​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ តាំ​ងពី​ថ្ងៃ​ចន្ទ​មក​ តំបន់​នេះ​បាន​រង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ធំៗ​ពីរ​កន្លែង​អស់​ប្រមាណ​ជាង​៥​ពាន់​ហិចតារ។ ក្រុមពន្លត់​អគ្គីភ័យ​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ បន្ទាប់​ប្រើ​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​អស់​ពីរ​ថ្ងៃ ស្រាប់​តែ​មាន​ករណី​ឆេះ​ព្រៃ​មួយ​កន្លែង​នៅ​យប់​មិញ។

​​ភាព​រាំងស្ងួត​ខ្លាំងនិង​យូរ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បូក​ផ្សំ​វត្តមាន​ខ្សល់​កួច​បោច​បក់​​​កម្លាំង​ខ្លាំង​ បាន​រុញ​ច្រាន​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ឱ្យ​មាន​ហានិភ័យខ្ពស់​ងាយ​​ជួប​គ្រោះ​ភ្លើង​ឆេះ​ភ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ