សភាអាមេរិកអនុម័តទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ក្រោមសម្រែកកំហឹងអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅយប់មិញ សភាអាមេរិកបានអនុម័ត ក្នុងសំឡេងស្ទើរជាឯកច្ឆ័ន្ទ ច្បាប់ដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងរុស្ស៊ី។ គម្រោងដាក់ទណ្ឌកម្មនេះ បានបង្កបង្កើតឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ម៉ូស្គូផង និងសហភាពអឺរ៉ុបទៀត ព្រោះទណ្ឌកម្មអាមេរិកនេះ បានប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនអឺរ៉ុប។
នៅក្នុងគម្រោងច្បាប់ ដែលសភាអាមេរិកបានអនុម័តស្ទើរជាឯកច្ឆ័ន្ទ ក្នុងសំឡេង៤១៩ ទល់នឹងបីសំឡេងប្រឆាំង ក៏មានបូកបញ្ជូលអំពីការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ពីបទគាំទ្រភេរវនិយម ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចំពោះទង្វើបាញ់មីស៊ីល ដែរ។ ប៉ុន្តែដើម្បីបង្អាក់ទំនោរបោះដៃទៅរករស្ស៊ី របស់លោកត្រាំជាប្រធានាធិបតី គម្រោងច្បាប់សភានេះ ផ្តោតជាសំខាន់ទៅការដាក់ទណ្ឌកម្មលើរុស្ស៊ី ពីបទបានប៉ុនប៉ងជ្រៀតជ្រែកក្នុងសម័យបោះឆ្នោតប្រធានាធិបតី ! ទង្វើក្រសោបយកគ្រីមេ និងលូកលាន់កិច្ចការអ៊ុយក្រែន របស់រុស្ស៊ី ជាដើមហេតុបន្ទាប់បន្សំនៃទណ្ឌកម្មលើកនេះតែប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះគម្រោងច្បាប់នេះមានសំណាងច្រើននឹងបានទទួលការអនុម័តពីព្រឹទ្ធសភា។ ហើយថ្វីបើប្រធានាធិបតីអាមេរិកអាចប្រើសិទ្ធិប្រឆាំងមិនចុះហត្ថលេខាផ្តល់សុពលភាពក៏ដោយ ក៏គម្រោងច្បាប់នេះអាចយកទៅប្រើប្រាស់បានដដែល ព្រោះសភាបោះឆ្នោតអនុមសំឡេងគាំទ្រពីរភាគបី។ សភាអាមេរិកបានថែមទាំងត្រៀមយន្តការប្រើសិទ្ធិប្រឆាំងស្ទាក់រួចជាស្រេចហើយ ប្រសិនបើលោកត្រាំសម្រេចផ្អាកទណ្ឌកម្មដាក់ប្រឆាំងលើរុស្ស៊ីកាលពីពេលមុន។
ប៉ុន្តែដំណឹងនេះ មិនត្រឹមតែបានធ្វើឱ្យរុស្ស៊ី អ្នកជាប់ទណ្ឌកម្មដោយផ្ទាល់ខឹងសម្បារទេ សូម្បីតែអឺរ៉ុប ក៏កំពុងច្រឡោតខ្លាំងដែរ។ សហភាពអឺរ៉ុបទាំងមូល មិនថាប៉ារីស បែរឡាំង ឬព្រុចសែលទេ មិនអាចទទួលយកគម្រោងទណ្ឌកម្មជាឯកតោភាគីរបស់សភាអាមេរិកបានឡើយ។ កន្លងមក រាល់ទណ្ឌកម្មដែលដាក់លើរុស្ស៊ី ត្រូវសម្រេចរួមគ្នាដោយភាគីអាមេរិកនិងអឺរ៉ុប និងមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍អឺរ៉ុបទេ ជាពិសេសក្នុងវិស័យថាមពលឧស្ម័នហ្កាសឡើយ។ ប៉ុន្តែលើកនេះ អាមេរិកបានកន្លងបន្ទាត់ហាមឃាត់ ទណ្ឌកម្មអាមេរិកប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី បានក្លាយជាទណ្ឌកម្មប្រឆាំងក្រុមហ៊ុនរបស់អឺរ៉ុបជាច្រើន ដូចជាក្រុមហ៊ុនបារាំង អាល្លឺម៉ង់ អូទ្រីស អង់គ្លេសហូឡង់ ...
សមាជិកសហភាពអឺរ៉ុបទាំង២៨ដែលត្រូវជួបប្រជុំគ្នានៅថ្ងៃពុធនេះបានសន្យាថានឹងចាត់វិធានការបកវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ