អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សរអា​​ទើបប្រកាស​​”សង្គ្រាម​ពាណិជ្ជកម្ម​​ពេញរូប​ពេញរាង”​ ​ទល់នឹង​​រុស្ស៊ី​​

សំឡេង ០៥:៣៣
នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​
នាយករដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ​​ © កែវ​ ឆាយា
ដោយ៖ កែវ ឆាយា

លោក ឌ្មីទ្រី មេដវេដេវ​ ដែលពី​ឆ្នាំ២០០៨ ដល់​២០១២​ ជាប្រធានាធិបតី​រុស្ស៊ី​ ហើយ ​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រីបាន​៥ឆ្នាំហើយ​ ទទួលបន្ទុក​មុខព្រួញ​សេដ្ឋកិច្ច​ បាន​ថ្លែងថា​ ការ​ដែល​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ​ថ្ងៃពុធ​ទី២​សីហា​​កន្លងទៅ​ បាន​ចុះហត្ថលេខា​ លើច្បាប់ដាក់​ទណ្ឌកម្មថ្មី​ជាផ្លូវការ​​ប្រឆាំង​រុស្ស៊ី​ គឺ ជាការ​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​ខ័ណ្ឌបញ្ចប់​​លទ្ធភាព​សម្រាប់​​កែឲ្យល្អ​ឡើង​​ក្នុងអនាគត​ដ៏ខ្លី​ខាងមុខ ​ ទំនាក់ទំនង​​រវាង​ម៉ូស្គូ និង​វ៉ាស៊ីនតោន។ គាត់ក៏សន្យា​អភិវឌ្ឍ​សេដ្ឋកិច្ច​រុស្ស៊ី ​តាមរយៈ​ការ​បង្កើន​តទៅទៀត ផលិតផល​ជាតិ ជា​ជំនួស​ការនាំចូល​ពីក្រៅ ព្រមទាំង​ប្តឹងទៅ​ បណ្តា​តុលាការ​នៃយុត្តាធិការ​អន្តរជាតិ ទល់នឹង​សរអា។​

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​លោកប្រមុខ​រដ្ឋាភិបាលរុស្ស៊ី​ ឌ្មីទ្រី មេដវេដេវ គឺថា​ ច្បាប់ស្តីអំពី​ “ការប្រឈមនឹង​ខ្មាំងសរអា”​ តាមរយៈ​ការដាក់ទណ្ឌកម្ម​ថ្មីៗ ដែលចុះ​ហត្ថលេខា ថ្ងៃទី២សីហា​ ដោយ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ពិតជានឹង​ហែហម ទៅដោយ​ផលវិបាក​មួយចំនួន។ ​ទី១-លែងមាន​ទៅហើយ​ក្តីសង្ឃឹមថា​ ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​ អាចកែបាន​ល្អឡើង។ ​ទី២-ន័យចម្បង​នៃច្បាប់នេះ​ គឺប្រកាស​សង្គ្រាមពាណិជ្ជកម្ម​ពេញរូប​ពេញរាង ​ទល់នឹង​រុស្ស៊ី ។

តាមមតិ​លោកមេដវេដេវ​ ដោយចុះហត្ថលេខា​លើច្បាប់​នេះ​ រដ្ឋបាលថ្មី​នៃ​ក្រុងវ៉ាស៊ីតោន​ បង្ហាញ​ឲ្យឃើញថា​ខ្លួន”អសមត្ថភាព​ទាំងស្រុង​ បន្ថោកបន្ទាប​តម្លៃខ្លួនឯង​គួរឲ្យ​ងឿងឆ្ងល់​ ទាំងផ្ទេរ​អំណាច​នីតិប្រតិបត្តិ​ ទៅក្នុងដៃ​រដ្ឋសភា​តែម្តង។ ​ការនេះ​សឲ្យឃើញ​ពីការ​ប្រែប្រួល​​ជញ្ជីងកម្លាំង​ក្នុងមជ្ឈដ្ឋាន​នយោបាយ​ សរអា។​

ប្រមុខរដ្ឋាភិបាល​រុស្ស៊ី​ពន្យល់បំភ្លឺថា៖​ ពួកអភិរក្សនិយម​អាមេរិកាំង​ ចេះដណ្តើម​អំណាច​បានពេញទី ពី​លោកត្រាំ។ ទោះបី​ប្រធានាធិបតីនេះ​ មិនត្រេកអរក្តី ​នឹងការ​ដាក់​ទណ្ឌកម្ម​ថ្មី​​ប្រឆាំងរុស្ស៊ី ក៏គាត់​មិនអាច​មិន​ចុះហត្ថលេខា​ឡើយ។ ខ្លឹមសារនៃ​ ទណ្ឌកម្មថ្មី​នេះ សំដៅ​ច្រាន​លោកត្រាំ​ឲ្យធ្លាក់​ក្នុងសភាព​ទ័ល​ច្រក។ ​តទៅថ្ងៃមុខ​ នៅមាន​ជំហានថ្មីៗ​ទៀត​ពី​ខាង​រដ្ឋសភា​អាមេរិក ដើម្បី​សម្រេចឲ្យ​បាននូវ​គោលដៅ​អវសាន​ គឺ​​ទម្លាក់​​លោកត្រាំ​​ពី​តំណែង​ប្រធានាធិបតី។​

ប្រមុខ​រដ្ឋាភិបាលរុស្ស៊ី​ជឿជាក់ថា​ ច្បាប់ដាក់​ទណ្ឌកម្មលើកនេះ​ប្រឆាំងរុស្ស៊ី​ គឺ តឹងរ៉ឹង​ជាង​ច្បាប់មុនៗ​ទាំងអស់ ទល់នឹងម៉ូស្គូ ដ្បិត​វាផ្តិតជាប់​ដោយលក្ខណៈ​គ្រប់ជ្រុងជ្រោយ ​ហើយ​មិនអាច​លុបទៅវិញទេ ​បើគ្មាន​ការយល់ព្រម​ពីខាងរដ្ឋសភា។​

បែបដូច្នេះ​ ទំនាក់ទំនងរវាង​សហព័ន្ធរុស្ស៊ី និង​សហរដ្ឋអាមេរិក​ នឹងបន្តស្ថិត​នៅ​តានតឹងក្រៃ​រាប់សិបឆ្នាំ​ទៅមុខ ដោយមិនអាស្រ័យ​នឹង​សមាសភាព​រដ្ឋសភា​អាមេរិកាំង​ ឫ បុគ្គល​ណាជា​ប្រធានាធិបតី​សរអាឡើយ។​ សម្រាប់ម៉ូស្គូ ផ្លូវដែល​ត្រូវដើរ គឺ វែកញែក​រកខុសរកត្រូវ​អស់ពេល​យ៉ាងយូរ នៅតាម​បណ្តាតុលាការ​នៃ​យុត្តាធិការ​អន្តរជាតិ។​

“តើការនេះ​នឹង​មាន​ន័យយ៉ាងដូចម្តេច​សម្រាប់យើង?”​ -លោកនាយករដ្ឋមន្ត្រី​រុស្ស៊ី ​ចោទជាសំនួរ។ ​ហើយ​គាត់ពន្យល់ថា សម្រាប់រុស្ស៊ី​​គឺបន្តធ្វើការ​ដោយស្ងៀមស្ងាត់​ ខាង​អភិវឌ្ឍវិស័យ​សេដ្ឋកិច្ច និង​សង្គម។​ រុស្ស៊ីនឹង​បន្តជាប់ដៃ​រវល់ខាង​ផ្តល់​ផលិតផលជាតិ​ ជា​ជំនួស​ផលិតផល​នាំចូល​ពីបស្ចិមលោក​ ដោះស្រាយភារកិច្ច​សំខាន់ៗ​បំផុត​របស់រដ្ឋ ដោយ​ពឹងផ្អែក​ជាបឋម​លើខ្លួនឯង​ផ្ទាល់។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​ រុស្ស៊ីថ្នឹក​នឹងកិច្ចការ​ បែបនេះ​ទៅហើយ។​

ប្រមុខរដ្ឋាភិបាលរុស្ស៊ី​​លើកឡើងតមកទឿត៖​ ក្នុងលក្ខណៈ កាលដែល​ទីផ្សារហិរញ្ញវត្ថុ​បិទ​សម្រាប់យើង, កាលដែល​ពួកវិនិយោគិន​បរទេស​ មិនហ៊ាន​បោះទុន​មកក្នុង​ប្រទេសរុស្ស៊ី​ ដោយខ្លាច​ទណ្ឌកម្ម​ពីខាងសរអា- នៅត្រង់​កន្លែងខ្លះ​ ការនេះ​បែរជា​ប្រែក្រឡាស់​ជាគុណប្រយោជន៍​សម្រាប់រុស្ស៊ី​ទៅវិញ ពីព្រោះទណ្ឌកម្ម​លែង មានន័យ​ទៅហើយ​សម្រាប់យើង ដោយយើង​ចេះដោះស្រាយ​បញ្ហា​របស់យើង​ដោយខ្លួនឯង។

ច្បាប់ដែល​ប្រឆាំងរុស្ស៊ី​នោះ ក៏ចែងអំពី​ការរិះគន់​ទាំងអម្បាល់ម៉ាន​ ចំពោះ​នយោបាយ​បរទេស​របស់ម៉ូស្គូ។ ក្នុងច្បាប់នោះ​ សរអា​បែរទៅជា​ចោទម៉ូស្គូ​ ថា​ប្រើការ​បង្ហូរឧស្ម័ន​ទៅផ្គត់ផ្គង់​ដល់តម្រូវការ​របស់ទ្វីបអឺរ៉ុប ជា“ឧបករណ៍​នយោបាយ” ​រហូតដល់​ចោទរុស្ស៊ី​ ថា​គ្មានបំណង​បំពេញ​តាមកិច្ចព្រមព្រៀង​ក្រុងមិនស្ក៏​ ដើម្បី​ ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន។​

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​ ចាប់អារម្មណ៍​ជាពិសេស ទៅលើ​ចំណុច​ទណ្ឌកម្មថ្មី​របស់​អាមេរិក​​ ដែលប៉ះលើបណ្តា​ក្រុមហ៊ុនរដ្ឋរុស្ស៊ី​ ដែលដំណើរការក្នុងវិស័យ​ផ្លូវអយស្ម័យយាន, រោងចក្រ​ស្លរំលាយ​លោហធាតុ និងវិស័យ​ជីកបូមធនធាន​ធម្មជាតិ ព្រមទាំង​ មួលខ្ចៅ​បន្តឹង​ទល់នឹង​ផ្នែកនេះ​ឫនោះ​នៃសេដ្ឋកិច្ចរុស្ស៊ី។​

ជាការកត់​សម្គាល់​ លោកប្រធានាធិបតីសរអា ដូណាល់ ត្រាំ​ ពេល​ចុះហត្ថលេខា​ លើច្បាប់​នោះ​ បាន​ត្អូញត្អែរ​ថា វាតាក់តែងឡើង​ក្នុងទម្រង់ផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ​អាមេរិកាំង​ទេតើ ដោយបំពានលើ​អំណាច​ប្រធានាធិបតី ហើយវា​អាចប៉ះពាល់​ដល់​ប្រយោជន៍ Business ​អាមេរិកាំងផ្ទាល់​ និង Business​ ពួកប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក។ ចំណុច​ស្នូលមួយ​ នៃច្បាប់នេះ គឺតម្រង់ប្រឆាំង​ នឹងការ​សាងសង់ខ្សែទី២​ នៃបំពង់បង្ហូរឧស្ម័ន​ ពីរុស្ស៊ី ​លូនតាម​បាតសមុទ្រ​បាល់ទិក ទៅកាន់​ប្រទេសអាល្លឺម៉ង់​ ហើយដែល​នឹងចូលរួម​ក្នុងការ​សាងសាង់​នេះ​ គឺ​ក្រុមហ៊ុន​បស្ចិមប្រទេស បែបយ៉ាង​អាល្លឺម៉ង់ បារាំង អ៊ីតាលី។

តាមកាណាល់​ទូរទស្សន៍​រដ្ឋរុស្ស៊ី​ផ្សាយហើយ​ផ្សាយទៀត មហិច្ឆតា​អាមេរិកាំង គឺខាឃាំង​ កុំឲ្យ​ឧស្ម័នរុស្ស៊ី មានច្រកចេញ​ទៅកាន់ទីផ្សារអឺរ៉ុប ​ហើយជាជំនួស​ អាមេរិក​គ្រោងដឹក​តាមកប៉ាល់​ឆ្លងមហាសមុទ្រអាត្លង់ទិក​ គឺឧស្ម័ន​បង្ហាប់ទំហំវា ៦០០ ដង​ ក្នុងសីតុណ្ហភាព ១៦០ អង្សា C​ ក្រោមសូន្យ ​ដើម្បីមកដល់​ឃ្លាំងស្តុក នៅអឺរ៉ុប ​ប្រែវាទៅជា​ឧស្ម័ន​ធម្មតា​បង្ហូរ​តាមបណ្តាញបំពង់លូនរវាម​​តាមបណ្តាប្រទេស​ សហភាពអឺរ៉ុប ដែល​រុស្ស៊ី បានសង់ទុកជាស្រេចបាច់ សម្រាប់បង្ហូរឧស្ម័នរុស្ស៊ីទេតើ ប្រវែងសរុប ៣៧.០០០ គម។

បើនិយាយពី​ប្រតិកម្ម​ក្រសួងការបរទេស​រុស្ស៊ីវិញ គឺថា ៖ ទណ្ឌកម្មថ្មី​ពីខាងសរអា​ មិនអាច​បង្ខំមូស្គូ ​ឲ្យ​បោះបង់ឡើយ មាគ៌ា​ដែលខ្លួន​បានជ្រើសយក​ទៅហើយ។ ម៉ូស្គូបាន​បង្ហាញឲ្យឃើញ​យ៉ាងច្បាស់លាស់ ថា ទង្វើណាក៏ដោយ ​ជាខ្មាំងសត្រូវ​ទល់នឹងរុស្ស៊ី ​មិនដែល​ត្រូវរុស្ស៊ី ធ្វើហី​ព្រងើយកន្តើយឡើយ​ បូកទាំងការ​បណ្តេញ​ពួកអ្នកការទូតខ្លួន និង​ការរឹបអូសយក​កម្មសិទ្ធិ​ទូតរបស់រដ្ឋរុស្ស៊ី។​ រុស្ស៊ី​រក្សាសិទ្ធិ​ចាត់វិធានការ​ផ្សេងៗទៀត​ បក​ទៅវិញ។ ប៉ុន្តែ​ ក្រសួងការទូតរុស្ស៊ី​គូសបញ្ជាក់ថា​ ផ្លូវប្រឈមមុខ​ដាក់គ្នា ​មិនមែន​ជា ជម្រើស​របស់ម៉ូស្គូ​សោះឡើយ៕​

tags: រុស្ស៊ី - សហរដ្ឋអាមេរិក

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ