បារាំង

នៃម៉ារ កីឡាករ​បាល់ទាត់​ដែល​មាន​តម្លៃខ្លួន ២២២​លាន​អឺរ៉ូ

កីឡាករ​ប្រេស៊ីល ធ្វើ​សន្និសីទ​កាសែត​នៅ​ក្លឹប​បារាំង PSG​នៅ​ថ្ងៃសុក្រទី ៤​សីហា ២០១៧
កីឡាករ​ប្រេស៊ីល ធ្វើ​សន្និសីទ​កាសែត​នៅ​ក្លឹប​បារាំង PSG​នៅ​ថ្ងៃសុក្រទី ៤​សីហា ២០១៧ ©REUTERS/Christian Hartmann

២២២​លាន​អឺរ៉ូ។ នេះ​ជា​ទឹកប្រាក់​ដែល ក្លឹប​បាល់ទាត់​បារាំង PSG បាន​ចំណាយ សម្រាប់​ទិញ កីឡាករ ប្រេស៊ីល នៃម៉ា ចេញ​ពី​ក្លឹប​បាល់ទាត់​អេស្ប៉ាញ។ ចាប់​ពី​ថ្ងៃ​សុក្រនេះទៅ កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល នៃម៉ា នឹង​ក្លាយ​ជា​កម្មសិទ្ធិ របស់​ក្លឹប​បារាំង PSG ដែល​ដូចជា​អ្នកគាំទ្រ របស់ខ្លួន បាន​ស្វាគម​កីឡាករ​នៃម៉ា ជា​ស្តេច​បាល់ទាត់ ក្នុង​ទឹកដី​បារាំង។

ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង ការទិញ ផ្ទេរ​កីឡាករ​ប្រេស៊ីល នៃម៉ា Neymar ចូល​ក្លឹប​PSG Paris Saint Germain របស់​បារាំង ជាដំណឹង​នាំមុខ និង​រំជើបរំជួល​មិនថា​ក្នុង​ពិភព​កីឡា ឬ​នយោបាយ។ សូម្បី ប្រធានាធិបតី​បារាំង វ័យក្មេង លោក​អេម៉ានុយអែល ម៉ាក្រុង ក៏​មិនអាច​ទប់ជាប់​អារម្មណ៍ រំភើប បន្ទាប់​ពី​ការចរចា ទិញ ផ្ទេរ កីឡាករ​នៃម៉ា បាន​បិទបញ្ចប់ នៅថ្ងៃ​ម្សិលមិញ។ សម្រាប់​ប្រធានាធិបតី​បារាំង ពិត​ណាស់ វា​ជា​ដំណឹង​ល្អ។ កិច្ចសន្យា​នេះ​នឹង​ធ្វើ​ឲ្យ​បារាំង​រឹត​តែ​មាន​ភាពទាក់ទាញ។

 

ទៅតាម​ការគ្រោងទុក កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល​បាន​មក​ដល់​ព្រលាន​យន្តហោះ Bourget នៅ​ព្រឹកថ្ងៃ​សុក្រនេះ ដើម្បី​ចូលរួម​នៅក្នុង​សន្និសីទ​កាសែត នៅ​ស្តាតបារាំង Parc des princes។ នៅមុន​មក​ដល់​ទឹកដី​បារាំង​ម្ល៉េះ អនាគត​ខ្សែប្រយុទ្ធ​របស់​ក្លឹប បារាំង PSG​បាន​និយាយ​រួចហើយ​ថា លោក​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​Paris Saint Germain​របស់ បារាំង។ នៅ​ក្លឹបPSG​ នៃម៉ារ​នឹង​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ ៣០​លាន​អឺរ៉ូ គឺ​ច្រើន​ជាង​កីឡាករ មេស៊ី(២៥លាន​អឺរ៉ូ) នៅ​ក្លឹប​បាសឺឡូន និង​គ្រីសយ៉ាណូ​(២៣,៦​លានអឺរ៉ូ) នៅ​រៀល​ម៉ាឌ្រីដ​ទៅទៀត។

 

នៅ​ថ្ងៃ​ម្សិលមិញ បន្ទាប់​ពី​ចរចា ដោយ​ចម្រូងចម្រាស និង​ប្រទាញប្រទង់​ខ្លាំង​ជាមួយ​ក្លឹប Barcelon ដែល​ធ្លាប់​ជា​ម្ចាស់​របស់​កីឡាករ នៃម៉ារ ក្លឹប​បារាំង PSG​បាន​សុខចិត្ត​ចំណាយ​ប្រាក់ ២២២លានអឺរ៉ូ​ ដើម្បី​ទិញ​ផ្ទេរ កីឡាករ នៃម៉ារ​ចេញ​ពី​ក្លឹប​អេស្ប៉ាញ។ ដោយ​ចំណាយ​២២២​លាន​អឺរ៉ូ សម្រាប់ ទិញ និង​បង់​សងជម្ងឺចិត្ត ដែល នៃម៉ារ ដកខ្លួន មុន​ចប់​កុងត្រា ជាមួយ ក្លឹប​អេស្ប៉ាញ ក្លឹប​បារាំង បាន​ធ្វើ​ឲ្យ​តម្លៃខ្លួន ទិញផ្ទេរ​កីឡាករ ឡើង​ខ្ពស់ មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​បាល់​ទាត់។

 

មួយវិញទៀត ការដែល​ក្លឹបបារាំង PSG ហ៊ាន​បង់តម្លៃ​ខ្ពស់ ដើម្បី​ចង់បាន​កីឡាករ​នៃម៉ារ​បាន​ធ្វើ​ឲ្យ​មាន​មតិ​រិះគន់​ពី​ក្លឹប​កីឡា​អន្តរជាតិ​ដទៃទៀត ព្រោះថា ការណ៍​នេះ​នឹង​ធ្វើ​អតិផរណា នៅពេល​ដែល​តម្លៃ​ខ្លួន​របស់​កីឡាករ​ផ្សេងទៀត ក៏​នឹង​អាច​ឡើង​តាម​ដែរ។

 

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ គ្រោង​នឹង​លើក​ផងដែរ​ពី​ជម្លោះ​ផលប្រយោជន៍ និង​ការរំលោភ​ច្បាប់ ដែល​បាន​តម្រូវ​ឲ្យ​រាល់​ក្លឹប​បាល់ទាត់ អាច​ចំណាយ​លុយ ប្រមាណ​តែ​៣០ភាគរយ​នៃ​ចំណូល​របស់ខ្លួន ដើម្បី​ទិញ​កីឡាករ។ ២២២​លាន​អឺរ៉ូ​គឺ​ជា​ចំនួន​ច្រើន​ណាស់ បើប្រៀបធៀប​នឹង​ចំណូល​របស់​ក្លឹប​PSG។ គេ​សង្ស័យ​ដែរ ថា ការទិញដូរ​កីឡាករ​ប្រេស៊ីល​លើកនេះ មាន​ជាប់ទាក់ទង​នឹង​ហេតុផល​នយោបាយ។ គេជឿថា រដ្ឋាភិបាល​កាតារ ដែល​ជា​ម្ចាស់​ក្លឹប​បារាំង PSG និង​ដែល​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក នៅ​ឆ្នាំ ២០២២ ទំនង​ជា​បាន​លូកដៃ ចាក់​បញ្ចូល​លុយ​រាប់លាន​អឺរ៉ូ ដើម្បី ឲ្យ​ក្លឹប​អាច​ទិញ​កីឡាករ​ប្រេស៊ីល នៃម៉ារ លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI