ជាប់ទោស ព្រោះតែ​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍

កសិករ​បារាំង Cédric Herrou​ត្រូវ​តុលាការ​បារាំង​ផ្តន្ទាទោស​ឲ្យ​ជួប​ពន្ធនាគារ​៤​ខែ ដោយសារ​ជួយ​ដឹកជញ្ជន​ជនបរទេស​ខុសច្បាប់ នៅ​ថ្ងៃទី ៨​សីហា ២០១៧
កសិករ​បារាំង Cédric Herrou​ត្រូវ​តុលាការ​បារាំង​ផ្តន្ទាទោស​ឲ្យ​ជួប​ពន្ធនាគារ​៤​ខែ ដោយសារ​ជួយ​ដឹកជញ្ជន​ជនបរទេស​ខុសច្បាប់ នៅ​ថ្ងៃទី ៨​សីហា ២០១៧ REUTERS/Eric Gaillard

រវាង​សាមគ្គីភាព ជួយ​ជនបរទេស ហើយ​និង​ទោស​ជាប់ពន្ធនាគារ តើ​គេ​ត្រូវជ្រើសរើស​យក​មួយណា? សម្រាប់​ជនជាតិ​បារាំង Cédric Herrou ពិតណាស់ លោក​ប្រាកដ​ជា​រើស​យក​ផ្លូវ​ជួយ​សណ្តោស យឹតយោង​ជនបរទេស ដោយ​គ្មាន​ខ្លាច​ការដាក់​ទោស តាម​ផ្លូវច្បាប់​ឡើយ។ នៅ​ថ្ងៃ​អង្គារ កន្លងទៅ កសិករ​បារាំង​រូបនេះ បាន​អះអាង​ជា​ថ្មី ថា លោក​នឹង​នៅ​បន្ត​សកម្មភាព​មនុស្សធម៌ តទៅទៀត នៅក្រោយ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស លោក​ឲ្យ​ជាប់គុក ពន្ធនាគារ ៤​ខែ (ព្យួរទោស) ក្នុង​បទ​ដឹក ជញ្ជូន ជនអន្តោប្រវេសន៍​ខុសច្បាប់ ចូលទឹកដី​បារាំង។ ដោយ​ដាក់ទោស លោក Cédric Herrou តើ​តុលាការ​បារាំង កំពុង​បិទភ្នែក មើលមិនឃើញ ចេតនា​មនុស្សធម៌ ជួយ​អ្នកដទៃ ដែល​ជនជាតិ​បារាំង ធ្លាប់​តែ​ធ្វើ​កន្លងមក ឬ​យ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ កសិករ​បារាំង Cédric Herrou ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​បារាំង នៅ​ខេត្ត Aix-en-Provence ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ខែ។ ទោះ​ជា​ទោសព្យួរ មិនទាន់​អនុវត្ត​ភ្លាម ប៉ុន្តែ លោក​ Cédric Herrou បាន​ជាប់​ឈ្មោះ ក្នុង​បញ្ជី​ថ្កោលទោស​របស់​តុលាការ ដែល​គ្មាន​គ្មាន​មនុស្ស​សុចរិត​ណាមួយ ប្រាថ្នា​ចង់​បាន។ មួយវិញទៀត នៅក្រោយ​ការប្រកាស​សាលក្រម​របស់​តុលាការ អាជ្ញាធរ​ភាគខាងត្បូង​បារាំង បាន​ស្វាគម​អបអរ​ការសម្រេច​ចិត្ត របស់​ចៅក្រម​បារាំង។ នៅក្នុង​ក្រសែភ្នែក​របស់​អាជ្ញាធរ និង​តុលាការ​បារាំង កសិករ Cédric Herrou ជា​ជនល្មើស​ដែល​រំលោភ​ច្បាប់​បារាំង។ ប៉ុន្តែ សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស Cédric Herrou​ជា​វីរជន តំណាង​ឲ្យ​សាមគ្គីភាព រវាង​ប្រជាជាតិ ដែល​ក្លាហាន ជួយ​យក​អសារ ជនអន្តោប្រវេសន៍ ខុសច្បាប់ ​ដោយ មិន​ខ្លាច​ពីការចាប់ចង​របស់​អាជ្ញា។

អាយុ ៣៧ឆ្នាំ Cédric Herrou កសិករ ដាំដើម​អូលីវ ក្បែរ​ព្រំដែន​បារាំង អ៊ីតាលី បាន​ប្រើប្រាស់​ជ្រលងភ្នំ Roya ដើម្បី ចេញចូល ដឹក​ជញ្ជូន ជន​អន្តោប្រវេសន៍ អាហ្វ្រិក (ស៊ូដង់ និង​អេរីត្រេ) ពី​ទឹកដី អ៊ីតាលី ចូល​បារាំង តាំង​ពី​ឆ្នាំ ២០១៥។ នៅ​ឆ្នាំ ២០១៦ លោក​ត្រូវ​បាន​ប៉ូលិស​បារាំង ចាប់ឃុំ​ខ្លួន ចំនួន ៦ ដង មុន​នឹងត្រូវ​បញ្ជូន​ខ្លួន ឲ្យ​ជំនុំជម្រះ​នៅ​តុលាការ​បារាំង នៅ​ខែ​មិថុនា​កន្លងទៅ។

តុលាការ​ដំបូង​បារាំង​បាន​សម្រេច​ទោស​ស្រាល ដោយ​បាន​ពិន័យ​ប្រាក់៣ ពាន់​អឺរ៉ូ ពីបទ បានជួយ​ជនបរទេស ប្រមាណ ២០០​នាក់ ឲ្យ​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់។ ដោយយល់​ថា ការសម្រេច​របស់​តុលាការ នឹង​មិន​ធ្វើ​ឲ្យ​លោក Cédric Herrou រាងចាល លះបង់​គំនិត​ជួយដឹកជញ្ជូន ជនបរទេស​នាំចូល ក្នុង​ទឹកដី​បារាំង រដ្ឋអាជ្ញា​បារាំង បាន​ប្តឹង​បន្ត ទៅ​សាលា​ឧទ្ធរណ៍។

នៅ​ថ្ងៃ​អង្គារ តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ផ្តន្ទាទោស​ធ្ងន់​ជាង​តុលាការ​ដំបូង ដោយ​សម្រេច​ឲ្យ​អ្នក​ជួយ​ជនអន្តោប្រវេសន៍ Cédric Herrou ទទួល​ទោស​ជាប់​ពន្ធនាគារ រយៈពេល ៤ខែ ប៉ុន្តែ ជាទោស​ព្យួរ។ នៅ​ក្នុង​ការសម្រេច​របស់ចៅក្រម​តុលាការ​ឧទ្ធរណ៍ Cédric Herrou​ត្រូវ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស ជួយដឹកជញ្ជូន​ជនអន្តោប្រវេសន៍ ដើម្បី គេចវេស ពីការត្រួតពិនិត្យ ដែល​ជា​ផ្នែកមួយ នៃ​ការរឹតបន្តឹង​សន្តិសុខ​របស់​អាជ្ញាធរ​បារាំង។

សំណួរ​ជាច្រើន​បាន​ចោទឡើង នៅក្រោយ​ការសម្រេច​របស់​តុលាការ ឧទ្ធរណ៍​បារាំង។ ទីមួយ ហេតុអ្វី​បាន​ជា​ចៅក្រម​មិន​ប្រើ​គោលការណ៍​អនុគ្រោះ ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី សិទ្ធិ​ជ្រកកោន និង​ការចូល របស់​ជនបរទេស? នៅក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​ឆ្វេងនិយម ការជួយ​ជនបរទេស ដែល​រស់នៅ​ខុសច្បាប់ ក្នុង​ទឹកដី​បារាំង មិនមែន ជា​បទល្មើស​ព្រហ្មទណ្ឌឡើយ។ ចំនុច​មួយ នៅក្នុង​ច្បាប់ ស្តីពី​ការចូល​ស្នាក់នៅ​របស់​ជនបរទេស​ក្នុង​ទឹកដី​បារាំង នៅ​បាន​ចែង អនុគ្រោះ មិន​ដាក់​ទោសពៃ​លើ​ពលរដ្ឋ​ណា ដែល​បាន​លួច ជួយ ផ្តល់ ជាបណ្តោះអាសន្ន កន្លែង​ស្នាក់នៅ ឲ្យ​បាន​សមរម្យ​ដល់​ជនបរទេស ខុសច្បាប់។ នៅក្នុង​ករណី​របស់​លោក​ Cédric Herrou ចៅក្រម​បាន​បញ្ជាក់​ថា លោក​Cédric Herrou​មិន​អាច​ទទួល​ប្រយោជន៍ ពី​គោលការណ៍​អនុគ្រោះ ខាងលើ​ទេ ព្រោះ លោក​ Cédric Herrou​បាន​លួច ដឹកជញ្ជូន ជួយ​ឲ្យ​ជនបរទេស ចូល​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​បារាំង ពោល​គឺ​បាន​រំលោភ​ច្បាប់​ការពារ​សន្តិសុខ​របស់​ប្រទេស។

តើ​តុលាការ​បារាំង​កំពុង​ដើរ​តាម​នយោបាយ​របស់​រដ្ឋាភិបាល ដែល​កំពុង​រឹតបន្តឹង លើ​ការត្រួតពិនិត្យ​លើ​ជនអន្តោប្រវេសន៍? បារាំង ក៏ដូចជា​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃទៀត កំពុង​រឹតបន្តឹង​ខ្លាំង លើ​លំហូរ​ចូល​ជនអន្តោប្រវេសន៍ ដែល​មាន​រត់គេច ចេញ​ពី​តំបន់​សង្រ្គាម នៅ​អាហ្វ្រិក និង​ដើមបូព៌ា។ ដោយសារ​ហេតុផល​សន្តិសុខ និង​ការគំរាមកំហែង​ភេរវកម្ម បារាំង​ដែល​ត្រូវ​ដាក់​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន កម្រិត​ខ្ពស់ បាន​រឹតបន្តឹង​ខ្លាំង លើ​ច្រក​ត្រួតពិនិត្យ ព្រំដែន ជាមួយ​ប្រទេស​ជិតខាង ដូចជា​អ៊ីតាលី​ជាដើម ដែល​បាន​ក្លាយ​ជា​ចំណត​មួយរយៈ របស់​ជនអន្តោប្រវេសន៍ ដែល​សង្ឃឹម ចង់​ឆ្លង​ទៅទឹកដី​បារាំង ឬ​អង់គ្លេស។

ដោយ​ផ្តន្ទាទោស សកម្មជន​ជួយ សង្រ្គោះ ជនអន្តោប្រវេសន៍ តើ​តុលាការ​បារាំង​កំពុង​តែ​ផ្តល់​សារៈសំខាន់ ទៅលើ​បញ្ហា​សន្តិសុខ និង​បិទភ្នែក មិនឃើញ តម្រូវការ​មនុស្សធម៌ ដែល​ជនអន្តោប្រវេសន៍​កំពុង​ត្រូវការ ឬ​យ៉ាងណា? ដូច​សកម្មជន​បារាំង ជាច្រើន ដែល​បាន​ស្ម័គ្រចិត្ត ជួយ​ជនបរទេស​គ្មាន​ក្រដាសស្នាម លោក​ Cédric Herrou​បាន​និយាយ​ថា លោក​បាន​សម្រេច​ចិត្ត​ជួយ ជនអន្តោប្រវេសន៍​ បរទេស​ទាំងនោះ ដោយសារ​តែ​លោក​មើលឃើញ​ពី​តម្រូវការ​យុត្តិធម៌ មនុស្សធម៌ ធំជាង​អ្វីៗ​ទាំងអស់។

ជាទូទៅ ជនអន្តោប្រវេសន៍ ភាគច្រើន ដែល​លោក​បាន​ជួយ គឺ​ជា​ក្រុមគ្រួសារ ដែល​មាន​កុមារ​មក​ជាមួយ​ផង។ លោក Cédric Herrou​បាន​និយាយ​ហើយថា ការផ្តន្ទាទោស​របស់​តុលាការ​នឹង​មិនអាច​ជាឧបសគ្គ ធ្វើ ឲ្យ​លោក​បាក់ស្បាត ឈប់​ជួយ​ជនបរទេស​ទៀត​នោះ​ទេ។ ស្មារតី​សាមគ្គីភាព​ជាមួយ​ជនអន្តោប្រវេសន៍ ខុសច្បាប់ គឺ នៅ​តែ​មាន​ជាប់ជានិច្ច នៅក្នុង​សកម្មភាព រស់នៅ​ប្រចាំ​ថ្ងៃ ព្រោះថា សម្រាប់ Cédric Herrou​​ផ្ទាល់ ជនអន្តោប្រវេសន៍​ធ្វើដំណើរ​មក​អឺរ៉ុប ដោយសារ​តែ​គេច​ចេញពី​សង្រ្គាម និង​ចង់​បាន​កន្លែងរស់​សមរម្យ ដូច​អ្នកដទៃ។ គឺ​នៅក្នុង​ហេតុផល​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​តែ​បន្ត តស៊ូ ជួយ​អន្តោប្រវេសន៍ នោះបើទោះបី​ជា​លោក​ប្រឈម​នឹង​ការជាប់ទោស​ពន្ធនាគារ​មែនទែន​ក៏ដោយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI