តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

រដ្ឋអាជ្ញា​របស់​ICC​សុំ​ឲ្យ​ស៊ើប​អង្កេត​លើ​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន

ច្រកចូល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់
ច្រកចូល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ REUTERS/Jerry Lampen

រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅទីក្រុង​ឡាអេ បាន​និយាយ​នៅថ្ងៃ​សុក្រ ម្សិលមិញថា នឹង​ដាក់​ពាក្យ​សុំ​ទៅ​ចៅក្រម ដើម្បី​បើក​ការស៊ើបអង្កេត លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​ប្រព្រឹត្ត​ធ្វើឡើង ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ កម្លាំងទ័ព​បរទេស ដែល​មាន​ផង​ដែរ ទ័ព​អាមេរិក រួម​ទាំង​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ក្រុមតាលីបង់ ដែល​កំពុង​ប្រយុទ្ធ​គ្នា នៅក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន សុទ្ធ​តែ​ស្ថិត ក្នុង​បញ្ជី​សង្ស័យ ចោទប្រកាន់​របស់​រដ្ឋអាជ្ញា​តុលាការ​ICC។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​លើកឡើង​ពី​ភាពគ្រប់គ្រាន់ ទាំង​អំណះអំណាង​ផ្លូវច្បាប់ និង​ហេតុផល ដើម្បី សុំ​បើក​ឲ្យ​មាន​ការស៊ើបអង្កេត​បឋម​ទៅលើ​ករណី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ អាហ្វហ្កានីស្ថាន។

លោកស្រី ហ្វាទូ បិនសូដា Fatou Bensouda ប្រធាន​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​អះអាងថា ជាមួយ​នឹង​ឯកសារ និង​សក្ខីកម្ម ដែល​ប្រមូល​បាន ​លោកស្រី នឹង​ដាក់​ពាក្យ​សុំ ទៅ​អង្គចៅក្រម​បឋម របស់​ICC ដើម្បី​សុំ​ការអនុញ្ញាតិ​ឲ្យ​បើក​ការស៊ើប​អង្កេត​បឋម ជា​ផ្លូវការ ទៅ​លើ​ប្រទេស​​អាហ្វហ្កានីស្ថាន។

នៅ​ឆ្នាំ ២០០៧ រដ្ឋអាជ្ញា​របស់ICC បាន​ចាប់ផ្តើម ស៊ើបអង្កេត ក្រែងមាន​ឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្តឡើង តាំង​ពី​ឆ្នាំ ២០០៣ ​ដោយ​ពួកតាលីបង់ ទាហាន​រដ្ឋាភិបាល និង​កម្លាំង​ទ័ព​បរទេស ជាពិសេស​ទ័ព​អាមេរិក​ដែល​បាន​ចូល​ទៅ​ធ្វើ​សង្រ្គាម ផ្តួល​រដ្ឋាភិបាល តាលីបង់ នៅ​ឆ្នាំ ២០០១។ បន្ទាប់​ពី​បើកការស៊ើបអង្កេត អស់​ពេល​ដ៏យូរ រដ្ឋអាជ្ញា​របស់ ICC នៅ​ឆ្នាំ ២០១៦ បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុម​របស់​លោកស្រី​រកឃើញ​ហេតុផល ជា​មូលដ្ឋាន ជាច្រើន ដែលធ្វើ​ឲ្យ​គេជឿ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA និង​ទាហាន​អាមេរិកាំង អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​អាហ្វហ្កានីស្ថាន តាមរយៈ​ការធ្វើ​ទារុណកម្ម​​ទៅលើ​អ្នកជាប់ទោស នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង​២០០៤។ ចំណែក​ក្រុម​តាលីបង់ និង​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​កំពុង​ប្រយុទ្ធ​បង្ហូរឈាម គ្នា អាច​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ តាមរយៈ​ការវាយប្រហារ​ភេរវកម្ម​សម្លាប់​ប្រជាជន​ស៊ីវិល។ នេះ​បើតាម​ប្រធាន​រដ្ឋអាជ្ញា​ICC។

អាហ្វហ្កានីស្ថាន​មិន​បាន​ផ្តល់​សច្ចាប័ន​លើសន្ធិសញ្ញា​អន្តរជាតិ ក្រុង​រ៉ូម ដែល​ជា​អ្នក​បង្កើត​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ុន្តែ បាន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ នៅ​ឆ្នាំ ២០០៣។ ការណ៍នេះ​បាន​បើកផ្លូវ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​ករណី​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​ប្រព្រឹត្ត​ឡើង តាំង​ពីឆ្នាំ ២០០៣​មក នៅ​អាហ្វហ្កានីស្ថាន។ ឧក្រិដ្ឋជន​តាលីបង់ ឬ​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​អាច​ជាប់សំណាញ់​ចោទ​ប្រកាន់ របស់​តុលាការ អន្តរជាតិ ប៉ុន្តែ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​មាន​ទី​តាំង​​នៅទីក្រុង​ឡាអេ ទំនង​មិនអាច​អូស ក ទាហាន​អាមេរិក ឬ​ភ្នាក់ងារ CIA ទៅ​កាត់ទោស​ជំនុំជម្រះ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​បានទេ ព្រោះថា ខុស​ពី​អាហ្វហ្កានីស្ថាន ឧអាមេរិក​ដែល​កំពុង​ដឹកនាំ​ធ្វើសង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន មិន​ដែល​បាន​ផ្តល់​សច្ចាប័ន​ទទួល​ស្គាល់ ​សមត្ថកិច្ច​របស់​តុលាការ​ព្រហម្មទណ្ឌ​អន្តរជាតិ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI