អានតួអត្ថបទ
អេស្ប៉ាញ-បែលហ្ស៊ិក

ប៉ូលិស​បែលហ្សិក ចាប់ខ្លួន អតីត​ប្រមុខ​រដ្ឋាភិបាល​កាតាឡូញ៉ា

លោក​ការឡែស ពីកដឺម៉ុង នៅ​ទូរទស្សន៍​បែលហ្ស៊ិក នៅ​ថ្ងៃ​ថ្ងៃ​សុក្រ​ទី ៣​វិច្ឆិកា
លោក​ការឡែស ពីកដឺម៉ុង នៅ​ទូរទស្សន៍​បែលហ្ស៊ិក នៅ​ថ្ងៃ​ថ្ងៃ​សុក្រ​ទី ៣​វិច្ឆិកា © RTBF Television via REUTERS
ដោយ៖ ឈាង បុប្ផា
1 នាទី

ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា លោក​ការឡែស ពីកដឺម៉ុង ​Carles Puigdemont និង​មន្រ្តី​រដ្ឋាភិបាល​កាតាឡូញ៉ា បួន​នាក់​ផ្សេងទៀត ដែល​ត្រូវ​រដ្ឋាភិបាល​អេស្ប៉ាញ​ទម្លាក់​ចេញពី​តំណែង បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​បែលហ្ស៊ិក នៅ​ថ្ងៃ​អាទិត្យទី ៥​វិច្ឆិកា ២០១៧។

ផ្សាយពាណិជ្ជកម្ម

តាម​អាយ្យការ​បែលហ្ស៊ិក មនុស្ស​ទាំង​៥​នាក់ ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​តាម​ចាប់ខ្លួន​របស់​តុលាការ​អេស្ប៉ាញ ត្រូវ​បាន​ប៉ូលិស​បែលហ្ស៊ិក នាំ​ទៅ​បង្ហាញ មុខ នៅ​ការិយាល័យ​ចៅក្រម​ស៊ើបអង្កេត​បែលហ្ស៊ិក នារសៀល​ថ្ងៃ​អាទិត្យ។ បន្ទាប់ពីនេះ ចៅក្រម​បែលហ្ស៊ិក មាន​ពេល ២៤​ម៉ោង ដើម្បី​សម្រេច​ថា តើ​ត្រូវ​ចាប់ឃុំ​ខ្លួន ឬ​ដោះលែង ឲ្យ​មាន​សេរីភាព ប៉ុន្តែ មានលក្ខខណ្ឌ។

នៅ​ថ្ងៃ​សុក្រ តុលាការ​អេស្ប៉ាញ​បាន​ចេញ​ដីកា​ក្របខ័ណ្ឌ​អឺរ៉ុប ដើម្បី ចាប់ខ្លួន មេដឹកនាំ​ផ្តាច់ខ្លួន កាតាឡូញ៉ា លោក​ការឡែស ពីកដឺម៉ុង ដែល​បាន​រត់​ទៅ​ជ្រកកោន នៅ​បែលហ្សិក ជាមួយ អតីត​រដ្ឋមន្រ្តី​រដ្ឋាភិបាល​តំបន់ ចំនួន​៤នាក់​ផ្សេងទៀត។ បន្ទាប់​ពី​ត្រូវ​ទម្លាក់​ចេញពីតំណែង នៅក្រោយ​ការប្រកាស​ទាមទារ​ឯករាជ្យ​ពី​អេស្ប៉ាញ លោក​ការឡែស ពីកដឺម៉ុង និង​រដ្ឋមន្រ្តី​ទាំង៤ រូប​របស់​អតីត​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​ចោទប្រកាន់​ពី​បទ​បះបោរ ទាមទារ​ផ្តាច់ទឹកដី និង​លួច​បន្លំ​លុយរដ្ឋ។

លោក​ការឡែស ពីកដឺម៉ុង ធ្លាប់​បាន​អះអាង​ថា នឹង​សហការ​ពេញលេញ ជាមួយ​អាជ្ញាធរ​បែលហ្ស៊ិក ដែលជា​ម្ចាស់ផ្ទះ។ មុន​នឹង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​បែលហ្ស៊ិក អតីត​មេដឹកនាំ​ផ្តាច់ទឹកដី​កាតាឡូញ៉ា​រូប​នេះ បាន​និយាយ​ប្រាប់​ទូរទស្សន៍​បែលហ្ស៊ិក​ នៅ​ថ្ងៃ​សុក្រ​​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​តុលាការ​ ដែលជា​តុលាការ​ពិតប្រាកដ។ សម្រាប់​លោក​ពីកដឺម៉ុង តុលាការ​អេស្ប៉ាញ ដែល​ស្ថិតនៅ​ក្រោម​សម្ពាធ គំនាប​នយោបាយ​ដ៏ធ្ងន់ធ្ងរ​ពី​ក្រុង​ម៉ាឌ្រីដ មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​របស់​លោក​បាន​នោះទេ។

ការចេញដីកា​ចាប់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ មានន័យថា តុលាការ​អេស្ប៉ាញ​នឹង​បញ្ជូន​សំណើ​ជាផ្លូវការ​ទៅ​កាន់​តុលាការ​ប៊ែលហ្ស៊ិក ដើម្បី​សុំ​ឲ្យ​ធ្វើ​បត្យាប័ន​លោក​ការឡែស ពីកដឺម៉ុង និង​បក្សពួក។ យោងតាម​នីតិវិធី ក្រោយ​ពី​ទទួល​បាន​សំណើ​សុំ​ធ្វើ​បត្យាប័ន តុលាការ​ប៊ែលហ្ស៊ិក ត្រូវ​សិក្សា​សំណុំរឿង និង​ចេញ​ សេចក្តីសម្រេច នៅ​ក្នុងរយៈពេល​យ៉ាងយូរ​បំផុត ៦០ថ្ងៃ។ ក៏ប៉ុន្តែ មេធាវី​របស់​ការឡែស ពីកដឺម៉ុង បាន​បញ្ជាក់​រួចជាស្រេច​ហើយ​​ថា ប្រសិន​បើ​តុលាការ​ជាន់ទាប​ប៊ែលហ្ស៊ិក​សម្រេច​ធ្វើ​បត្យាប័ន លោក​ការឡែស ពីកដឺម៉ុង នឹង​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នេះ ទៅកាន់​តុលាការ​ជាន់ខ្ពស់ បន្ត​ទៀត។ នេះ​មាន​ន័យ​ថា ដំណើរការ​នីតិវិធី​ក្នុងការ​ធ្វើ​បត្យាប័ន​លោក​ការឡែស ពីកដឺម៉ុង ​នឹង​អាច​អូសបន្លាយ​ពេល​វេលា​រាប់ខែ ទៅមុខ​ទៀត។

នៅ​តំបន់​កាតាឡូញ៉ា​ឯណោះវិញ គណបក្ស​ប្រជាធិបតេយ្យ​អឺរ៉ុប នៃ​កាតាឡូញ៉ា ដែល​ជា​គណបក្ស​របស់​លោក​ការឡែស ពីកដឺម៉ុង បាន​សម្រេច​ដាក់​ឈ្មោះ លោក និង​អតីត​រដ្ឋមន្រ្តី​រដ្ឋាភិបាល​មុនៗ នៅក្នុង​បញ្ជីឈ្មោះ​បេក្ខជន សម្រាប់​ការបោះឆ្នោត សភា កាតាឡូញ៉ា នៅថ្ងៃទី ២១​ធ្នូ​ខាងមុខ។ សូមបញ្ជាក់ថា ទៅ តាម​ច្បាប់​អេស្ប៉ាញ ការចាប់​ឃុំ​​បណ្តោះអាសន្ន នឹង​មិនអាច​ហាមឃាត់ មិន​ឲ្យ​គេ​ឈរឈ្មោះ នៅក្នុង​ការបោះ​ឆ្នោត​នោះទេ។ គឺ​មាន​តែ​ការផ្តន្ទាទោស​ពី​តុលាការ​តែប៉ុណ្ណោះ ដែល​អាច​ឲ្យ​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​គ្មាន​សុពលភាព។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ