បក្ស​លោកស្រី​​មែរកិល​​​​ពិបាក​​ត្រូវរ៉ូវគ្នា​​ជាមួយ​​បក្ស​ផ្សេង​ ក្នុង​ការ​​ចរចា​​បង្កើត​​រដ្ឋាភិបាល​​ចម្រុះ

សំឡេង ០៥:១២
ប្រមុខដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ ​លោកស្រី​មែរកិល ​
ប្រមុខដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ ​លោកស្រី​មែរកិល ​ REUTERS/Axel Schmidt

ថ្ងៃអាទិត្យ​នេះ បក្ស​អភិរក្ស​និយមអាល្លឺម៉ង់​​របស់​លោកស្រី​មែរកិល បន្ត​ការ​ចរចា​រក​ការ សហការ​​ពី​បក្ស​បរិស្ថាន​និង​បក្ស​សេរី​និយម ដើម្បី​​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ​ការ​រកបាន​សេចក្តីសម្រេច​ក្នុង​ការ​ចរចា​​នេះ ​​ជា​ស្នូលចាំបាច់​របស់​បក្ស​អភិរក្ស​ និង​ប្រទេស​អាល្លឺម៉ង់​ទាំងមូល ពិសេស​សម្រាប់​លោកស្រី​មែរកិល​ផ្ទាល់ បើ​លោកស្រី​ចង់បន្ត​ដឺកនាំ​ប្រទេស​ ក្នុង​អាណត្តិ​ទី៤​ទៀត។

ផ្សាយពាណិជ្ជកម្ម

សូមរំលឹក​ថា បក្ស​អភិរក្ស​និយម​បាន​ឈ្នះឆ្នោត​សភា​កាលពី​ចុងខែ​កញ្ញា​ក៏ពិត​មែន តែ​មាន​សម្លេង​មិនគ្រប់គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ​ពិសេស​ទៅទៀត បក្ស​ស្តាំនិយម​ជ្រុលកំពុង​ឡើង​ប្រជាប្រិយភាព​ខ្លាំង​លំដាប់​ទី៣ ព្រោះ​បាន​ទទួល​អាសនៈ​នៅ​សភា​ដល់ទៅ​ជាង​៩០​អាសនៈ។ ​ ​​

ការចរចា​មិន​ចុះសម្រុងគ្នា​​​លើ​​បញ្ហា​អន្តោប្រវេសន៍ បរិស្ថាន ​និង​នយោបាយ​សហភាព​អឺរ៉ុប​

បក្ស​អភិរក្ស​និយម​CDU-CSUដឺកនាំ​ដោយ​លោកស្រី​មែរកិល ​បក្ស​សេរី​និយមFDP និង​បក្ស​​ការពារ​បរិស្ថាន​ ​ចរចា​គ្នាតាំងពី​ថ្ងៃ​១៨តុលា គឺ​​​ជាង​មួយខែ​មកហើយ ទាក់ទង​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់។​ ​​​គណបក្ស​នយោបាយ​ទាំងនេះ នៅតែ​មិនចុះសម្រុង​គ្នា​លើ​​បញ្ហា​ចំនួន​៣ គឺ​​អន្តោប្រវេសន៍ បរិស្ថា​ន និង​នយោបាយ​សហភាពអឺរ៉ុប។

នយោបាយ​អន្តោប្រវេសន៍​ ជាបញ្ហា​ក្តៅ​បំផុត ​ក្នុង​ស្រុក​អាល្លឺម៉ង់។​ ​គួរ​រំលឹក​ថា លោកស្រី​មែរកិល បើក​ទ្វារ​ព្រំដែន​ទទួល​ជនភៀសខ្លួនសន្ធឹកសន្ធាប់​ កាលពីឆ្នាំ​២០១៥ ​​ធ្វើអោយ​បក្ស​លោកស្រី​ធ្លាក់ប្រជាប្រិយ ហើយបើ​ទោះជា​ទទួលបាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​សភា​សម្រាប់​បន្ត​ដឹកនាំ​ក្នុង​អាណត្តិ​ទី៤​ កាលពី​ខែ​កញ្ញា​ក្តី​ ​ក៏​សម្លេង​ឆ្នោត​ធ្លាក់ចុះ​បំផុតមិនធ្លាប់​មាន បើ​គិត​តាំង​ពី​ឆ្នាំ១៩៤៩​មក។ ​ដោយសារ​តែ​នយោបាយ​បើកទទួល​ជនភៀសខ្លួន​របស់​លោក​ស្រី​មែរកិល ទើប​បក្ស​ស្តាំជ្រុល​និយម​AfD អាច​ចំណេញ​ប្រយោជន៍​សាធារណជន​អាល្លឺម៉ង់ រហូត​ទទួលបាន​អាសនៈ​សភា​ជាង​៩០។

ក្នុង​ការ​ចរចា​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាង​១ខែ​មកនេះ បក្ស​អភិរក្សរបស់​លោកស្រី​មែរកិល​ បក្ស​សេរី​និយម និង​បក្ស​បរិស្ថាន ​​ស្រុះស្រួលគ្នា​ទទួល​កំណត់​កូតា​ជនសុំ​សិទ្ធិជ្រកកោន​​​​ គឺ​យក​កូតា​ប្រហែល​២០ម៉ឺននាក់ ក្នុង​មួយឆ្នាំៗ។

តែ​បក្ស​បរិស្ថាន​ទាមទារ​អោយឆ្នាំក្រោយនេះ ​រដ្ឋ​អាល្លឺម៉ង់​ត្រូវតែ​អនុញ្ញាត​អោយ​​សមាជិក​​​គ្រួសារ​​របស់​ជនភៀសខ្លួន​ស៊ីរី និង​អាហ្វហ្កានីស្ថាន​​ដែល​មាន​​ក្រដាសស្នាម​​​ស្របច្បាប់​បណ្តោះអាសន្ន​ អោយពួកគេ​អាច​​សុំសិទ្ធិ​ជ្រកកោន ​​រស់នៅ​​ទឹកដី​អាល្លឺម៉ង់​​​បាន។ ឆ្នាំ​២០១៦​​មុននេះ ​អាល្លឺម៉ង់​បាន​ហាមការសុំសិទ្ធិ​ជ្រកកោន​របស់​​គ្រួសារ​ជន​ភៀសខ្លួន​ស្របច្បាប់ទាំងនេះ។ ​​ការហាមប្រាម​នេះ​នឹងផុត​កំណត់​នៅ​ខែ​មិនា​ឆ្នាំ២០១៨​ខាងមុខ។ តែ​បក្ស​អភិរក្ស​របស់​លោកស្រី​មែរកិល​ចង់បន្ត​ហាមប្រាម​ដូច្នេះ​ទៀត។ ទិសដៅ​គឺ​​ ដើម្បី​កុំអោយ​បក្ស​ស្តាំជ្រុល​និយម​រើសអើងពូជសាសន៍​នោះ អាច​ឡើង​ប្រជាប្រិយ​កាន់តែ​ខ្លាំង ធ្វើអោយ​បក្ស​អភិរក្ស​បាត់សន្លឹកឆ្នោត។ ​បក្ស​សេរី​និយម​ក៏យល់ស្រ​បបន្ត​អនុវត្ត​ការ​ហាមប្រាម​​ នេះដែរ។ ​​​

ទាក់ទងបញ្ហា​បរិស្ថាន​វិញ បក្ស​អភិរក្ស បក្ស​សេរីនិយម និង​បក្ស​បរិស្ថាន​នៅតែ​ចរចា​មិនត្រូវគ្នា​ពី​រឿង​ថា ​តើ​ត្រូវ​កាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​កាបោន​ប៉ុន្មាន​ តើ​ត្រូវការ​បន្ថយ​ការប្រើ​អគ្គិសនី​ផ្តល់​ដោយថាមពល​ធ្យូងថ្ម​ប៉ុន្មាន​ហ្ស៊ីហ្កាវ៉ាត់។ ​បក្ស​នយោបាយ​ទាំងនេះ​ក៏​នៅ​មិនត្រូវគ្នា​លើ​ចំណុច​មួយចំនួន​ដូចជា​រថយន្ត​ប្រើ​សាំង​ឌីយែសែល​ដែរ។

បញ្ហាសំខាន់​មួយទៀតដែរ ដែល​បក្ស​ទាំងនេះ​ចរចា​មិនទាន់​ត្រូវគ្នា គឺ​នយោបាយ​​សហភាព​អឺរ៉ុប​ ក្នុង​តំបន់​ចាយ​លុយអឺរ៉ូ។ ​គឺថា ​បក្ស​សេរីនិយម​មិនចង់​​​​មានមូលនិធិ​​​​​ជួយ​ប្រទេស​​​វ័ណ្ឌក​​ដោយ​​​​​បំណុល​ទៀតទេ រឹតែ​​មិនចង់​​មាន​ថវិកា​សម្រាប់​គំរោង​រួម​អឺរ៉ុប​ទៅទៀត។ បក្ស​អភិរក្ស​CSUរបស់​លោកស្រី​មែរកិល​​បើកទូលាយ​រឿងនេះ តែ​​​មិនពេញចិត្ត​នឹង​ការ​ផ្ទេរថវិកាបែប​ស្វ័យប្រវត្ត​ ​​​រវាង​​​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូទេ។ ទាក់ទង​នឹង​តួកគី ​បក្ស​​​CSU​ចង់​ផ្តាច់​ការចរចា​ពី​បេក្ខភាព​តួកគី​ក្នុង​ការ​ចូល​ជា​សមាជិ​កអឺរ៉ុបតែម្តង តែ​បក្ស​បរិស្ថាន​យល់ថា ការ​សម្រេច​ផ្តាច់​ការចរចា​បែបនេះ វា​ដូចជា​ជ្រុល​ពេក។

បើ​មិនអាច​រក​បាន​រដ្ឋាភិបាល​ចម្រុះ ​អាល្លឺម៉ង់​ត្រូវបោះឆ្នោត​ជាថ្មី នៅ​ឆ្នាំ​២០១៨​

បើ​បក្ស​ទាំងនេះ​នៅ​តែ​មិនត្រូវគ្នា ​ធ្វើអោយ​ការចរចាបរាជ័យ អាល្លឺម៉ង់​ត្រូវតែ​បោះឆ្នោត​ជាថ្មី​ម្តងទៀត ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ។ ហើយ​ការបោះឆ្នោត​នេះ ប្រហែល​ជា​គ្មា​នវត្តមាន​លោកស្រី​មែរកិល ឈរ​ឈ្មោះ​ក្នុង​បក្ស​អភិរក្ស​CDU​ទៀតទេ ដើម្បី​កុំអោយ​បក្ស​បាត់សន្លឹកឆ្នោត​កាន់តែ​ធ្ងន់ថែមទៀត។ អញ្ចឹង​ហើយ បានជា​ការចរចា​រក​បាន​ការ​សហការ​បង្កើត​រដ្ឋាភិបាលចម្រុះ​ពេលនេះ សំខាន់​ណាស់ សម្រាប់​បក្ស​អភិរក្ស​CDU ព្រោះ​​បើត្រូវ​​បោះឆ្នោត​ឆ្នាំក្រោយ ក៏​មិនដឺងថា​​ឯណា​ឯណី​ដែរ។

សម្រាប់​លោកស្រី​មែរកិល​ក៏​រឹតតែ​សំខាន់​ទៅទៀត ព្រោះ​បើ​បោះឆ្នាំក្រោយ លោកស្រី​អាច​នឹង​មិនឈរឈ្មោះ​ទៀត ដូច្នេះ ការងារ​នយោបាយ​ក៏ដូច​ជា​ចប់​ទៅហើយ​ដែរ សម្រាប់​លោកស្រី។ គួរបញ្ជាក់ថា លោកស្រី​មែរកិល​ដឺកនាំ​អាល្លឺម៉ង់​១២ឆ្នាំហើយ ច្រើន​គួរសម​ដែរ។ សព្វថ្ងៃ សមាជិក​បក្ស​អភិរក្ស​CDUនិង​CSU ខ្លះ​មិនពេញចិត្ត​នឹង​លោកស្រី​ទេ ដោយសារ​តែ​លោកស្រី​បើកទ្វារ​ទទួល​ជនភៀសខ្លួន រាប់ពាន់ រាប់ម៉ឺននាក់ ​កាលពី​ឆ្នាំ​២០១៥​នោះឯង។​ ពិសស​សមាជិក​បក្ស​​CSU ដែល​​អភិរក្ស​ខ្លាំង​តែម្តង។

ការចរចា​​បង្កើត​រដ្ឋាភិបាលចម្រុះ​នេះ ធ្វើឡើង​តាំង​ពី​ថ្ងៃ​១៨តុលា​មក​ម្ល៉េះ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​ចរចាគ្នា​ ​ក្រុមបក្ស​ចរចា​ក៏​សង្ឃឹម​រក​បាន​សេចក្តីសម្រេចចិត្ត តែ​នៅតែ​រក​មិនបាន។ ឥឡូវនេះ ពួកគេ​សង្ឃឹម​ទៀតហើយ តែ​មិនដឹង​យ៉ាងណា​ទេ។ ​និយាយ​រួមមកវិញ​ ​បើ​ការចរចា​រក​រដ្ឋាភិបា​លចម្រុះ​មិនអាច​សម្រេចបាន​ ​​មានន័យ​ថា នយោបាយ​អាល្លឺម៉ង់​មាន​ភាព​មិន​ច្បាស់លាស់ ទាំងនយោបាយ​ក្នុងស្រុក ទាំង​នយោបាយ​​ទាក់ទង​សហភាព​អឺរ៉ុប។ នេះ​ជា​ការព្រួយបារម្ភ​មួយ​​សម្រាប់​អឺរ៉ុប ព្រោះ​អាល្លឺម៉ង់​ជាប្រទេស​ក្បាល​ម៉ាស៊ីន​​សំខាន់​មួយដែរ​ នៅ​អឺរ៉ុប៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI