អង្គការ OCDEថា​បារាំង​គួរ​ប្រឹង​ទាក់ទាញ​អន្តោប្រវេសន៍​ជំនាញ

ពលករ​ជា​អន្តោប្រវេសន៍​ធ្វើ​ការ​នៅក្នុង​ការដ្ឋាន​សំណង់​ ក្រុង អង់ហ្សេ ប្រទេស​បារាំង
ពលករ​ជា​អន្តោប្រវេសន៍​ធ្វើ​ការ​នៅក្នុង​ការដ្ឋាន​សំណង់​ ក្រុង អង់ហ្សេ ប្រទេស​បារាំង RFI/Leïla Beratto

ដើម្បី​ទាក់ទាញ​ជនបរទេស​មាន​ទេពកោសល្យ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ ប្រទេស​បារាំង​ត្រូវ​តែ​ធ្វើ​ទំនើបកម្ម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ប្រព័ន្ធ​ជ្រើសរើស​អន្តោប្រវេសន៍ដែល​មាន​ជំនាញ​​វិជ្ជាជីវៈ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​អាចបង្ក​ជា​​ចរន្ត​ប្រឆាំង​ប៉ះពាល់​ខ្លាំង​ដល់​អន្តោប្រវេសន៍​សេដ្ឋកិច្ច​និង​អន្តោប្រវេសន៍​នយោបាយ (ជនភៀស​ខ្លួន)។

ផ្សាយពាណិជ្ជកម្ម

បើ​ប្រៀបនឹង​​​អន្តរជាតិ ប្រទេស​បារាំង​ទទួល​ និង​ជ្រើសរើស​ជន​អន្តោប្រវេសន៍មាន​វិជ្ជាជីវៈ​ តិច​​ណាស់ ពោល​គឺ​ប្រមាណ​តែ​១៦%​ប៉ុណ្ណោះ នៃ​ចំនួនអន្តោប្រវេសន៍​ទាំងមូល​ - តិច​ជាងការ​ផ្តល់​សិទ្ធិ​អន្តោប្រវេសន៍ជួបជុំ​​គ្រួសារពីរ​ដង​​ និង​តិច​ជាង​ពី​២​ទៅ​៤​ដង​នៃ​ចំនួន​ពលរដ្ឋ​អឺរ៉ុប​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​បារាំង។ នេះ​បើ​តាម​ការ​លម្អិត​​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហៅ​កាត់​ថា OCDE ដែល​រំលឹក​​ទៀត​ថា​ចំណាត់ការ​​ទទួល​អន្តោប្រវេសន៍​ត្រឹមត្រូវ​ផ្តល់​ផលវិជ្ជមាន​ខ្លាំង​ណាស់​ដល់​សេដ្ឋកិច្ច។

បើ​តាម​អង្គការ បារាំង​គួរ​តែ​ធ្វើ​ទំនើបកម្ម​និង​ពង្រឹងទិសដី​​​​ជ្រើសរើស​​អន្តោប្រវេសន៍​មាន​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​ប្រមូល​អ្នក​​មាន​ទេពកោសល្យផង ​ និង​ដើម្បីឆ្លើយ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ផង។ អង្គការ​ក៏​បាន​លើក​ជា​​ឧទាហរណ៍អំពី​បញ្ហា​ ​ពលរដ្ឋ​ខុស​ច្បាប់​រាប់​ពាន់​នាក់ ដែល​ធ្វើការ​ងងឹត​នៅ​ក្នុង​វិស័យ​សំណង់ និង​សេវាកម្ម​ភោជនីដ្ឋាន​ ត្រូវ​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ “សេដ្ឋកិច្ច” ៥ពាន់​នាក់​នៅ​ឆ្នាំ​២០១៥- ៦៤០០​នាក់​នៅ​ឆ្នាំ​២០១៦។ ការងារ​ក្នុង​វិស័យ​នេះ​មិន​មាន​តម្លៃ​ ប៉ុន្តែ​គេ​ពិបាក​នឹង​ជ្រើស​រើស​យក​មកពី​បរទេស​ ដោយ​ហេតុ​តែ​បែបបទ​រដ្ឋបាល​ស្មុគស្មាញ​ពេក។

សម្រាប់​OCDE បារាំង​ត្រូវ​សើរើ​មើល​បញ្ជី​ឈ្មោះ​មុខរបរ​​ចំណាស់​តាំង​ពី​ឆ្នាំ​២០០៨​របស់​ខ្លួន​ឡើង​វិញ ! បច្ចុប្បន្ន​នេះ មាន​​វិជ្ជាជីវៈ​១៥%​ប៉ុណ្ណោះ​ខ្វះ​កម្លាំង។ ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំង​មួយ​ទៀត គឺ​ការ​រើសអើងនៅ​សុំ​សិទ្ធិ​ធ្វើការ​ ! អង្គការ​សុំ​ឱ្យ​បារាំង​ធ្វើ​កំណែទម្រង់​ឱ្យ​កាន់​តែ​មាន​តម្លាភាព។

​ដឹង​ខ្លួន​ថា​អន់​ខាងផ្នែក​ទាក់ទាញ​អន្តោប្រវេសន៍​មានសមត្ថភាព​ ​ បារាំង​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៦ ផ្តល់​ “ទិដ្ឋាការ​ទេពកោសល្យ” ! ប៉ុន្តែ​វិធានការ​នេះ​គ្រប់គ្រាន់​នឹង​ដោះស្រាយ​បញ្ហា​ទេ ព្រោះ​ ​ក្រុមហ៊ុន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដែល​ពុំ​សូវ​មាន​លទ្ធភាព​​ដូច​ក្រុមហ៊ុន​ធំៗ​ទៅ​រក​កម្លាំង​ពលកម្ម​ពី​បរទេស​ទេ។ បើ​តាម​អង្គការ​​ គេ​គួរសម្រួល​ទីផ្សារ​ការងារ​ឱ្យ​ដល់​​និស្សិត​បរទេស​មាន​សញ្ញាប័ត្រ​បារាំង (ជាង​១/៣ សម្រេច​​រស់​នៅ​បារាំង​ក្រោយបញ្ចប់​ការ​សិក្សា)។ ជា​ចុងក្រោយ​ បារាំង​ត្រូវអំពី​ទំនាក់ទំនង​ជាមួយ​​ប្រទេស​​ដើម ក្នុង​ជ្រើសរើស​​ ​អន្តោប្រវេសន៍​​ការងារតែ​ម្តង កុំ​គិត​ថា​ជា​ផ្តោះប្តូរ​គ្នា ដើម្បី ប្រយុទ្ធ​ប្រឆាំង​នឹងអន្តោប្រវេសន៍​ខុស​ច្បាប់​។

របាយការណ៍​របស់​អង្គការ​​OCDE ធ្លាក់​មក​ជួន​ចំពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​ច្រើន​កំពុង​ពិចារណា​ចង់​ញែក​ឱ្យ​ដាច់​រវាង​ជនភៀស​ខ្លួន​ និងអន្តោប្រវេសន៍​សេដ្ឋកិច្ច ដើម្បី​ងាយ​ទទួល។ ប៉ុន្តែ​សម្រាប់​អង្គការ ពាក្យ​អន្តោប្រវេសន៍​សេដ្ឋកិច្ច គឺ​ អន្តោប្រវេសន៍​ដែល​មាន​បណ្ណ​ស្នាក់​នៅ និង​សិទ្ធិ​ប្រកប​ការងារ មិន​ថា​ជន​នោះ​មក​តាម​ផ្លូវ​ច្បាប់ ឬ​ផ្លូវ​ផ្សេង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI