អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហាសន្និសីទ​​កាសែត​​លោកពូទីន​​ ក្នុង​អាណត្តិ​​ទី៣​​របស់​​គាត់​​ ដែល​នឹង​ផុត​​ក្នុង​​មួយ​ត្រីមាស​ទៀត​​

សំឡេង ០៥:៥៣
លោក​ពូទីន ក្នុង​មហា​សន្និសីទ​កាសែត ប្រចាំឆ្នាំ ថ្ងៃ​១៤ធ្នូ ២០១៧
លោក​ពូទីន ក្នុង​មហា​សន្និសីទ​កាសែត ប្រចាំឆ្នាំ ថ្ងៃ​១៤ធ្នូ ២០១៧ REUTERS/Sergei Karpukhin
ដោយ៖ កែវ ឆាយា
៣៤ នាទី

ថ្ងៃ១៤ធ្នូ​ម្សិលមិញ​ លោក​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន​ បានធ្វើ​មហា​សន្និសីទ​សារពត៏មាន​ប្រចាំឆ្នាំ ដោយមាន​ការចូលរួម​នៃ​ពួកអ្នកកាសែត​ជាតិ​និង​បរទេស​ ក្នុងចំនួន​ច្រើន​មិនធ្លាប់​មាន គឺដល់ទៅ​ ១.៦៤០ នាក់។ តាមដែល​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី គូស​បញ្ជាក់ លោកពូទីន​ជាប្រមុខរដ្ឋ​តែ​ម្នាក់គត់​ក្នុង​លោក ដែលតែង​ចាត់ចង​ឲ្យប្រព្រឹត្ត​ទៅ​ ជា​មហាសន្និសីទ​កាសែត​បែបនេះ​រៀងរាល់ឆ្នាំ​ តាំងពី​គាត់​ឈ្នះឆ្នោត អាណត្តិ​ដំបូង​ ក្នុងឆ្នាំ​២០០០​មក ហើយ​លើកនេះ ជា​លើក​ទី១៣​ លើកលែងតែ​ក្នុង​ចន្លោះពី​ឆ្នាំ​២០០៨ ដល់​២០១២ ដែល​កាលណោះ​ គឺលោក ឌ្មីទ្រី មេដវេដេវ​ ​បាន បំពេញ​មុខងារ​ជា​ប្រធានាធិបតី​រុស្ស៊ី។​

ផ្សាយពាណិជ្ជកម្ម

បញ្ហា​ដែលចោទ​គឺប៉ះ​លើ​នយោបាយក្នុង​ប្រទេស និង​ក្រៅប្រទេស​របស់​រុស្ស៊ី។ ប៉ុន្តែ អ្នកកាសែត​​មានលទ្ធភាព​ចោទ​ជាសំនួរណា​ក៏ដោយ​ដោយសេរី ទៅកាន់​លោកពូទីន។ ​មហាសន្និសីទ​កាសែត​លោកពូទីន​លើកនេះ បាន​ពន្យារ​ទៅអស់​៣ ម៉ោង និង៤១ នាទី ដោយគាត់​បានឆ្លើយតប​នឹងសំនួរ​ប្រមាណ៦០។​

ដោយហេតុថា​ លោកពូទីន​បានប្រកាស​ទៅហើយ អំពីការ​សម្រេចចិត្ត​ឈរឈ្មោះ​ចូលប្រឡូក​ជាថ្មី ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅរុស្ស៊ី ក្នុងខែមិនា​ខាងមុខ​ បានជា​សំនួរទី១​ ស្រាប់តែ​បន្លឺឡើង​ក្នុងទម្រង់៖ -តើ​ដើម្បីអ្វី​ ដែលលោក​ឈរឈ្មោះ​ជាថ្មី​ជាបេក្ខជន? តើអ្វីជា​គោលដៅ​របស់​លោក? តើអ្វីដែល​លោក​ចង់ធ្វើ​ សម្រាប់​ប្រទេស​រុស្ស៊ី? ចុះបើ​លោកឈ្នះឆ្នោត​ជាថ្មី តើលោក​មើលឃើញ​ប្រទេស​រុស្ស៊ី ក្នុង​រូបភាព​ យ៉ាងណា​ដែរ នៅ​ចុងអាណត្តិ​ថ្មី​របស់លោក ៦ឆ្នាំ​ទៀត?​

ចម្លើយ​លោកពូទីន៖ ដូចអស់លោក​ជ្រាបស្រាប់ ខ្ញុំធ្លាប់បាន​និយាយ​ច្រើនលើក​ទៅហើយថា​ តើក្នុងរូបភាព​យ៉ាងណា ដែលខ្ញុំចង់​ឃើញ​ប្រទេស​រុស្ស៊ី ? រូបភាពនោះ​គឺថា ប្រទេស​រុស្ស៊ី ត្រូវតែសម្លឹង​ទៅអនាគត​ ត្រូវតែ​មានមុខមាត់​ទំនើបមែនទែន​ ប្រព័ន្ធ​នយោបាយ​ត្រូវតែ​ងាយបត់បែន សេដ្ឋកិច្ច​ត្រូវតែ​កសាងឡើង​លើ​បច្ចេកវិជ្ជា​ឈានមុខ ផលិតភាព​ការងារត្រូវតែ​កើនឡើង​ជាច្រើនដង។​

សំនួរ៖ តាមយោបល់លោក​ ហេតុអ្វី​បានជា​ក្នុងអំឡុងពេលជិត២០ឆ្នាំ​នៃ​អំណាចលោក​ នៅរុស្ស៊ី​ មិន​ឃើញ​មាន​លេចចេញមក​ជា​បេក្ខជន​មានឥទ្ធិពល​ពីខាង​បក្សប្រឆាំង​ ម៉្លោះហើយ​ បានជា​គ្មាន​អ្នកនយោបាយ​លេខ២ ក្នុងប្រទេស?​

ចម្លើយ​លោកពូទីន៖ កាលណាយើង​និយាយអំពី​ភាគីប្រឆាំង​ សំខាន់គឺ​មិនគ្រាន់តែ​ជា បាតុកម្ម​គ្ឌុងគ្ឌាំង​នៅតាម​ទីលាន ហើយស្រែក​អំពី”របប​អប្រជាប្រិយ”​ឡើយ។ ​សំខាន់ ឲ្យគេ​ចេះស្នើ​មកនូវអ្វីៗ​ ដើម្បី​កែប្រែ​ប្រទេសជាតិ​ឲ្យកាន់តែ​ប្រសើរ។ ​ហើយពេល​ប្រៀប​ប្រដូច តើអ្វីដែល​ពួកប្រឆាំង​ជាពិសេស ពួកនៅក្រៅ​ប្រព័ន្ធអំណាច ស្នើមក នោះ​យើងឃើញ​ថា មិនអាច​យកជា​ការណ៍ឡើយ។ ខ្ញុំចង់​ហើយ​ខ្ញុំប្រាថ្នា​ក្រៃ ឲ្យនៅ​រុស្ស៊ី ​មាន​ប្រព័ន្ធ​នយោបាយ​ប្រកបដោយ​ថាសជញ្ជីង ថ្លឹងស្មើ។ ប្រព័ន្ធនេះ​មិនអាចកើត​មានឡើយ​ បើគ្មាន​ការប្រជែងគ្នា​លើ​ឆាកនយោបាយ។ សម្រែក​ទិតៀនគ្មានឈប់​ មិនប្រែ ពួកប្រឆាំង​ ទៅជា​គូប្រជែង​ជាក់លាក់ នៃរដ្ឋអំណាច​ឡើយ។ ទោះយ៉ាងណាក្តី ក៏ខ្ញុំ​សង្ឃឹមថា​ ក្នុងប្រទេស​រុស្ស៊ី គង់នឹងមាន​លេចចេញ​មកជា​គូប្រឆាំង​ពិតប្រាកដ ​ហើយ​កាន់តែឆាប់ គឺកាន់តែ​ប្រសើរ។

តបនឹងសំនួរ៖ តើលោក​មានយោបល់​យ៉ាងណាដែរ​ ចំពោះការ​ចោទប្រកាន់​របស់​សរអា ដែលថា រុស្ស៊ី​មិនបំពេញ​តាមសន្ធិសញ្ញាទី៣​ ស្តីអំពី ការកាត់បន្ថយ​សព្វាវុធ​យុទ្ធសាស្ត្រ​នុយក្កេអែរ ចុះឆ្នាំ​២០១១ហ្នឹង​ សន្ធិសញ្ញា​ស្តីអំពី​អាវុធនុយក្លេអែរ​បាញ់ទៅ​ចម្ងាយមធ្យម​ ចុះឆ្នាំ​១៩៨៧ ដែលសុទ្ធតែ​ចុះ​រវាង​ម៉ូស្គូ និង​វ៉ាស៊ីនតោន?

ចម្លើយលោកពូទី ៖ រុស្ស៊ី​ឥតដកខ្លួន​ចេញសោះឡើយ​ពីសន្ធិសញ្ញា​ទាំងនេះ ដែលជា​គ្រឹះមូលដ្ឋាន​នៃ​សន្តិសុខអន្តរជាតិ។ តាមមើលទៅ​ ការចោទប្រកាន់​នេះ​កសាងឡើង តាម​រយៈការងារ​ឃោសនា ដើម្បី​បង្កលក្ខណៈ​សម្រាប់​សរអា​ខ្លួនឯង ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ដែលមាន។ ជាការប្រៀបធៀប នៅ​សរអា គេទើបបាន​ចុះហត្ថលេខា​លើច្បាប់ ស្តីអំពី​ខ្ទង់ចំណាយ​យោធា ក្នុងទឹកប្រាក់​ដល់ទៅ ៧០០.០០០ លាន ដុល្លារ ​ចំណែក​ខ្ទង់ចំណាយ​បែបនេះ របស់រុស្ស៊ី គឺតែជាង​៤៦.០០០ លានដុល្លារប៉ុណ្ណោះ ដែលសម្រាប់ យើង​ គឺគ្រប់គ្រាន់ណាស់​ទៅហើយ។

សំនួរអ្នកកាសែត​ Associated Press ៖ តើម៉ូស្គូ​ប្រកាន់គោលជំហរ​យ៉ាងណា​ អំពីការ​ទទូច​របស់​ក្រុង​វ៉ាស៊ីនតោន ឲ្យរុស្ស៊ី​ប្រើឥទ្ធិពលខ្លួន​ដាក់គំនាបលើ​កូរ៉េខាងជើង?

ចម្លើយលោកពូទីន​៖ រុស្ស៊ី​មិនទទួល​ស្គាល់ទេ ​លក្ខន្តិកៈ​នុយក្លេអែរ​កូរ៉េខាងជើង ហើយ​ចាត់ទុក​ថា ហុច​ផលបញ្ច្រាស​ទេតើ រាល់តែអ្វីៗ​ប្រព្រឹត្តទៅនៅ​ទីនោះ។ ស្តីអំពី​ទំនាក់ទំនង​រវាង សរអា និងកូរ៉េខាងជើង​នោះ ពី​ខាងភាគី​ទាំងពីរ ត្រូវតែឈប់​មួលខ្ចៅ​បន្តឹង​ស្ថានការណ៍។ គឺសរអា​ ដែលក្នុងឆ្នាំ ២០០៥​ បានដាក់​ទណ្ឌកម្មបន្ថែម លើ​ក្រុងព្យុងយ៉ាង​ ដោយចោទ​កូរ៉េខាងជើង ថា​បំពេញនៅស្ទើរ​តាម​កិច្ចព្រមព្រៀងនោះ។

ក្រោយពីឃើញ​សកម្មភាពសរអា ប្រឆាំងលីប៊ី និងអ៊ីរ៉ាក់ ជាឧទាហរណ៍​ កូរ៉េខាងជើង​ក៏ភ្លឺភ្នែក​ ហើយ​ជាប់​ដៃ រវល់ឡើងវិញនឹង​អាវុធនុយក្លេអ៊ែរ ​ដ្បិតគ្មាន​ផ្លូវណា​ផ្សេង​សម្រាប់ខ្លួន។ ចំណែក​សរអា​បានសន្យា​ឈប់ ធ្វើលំហាត់សឹក នៅកៀក​ជាប់នឹង​កូរ៉េខាងជើង តែ​មិនកាន់​សំដីខ្លួន​ឯណា។ ឃើញដូច្នេះ កូរ៉េខាងជើង ក៏​បន្ត បាញ់​សាកល្បង​មីស៊ីលខ្លួន​តទៅទៀត ក្នុងគោលដៅ​ការពារខ្លួន។ ទោះបី​សរអា វាយ​ប្រហារនឹង​អាវុធ មិនមែននុយក្លេអ៊ែរក្តី ទៅលើ​កូរ៉េខាងជើង ក៏សរអា​មិនអាចផ្ចាញ់ រាល់​ទីដៅ​នៅ​ទីនោះ​ឡើយ។ សូម្បី CIA អាមេរិក ក៏មិនដឹង​ទាំងអស់ឡើយ​ អំពី​កូរ៉េខាងជើង ពីព្រោះ​ជាប្រទេស​បិទជិត។ ពីខាងកូរ៉េខាងជើង​វិញ បើបាញ់​មីស៊ីល​តែមួយគ្រាប់​ នោះ​ផលប៉ះពាល់​អាចបង្កជា​មហន្តរាយពុំខាន។ ដូច្នេះ គួរតែ​ខ័ណ្ឌ​បញ្ចប់ទៅ ការរត់ប្រណាំង​ដ៏សែន​គ្រោះថ្នាក់នេះ។

លោកពូទីន​បានរំលឹកថា សរអា​បានប្រើអាវុធនុយក្លេអ៊ែរ​ពីរលើក​ទៅហើយ ប្រឆាំងជប៉ុន ប្រើ​ដោយគ្មាន​លេសត្រឹមត្រូវ​ជាសំអាងឡើយ។ ហើយឥឡូវ គឺគ្មានអ្វី​ជាចាំបាច់​សោះឡើយ​ប្រើអាវុធបែបនេះ។ ត្រូវតែ​ប្រយ័ត្នប្រយែងមែនទែន ក្នុងរឿងនេះ។

លោកពូទីន​ទាក់ទាញស្មារតី អ្នកកាសែត​អាមេរិកាំង​នោះថា​ សរអា បានដាក់​ប្រទេស​រុស្ស៊ី ឲ្យស្ថិតក្នុង​ជួរតែមួយ​ជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយព្រម​ជាមួយនេះ ទាមទារ​ពីម៉ូស្គូ​ឲ្យដោះស្រាយបញ្ហាដែល​ទាក់ទង​នឹង​ក្រុងព្យុងយ៉ាង និង​តេអេត៉ង់ ។ ការបញ្ចូល​ប្រទេសរុស្ស៊ី ទៅក្នុង​បញ្ជីទណ្ឌកម្ម​របស់សរអា នៅ​ទន្ទឹមនឹង​កូរ៉េខាងជើង ទាំងខំ​អំពាវនាវ​ម៉ូស្គូ​ឲ្យធ្វើការងាររួម ខាង​កម្មវិធីនុយក្លេអ៊ែរក្រុងព្យុងយ៉ាង គឺជា​ទង្វើ ស្ថិត​នៅក្រៅពី​បរិវេណ​នៃសុភនិច្ឆ័យ​ទៅហើយ។​

ប៉ុន្តែ តាមលោកពូទីន សេចក្តី​ថ្លែងការណ៍ចុងក្រោយ​របស់​ប្រមុខការទូតសរអា​ លោក Rex Tillerson ដែលថា​ ក្រុងវ៉ាស៊ីនតោន​ត្រៀមចរចា​ជាមួយ​ក្រុងព្យុងយ៉ាង គឺជា​សញ្ញាល្អក្រៃ​ ដែលសឲ្យឃើញ​ថា ក្នុងថ្នាក់ដឹកនាំ​អាមេរិកាំង ជាអាទ៏​ ក្នុង​ក្រសួង​ការបរទេស​ កំពុងប្រព្រឹត្តទៅ​ការរំកិល​ជាវិជ្ជមាន ​និង​ការចេះយល់ដឹង​ អំពី​ ស្ថានការណ៍​ពិត​ជាក់ស្តែង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ