អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្វី​ទៅ​ជា “ឧក្រិដ្ឋកម្ម​ឈ្លានពាន” ?

សំឡេង ០៧:០០
ចៅក្រុម​នៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ។ រូបថត ខែ​កញ្ញា​២០១៦
ចៅក្រុម​នៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ។ រូបថត ខែ​កញ្ញា​២០១៦ AFP
ដោយ៖ អៀង សុខម៉ិញ
៣០ នាទី

នៅ​ថ្ងៃសុក្រម្សិលមិញ​នេះ ប្រទេស​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ទាំង​១២៣​ បាន​អនុម័ត​រួម​គ្នា នៅទីក្រុង​ញូវយ៉ក បញ្ចូល​សមត្ថកិច្ច​ទីបួន​ឱ្យ​ស្ថាប័ន។ នោះ​គឺ​ ​​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុង​ឡាអេ នឹង​អាច​ធ្វើ​ការ​ជំនុំ​ជម្រះលើ​ “ឧក្រិដ្ឋកម្មឈ្លានពាន” បន្ថែម​ពី​លើ​បទ​ល្មើស​បី​មុន ៖ ​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សធម៌ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្ម​សង្គ្រាម​។

ផ្សាយពាណិជ្ជកម្ម

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ នឹង​មាន​​​សមត្ថកិច្ច​ថ្មី អាច​ជំនុំ​ជម្រះលើ​បទ​ឧក្រិដ្ឋ​មួយ​ទៀត គឺ​បទ “​ឧក្រិដ្ឋ​កម្ម​ឈ្លានពាន” របស់​ប្រទេស​មួយ​លើ​ប្រទេសមួយ​ទៀត។

នៅ​ពេល​ជំនុំ​ជម្រះ​បទ​ “ឧក្រិដ្ឋកម្មឈ្លានពាន” តុលាការ​នឹង​វែក​រក​មុខថា​តើ​ប្រទេសមួយ​ណា​បាន​​រំលោភលើ​អធិបតេយ្យភាព​ ប្រទេស​មួយ​ទៀត និង​ចង្អុល​មុខជនជាប់​​ទោស​ ដែល​ជា​មេដឹកនាំ​ប្រទេសឈ្លានពាន​ យក​ទៅ​កាត់​ទោស។

សមត្ថកិច្ច​ថ្មី ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ចាប់​ទទួល​បន្ទុក​ជា​ផ្លូវការ​នៅ​ខែ​​កក្កដា ឆ្នាំ ២០១៨ (ជា​គម្រប់​ខួប​២០​ឆ្នាំ​នៃ​កំណើត​តុលាការ) មិនមែន​ជាប្រធាន​បទ​​​ថ្មី​ថ្មោង​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​ទេ ! តាម​ពិត​បទ​ល្មើស​នេះ​មាន​គ្រោង​ចែង​នៅ​ក្នុងលក្ខន្តិកៈដំបូង​​របស់​តុលាការ តាំង​ពី​ស្ថាប័ន​​នេះបាន​ចុះហត្ថលេខា​លើ​​សន្ធិសញ្ញា​ក្រុង​រ៉ូម ឆ្នាំ ១៩៩៨ ​ភ្លាម​​ម្ល៉េះ។ ប៉ុន្តែបទ​ល្មើស​មួយ​នេះ មិន​អាច​ចូល​ជា​ធរមាន​បាន ដោយ​ហេតុ​តែវា​ជា​ប្រធានបទ​ដ៏​រសើប​ខ្លាំង និង​មាន​បង្កប់​​​លក្ខណៈ​នយោបាយ​ខ្លាំង​ពេក។ ហើយ​នៅ​តែ​បន្ត​ចម្រូង​ចម្រាស​ខ្លាំង​ដដែល​ រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ម៉ោង​នេះ។

“ឧក្រិដ្ឋកម្ម​ឈ្លានពាន” ប្រធានបទ​ចម្រូងចម្រាស

កាលពី​ឆ្នាំ​២០១០ ​មហាសន្និបាត​​របស់​តុលាការ​ បាន​កំណត់​ច្បាស់​លាស់​គួរ​សម​ដែរ​ហើយ​អំពី​ខ្លឹមសារ​នៃ​ “ឧក្រិដ្ឋកម្ម​ឈ្លានពាន”។ ប៉ុន្តែ​កាលណោះ មាន​ប្រទេស​ជា​សមាជិក​ដល់​ទៅ ៨៩​ប្រទេស​បាន​បដិសេធ​​មិន​ផ្តល់​សច្ចាប័ន។ បារាំង ជប៉ុន កូឡុំប៊ី កាណាដា ន័រវែស អង់គ្លេស ហ្សកដានី ឬ​ប៉េរ៉ូ ... ​មិន​ព្រម​​លើ​និយម​ន័យ​នៃ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ និង​លក្ខខណ្ឌ​នៃ​ដំណើរការ​ការងារ​របស់​តុលាការទេ។ ពួក​គេ​បាន​ដាក់លក្ខខណ្ឌ​ថា បទ​ល្មើស​នេះ​អាច​ចូល​ជាធរមាន​បាន​ ដរាប​ណា​មាន​ការ​លើកលែង​ចំពោះ​​​ពលរដ្ឋគេ តែ​​សមាជិក​ដទៃ​តូចៗផ្សេងៗ​ទៀត​​ប្រឆាំង។

គេ​ត្រូវ​រង់ចាំ​ដល់ថ្ងៃ​សុក្រ​ទី ១៥​ធ្នូ ២០១៧​ ទើប​ឃើញ​សមាជិក​ទាំង​១២៣​ប្រទេស​​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ បាន​ស្រុះ​ស្រួល​គ្នា​ផ្តល់​សមត្ថកិច្ច​ ​​ជំនុំ​ជម្រះ​​លើ​បទ​ឧក្រិដ្ឋកម្ម​ឈ្លាន​ពាន ជា​សមត្ថកិច្ច​ទី​បួន​ឱ្យ​តុលាការ តែ​មិនមែន​ជា​ការ​ព្រមព្រៀង​ដោយ​រីករាយ​ជា​ឯកច្ឆ័ន្ទ​ទេ។ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ នឹង​មាន​សមត្ថកិច្ច​ជំនុំជម្រះ​បទ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​​​ ប្រទេស​មួយ​លើ​ប្រទេស​មួយ​ទៀត និង​នាំ​មេដឹកនាំ​ទៅ​កាត់​ទោស លើក​លែង​តែ​មេដឹកនាំ​បារាំង អង់គ្លេស នៅក្នុង​សង្គ្រាម​នៅ​លីប៊ី ឬ​អ្នក​ទទួល​ខុ​សត្រូវ​អ៊ីស្រាអែល​ ក្នុង​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន ជា​ដើម។

ជាពិសេស​ជាង​នេះ​ទៅទៀត សមាជិកនីមួយៗ​អាច​បក​ព្រលាត់​អត្ថន័យ​នៃ​បទ​ល្មើស “ឧក្រិដ្ឋកម្ម​ឈ្លានពាន” បាន​​តាម​ការ​យល់​របស់​គេ ហើយ​សមាជិក​ខ្លះ​ទៀត សង្ឃឹម​ថា​តុលាការ​នឹងអាច​ដំណើរការ​ជំនុំ​ជម្រះ​​លើ​បទ​ល្មើស​នេះ​ទៅ​តាម​អ្វី​ដែល​គេ​ចង់​ផង។

ម្យ៉ាង​វិញ​ទៀត បើ​ប្រទេស​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​សិទ្ធិ​ប្តឹង​​បើក​ជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​​ឈ្លានពាន តែ​ក៏​មាន​សិទ្ធិ​បដិសេធ​សមត្ថកិច្ច​របស់​តុលាការ​ឬ​ក៏​ដាក់​លក្ខខណ្ឌ​ឱ្យ​តុលាការ​ក៏បាន។

ឥទ្ធិពល​នៃ ​ “ឧក្រិដ្ឋកម្មឈ្លានពាន”

ពាក្យ​ “ឧក្រិដ្ឋកម្ម​ឈ្លានពាន” នេះ​ភ្លាម ​ធ្វើ​ឱ្យ​គេ​នឹង​ដល់​សំណុំ​រឿង​អន្តរជាតិ​ធំៗ​ជា​ច្រើន​ដូច​ជា​ វិបត្តិ​នៅគ្រីមេ លីប៊ី កុងហ្គោ អាហ្វហ្កានីស្ថាន ឬ​ក៏​ស៊ីរី ដែល​មាន​ប្រទេស​ជា​ច្រើន​លូក​ដៃ​ក្នុង​សង្គ្រាម​នេះ​តាំង​ពី​ឆ្នាំ​២០១១មក។

ថ្វី​បើ​សមត្ថកិច្ច​របស់​តុលាការ​មាន​កំរិត អនុវត្តបាន​តែ​លើ​ចំពោះ​ប្រទេស​ជា​សមាជិក​ដែល​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​២០១០ និង​គ្មាន​សមត្ថកិច្ច​សោះ​លើ​ប្រទេស​មិន​ជា​សមាជិក​របស់​តុលាការ​ ដូច​យ៉ាង​សហរដ្​ឋអាមេរិក​​ឬរុស្ស៊ី យ៉ាងណា​ក៏ដោយ ក៏​ការ​បន្ថែម​សមត្ថកិច្ច​ថ្មី​ឱ្យ​តុលាការ​ នៅ​តែ​មាន​តម្លៃ​ខ្លាំង ដោយ​បាន​បញ្ជាក់​អំពី​ការ​ជឿន​​លឿន​ទៅ​មុខ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​គ្មាន​ទោស និង​ជា​មធ្យោបាយ​​កំញើញ បង្អាក់​រដ្ឋ​​មួយ​កុំ​ឱ្យ​ចេះ​តែ​ហ៊ាន​ឈ្លានពាន​ប្រទេសមួយ​ទៀត​។

បើតាម​អ្នក​ការទូត ចាប់​ពេល​នេះ​ទៅ មុន​នឹង​បញ្ជូន​កម្លាំង​យោធា​ទៅ​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ ឬ​ប្រតិបត្តិការ​សន្តិភាព​ នៅ​ក្នុង​ប្រទេស​ណា​មួយ ថ្នាក់​ដឹកនាំ​ប្រទេស​ ត្រូវ​ពិចារណា​​ពីរ​ឬ​បី​ដង​បន្ថែម​ទៀតថា​តើ​នឹង​អាច​មាន​អ្នក​ត្រូវ​ជាប់​បណ្តឹង​បទ​ឧក្រិដ្ឋកម្ម​ឈ្លានពានដែរឬទេ ? ប្រធានាធិបតី ? ប្រមុខ​រដ្ឋាភិបាល ? រដ្ឋមន្ត្រី ឬ សមាជិក​សភា​ដែល​អនុញ្ញាត​ឱ្យ​ប្រមុខ​រដ្ឋ​បញ្ជូន​ទ័ព​ទៅ​ប្រទេស​គេ​ផ្សេង​ ទៅ​ធ្វើសង្គ្រាម ?

​ផលវិបាក​អវិជ្ជមាន ៖ ជាមួយ​ការ​បង្កើត​បទ​ល្មើស​ឈ្លានពាន បេសកកម្ម​មនុស្សធម៌​អាច​នឹង​ត្រូវ​ជួប​ហានិភ័យ​។ ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ក៏​នឹង​ត្រូវ​ពិចារណា​យូរ​ជាង​មុន​ មុន​ចូល​រួម​​ធ្វើ​បេសកកម្មមនុស្សធម៌។ ជម្លោះ​រវាង​ប្រទេស​មួយ​នឹង​ប្រទេស​មួយ​អាច​នឹង​កើន​ឡើង ព្រោះ​គេអាច​យក​ច្បាប់​នេះ​មក​ធ្វើ​ជា​អាវុធ​នយោបាយបង្ក​ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ