អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ ៖ កាតាឡូញ៉ា​បោះឆ្នោត​សភា ដើម្បី​ពង្រឹង ការ​គាំទ្រ ឬ​ប្រឆាំង ការទាមទារ​ឯករាជ្យ ?

សំឡេង ០៥:៥៨
ពលរដ្ឋ​កាតាឡូញ៉ា បោះឆ្នោត​សភា ថ្ងៃទី ២១ ធ្នូ ២០១៧
ពលរដ្ឋ​កាតាឡូញ៉ា បោះឆ្នោត​សភា ថ្ងៃទី ២១ ធ្នូ ២០១៧ © Reuters
ដោយ៖ អៀង សុខម៉ិញ

តើអ្នក​ឯករាជ្យ​និយម​​កាតាឡូញ៉ា នឹង​អាច​បន្ត​គ្រប់គ្រង​តំបន់​​កាតាឡូញ៉ា​ទៀត ក្រោយ​ពី​បាន​ប្រកាស​ឯករាជ្យ​រួច​ឬ​យ៉ាងណា ? ជាងពីរ​ខែ​ក្រោយ​វិបត្តិ​ទាមទារ​ឯករាជ្យ​ដ៏​ធ្ងន់ធ្ងរ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ពលរដ្ឋ​​កាតាឡូញ៉ា​ ត្រូវ​ទៅ​បោះឆ្នោត​ជា​ថ្មី ! ជា​ការ​​​បោះឆ្នោត​សភាតំបន់ ដែល​មាន​លក្ខណៈ​ពិសេស ដោយ​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល និង​​មាន​ទម្រង់​ដូច​ជា​ការ​បោះឆ្នោត​ប្រជាមតិ​ដូច្នោះ។ ការិយាល័យ​បោះឆ្នោត​បាន​ចាប់​បើក​ហើយ ! អ្នក​ចូល​រួម​បោះឆ្នោត​អាច​នឹង​ចំនួន​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​បាន​ចាប់​បើក​តាំ​ងពី​ព្រឹក​ម៉ោង៩ដល់​ម៉ោង​៨​យប់ ម៉ោង​នៅក្នុង​ស្រុក។ រដ្ឋាភិបាល​អេស្ប៉ាញ បាន​ប្រគល់​ភារៈ​គ្រប់គ្រង​និង​​​រាប់សន្លឹក​ឆ្នោត ទៅ​ឱ្យក្រុមហ៊ុន​ឯកជន ដែល​នឹង​ចាប់​​ផ្តល់​ព័ត៌មាន​ជូន​ជា​ហូរ​ហែ​ ចាប់​ពី​ម៉ោង​១០យប់​ទៅ និង​នៅ​ពេលប្រមូល​​បាន​៨០%។

គេ​រំពឹង​ថា​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧៥%​ចូល​រួម​បោះឆ្នោត។ មួយ​ភាគ​បួន​មិន​ទាន់​សម្រេច​ចិត្ត​ ហើយ​បើ​អ្នក​ចូល​រួម​កាន់​តែ​ច្រើន លទ្ធផល​នឹង​កាន់​តែ​មាន​ភាព​មិន​ច្បាស់​លាស់ ! កាតាឡូញ៉ា​អា​ចធ្លាក់​ក្នុង​សភាព​មិន​អាច​គ្រប់គ្រង​បាន​ផង។

ការ​បោះឆ្នោត​សភា​តំបន់​កាតាឡូញ៉ា​នេះ​បាន​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​បរិបទពិសេស​​ខុស​ពី​សព្វ​មួយដង! ​តំបន់​កាតាឡូញ៉ា បាន​ស្គាល់​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​ជាង​ពី​ខែ​មុន រហូត​មាន​អន្តរាគមន៍​​ហិង្សា​ពី​រដ្ឋាភិបាល​ផង ក្រោយ​ពី​​​អាជ្ញាធរ​តំបន់​នេះ​បាន​ធ្វើ​ប្រជាមតិ​ដោយ​ខុស​ច្បាប់​ស្តី​ពីការ​ទាមទារ​ឯករាជ្យ​​តំបន់ កាលពី​ថ្ងៃទី​១តុលា។ ហើយអតីត​ប្រមុខ​រដ្ឋាភិបាល​តំបន់ លោក Puigdemont បាន​​ប្រកាស​​ផ្តាច់​ខ្លួន​ចេញ​​អេស្ប៉ាញជា​ឯកតោភាគី នៅ​ថ្ងៃ ទី២៧ តុលា មុន​នឹង​គេច​ខ្លួន​ទៅ​ប្រទេស​ប៊ែលហ្សិក​។

​​ការ​ឃោសនា​ផ្តោត​ខ្លាំង​តែ​ជុំ​វិញ​បញ្ហា​ឯករាជ្យ​តំបន់ និង​បាន​ប្រែក្លាយ​ការ​​បោះឆ្នោត​នេះ ទៅជា​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​អ្នកគាំទ្រ និង​អ្នក​ប្រឆាំង​នឹងការ​ផ្តាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ។ ​ប្រធាន​បក្ស​ខាងអ្នក​គាំទ្រ​ការ​ផ្តាច់​ទឹក​ដី​ចេញពី​អេស្ប៉ាញ ម្នាក់​នៅក្នុង​ពន្ធនាគារ អាច​ទាក់​ទង​មក​ក្រុម​ការងារ​ឃោសនា​បាន​តាម​លិខិត និង​តាម​ទូរស័ព្ទ (១០​ដង​ក្នុង​មួយសប្តាហ៍)។ ម្នាក់​ទៀត​កំពុង​និរទេស​ខ្លួន​នៅ​ប៊ែលហ្សិក។

កម្លាំង​នយោបាយ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​សភា​កាតាឡូញ៉ា ​

កាលពី​ឆ្នាំ​២០១៥ ក្រុម​អ្នក​គាំទ្រ​ការ​ផ្តាច់ទឹក​ដី បាន​ឈ្នះ​ឆ្នោតសភា និង​ចូល​កាន់​អាសនៈ​ក្នុង​ភាគ​ច្រើន​ ​ជា​លើក​ទីមួយ នៅ​កាតាឡូញ៉ា ក្នុង​សំឡេង​៤៧,៨% និង​មាន​អ្នក​ចូល​រួម​ដល់​ទៅ ៧៧,៤%។

នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​ឯករាជ្យ​និយម តំណាង​ដោយ​ចលនា​បី​។ បក្ស​ឆ្វេង​និយមសាធារណរដ្ឋ ដឹកនាំ​ដោយ លោក​ Oriol Junqueras អតីត​អនុប្រធាន​តំបន់​កាតាឡូញ៉ា និង​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​បះបោរ​ផ្តាច់​ទឹក​ដី អាចនឹង​ទទួល​សំឡេង​បាន​ច្រើន​ជាង​គេ។ បក្ស​នេះ​មាន​និន្នាការ​ចង់ទាមទារ​ឯករាជ្យ​មែន តែ​ត្រូវ​ជជែក​ចរចា​ជាមួយ​ម៉ាឌ្រីត។ ហើយ​បក្សឯករាជ្យ​និយម​​របស់លោក Puigdemont ​អតីត​មេដឹកនាំ​កាតាឡូញ៉ា ដែល​ទើប​នឹង​បង្កើត​ឡើង​ដើម្បី​ការ​បោះឆ្នោត​ថ្ងៃ​នេះ គ្មាន​សង្ឃឹម​ថា​នឹង​យក​ឈ្នះ​គេ​បាន​ទេ។ ចុងក្រោយ​គឺ​​​បក្ស​ឆ្វេង​និយម​ជ្រុល សហភាព​ប្រជាជន​ មាន​និន្នាការ​ដាច់ខាត​ចង់​ផ្តាច់​ចេញ​ពី​អេស្ប៉ាញ។

លោកស្រី​Marta Rovira បេក្ខនារី​បក្ស​ឆ្វេង​សាធារណរដ្ឋ (ឆ) និង​លោកស្រី Inès Arrimadas ប្រធានបក្ស​Ciudadanosនៅ​កាតាឡូញ៉ា
លោកស្រី​Marta Rovira បេក្ខនារី​បក្ស​ឆ្វេង​សាធារណរដ្ឋ (ឆ) និង​លោកស្រី Inès Arrimadas ប្រធានបក្ស​Ciudadanosនៅ​កាតាឡូញ៉ា Pau Barrena, Josep LAGO / AFP

ខាង​អ្នក​ប្រឆាំង​នឹង​ការ​ផ្តាច់​ទឹក​ដីវិញ ​ជា​បក្ស​នយោបាយ​ចាស់​បូរាណ​ រួម​មាន​ជា​អាទិ៍​​បក្ស​អភិរក្ស​និយម​របស់​លោក Mariano Rajoy កំពុង​កាន់​អំណាច​នៅ​អេស្ប៉ាញ និង​ បក្សសង្គមនិយម។ បក្ស​ទាំងនេះ​​​​ធ្លាក់​សំឡេង​ខ្លាំងណាស់។ ប៉ុន្តែ​មាន​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​មួយ​ក្រុម​ទៀត​ដែល​កំពុង​លេច​មុខ​ ឡើង​សំឡេង​​ខ្លាំង ​ នោះ​គឺ​បក្ស​សេរីនិយម Ciudadanos ដឹកនាំ​ដោយ​លោកស្រី Inés Arrimadas អាយុ​៣៦​ឆ្នាំ។ លោកស្រី​បាន​តាំង​ខ្លួន​ជា​ដំណោះ​ស្រាយ​សម្រាប់​កាតាឡូញ៉ា ប្រឆាំង​នឹង​ការ​ផ្តាច់​ទឹក​ដី​និយម។ លោកស្រី​​កំពុង​នាំ​គេ​ខ្លាំងជាងគេ។

ការ​ប្រកួត​ប្រជែង​កំពុង​មាន​ខ្លាំង​រវាង​បក្ស​របស់​លោក​ស្រី និង​បក្ស​សាធារណរដ្ឋ។ គ្រប់​អ្នក​វិភាគ​សុទ្ធ​តែ​សំឡឹង​ឃើញ​ថា​ អ្នក​គាំទ្រ​និង​ប្រឆាំង​នឹង​កា​រផ្តាច់​ទឹក​ដី​ អាច​នឹង​មាន​សំណាង​ច្រើន បាន​ទទួល​សំឡេង​ប្រដំ​ប្រសង​គ្នា។ នៅ​ពេល​នោះ​គេ​ត្រូវ​រំពឹង​លើ​បក្ស​មួយទៀត ដែលឈរ​នៅ​លំដាប់​ទី​បួន ឈ្មោះ​ថា Podemos ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ការផ្តាច់​ទឹក​ដី និង​ប្រឆាំង​អាណាព្យាបាល​របស់​ម៉ាឌ្រីត​មក​លើ​តំបន់។ បក្ស​​មាន​សំឡេង​គាំទ្រគ្រប់គ្រាន់​​ (ប្រមាណ​៨%) ​ល្មម​នឹង​​អាច​ធ្វើ​ ជញ្ជីងកាតាឡូញ៉ា ផ្អៀងបាន។ គ្រាន់​តែមិន​ដឹង​​ថាតើ​ផ្អៀង ទៅ​ខាង​អ្នក​គាំទ្រ ឬ​អ្នក​ប្រឆាំង​នឹង​ការ​ផ្តាច់​ទឹក​ដី។

លោក Puigdemont ​ត្រលប់​ចូល​ស្រុក​វិញ​ក្រោយ​ការ​បោះឆ្នោត

ក្នុង​ករណី​លោក Puigdemont លោក​គួរ​តែ​ត្រលប់​ចូល​ស្រុក​វិញ នៅ​ពេល​ជាប់​ឆ្នោត​ ប៉ុន្តែ​បើ​មក​គាត់​នឹង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​។ ក្នុង​ករណី​នេះ គេ​មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​អេស្ប៉ាញ​គិត​និង​ធ្វើ​យ៉ាងណា​ទេ ឬ​ត្រូវ​មាន​សហគមន៍​អន្តរជាតិ​​ធ្វើ​អន្តរាគមន៍​ទេ។ ប៉ុន្តែ​ទំនង​ជា​មិន​ដល់​ថ្នាក់​នោះ​ឡើយ។ បើឥស្សរជន​នយោបាយ​ត្រូវ​បាន​ប្រជាជន​បោះឆ្នោតជ្រើសរើស​​ឱ្យធ្វើ​​ជា​តំណាង​ហើយ ឥស្សរជន​នោះ​មិន​ទៅ​នៅ​ក្នុង​ពន្ធនាគារ​ទេ។ ប្រធាន​បក្ស​សាធារណ​រដ្ឋ​កាតាឡូញ៉ា ដែល​កំពុង​ជាប់​ឃុំ អាច​នឹង​ត្រូវ​ដោះលែង​វិញ។បើតាម​អ្នក​វិភាគ​នយោបាយ​​អេស្ប៉ាញ រដ្ឋធម្មនុញ្ញ​ប្រទេស​មាន​ការ​ធានា​រ៉ាប់​រង​អភ័យឯកសិទ្ធិដល់​តំណាងរាស្ត្រ​​​ ក្នុង​ការ​បំពេញ​តួនាទី​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ