ក្រិត្យលោកពូទីន ស្តីអំពីកងទ័ពរុស្ស៊ី ចាប់ពី ថ្ងៃ១ មករា ឆ្នាំ ២០១៨
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីថ្ងៃ ១មករាឆ្នាំថ្មីនេះ ស្របនឹងក្រិត្យចេញដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យោធាសុទ្ធសាធដែលស្ថិតនៅក្នុង កងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី មានចំនួន ១លាន ១ម៉ឺន ៣ពាន់ ៦២៨ នាក់។ នាពេលចុងក្រោយ កាលណានិយាយប៉ះលើកងទ័ពជាតិ មេដឹកនាំរុស្ស៊ីរូបនេះ តែងរំលឹកជានិច្ច អំពីប្រតិបត្តិការបំពេញយ៉ាងជោគជ័យ ដោយបណ្តាអង្គភាពទ័ពរុស្ស៊ី ផ្លាស់វេនគ្នា សរុបទៅ ក្នុងចំនួន ៤ម៉ឺន ៨ពាន់នាក់ នៅប្រទេសស៊ីរី ក្នុងរយៈពេល ជាង២ឆ្នាំកន្លងទៅ។ ទោះបីមានកងទ័ព តិចជាង ចិន ឥណ្ឌា និង សរអា ក្តី ក៏ ក្នុងតារាងស្រាវជ្រាវអំពីកងទ័ព ១០ប្រទេសនាំមុខគេ ចេញក្នុងឆ្នាំ ២០១៧ ដោយ ក្រុមហ៊ុនអន្តរជាតិ Global Firepower ខាងសមត្ថភាពប្រយុទ្ធនៃកងទ័ពគ្រប់ប្រភេទ រុស្ស៊ី ជាប់ចំណាត់ ថ្នាក់ទី២ ស្ថិតនៅតែពីក្រោយ សរអា ប៉ុណ្ណោះ។
ជាបឋម អំពីក្រិត្យលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ៖ ចាប់ពីថ្ងៃ ១ មករា ឆ្នាំ ២០១៨ ចំនួនពលរដ្ឋបម្រើការ ក្នុងកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បានរួញខើច អស់ ២៩៣ នាក់ ។ ក្រិត្យនេះ ទុកជាមោឃៈក្រិត្យ ដែលគាត់បានចេញ ថ្ងៃ ២៨មិនា ឆ្នាំ ២០១៧ ដែលកាលណោះ ជាលើកទី១ ចាប់ពីឆ្នាំ ២០០៥ មក ចំនួនអ្នកបម្រើការក្នុងកងទ័ពរុស្ស៊ី បានកើនឡើងដល់ ១លាន ៩សែន ៣ម៉ឺន ៥១ នាក់។ ហើយ ចាប់ពីថ្ងៃ ១មករាឆ្នាំ ២០១៨ ក្រោយពីថយចុះអស់ ២៩៣ នាក់ គឺនៅសល់ ១លាន ៩សែន ២ពាន់ ៧៥៨ នាក់ ដែលពីក្នុងនោះ ប្រមាណ ៤០% ជាបុគ្គលិកស៊ីវិល បែបយ៉ាង ពួកអ្នកធ្វើម្ហូបអាហារ ពួកតៃកុង ឡាន ក្រុមគ្រូពេទ្យឯកទេសកម្មប្លែកៗ និងពួកអ្នកជំនាញអាជីវកម្មផ្សេងទៀត ដែលធានាឲ្យកងទ័ព ដំណើរការ ប្រកបដោយគុណភាព។ ដូច្នេះ យោធាសុទ្ធសាធ គឺ ១លាន ១ម៉ឺន ៣ពាន់ ៦២៨ នាក់ ដែល ក្នុង សមាសភាព គឺមាន ទ័ព ៣ ប្រភេទ ៖ទ័ពជើងគោក , ទ័ពជើងងទឹក មានឈ្មោះជាផ្លូវការ ថា កងនាវា សមុទ្រ ប្រចាំនៅតាមសមុទ្រ៥ ដែលទឹកវាប៉ប្រះឆ្នេរសហព័ន្ធរុស្ស៊ី គឺ សមុទ្របាល់ទិក សមុទ្រឧត្តរ មហា សមុទ្រប៉ាស៊ីហ្វិក សមុទ្រកាស់ព្យេន សមុទ្រខ្មៅ , កងកម្លាំងអាកាសនិងអវកាស បូកទាំង ទ័ពឆ័ត្រយោង ទ័ពកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ និង ទ័ពពិសេស។
តាមដែលលោកពូទីន បានប្រកាសក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំយោធា ៖ ជាតុល្យាការ ឆ្នាំ ២០១៧ កន្លងទៅ កងទ័ព បំពាក់ទៅដោយសព្វាវុធទំនើបៗ បានដល់កម្រិត ៦០% ទៅហើយ ពោលគឺ ៤ ដង ខ្ពស់ជាង កាលពីឆ្នាំ ២០១២ - ឆ្នាំ ដែលគាត់បានចាប់ផ្តើម អាណត្តិទី ៣ របស់គាត់ ។ ក្នុង ៥ឆ្នាំកន្លងទៅ តាមតួលេខ បង្ហាញដោយ នាយអគ្គសេនាធិការដ្ឋានកងទ័ព លោកនាយឧត្តមសេនីយ Valery Guerassimov កងទ័ព បានទទួលសព្វាវុធ និង គ្រឿងបច្ចេកទេសសឹកថ្មីៗ ចំនួន ជាង ៣០០ បែប ដែលកំណត់មុខមាត់ កងទ័ពរុស្ស៊ីបច្ចុប្បន្ន។
ថ្នាក់ដឹកនាំកងទ៍ព បានរាយការណ៍ជូន លោកប្រធានាធិបតីថា ក្នុងអំឡុងជាង ២ ឆ្នាំ នៃវត្តមាននៅស៊ីរី មានពួកយោធារុស្ស៊ីសរុបទៅ ៤៨.០០០ នាក់ បានចូលរួមប្រតិបត្តិការ ដែលពីក្នុងនោះ ១៤.០០០ នាក់ បានទទួលគ្រឿងឥស្សរិយយសរដ្ឋ ។ ក្នុងអំឡុងពេលនេះ មានកំទេច ពួកភេរវជន អស់ ៦០.៣១៨ នាក់ ដែលពីក្នុងនោះ ២.៨០០ នាក់ មាន ដើមកំណើតទៅពី ប្រទេសរុស្ស៊ី ព្រមទាំងកំទេចពួកមេក្លោងរបស់វា អស់ ៨១៩ នាក់។
-កងអាកាសរុស្ស៊ី បានហោះចេញប្រតិបត្តិការ ៣៤.០០០ លើក ដោយ កំទេច យានយន្ដពាសដែក អស់ជាង ៨.០០០ គ្រឿង និង រោងជាងផលិតតអាវុធរបស់ពួកភេរវជន អស់ ៧១៨ កន្លែង។ កងទ័ពរុស្ស៊ី ជួយរំដោះបាន ទីប្រជុំជន ១.០២៤ កន្លែងនៅស៊ីរី និង បានដោះមីន លើផ្ទៃដី ៦.៥០០ ហិកតា។ ក្រោយពីដកចេញមក យន្តហោះចំបាំងរុស្ស៊ី ៤២ គ្រឿង និងអង្គភាពទ័ពភាគច្រើន ឥឡូវ បន្សល់ទុកឲ្យ ប្រចាំការនៅស៊ីរី សម្រាប់ទ្រទ្រង់ ស្ថិរភាព គឺ ពួកប៉ូលីសយោធារុស្ស៊ី ចំនួន ៤ កងវរសេនាតូច ។
ខាងសមត្ថភាពច្បាំង កងទ័ពរុស្ស៊ី ត្រូវបាន ក្រុមហ៊ុនអន្តរជាតិ Global Firepower ដាក់ឲ្យជាប់លេខ ក្នុង ចំណាត់ថ្នាក់ទី ២ ស្ថិតនៅតែពីក្រោយ សរអា ប៉ុណ្ណោះ។ ក្នុងតារាងចំណាត់ថ្នាក់នេះ នៃឆ្នាំ ២០១៧ សរអា ជាប់លេខ១ ទោះបី មានកងទ័ពមិនច្រើនជាងគេបង្អស់ក្តី តែក្នុង ចំនួន ១.៤៩២.០០០ នាក់ ប៉ុន្តែ បំពាក់ដោយ សព្វាវុធខ្លាំងជាងគេ បូកទាំង អាវុធនុយក្លេអ៊ែរផង និងខ្ទង់ចំណាយយោធា ដល់ទៅ ៦១២.០០០ លានដុល្លារ ឫ សឹង ១០ ដងច្រើនជាងថវិកាយោធារបស់រុស្ស៊ី។ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ រុស្ស៊ី មានប្រៀបជាង កងទ័ពសឹងគ្រប់ប្រទេសក្នុងលោក ហើយពីក្នុងចំណោម ពលរដ្ឋ ១.០០០ នាក់ នៅ រុស្ស៊ី មាន ៦,៨ នាក់ បម្រើក្នុងកងទ័ព គឺជាទ្រនិចលេខខ្ពស់បង្គួរ។
ជាប់លេខ ៣ គឺប្រទេសចិន ដែលមានកងទ័ពច្រើនជាងគេបង្អស់ ដល់ទៅ ២.៣៣៣.០០០ នាក់ ប៉ុន្តែ ក្នុងចំណោមពលរដ្ឋ ១.០០០ នាក់ មានតែ ១,៧១ នាក់ដែលជាយោធា រីឯ ថវិកាយោធា ក៏ខ្ពស់បន្ទាប់ពី សរអា ដល់ទៅ ១២៦.០០០ លានដុល្លារ។
ជាប់លេខ៤ គឺ ឥណ្ឌា មានកងទ័ព ១.៣៤៦.០០០ នាក់ និង ថវិកាយោធា ៤៦.០០០ លានដុល្លារ។
ជាការកត់សម្គាល់ ក្នុង តារាងចំណាត់ថ្នាក់នោះ ឥតមាននិយាយអំពីកូរ៉េខាងជើងទេ ដ្បិតជាប្រទេសបិទជិត ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក្នុងផ្ទៃនៃវិបត្តិជុំវិញប្រទេសនេះ ធ្លាប់បានបង្ហើបឲ្យដឹងថា ខាងចំនួនកងទ័ព ប្រទេសនេះ ជាប់លេខ៣ នៅអាស៊ី ដោយមានយោធាសកម្ម ពី ៨៥០.០០០ ដល់ ១.២០០.០០០ នាក់ និងមានយោធា ចំនួន ៤.០០០.០០០ នាក់ស្ថិតក្នុងភាពបម្រុង ហើយអាចកេណ្ឌទ័ពភ្លាមភ្លែត បាន ៤.៧០០.០០០ នាក់ លើបណ្តាជន ២៥ លាននាក់។
ជាប់លេខ៥ ក្នុងតារាងចំណាត់ថ្នាក់ គឺ បារាំង ដែលមានកងទ័ព ២២០.០០០ នាក់ និងថវិកាយោធា ៤៣.០០០ លាន ដុល្លារ។ ជាប់លេខ ៦ គឺ អង់គ្លេស មានទ័ព ១៨៨.០០០ នាក់ និង ខ្ទង់ចំណាយយោធា ៥៣ .០០០ លានដុល្លារ។ ជាប់លេរខ៧ គឺ ជប៉ុន មានយោធា ២៤៧.០០០០ នាក់ និងថវិកាយោធា ៤៩.០០០០ លាន ដុល្លារ។ ជាប់លេខ ៨ ខាងសមត្ថភាពច្បាំង គឺ តួកគី មានទ័ព ៥១០.០០០ នាក់ និង ថវិកាយោធា ១៨.០០០០ លានដុល្លារ ហើយក្នុងពលរដ្ឋ ១.០០០ នាក់ មានយោធា ដល់ទៅ ៧ នាក់ សឹងស្មើនឹងរុស្ស៊ី។ ជាប់លេខ ៩ គឺអាល្លឺម៉ង់ មានយោធា ១៨៦.០០០ នាក់ និង ថវិកាយោធា ៤៥.០០០ លានដុល្លារ។ ជាប់លេខ១០ គឺ កូរ៉េខាងត្បូង មានកងទ័ពធំទី ៤ នៅអាស៊ី ដល់ទៅ ៦៣០.០០០ នាក់ និង ថវិកាយោធា ៣៣.៧០០ លានដុល្លារ ប្រកបដោយទ្រនិចលេខខ្ពស់ជាងគេក្នុងលោក ខាងចំនួនពលរដ្ឋ ១.០០០ នាក់ មានយោធាដល់ទៅ ១៤,២ នាក់។ ចំណែកប្រទេសដែលមានកងទ័ពខ្សោយជាងគេ គឺ San Marino ដែលមានយោធាតែ ៤០ នាក់៕
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំយោធានោះ លោកពូទីន បានប្រកាសថា ដោយសារជោគជ័យយោធានៅស៊ីរី មាន ៥៩ ប្រទេសក្នុងលោក បច្ចុប្បន្ន បានកុម្ម៉ងទិញអាវុធពីរុស្ស៊ី ក្នុងកញ្ចប់ទឹកប្រាក់ ជាង ៤៥.០០០ លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ