ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖​នយោបាយ​​អន្តោប្រវេសន៍​​របស់​​លោក​ម៉ាក្រុង​​​​មិនភ្លេច​​គោលការណ៍​​មនុស្សធម៌​​?​​​

សំឡេង ០៤:៤១
ប៉ូលិស​បារាំង​ឈរ​នៅ​ពីមុខ​ក្រុមជនភៀសខ្លួន ដែល​កំពុង​ទទួល​អាហារ​បរិភោគ នៅ​កាឡេ
ប៉ូលិស​បារាំង​ឈរ​នៅ​ពីមុខ​ក្រុមជនភៀសខ្លួន ដែល​កំពុង​ទទួល​អាហារ​បរិភោគ នៅ​កាឡេ ©Michael Robinson Chavez/gettyImages

ក្រុម​អ្នកនយោបាយ​បារាំង​​ បញ្ញវន្ត ​និង​សមាគម​ជាច្រើន កំពុង​​រិះគន់​ប្រធានាធិបតី​បារាំង​ម៉ាក្រុង ទាក់ទង​នឹង​នយោបាយ​អន្តោប្រវេសន៍។​​ ពួកគេ​សំដែង​ការ​បារម្ភ​ថា​ នយោបាយ​អន្តោប្រវេសន៍​រដ្ឋាភិបាល ជា​នយោបាយ​បំបាក់ទឹកចិត្ត​អ្នកសុំសិទ្ធិជ្រកកោន​នៅ​បារាំង ជានយោបាយ​ដែល​អាច​នឹង​ឃ្លាតឆ្ងាយ​ពី​គោលការណ៍​មនុស្សធម៌។

ផ្សាយពាណិជ្ជកម្ម

ការរិះគន់​ទៅលើ​នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​បារាំង​ បាន​កើតឡើង បន្តបន្ទាប់ ក្រោយពេល​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ បានធ្វើ ដំណើរ​ទៅ​តំបន់​កាឡេ ភាគខាងជើង​បារាំងជាប់​ព្រំដែន​ជាមួយ​អង់គ្លេស។ តំបន់​កាឡេ​នេះ​ ជាតំបន់​ចម្រូងចម្រាស​ទាក់ទង​នឹង​បញ្ហាជន​​អន្តោប្រវេសន៍។ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរបារាំង​បាន​គាស់រំលើង​ជំរុំ​ជន​អន្តោប្រវេសន៍​នៅទីនោះ ដោយ​បញ្ជូន ជនអន្តោប្រវេសន៍​​៧៤០០នាក់ ​ទៅ​ដាក់​តាម​មណ្ឌល​ផ្សេងៗ ក្នុង​ប្រទេស។ ប៉ុន្តែ បច្ចុប្បន្ន​ ជនអន្តោប្រវេសន៍​ក៏​នៅតែ​នៅកាឡេ​ដដែល គឺ​មាន​​​ពី​៣០០នាក់ ទៅ​៦០០នាក់។

ដោយសារ​មូលហេតុ​នេះ ក្នុងពេល​មាន​វត្តមាន​នៅ​កាឡេ ​ប្រធានាធិ​បតី​ម៉ាក្រុង បាន​សង្កត់ធ្ងន់ថា​ បារាំង​មិន​បណ្តោយ​អោយ​ជំរុំ​កាឡេ​មួយនេះ​អាចក្លាយទៅ​ជា​ព្រៃ​ឡើងវិញ​នោះទេ ពោលគឺ​ថា បារាំង​មិនបណ្តោយ​អោយ​ជនភៀសខ្លួន រឺ​ជនអន្តោ​ប្រវេសន៍​ចូលទៅ​ផ្តុំរស់នៅ​ទីនោះ ដូច​ធ្លាប់​មាន​កន្លងមកទៀតទេ។ ​លោក​ម៉ាក្រុង​ថែមទាំង​បន្ទោស​​សមាគម​ផ្សេងៗ​ថា ភូតកុហក និង​លើកទឹកចិត្ត​បណ្តោយ​អោយ​ជនអន្តោប្រវេសន៍​ទាំងស្ត្រី ទាំង​បុរស​រស់នៅ​ខុសច្បាប់​ក្នុង​ទឹកដី​បារាំង រហូត​ដល់​ពួកគេ​ឆ្លងចូល​ទៅ​ដល់​អង់គ្លេស​ជាប់នោះ​ទៀតផង។

ថ្ងៃអង្គារ​កន្លងទៅ លោក​ម៉ាក្រុងបាន​ធ្វើអោយ​សមាគម​បារាំង​ខឹងសម្បារ​ផងដែរ ដោយ​ប្រកាស​ថា រដ្ឋបារាំង​នឹង​ទទួលបន្ទុក​ចែកចាយ​អាហារ​អោយ​ដល់​ជនភៀសខ្លួន​នៅ​កាឡេ​វិញ។ ការងារ​ចែកចាយ​អាហារ​នេះ កន្លងមក ជា​ការងារ​របស់​សមាគម​តែ​ប៉ុណ្ណោះ។ លោក​ម៉ាក្រុង​បន្ថែមដែរថា ការចែកចាយ​នេះ​ក៏​មិនលើកលែង​ដល់​ការបោះជំរុំ​ខុសច្បាប់​ដែរ។

ដោយសារ​តែ​ពាក្យពេចន៍​សន្ទរកថា​រៀបរាប់ត្រួសៗ​មក​នេះ សមាគម អ្នកនយោបាយ​បារាំង​មួយចំនួន រួមទាំង​បញ្ញវន្ត​មួយចំនួន​ បានរិះគន់​ប្រធានាធិបតី​ជាខ្លាំង។ ពួកគេ​បារម្ភ​ថា​ នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ម៉ាក្រុង​អាច​នឹងចាក​ពី​គោលការណ៍​ម​នុស្សធម៌ ធ្វើអោយ​ជនភៀសខ្លួន​ដែល​វេទនា​គេចពី​សង្គ្រាម​នៅ​ស៊ីរី រឺ​ក៏​ហិង្សា​នៅ​តាម​ប្រទេស​ផ្សេងៗ​លែងហ៊ានឆ្លងចូល​មក​​រក​សុវត្ថិភាព​សន្តិសុខ​នៅ​បារាំង​ថែមទៀត។ នេះគឺ​ផ្ទុយពី​ពាក្យសន្យា​បោះឆ្នោត​របស់​លោក​ម៉ាក្រុង​ហើយ។ ​

តើគម្រោង​​​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ម់ាក្រុង​មា​នខ្លឹមសារ​ដូចម្តេច​ខ្លះ ពិតជា​អាច​ចាកពី​គោលការណ៍​មនុស្សធម៌​មែន​រឺយ៉ាងណា ? គម្រោង​ច្បាប់​អន្តោប្រវេសន៍​​បារាំង​សម្រេច​រួចរាល់​ចុងក្រោយ​ នឹង​យកទៅបង្ហាញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នៅ​ខែ​កុម្ភៈ​ខាងមុខ​នេះ។ ជាត្រួសៗ ​គម្រោងច្បាប់​នេះ ចែង​បន្ថយ​ថ្ងៃ​ខែ​ ក្នុង​ការ​ដាក់​ឯកសារ​សុំសិទ្ធិជ្រកកោន ដោយ​បន្ថយ​ពី​១២០ថ្ងៃ​ អោយ​មកនៅ​ត្រឹម​៩០ថ្ងៃ​វិញ។ ​​​​សមាគម​​ខ្លះ​លើកឡើង​ថា ​គម្រោងច្បាប់​បារាំង​​មិនបាន​ព្រាងទុក​នូវ​ដំណោះស្រាយ​អ្វី​​សម្រួល​ដល់​ការ​ឈរតំរង់ជួរ​ដ៏វែងអន្លាយ ដែល​សុំឯកសារ​រឺ​សិទ្ធិជ្រកកោន​នេះដែរ។ បើ​និយាយពី​ពេលវេលា​ឃុំខ្លួន នៅ​តាម​មណ្ឌល​ឃុំខ្លួន​វិញ ​គឺ​ត្រូវបាន​បារាំង​គ្រោង​បន្ថែម​ពី​៤៥ថ្ងៃ អោយ​កើន​ដល់​៩០ថ្ងៃ។ ​​បញ្ញវន្ត​បារាំង​មួយចំនួន​បានរិះគន់​​រដ្ឋអំណាច​ដែល​​ចង់​​ធ្វើ​ជំរឿន​ជន​អន្តោប្រវេសន៍ នៅ​តាម​មណ្ឌល​ទទួលអោយ​ជនភៀសខ្លួន​ស្នាក់នៅ​បន្ទាន់។

​សម្រាប់​ក្រុមអ្នករិះគន់ ​ការធ្វើជំរឿន​នេះ បង្ហាញ​ថា ​រដ្ឋាភិបាល​បារាំង​កំពុងចម្រាញ់​ជ្រើស​ជនអន្តោប្រវេសន៍​ច្បាស់ណាស់ ព្រោះថា មាន​មនុស្ស​ខុសច្បាប់​ស្នាក់​នៅ​មណ្ឌល​បន្ទាន់​នេះ​ដែរ។ ​​បារាំង​គ្រោង​ពិនិត្យ​និងបញ្ជូន​ជនណា​ដែល​បាន​ដាក់ពាក្យ​នៅ​ប្រទេស​សមាជិក​អឺរ៉ុប​ណាមួយ​ហើយ ហើយ​មកសុំ​ជ្រកកោន​នៅបារាំង អាច​បញ្ជូន​ពួកគេ​អោយ​ទៅ​ប្រទេស​ទី៣បាន។ ​

ចង់ដឹងថា តើ​រដ្ឋាភិបាល​លោក​ម៉ាក្រុង​តឹងតែង​ខ្លាំង​រឺ​យ៉ាងណា​នោះ យើងនាំគ្នា​មើល​លទ្ធផល​ការងារ​កន្លងមកវិញ។ ឆ្នាំ២០១៧​កន្លងមក ​គេសង្កេត​ឃើញថា អាជ្ញាធរ​បារាំង​ផ្តល់​អត្តសញ្ញាណ​បណ្ណស្របច្បាប់​​អោយ​ជន​បរទេស​ច្រើនដល់ទៅ​២៦២ ​០០០​ គិតទៅ​​តែ​មួយឆ្នាំ គឺ​​​កើន​ដល់​ទៅ​​១៣,៧ភាគរយ។ បើ​និយាយ​ពី​ការទទួល​បញ្ញវន្តផ្នែក​ស្រាវជ្រាវ​ពូកែៗ​វិញ បារាំង​ក៏​ទទួល​ពួកគេ​ក្រែល​រាប់ម៉ឺន​នាក់ដែរ។

ការផ្តល់​វីសា​វិញ ពិសេស​វីសា​ទេសចរ ក៏​កើន​ជាង​១១ភាគរយ​ដែរ ​ពិសេស​​គឺអោយ​វីសា​ទៅ​ជនជាតិចិន និង​អាល់ហ្សេរី។ តែ​បើ​និយាយ​ពី​ការបណ្តេញ​ជនបរទេស​ខុសច្បាប់​ ចេញ​ពី​ទឹកដី​បារាំងវិញ ក៏​កើន​ដូចគ្នា​​ដែរ គឺ​កើន​១៤,៦ភាគរយ ត្រូវនឹង​ការ​បណ្តេញ​មនុស្ស​ជាង​១៤ ៨០០នាក់។ ​ឃើញថា ​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​មានទាំង​ភាព​វិជ្ជមាន​ និង​ភាព​អវិជ្ជមាន។ អាស្រ័យ​ហេតុនេះ ​ប្រធានាធិបតី​បារាំង​ម៉ាក្រុងបាន​អួតសរសើរ​ពី​នយោបាយ​រដ្ឋាភិបាល​បារាំង។ លោក​ម៉ាក្រុង​គាំទ្រ​សមភាព​រវាង​ការទទួល​ជន​ភៀសខ្លួន ​និង​ការ​ដាច់​អហង្ការ​ ចំពោះ​ជន​ខុសច្បាប់ ដោយ​លោក​ចង់​បញ្ជូន​ជនខុសច្បាប់​ទៅប្រទេស​គេវិញ អោយ​ច្រើនជាងមុន។ ជនបរទេស​រស់នៅ​ខុសច្បាប់​ក្នុង​ទឹកដី​បារាំងសព្វថ្ងៃ​ មាន​ប្រហែល​​៣សែននាក់។ ​

កាលពី​ថ្ងៃអង្គារ​ លោក​ម៉ាក្រុង​បាន​លើកសរសើរ​ការងារ​របស់​កង​កម្លាំង​បារាំង នៅ​តំបន់​កាឡេ ដោយ​សន្យា​អោយ​កម្រៃ​ពិសេស​ដល់ពួកគេ។ ដោយសារ​កន្លងមក ធ្លាប់​មានរបាយការណ៍​​​​រិះគន់​ការងារ​ក្រុមប៉ូលិស លោក​ម៉ាក្រុង​បាន​សុំអោយ​ប៉ូលិសចៀសប្រើ​ហិង្សា និង​ចៀស​រឹបអូស​សម្ភារ​ផ្ទាល់ខ្លួន​របស់​ជនអន្តោប្រវេសន៍៕ ​ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI