អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ម៉ាក្រុង ក្លាយ​ជា​តួឯក ដែល​គេ​រំពឹង​រង់ចាំ​​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ក្រុង​Davos

World Economic Forum ​(WEF)​ ទីក្រុង​ ​Davos ប្រទេសស្វីស​ ​ថ្ងៃ​ទី​​២៤ ​មករា​ ២០១៨
World Economic Forum ​(WEF)​ ទីក្រុង​ ​Davos ប្រទេសស្វីស​ ​ថ្ងៃ​ទី​​២៤ ​មករា​ ២០១៨ REUTERS/Denis Balibouse
ដោយ៖ ម៉ម ពិសី
៣៦ នាទី

វេទិកាសេដ្ឋកិច្ចពិភពលោក បានចាប់បើកទ្វារដូចជារៀងរាល់ឆ្នាំ នៅទីក្រុងដាវ៉ូ ចន្លោះភ្នំទឹកកក នៃប្រទេសស្វី​ស ចាប់ពីថ្ងៃ២៣មករា ម្សិលមិញ រហូតដល់ថ្ងៃ២៦មករា។ នេះគឺជាវេទិកាអន្តរជាតិដ៏ធំបំផុត ដែល​មានការចូលរួម ពីប្រមុខដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិធំៗ​ទូទាំងពិភពលោក ព្រមទាំង​អង្គការ​នាៗផងដែរ ដើម្បីរួមគ្នាជជែក ផ្លាស់ប្តូរយោបល់ស្តីពីបញ្ហាសេដ្ឋកិច្ចសកលលោក។ គំរូ​សេដ្ឋកិច្ច​ពិភពលោកយើងបច្ចុប្បន្ននេះ ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា ធ្វើបានឲ្យមានគំលាតរវាងអ្នកមាន និងអ្នកក្រ កាន់តែខ្លាំង។ មតិអ្នករិះគន់វេទិកានេះ បានអំពាវនាវថា វេទិកាសេដ្ឋកិច្ចពិភពលោកដ៏ធំ ដែលមានមេដឹកនាំប្រទេស មេដឹកនាំក្រុមហ៊ុនគ្រាក់ៗទាំងអស់នេះ ត្រូវតែពិចារណា រករបត់សេដ្ឋកិច្ចថ្មី ដែល​ឈរលើការបែកចែក សមភាព គិតគូរពីបញ្ហាសង្គម និងជាពិសេស គឺគិតគូរ ពីកត្តាបរិស្ថាន​ធម្មជាតិ។

ផ្សាយពាណិជ្ជកម្ម

ក្លាយជាតួឯក ខណៈអ្នកផ្សេងកំពុងអវត្តមាន

បើតាមការប្រមើរមើល នៅក្នុងឱកាសវេទិការសេដ្ឋកិច្ចពិភពលោក(WEF) ក្រុងដាវ៉ូ ឆ្នាំ​២០១៨​នេះ គឺគ្មានមេដឹកនាំណាម្នាក់ មានប្រជាប្រិយភាព ជាងលោក អេម៉ានុយអែល ម៉ាក្រុងទេ។ មានហេតុផលច្រើន គួបផ្សំគ្នា ដែលធ្វើឲ្យលោកម៉ាក្រុង កំពុងឡើងសន្ទុះប្រជាប្រិយភាពខ្លាំង។ ជាបឋមសេដ្ឋកិច្ចបារាំង កំពុងបោះជំហាន ជាមួយនឹងកំណែទម្រង់ថ្មី ដែលរដ្ឋាភិបាលលោកម៉ាក្រុង បានដាក់ចេញ ហើយដែលធ្វើឲ្យប្រធានក្រុមហ៊ុនអន្តរជាតិធំៗ ព្រមទាំងអ្នកវិនិយោគ មានសុទិដ្ឋិនិយម។

ដោយសំឡឹងឃើញ ពីចំណុចនេះហើយ ទើបលោកម៉ាក្រុង បានឆ្លៀតអញ្ជើញប្រធានក្រុមហ៊ុនអន្តរជាតិធំៗ ចំនួន១៤០នាក់ ឲ្យមកប្រជុំគ្នានៅព្រះបរមរាជវាំងវ័កសៃ កាលពីថ្ងៃចន្ទ ទី២២ មករា ដើមសប្តាហ៍នេះ។ នេះអាចចាត់ទុកបានថា លោកម៉ាក្រុង ជាមនុស្សឆ្លាត មានយុទ្ធសាស្ត្រណាស់។ មេដឹកនាំក្រុមហ៊ុនទាំង១៤០នោះ បានចេញទៅវិញ ឆ្ពោះដំណើរទៅក្រុងដាវ៉ូ អមជាមួយនឹងស្នាមញញឹម សរសើរ លោកម៉ាក្រុង មិនដាច់ពីមាត់ ថា លោកម៉ាក្រុងនេះហើយ ដែលសក្តិសមជាក្តីសង្ឃឹមថ្មី នៃសន្ទុះសេដ្ឋកិច្ចសកលលោកយើង។

មូលហេតុមួយទៀត គឺមកពីគ្មានមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចណាផ្សេងទៀតចេញមុខចេញមាត់ទេ។ ជាក់ស្តែងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលនឹងមានវត្តមានដែរ តែមិនត្រូវបានគេអបអរគាំទ្រឡើយ ព្រោះគេដឹងថា សន្ទរកថា ស្តែងពីទស្សនវិស័យសេដ្ឋកិច្ច របស់លោក ត្រាំ គឺគ្មានអ្វីក្រៅតែពី គិតប្រយោជន៍អាមេរិកមុនគេបង្អស់នោះទេ។ ទស្សនវិស័យបិទទ្វារជិត ផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរីបែបនេះ គឺវាខុសស្រឡះពីស្មារតី​នៃវេទិកាប្រជុំនេះ។

ចំណែកលោកស្រី អង់ហ្គេឡា មែរគែលវិញ កន្លងមកធ្លាប់ជាកំលាំងចលករធំណាស់ នៃសេដ្ឋកិច្ចអឺរ៉ុប តែលើកនេះ លោកស្រីមែរគែល​ ហាក់ស្ងាត់ស្ងៀម នៅពីក្រោយលោកម៉ាក្រុងទៅវិញ។ លោកស្រី មែរគែល កំពុងតែវីវក់ បង្កើតរដ្ឋាភិបាលមិនទាន់បានទេ ៤ខែ​មកហើយ។ យ៉ាងណាមិញ កាសែតអាល្លឺម៉ង់បានចុះផ្សាយថា​ លោកស្រីមែរគែល មកចូលរួម​ប្រជុំវេទិកានេះ ទាំងទើសទ័ល ដោយសារតែចៀសមិនបាន។

រីឯលោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្រ្តីអង់គ្លេសឯណោះវិញ ដូចយើងដឹងស្រាប់ គឺគាត់​កំពុងតែវង្វេងវង្វាន់ ត្រូវគេរិះគន់ជុំទិស ស្តីពីបញ្ហា Brexit ការផ្តាច់ខ្លួនអង់គ្លេស ចេញ​ពីសហភាពអឺរ៉ុប។ ក្រុមហ៊ុនអន្តរជាតិធំៗទាំងអស់ កំពុងបារម្ភខ្លាំងណាស់ ដោយសារបញ្ហានេះ។ ដូច្នេះ ជារួម គឺមានតែលោក ម៉ាក្រុង ប្រធានាធិបតីបារាំងមួយទេ ដែលមានសន្ទុះស្វាហាប់ មានប្រជាប្រិយភាព តំណាងឲ្យសេចក្តីសង្ឃឹម និងសុទិដ្ឋិនិយម សម្រាប់របត់សេដ្ឋកិច្ចសកល។

ម៉ាក្រុង តំណាកឲ្យសន្ទុះនៃក្តីសង្ឃឹម របត់សេដ្ឋកិច្ចសកលថ្មី

តាមការគ្រោងទុក លោកម៉ាក្រុង នឹងថ្លែងសន្ទរកថាជាភាសាបារាំង នៅក្នុងមហាសន្និបាទ​ពេញអង្គ នៅល្ងាចនេះ។ ជាទូទៅ មេដឹកនាំនាៗ តែងយកឱកាសនេះ ថ្លែងសន្ទរកថា​ ដើម្បីបង្ហាញ បង្អួតពីចំណុចល្អ សក្តានុពលរបស់សេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។ តែ​បើ​តាមការឱដឹង លោកម៉ាក្រុង នឹងមិនធ្វើដូច្នោះទេ ព្រោះលោកម៉ាក្រុង ចង់ធ្វើខ្លួនគាត់​ ជាតំណាងនៃរបត់សេដ្ឋកិច្ចរបស់សកលលោកទាំងមូលតែម្តង។ ដូច្នេះ សន្ទរកថា របស់​លោកម៉ាក្រុង នឹងផ្តោតទៅលើ ការបូកសរុបលទ្ធផល ៣០ឆ្នាំចុងក្រោយនេះ នៃសេដ្ឋកិច្ច​ទីផ្សារសេរី របស់ពិភពលោកយើង។ តែទន្ទឹមនឹងនេះ លោកម៉ាក្រុង នឹង​ទាញ​យក​ផលវិបាក ផលអវិជ្ជមាន ដែលកើតចេញពីសេដ្ឋកិច្ចទីផ្សារសេរីនេះ។

ផលអវិជ្ជមាននៃគំរូសេដ្ឋកិច្ចនេះ មានជាអាថទិ គឺគំលាតរវាងអ្នកមាន និងអ្នកក្រ ការបំផ្លេចបំផ្លាញធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការសកម្មភាពរោងចក្រ និងសកម្មភាពសេដ្ឋកិច្ចជាទូទៅ ។ល។ ចិន និង ឥណ្ឌា គឺជាមហាអំណាច២ដ៏ធំ ដែលព្យាយាមជំរុញឲ្យសេដ្ឋកិច្ចទីផ្សារសេរី ឬការដោះដូរពាណិជ្ជកម្ម​ ឲ្យកាន់តែទូលំទូលាយ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក ចង់សើរើកិច្ចព្រមព្រៀងពាណិជ្ជកម្មសឹងតែទាំងអស់​ ហើយចង់ផ្តល់ប្រយោជន៍សម្រាប់តែសេដ្ឋកិច្ចអាមេរិក ម្នាក់ឯងតែប៉ុណ្ណោះ។

រវាងផ្លូវដើរទាំង២នេះ លោកម៉ាក្រុង គាត់តំណាងឲ្យផ្លូវដើរទី៣ ដែលជារបត់ថ្មី នៃសេដ្ឋកិច្ចសកល ដែលគ្រប់គ្នាជឿថាជាជម្រើសល្អ។ ផ្លូវដើរទី៣នេះ គឺជាគំរូសេដ្ឋកិច្ច ដែលគិតគូរ ជាអាទិភាព ដល់សុខមាលភាព របស់ប្រជាជន របស់បុគ្គលិកកម្មករ និងគិតគូរដល់ការរីកចំរើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនសមញ្ញម្នាក់ៗ។ ពោលគឺ មិនមែនកំណើនសេដ្ឋកិច្ចមានតែលើតួលេខ ដែលរដ្ឋាភិបាលបង្អួត តែធាតុពិតអ្នកក្រកាន់តែដាច់បាយនោះទេ។

គំរូសេដ្ឋកិច្ចថ្មី ដែលលោកម៉ាក្រុង ចង់ផ្តល់សន្ទុះនេះ ក៏នឹងផ្តល់អាទិភាព ដល់ការស្រាវជ្រាវបច្ចេកវិទ្យា ដល់ការបែកចែកចំណេះដឹង ដើម្បីទប់ស្កាត់ ការកើនឡើងនូវកំដៅផែនដី។ គឺការប្រែប្រួលនូវអាកាសធាតុនេះហើយ ដែលជាប្រភពធ្វើបាបប្រជាជនក្រីក្រ ដែល​ងាយរងគ្រោះទូទាំងពិភពលោក។ អ្នកក្រដែលមិនបានទទួលផលពីសេដ្ឋកិច្ចទីផ្សារសេរី​ហើយ ថែមទាំងក្លាយជាជនរងគ្រោះ នៃគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួតអីជាដើម​ ថែមទៀត។ ទាំងអស់នេះ គឺជាបន្ទាត់ធំៗ នៃនយោបាយសេដ្ឋកិច្ច ដែលលោកម៉ាក្រុង​ចង់ឃើញ ក្រុមហ៊ុនអន្តរជាតិ អ្នកវិនិយោគ ក៏ដូចជាប្រទេសទាំងអស់ រួមគ្នាអនុវត្ត ដើម្បីស្រោចស្រង់ជីវភាពប្រជាជន និងស្រោចស្រង់ ភពផែនដីយើង។

វេទិកាប្រជុំល្អតែមើល តែគ្មានហុចប្រយោជន៍ដល់ជីវភាពប្រជាជនក្រីក្រ

ក្នុងឱកាសវេទិកាសេដ្ឋកិច្ចនេះ អង្គការOxfarm បានចេញរបាយការណ៍មួយ ស្តីអំពីគំលាតរវាង អ្នកមាន និងអ្នកក្រ បច្ចុប្បន្នដែលមានកាន់តែខ្លាំង។ នេះគឺផលវិបាកមួយ ដែលកើតចេញពីគំរូសេដ្ឋកិច្ចទីផ្សារសេរី ដែលអយុត្តិធម៌ និងមិនសមភាព។ តើ វេទិកាសេដ្ឋកិច្ច ទីក្រុងដាវ៉ូ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ មានមេដឹកនាំប្រទេស មេដឹកនាំក្រុមហ៊ុន មកចូលរួមសស្រាក់សស្រាំនេះ  នឹងអាចជួយអ្វីបានខ្លះដែរ ដល់ជីវភាពប្រជាជនសាមញ្ញ?

ជាការពិត គេតែងតែរិះគន់ វេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូនេះ ជាកន្លែងពួកអ្នកមានៗ ជួបជុំគ្នាសំញ៉ែញ បង្អួត ពីភាពអស្ចារ្យ ឬ ក៏គ្រានតែដើម្បីនិយាយគ្នាពីរឿងរកស៊ី ធ្វើយ៉ាងណា ឲ្យបានផលចំណេញច្រើនតែប៉ុណ្ណោះ។ ការពិត វាមិនបែបនេះទាំងស្រុងទេ។ អ្វីៗបានប្រែប្រួលច្រើនណាស់ មួយរយៈចុងក្រោយនេះ គឺប្រែប្រួលទៅរកភាពវិជ្ជមាន តាមរយៈការពិចារណា បែកចែកយោបល់គ្នាក្នុងវេទិកានេះតែម្តង ពីមួយឆ្នាំទៅមួយឆ្នាំ។ ការប្រែប្រួល នេះ គឺវាដោយសារតែមេដឹកនាំ ដែលមានទស្សនៈវិស័យវិជ្ជមាន ដូចជាលោកម៉ាក្រុងនេះជាដើម ដែលបានផ្តល់សន្ទុះ ញ៉ាំងឲ្យគ្រប់គ្នាប្រមូលកម្លាំងនឹងស្មារតី។

ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺលោក Larry Fink នាយកក្រុមហ៊ុន BlackRock ដែលជាក្រុមហ៊ុនគ្រប់គ្រងហ៊ុនវិនិយោគ ធំបំផុតលើលោក​។ លោកម្នាក់នេះ បានយកឱកាសវេទិកាសេដ្ឋកិច្ចនេះ និយាយថា ដល់ពេលហើយ ដែលគ្រប់គ្នា ត្រូវតែផ្តល់តំលៃ ដល់កត្តាសង្គមកិច្ច និងសុខមាលភាព។ កត្តាទាំងនេះ គឺត្រូវតែក្រុមហ៊ុនទាំងអស់ផ្តល់អាទិភាព ជាចាំបាច់។ វេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូនេះ ខុសពីកិច្ចប្រជុំអន្តរជាតិផ្សេងទៀត ដូចជាមហា​សន្និបាទ​អង្គការសហប្រជាជាតិ វេទិការបស់មូលនិធិរូបិយបណ្ណអន្តរជាតិ ជាដើម ដែលសុទ្ធ​តែ​មានលក្ខណៈការិយាល័យធិបតេយ្យ និងនយោបាយ។ តាំងតែពីបង្កើតដំបូង នៅឆ្នាំ​១៩៧១ ដោយលោកKlaus Schwab គឺគាត់ចង់ឲ្យវេទិកានេះ ក្លាយជាកន្លែងដែល​សកលលោក គ្រប់វិស័យ ជួបជុំគ្នានិយាយគ្នាត្រង់ទៅត្រង់មក ពីបញ្ហាសេដ្ឋកិច្ច​ ព្រោះសេដ្ឋកិច្ច​ជាឆ្នាំងបាយទាំងអស់គ្នា។

វេទិកាសេដកិច្ចដាវ៉ូនេះ គឺជាវេទិកាតែមួយគត់​ដែលថ្នាក់ដឹកនាំប្រទេស រួមគ្នាជាមួយវិស័យឯកជន ក្រុមហ៊ុនអន្តរជាតិ អង្គការនានា ទូទាំងពិភពលោក ជួយនិយាយគ្នា ដោយស្មើភាព។ គឺការដោះដូរយោបល់ ការបែកចែកគំនិតនេះហើយ ដែលជាកំលាំងចលករ ផ្តល់សន្ទុះ ដល់ការរិះរកវិធីធ្វើយ៉ាងណា ឲ្យមានការរីកចំរើនសេដ្ឋកិច្ច ដោយសមភាព។ ទាល់តែជួបនិយាយគ្នា ទើបយល់ពីការចង់បាន នឹងមានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ពាក្យចាស់ពោលថា ចង្កិះមួយបាច់កាច់មិនបាក់។ វេទិកាបែបនេះ ជាវេទិការួបរួមកសាងសមភាព បែកចែកការយល់ឃើញ និងបទពិសោធន៍ ដែលមានតំលៃបំផុត សម្រាប់ស្ថិរភាព សន្តិភាព និងការរីកចំរើនរបស់ពិភពលោកយើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ