អានតួអត្ថបទ

អតីត​មេ​ចលនា​ទាមទារ​ឯករាជ្យ​ កាតាឡូញ៉ា ត្រូវ​ប៉ូលីស​អាល្លឺម៉ង់​ ចាប់​ខ្លួន​

អតីតមេដឹកនាំតំបន់ កាតាឡូញ៉ា លោក  Carle Puigdemont
អតីតមេដឹកនាំតំបន់ កាតាឡូញ៉ា លោក Carle Puigdemont REUTERS
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

នៅ​ថ្ងៃ​អាទិត្យ​ទី២៥ ខែមីនា នេះ​ ប៉ូលីស​អាឡឺម៉ង់​បាន​ចាប់​ខ្លួន​អតីត​មេ​ដឹក​នាំ​តំបន់ ​កាតាឡូញ៉ា ​លោក  ​Carle Puigdemont ​នៅ​ពេល​ដែល​លោក​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​ដែន ​ប្រទេស​អាល្លឺម៉ង់​ និង​ ដាណឺម៉ាក​។ ឥឡូវ​នេះ​លោក​ Puigdemont ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប៉ូលីស​ ប៉ុន្តែគេ​នៅ​មិនទាន់​ដឹងនៅឡើយ​ថា ​លោក​នៅ​ទី​ណា​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន​ អតីត​ មេ​ចលនា​ ទាមទារ​ឯករាជ្យ​ កាតាឡូញ៉ា​ លោក​ Puigdemont ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មីនា ​នេះ​ គឺ​ត្រឹម​តែ​រយៈ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ តុលាការ​កំពូល​អេស្ប៉ាញ​ ចេញ​ដីកា​ចាប់​ខ្លួន​រូប​លោក​ និង​ បក្ស​ពួក​។

តុលាការ​អេស្ប៉ាញ​ បាន​ចោទ​ប្រកាន់​ ក្រុម​អ្នក​បះបោរ​កាតាឡូញ៉ា​ ចំនួន​ ១៣​ រូប​ ដែល​ក្នុង​នោះ​ រួម​មាន​ទាំង​លោក​ Puigdemont ផង​ ពី​បទ​ចង់​ផ្តាច់​ទឹក​ដី​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​។  ពួក​គេ​ ប្រឈម​មុខ​ ជាប់​ពន្ឋ​ធនាគារ​រហូត​ដល់​ ៣០ ឆ្នាំ​ ប្រសិន​បើ ​តុលាការ​ រក​ឃើញ​ថា​មាន​ទោស​កំហុស​។

អ្នក​នាំ​ពាក្យ ​គណបក្ស​ឯករាជ្យ​និយម​ កាតាឡូញ៉ា ​របស់​លោក​ Puigdemont ​បាន​ប្រាប់​យ៉ាង​ខ្លី​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា​ លោក​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្តិភាព​។ ចំនែក​ មេធា​វី​ របស់​លោក​វិញ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​លោក​ Puigdemont ​ត្រូវ​បាន​ប៉ូលីស​អាល្លឺម៉ង់​ ចាប់​ខ្លួន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ត្រលប់មក​ប្រទេស​ប៊ែលហ្ស៊ិក​ វិញ ​ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សកិច្ច​ក្នុង​ប្រទេស​ ហ្វាំងឡាំង​។

កាល​ពី​ខែ​តុលា ឆ្នាំ២០១៧ ​លោក​ Puigdemont និង​ អ្នក​បះបោរ​ បួន​នាក់​ផ្សេង​ទៀត​ បាន​ភៀស​ខ្លួន​ ទៅ​ប្រទេស​ប៊ែលហ្សិក​ បន្ទាប់​ពី​ការ​ប្រកាស​ឯករាជ្យ​តំបន់​ កាតាឡូញ៉ា​ ធ្វើ​ឱ្យ​ប្រទេស​អេស្ប៉ាញ​ទាំងមូល​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ អាជ្ញាធរ​អេស្ប៉ាញ​ បាន​ដាក់​កម្រិត ​លើ​ការ​គ្រប់​គ្រង​តំបន់​ ដោយ​ព្យួរ​ស្វ័យភាព​របស់​ រដ្ឋបាល​ កាតាឡូញ៉ា ​រយៈ​ពេល​ 5 ខែ​។

សូម​ជម្រាបជូន​ថា ​កាតាឡូញ៉ា​ ជា​តំបន់​ស្វ័យយ័ត​ ដែល​មាន​រដ្ឋបាល​គ្រប់​គ្រង​តំបន់​ ដោយ​ឯក​រាជ្យ​មួយ​ នៅ​ក្នុង​ប្រទេស​ អេស្ប៉ាញ​។ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ចលនា​ទាម​ទារ​ផ្តាច់​ខ្លួន ​ចេញ​ពី​ការ​គ្រប់​គ្រង​ របស់​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត​ បាន​ផ្ទុះ​ឡើង​ជា​ខ្លាំង​ ហើយ​ការ​បះបោរ​ផ្តាច់​ខ្លូន​នេះ​ គឺ​ខុស​នឹង​រដ្ឋធម្មនុញ​របស់​ប្រទេស​អេស្ប៉ាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ