សមិទ្ធិករអ៊ីរ៉ង់ត្រលប់មកមហោស្រពកាន ជាមួយរឿង "Everybody knows"
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“អ្នកណាក៏ដឹង” Everybody Knows ជាចំណងជើងរឿងកុនរបស់សមិទ្ធិករអ៊ីរ៉ង់ លោកAsghar Farhadi ដែលត្រូវគេបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនៅថ្ងៃបើកសម្ពោធ មហោស្រពភាពយន្តអន្តរជាតិកាន នៅថ្ងៃទីអង្គារទី ៨ឧសភា។ លោក Asghar Farhadi ធ្លាប់បានទទួលតាល់ប័ត្រមាសរបស់មហោស្រពកាន នៅឆ្នាំ ២០១១ សម្រាប់រឿង ការចែកផ្លូវ La séparation។ តើរឿង Everybody Knowsនឹងធ្វើឲ្យសមិទ្ធិករអ៊ីរ៉ង់នឹងអាចដណ្តើមពានរង្វាន់តាល់ប័ត្រជាថ្មីម្តងទៀត ជាមួយនឹង នេះដែរឬទេ?
“អ្នកណាក៏ដឹង” គឺជាខ្សែភាពយន្តបរទេសទី១ ដែលមិននិយាយភាសាបារាំង ឬអង់គ្លេស ដែលគេជ្រើសរើសសម្រាប់ចាក់បញ្ចាំងបើកសម្ពោធមហោស្រពអន្តរជាតិកាន។ និពន្ធ និងដឹកនាំរឿងដោយសមិទ្ធិករអ៊ីរ៉ង់ Asghar Farhadi រឿងអ្នកណាក៏ដឹង បង្ហាញពី សោកនាដកម្ម ជម្លោះផ្ទៃក្នុងគ្រួសារដ៏ធំមួយនៅក្នុងប្រទេសអេស្ប៉ាញ។
នាងឡូរ៉ាសំដែងដោយ តារាដ៏ល្បីឈ្មោះរបស់អេស្ប៉ាញ នាង Pénélope Cruz បាននាំកូនស្រីនិងកូនប្រុសពីប្រទេសអាហ្សង់ទីនដើម្បី ចូលរួមក្នុងពិធីមង្គលការរបស់ប្អូនស្រីនៅតំបន់ជនបទប្រទេសអេស្ប៉ាញ។ ការសប្បាយរីករាយក្អាកក្អាយ ក្នុងពិធីមង្គលការបានក្លាយជាទុក្ខសោក នៅពេលឡូរ៉ាបាត់កូនស្រីជំទង់ដ៏ស្រស់ស្អាត នៅយប់ជប់លៀង។ សម្រាប់សមិទ្ធិករអ៊ីរ៉ង់ រឿង អ្នកណាក៏ដឹងដែលនិយាយពីការចាប់ជំរិត នៅ អេស្ប៉ាញ បានកើតចេញមកពីការចិញ្ចឹមចិត្តអស់ជាច្រើនឆ្នាំមកហើយ។ លោក Farhadi រំលឹកថា នៅពេលលោកទៅដើរលេងនៅភាគខាងត្បូងអេស្ប៉ាញ ដំណឹងចុះផ្សាយ បាត់ក្មេងស្រីអេស្ប៉ាញបានធ្វើឲ្យលោកគិតថា លោកត្រូវតែធ្វើអ្វីម្យ៉ាងនៅជុំវិញប្រធានបទនេះ។
អ៊ីរ៉ែនកូនស្រីរបស់នាងឡូរ៉ា ត្រូវគេលួចចាប់ជំរិត។ ហេតុការណ៍នេះបានជំរុញ ឲ្យនាងឡូរ៉ាត្រលប់ទៅជិតស្និទ្ធិ ជាមួយ ប៉ាកូ (តារាអេស្ប៉ាញ Javier Bardem) ម្ចាស់ចំការទំពាំងបាយជូ ដែលធ្លាប់ជាសង្សា។ នៅទីបំផុត ដោយសារតែសាររន្ធើនពីជនចាប់ជំរិត ដែលគំរាមសម្លាប់នាងអ៊ីរ៉ែន បើសិនមិនបានប្រាក់ថ្នូរទេនោះ នាងឡូរ៉ាបានសុំឲ្យប៉ាកូជួយនាង។ ដើម្បីឲ្យប៉ាកូសុខចិត្តលក់ដីចំការទំពាំងបាយជូ នាងឡូរ៉ា បានទម្លាយរឿងសម្ងាត់មួយ ប្រាប់ប៉ាកូ ដោយមានភ្លើងខៀវពីប្តី។ នោះគឺ នាងអ៊ីរ៉ែនតាមពិតជាកូនស្រីរបស់ប៉ាកូ ដែលនាងឡូរ៉ាបានលាក់បាំង មិនឲ្យប៉ាកូ ដឹង តាំងពី១៦ឆ្នាំមក។ សាច់រឿងប្រទាក់ក្រឡា និងការសួរដេញដោលពីអ្នកស៊ើបអង្កេតឯកជនបានធ្វើឲ្យគេជឿថា គឺប្តីរបស់នាងឡូរ៉ា ដែលគ្មានការងារធ្វើ២ឆ្នាំមកហើយ អាចជាអ្នកនៅពីក្រោយការចាប់ជំរិតកូនស្រី ដែលមិនមែនជាសាច់ឈាមរបស់ខ្លួន។ ដោយចាប់ជំរិតនាងអ៊ីរ៉ែន ប្តីរបស់នាងឡូរ៉ាអាចដាក់សម្ពាធឲ្យសង្សារចាស់របស់ប្រពន្ធ លក់ដីចំការទំពាំងបាយជូ យកប្រាក់មកបង់រំលោះនាងអ៊ីរ៉ែន។ ប៉ាកូដែលដឹងថា នាងអ៊ីរ៉ែនជាកូនស្រី នៅទីបំផុតបានសម្រេចលក់ចំការទំពាំងបាយជូ យកប្រាក់ទៅរំដោះនាងអ៊ីរ៉ែន។
មកដល់ចំណុចនេះ សមិទ្ធិករអ៊ីរ៉ង់បានបង្កើតភាពអាថ៌កំបាំង គួរឲ្យចង់តាមដាន។ ប៉ុន្តែ នៅតែប៉ុន្មាននាទីមុនដល់ខ្សែកុន ចប់ ស្រាប់តែអ្វីៗត្រូវបានបើកបង្ហាញ យ៉ាងសាមញ្ញបំផុត។ អ្វីដែលធ្វើឲ្យអ្នកមើលខកចិត្តបន្តិច គឺនៅត្រង់ថា សមិទ្ធិករនៅទីបំផុតបានបង្ហាញថា គឺ ក្មួយស្រីរស់នៅផ្ទះជាមួយគ្នាជាមួយ នាងឡូរ៉ា ដែលបានឃុបឃិត ចូលរួមជាមួយសង្សារលួចលាក់ចាប់ជំរិត នាងអ៊ីរ៉ែន ដោយសង្ឃឹមថា ប៉ាកូ ដែលគ្រប់គ្នាក្នុងគ្រួសារដឹងថា ជាឪពុករបស់នាង អ៊ីរ៉ែន ប្រាកដជាលក់ដីចំការដើម្បី រំលោះកូនស្រី។
សមិទ្ធិករអ៊ីរ៉ង់ ធ្លាប់ជាម្ចាស់តាល់ប័ត្រមាសសម្រាប់ រឿងអ៊ីរ៉ង់មួយ ដែលមានឈ្មោះថា ការចែកផ្លូវគ្នា។ រឿង អ្នកណាក៏ដឹងត្រូវគេបានប៉ាន់ស្មានថា នឹងអាចជាប់ចំណាត់ថ្នាក់ ធ្វើឲ្យលោក Farhadiក្លាយជាម្ចាស់តាល់ប័ត្រមាសម្តងទៀត។ លទ្ធផលយ៉ាងណានោះ គេត្រូវរង់ចាំនៅថ្ងៃប្រកាសលទ្ធផល របស់គណៈមេប្រយោគ នៅថ្ងៃទី ១៩ឧសភាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ