សហភាពអឺរ៉ុប

គណៈកម្មការអឺរ៉ុប​ចាត់វិធានការ​តាមប្រមាញ់​វត្ថុ​ធ្វើ​ពី​ប្លាស្ទីក

សំបក​ដប​ប្លាស្ទីក ដែល​គេ​ប្រមូល​បាន​មក​ពីក្នុង​ទឹកសមុទ្រ
សំបក​ដប​ប្លាស្ទីក ដែល​គេ​ប្រមូល​បាន​មក​ពីក្នុង​ទឹកសមុទ្រ ©Reuters

គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ចន្ទ​ម្សិលមិញ បានស្នើឡើង វិធានការ​ជាច្រើន ដើម្បី​កាត់បន្ថយ សំរាម​ប្លាស្ទីក នៅក្នុង​ទឹក​សមុទ្រ។ វិធានការ​របស់​គណៈកម្មការអឺរ៉ុប ដែល​នឹង​អាច​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ក្រោយ​ឆ្នាំ ២០២២ សំដៅ ហាមឃាត់ ផលិតផល​ធ្វើ​ពី​ប្លាស្ទីក​ណា ដែល​គេប្រើ​តែម្តង រួចបោះចោល ដូចជា ចាន កែវ ឬ​ឧបករណ៍​ដែល​គេ​ប្រើ​ក្នុង​វិស័យ​នេសាទ​ជាដើម។ 

ផ្សាយពាណិជ្ជកម្ម

ចាន ស្លាបព្រា កែវ ទុយោ​បឺតទឹក​ដែល​ធ្វើ​ពី​ប្លាស្ទីក ស្ថិតក្នុង​ចំណោម​សំភារៈ​ប្លាស្ទីក​ជាង​១០​ប្រភេទ ដែល​គណៈកម្មការ​អឺរ៉ុប គ្រោង​នឹង​ចាត់​វិធានការ ហាមឃាត់ មិន​ឲ្យ​មាន​តទៅទៀត នៅ​ទឹកដី​អឺរ៉ុប ព្រោះ​ថា វត្ថុប្រើប្រាស់​ប្លាស្ទីក​ទាំងនេះ តំណាង ឲ្យ ៧០ភាគរយ​នៃ​សំរាម​ដែល​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ ឬ​រ៉ាយប៉ាយ នៅលើ​ឆ្នេរសមុទ្រ។

នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទម្សិលមិញ អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Frans Timmermans បាន​អំពាវនាវ​សុំឲ្យ​ ប្រជាជន​នៅអឺរ៉ុប​ត្រូវ​តែ​ប្រយុទ្ធប្រឆាំង​រួមគ្នា ព្រោះថា សំរាម​ប្លាស្ទីក​បាន​បញ្ចេញ​ជាតិ​ពុល​ទៅក្នុង ខ្យល់ ដែល​មនុស្ស​កំពុង​ដកស្រូប ទៅក្នុង​ដី និង​ចុងក្រោយនេះ គេ​បាន​រកឃើញ​សារធាតុ​ពុល​ប្លាស្ទីក ក្នុង​ទឹកសមុទ្រ និង​ចំណីអាហារ ដែល​មនុស្ស​ទទួលទាន ប្រចាំ​ថ្ងៃ។

ជាមួយ​នឹងបទបញ្ជា​ថ្មី​របស់​គណៈកម្មការ​អឺរ៉ុប ផលិតផល​ប្លាស្ទីក ដែល​គេ​ប្រើ​បាន​តែម្តង រួច​បោះចោលនោះ នឹង​ត្រូវ​ជំនួស​វិញ ដោយ​វត្ថុ​ធ្វើ​ពី​សារធាតុ ដែល​មិន​បំផ្លាញ ឬ​ប៉ះពាល់​តិចតួច ដល់​បរិស្ថាន។

គិតឡើង​វិញ ពី​បា្លស្ទីក Rethink Plastics សម្ព័ន្ធ​អង្គការ​ដើម្បី​អនាគត​គ្មាន​ប្លាស្ទីក បាន​រកឃើញថា នៅ​រង្វង់​ទឹកដី​អឺរ៉ុប ក្នុង​មួយឆ្នាំៗ ដបប្លាស្ទីក ប្រមាណ ៤៦ពាន់​លាន​ដប ត្រូវ​បាន​គេ​បោះចោល នៅក្រោយ ប្រើប្រាស់​តែម្តង។ កន្ទុយបារី​មាន​ដល់ទៅ ៥៨០ពាន់​លាន។ សំបក​វេចខ្ចប់​អាហារ ដែល​ធ្វើ​ពី​ប្លាស្ទីក​មាន​ប្រមាណ ២ពាន់ ៥រយលាន ចំណែក​កែវប្លាស្ទីក​ដែល​គេប្រើតែមួយម្តង​រួចបោះចោល មាន​ដល់​ទៅ ១៦ពាន់លាន។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ទុយោ​បំពង់បឺត​ជាង ៣៦ពាន់​លាន​ដែល​គេ​ប្រើតែម្តង រួចបោះចោល​នោះទេ។ កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​វិញ​បាន​រកឃើញថា នៅក្នុង​មួយឆ្នាំៗ ដបប្លាស្ទីក សំបកវេចខ្ចប់ និង​សំរាម​ប្លាស្ទីក​ផ្សេងទៀត សរុប ៨លាន​តោន ត្រូវ​បាន​គេ​បោះចោល​ទៅក្នុង​ទឹកសមុទ្រ។ សំរាម​ប្លាស្ទីក​មិនត្រឹម​តែ​គ្រោះថ្នាក់ សម្លាប់​សត្វ​ក្នុងសមុទ្រ​តែប៉ុណ្ណោះទេ ប៉ុន្តែ សារធាតុ​ពុល របស់​វា​បាន​លេច​មុខ​ផងដែរ នៅក្នុង ​ចំណីអាហារ​របស់​មនុស្ស។

នៅក្នុង​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប គេ​បាន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​របស់​សមាជិក​ទាំង​២៨​របស់​សហភាពអឺរ៉ុប​រើសប្រមូល​មកវិញ សំបកដប​ប្លាស្ទីក ដែល​គេ​បោះចោល ឲ្យ​បាន​ដល់​ចំនួន​៩០ភាគរយ ចាប់តាំង​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៥។ តាម​គម្រោង វិធានការ​តាមប្រមាញ់​ប្លាស្ទីក​របស់​គណៈកម្មការ​អឺរ៉ុប​នឹង​ត្រូវ​ឆ្លង​ការបោះឆ្នោត​គាំទ្រ​ពី​ សភា​អឺរ៉ុប ជាមុន​សិន មុន​នឹង​អនុម័ត​ចុងក្រោយ​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​មុន​ការបោះឆ្នោត​សភា​អឺរ៉ុប​នៅ​ខែ ឧសភា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI