អានតួអត្ថបទ
បែលហ្ស៊ិក

បែលហ្ស៊ិក៖​បុរស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ៣នាក់ មុន​នឹង​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​វិញ

នៅ​បែលហ្ស៊ិក ​បុរស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ៣នាក់ មុន​នឹង​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​វិញ
នៅ​បែលហ្ស៊ិក ​បុរស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ៣នាក់ មុន​នឹង​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​វិញ REUTERS/Francois Lenoir
១៥ នាទី

នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក មាន​ព្រឹត្តិការណ៍​បាញ់ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៩ ឧសភា​ក្នុង​ទីក្រុង Liège។ បុរស​ម្នាក់​បាន​សម្លាប់​មនុស្ស ៣នាក់ ក្នុង​នោះ​មាន​ស្រ្តីប៉ូលិស ២នាក់ និង​ស្រ្តីស៊ីវិល​ម្នាក់ រួច​បាន​ចាប់​មនុស្ស​ម្នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង។ ក្រុម​ប៉ូលិស​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ រួម​ក៏​បាន​បាញ់​សម្លាប់​រូប​បុរស​នោះ។ សំណុំរឿង​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ចៅក្រម​ស៊ើបអង្កេត​ផ្នែក​ប្រឆាំង​ភេរវនិយម។ ព្រះរាជអាជ្ញា​ទីក្រុង Liège លោក Philippe Dulieu បាន​ចាត់​ទុក​ទង្វើ​របស់​ជនដៃ​ថា​ជា​ទង្វើ​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​មួយ​នេះ​បាន​មាន​ឡើង​នៅ​វេលា​ម៉ោង​ជិត ១០ និង ៣០នាទី ម៉ោង​ក្នុង​ប្រទេស​បែលហ្ស៊ិក​ក្នុង​ថ្ងៃ​អង្គារ ទី២៩ ឧសភា។ មុន​ដំបូង បុរសជនដៃ​ដល់បាន​ប្រើ​កាំបិត​ដេញ​ចាក់​ប៉ូលិសស្រ្តី​ចំនួន​ពីរ​នាក់​ពី​ក្រោយ​ខ្នង។ បន្ទាប់​មក រូប​បុរសខ្មាន់កាំបិត​នោះ​ក៏​បាន​ហក់​ទៅ​ដណ្តើម​អាវុធ​ពី​ប៉ូលិសស្រ្តី​ទាំង​ពីរ រួច​បាញ់​សម្លាប់​ចោល​តែ​ម្តង។ បន្ទាប់​មក​ទៀត បុរស​រូប​នេះ​ដដែល​ក៏​បាន​ដើរ​សំដៅ​ទៅ​កាន់​រថយន្ត​មួយ​ដែល​ចត​តាម​ផ្លូវ ហើយ​ក៏​លើក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​បុរសវ័យក្មេង​អាយុ ២២ឆ្នាំ​ស្ថិត​ក្នុង​រថយន្ត​នោះ។ ក្រោយ​មក​ទៀត បុរសខ្មាន់កាំភ្លើង​រូប​នេះ​ដដែល​ក៏​បាន​រត់​គេច​ខ្លួន​ទៅ​ពួន​ក្នុង​វិទ្យាល័យ​មួយ ហើយ​បាន​ចាប់​ស្រ្តី​អ្នក​បោសសំអាត​ម្នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង។

នៅ​ពេល​ដែល​កម្លាំង​ប៉ូលិស​ចុះ​អន្តរាគមន៍​ក្បែរ​វិទ្យាល័យ​នោះ បុរសខ្មាន់​កាំភ្លើង​ក៏​បាន​ចេញ​ក្រៅ​ដើម្បី​ធ្វើ​ការ​បាញ់​ត​ទល់​នឹង​ប៉ូលិស​ដោយ​បណ្តាល​ឲ្យ​របួស​ប៉ូលិស​ជា​ច្រើន​នាក់ មុន​នឹង​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។ ចំណែក​នៅ​ក្នុង​វិទ្យាល័យ សិស្ស​សាលា​ទាំង​អស់​ត្រូវ​បាន​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព ហើយ​គ្មាន​សិស្សសាលា​ណា​ម្នាក់​រងរបួស​ទេ។ ការ​ស៊ើបអង្កេត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមចៅក្រម​ផ្នែក​ប្រឆាំង​ភេរវនិយម។ តាម​ព្រះរាជអាជ្ញា​ទីក្រុង Liège នេះ​ជា​ទង្វើ​ភេរវនិយម។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​បែលហ្ស៊ិក Charles Michel បាន​ចាត់​ទុក​ជា​ទង្វើ​ដ៏​កំសាក និង​ឆ្កួតលីលា។

ទាក់ទង​នឹង​បុរស​ជនដៃដល់​ត្រូវ​បាន​រដ្ឋអំណាច​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ដែល​មាន​ឈ្មោះ Benjamin Herman មាន​អាយុ ៣៦ឆ្នាំ កើត​ក្នុង​ប្រទេស​បែលហ្ស៊ិក និង​ជា​អ្នករស់នៅ​ក្នុង​ទីក្រុង Liège នោះ​ឯង។ តែ​អ្វី​ដែល​កំពុង​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ខ្លាំង​ពេល​នេះ​គឺ​ថា ជន Benjamin Herman ជា​អ្នកទោស​ក្នុង​បទ​ល្មើស​ជា​ច្រើន រួម​ទាំង​ទោស​រត់ពន្ធគ្រឿងញៀន ហើយ​ទើប​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ស្ថិត​ក្រោម​ការ​តាមដាន​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ ឧសភា ពោល​មួយ​ថ្ងៃ​មុន​ជន​រូប​នេះ​ធ្វើ​សកម្មភាព​ភេរវនិយម។ តាម​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​ដោយ​កាសែត​នៅ​បែលហ្សិក​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​ប្រែ​ខ្លួន​ទៅ​ជា​អ្នក​ជ្រុលនិយម​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ