ប្លាស្ទិក និងបរិស្ថាន៖ ឧស្សាហកម្មផលិតប្លាស្ទិកកើនឡើង នៅឆ្នាំ២០១៧
ចុះផ្សាយនៅថ្ងៃ៖
ការផលិតប្លាស្ទិកនៅទូទាំងពិភពលោក បានកើនឡើង ខ្ពស់ នៅឆ្នាំ ២០១៧។ តាមសហព័ន្ធប្លាស្ទីក អឺរ៉ុប គេបានផលិត ប្លាស្ទិក ៣៤៨លានតោន នៅឆ្នាំ ២០១៧ គឺកើនឡើងប្រមាណ ៣,៩%។ ឧស្សាហកម្ម ផលិតប្លាស្ទិកមានសុខភាពល្អ ក្នុងខណៈពេលដែលផលិតធ្វើពីប្លាស្ទិកកំពុងក្លាយជាផ្ទាំងស៊ីប ត្រូវអ្នកបរិស្ថាន ចាត់ទុកថា ជាគ្រោះថ្នាក់សម្លាប់ជីវិតសត្វសមុទ្រ និងសុខភាពរបស់មនុស្ស។
នៅក្នុងសន្និសីទកាសែត នៅថ្ងៃម្សិលមិញ សហព័ន្ធប្លាស្ទីកអឺរ៉ុបបានបង្ហាញពីលទ្ធផលជាទីមោទភាពនៃផលិតកម្មប្លាស្ទិក ក្នុងឆ្នាំ ២០១៧។ ជារួម ការផលិតប្លាស្ទិកបានកើនឡើង ដោយមកពីតម្រូវការប្លាស្ទិកនៅតែមានច្រើន នៅក្នុងវិស័យធំពីរ គឺ វិស័យផលិតយានយន្ត និងរោងចក្រផលិតគ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក។ តាមប្រធានផ្នែកបច្ចេកទេស និងច្បាប់របស់សហព័ន្ធប្លាស្ទិក នៅអឺរ៉ុប លោក Hervé Miller នៅឆ្នាំ ២០១៧ តម្រូវការប្លាស្ទិក សម្រាប់ការវេចខ្ចប់ ដែលតំណាងឲ្យ៤០%នៃផលិតផលប្លាស្ទិកសរុប បានកើនឡើងផងដែរ នៅអឺរ៉ុប។
២០១៧ ជាឆ្នាំប្រសើរសម្រាប់ឧស្សាហកម្មប្លាស្ទិក ប៉ុន្តែ សម្រាប់អ្នកតំណាងសហព័ន្ធប្លាស្ទិកអឺរ៉ុប ផ្ទុយទៅវិញ ឧស្សាហកម្មប្លាស្ទិក នៅត្រីមាសទី១ ឆ្នាំ ២០១៨ បានបង្ហាញសញ្ញាមិនសូវជាល្អប៉ុន្មាន ពោលគឺថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនផលិតប្លាស្ទិកព្រួយបារម្ភថា យុទ្ធនាការ និងនយោបាយបំផុសឲ្យឈប់ប្រើប្លាស្ទិក របស់គណៈកម្មការអឺរ៉ុបនឹងអាចធ្វើឲ្យឧស្សាហកម្មប្លាស្ទិកពិភពលោក ខាតបង់ ជាង ៣ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនធ្វើជំនួញលើប្លាស្ទិករិះគន់ផងដែរ ចំណាត់ការរបស់គណៈកម្មការអឺរ៉ុបដែលគ្រោងនឹងបង្កើនពន្ធលើផលិតផលប្លាស្ទិក ដែលគេមិនអាចកែច្នៃប្រើប្រាស់ឡើងវិញ នោះ ដើម្បីយកទៅបំពេញកេសថវិកាអឺរ៉ុប។
សូមអាន៖ គណៈកម្មការអឺរ៉ុបចាត់វិធានការតាមប្រមាញ់វត្ថុធ្វើពីប្លាស្ទីក
គណៈកម្មការអឺរ៉ុប នៅពេលថ្មីៗនេះ បានស្នើបទបញ្ជាថ្មី ទាក់ទងនឹងការប្រើប្រាស់ប្លាស្ទិក នៅក្នុងដែនដីអឺរ៉ុប។ ច្បាប់ស្នើឡើងដោយគណៈកម្មការអឺរ៉ុប ដែលសភាអឺរ៉ុបគ្រោងនឹងបោះឆ្នោត នៅចុងឆ្នាំនេះ មានគោលដៅ ហាមឃាត់ ការលក់ផលិតផលធ្វើពីប្លាស្ទិក ដែលគេអាចប្រើប្រាស់បានតែម្តង រួចបោះចោល ដូចជាបំពង់បឺត ដងត្បាល់ត្រចៀក ចាន ពែងប្លាស្ទិក បន្ទាប់ពីមានរបាយការណ៍ជាច្រើនបង្ហាញថា សម្រាមប្លាស្ទិកកំពុងគំរាមកំហែងចំណីអាហារ សុខភាព របស់មនុស្ស និងសម្លាប់ជីវិតសត្វក្នុងសមុទ្រ។
សម្រាប់សហព័ន្ធ ប្លាស្ទិក បញ្ហាបរិស្ថានមិនមែនបណ្តាលមកពីប្លាស្ទិក ទេ ប៉ុន្តែ គឺមកពីអ្នកប្រើប្រាស់ប្លាស្ទិក ដែលចោលសម្រាមប្លាស្ទិក ផ្តេសផ្តាស ហើយនិងការខ្វះខាតមធ្យោបាយ សម្រាប់ប្រមូល និងកែច្នៃឡើងវិញ វត្ថុធ្វើពីប្លាស្ទិកតែម្តង។ សហភាពអឺរ៉ុបគ្រោងនឹងប្រមូលកែច្នៃ ឡើងវិញ សម្រាមប្លាស្ទិក ឲ្យបាន១០លាននៅឆ្នាំ ២០២៥ គឺច្រើនជាង ឆ្នាំ ២០១៧ ដែលមានប្រមាណ ៣,៨លានតោន។ ដើម្បីអាចសម្រេចគោលដៅនេះ គេត្រូវបោះទុនវិនិយោគច្រើនជាងមុន ទៅលើសមត្ថភាពកែច្នៃសម្រាមប្លាស្ទិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ