ជំនួបកំពូលជាលើកទីមួយរវាងលោក ដូណាល់ ត្រាំ និងលោកពូទីន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទទី ១៦ កក្កដា ២០១៨នេះ ក្រុងហែលសិនគី បានក្លាយជាម្ចាស់ផ្ទះទទួលរៀបចំជំនួបកំពូលដ៏សំខាន់មួយ នោះគឺជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាដេមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជាជំនួបដែលមានតម្លៃការទូតដ៏សំខាន់បំផុតផង ប៉ុន្តែក៏គួរឱ្យខ្វល់ខ្វាយ និងគួរឱ្យព្រួយបារម្ភខ្លាំងបំផុតផង។ នេះជាជំនួបកំពូលផ្លូវការ មួយទល់នឹងមួយ ជាលើកមួយ បន្ទាប់ពីអាក់ខានអស់រយៈពេល៨ឆ្នាំ។ សម្រាប់ភាគីទាំងពីរ គ្មាននរណាសង្ឃឹមលើលទ្ធផលនៃជំនួបនេះឡើយ។
លោកពូទីនបានជ្រើសរើស បើកជំនួបកំពូលជាមួយលោក ដូណាល់ ត្រាំ នៅហែលសិនគី ប្រទេសហ្វាំងឡង់។ មិនមែនជាការចៃដន្យទេ ! តែជាជម្រើសប្រកបដោយនិម្មិត្តរូប រំលឹកដល់សម័យសង្គ្រាមត្រជាក់ ! ដែលកាលណោះ ហ្វាំងឡង់ ជាតំណាងនៃទំនាក់ទំនងអន្តរជាតិ អព្យាក្រិត្យ។ ហ្វាំងឡង់ មានព្រំដែនជាប់ជាមួយអតីតសហភាពសូវៀត ដល់ទៅ ១៣០០គីឡូម៉ែត្រ បច្ចុប្បន្ននេះ ជាសមាជិកសហភាពអឺរ៉ុប ស្និទ្ធនឹងអង្គការអូតង់។
រដ្ឋធានីហែលសិនគី របស់ហ្វាំងឡង់ជាទីកន្លែងដែលបណ្តាប្រទេសនៅអឺរ៉ុប ខាងលិចនិងខាងកើតបូកទាំងសហរដ្ឋអាមេរិក កាណាដាផង រួមគ្នាជាធ្លុងមួយ ចុះកិច្ចព្រមព្រៀង ថ្ងៃទី ១ សីហា ១៩៧៥ ស្របតាមសំណើរបស់សហភាពសូវៀត បញ្ចប់ភាពប្រេះឆាពុះចែកអឺរ៉ុប និងកំណត់ព្រំដែនក្រោយសង្គ្រាមលោកលើកទីពីរ (១៩៤៥)។ តែក៏ជាពេលវេលានៃការចាប់ផ្តើមរបេះរដ្ឋជាសមាជិកសហភាពសូវៀត។ ជំនួបចរចាចុងក្រោយរវាងប្រធានាធិបតីរុស្ស៊ីលោក Mikhaïl Gorbatchev និងអាមេរិកលោក George Bush នៅឆ្នាំ១៩៩០ ក៏បានប្រព្រឹត្តទៅនៅទីក្រុងហែលសិនគីនេះដែរ។ ក្រោយជំនួបនេះតែមួយឆ្នាំសហភាពសូវៀតក៏រលំ នៅសល់តែរុស្ស៊ី រហូតមកទល់សព្វថ្ងៃ។
ប្រវត្តិសាស្ត្រនេះអាចចាត់ទុកថាជាបរាជ័យរបស់ម៉ូស្គូ ដោយហេតុតែបណ្តាប្រទេសនៅអឺរ៉ុបខាងលិច ចេះរួមរួមគ្នា។ នៅថ្ងៃនេះ លោកពូទីន ទំនងជាចង់ល្បងភ្នាល់និងឆ្លៀតឱកាសនៃភាពភាពប្រេះឆារបស់ក្រុមប្រទេសលោកខាងលិច បង្កឡើងដោយលោកត្រាំ ទើបជ្រើសរើសជួបគ្នានៅទីក្រុងហែលសិនគីនេះ ក្រែងអាចសងសឹកវិញបាន។
ជំនួបកំពូលបើកផ្លូវ
ប៉ុន្តែជំនួបកំពូលថ្ងៃនេះប្រព្រឹត្តទៅក្នុងបរិបទដ៏តានតឹងបំផុត។ ទំនាក់ទំនងរុស្ស៊ីអាមេរិក ធ្លាក់ដុនដាបខ្លាំងណាស់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយហេតុតែជំហរនយោបាយផ្ទុយគ្នាខ្លាំង ក្នុងសំណុំរឿងអន្តរជាតិជាច្រើន ដូចជា វិបត្តិស៊ីរី នុយក្លេអ៊ែរអ៊ីរ៉ង់ ទណ្ឌកម្មលើរុស្ស៊ីបន្ទាប់ពីការក្រសោបយកទឹកដីគ្រីមេ ... និងកាន់តែដុនដាបថែមទៀត តាំងពីក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយវ៉ាស៊ីនតោន ចោទរុស្ស៊ីបានលួចចូលជ្រៀតជ្រែក។ ម្យ៉ាងវិញទៀត កាលពីពីរបីថ្ងៃមុននេះ រដ្ឋអាជ្ញាពិសេសអាមេរិកទើបតែបានធ្វើការចោទប្រកាន់មន្ត្រីចារកិច្ចរុស្ស៊ី ជាផ្លូវការពីបទលួចទិន្នន័យរបស់បក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។ សំណុំរឿងបំពុលអតីតចារកិច្ចរុស្ស៊ីនៅក្រុងឡុងដ៍កាលពីដើមឆ្នាំ២០១៨ ក៏បានមកជាន់ពន្លិចបន្ថែមទំនាក់ទំនងរុស្ស៊ីអាមេរិក ឱ្យកាន់តែអាប់អួរ ដល់ថ្នាក់បណ្តេញអ្នកតំណាងការទូតគ្នាទៅវិញមក ដោយសារតែអាមេរិកបានបង្ហាញសាមគ្គីភាពជាមួយអង់គ្លេស។
និយាយដោយចំ គឺរុស្ស៊ីនិងអាមេរិកមានទំនាក់ទំនងធ្លាប់ស្ទើរដល់បាត មិនធ្លាប់មានពីមុនមកទេ ! សូម្បីតែក្នុងសម័យសង្គ្រាមត្រជាក់ ក៏ទំនាក់ទំនងមិនដាច់គ្នាខ្លាំងដូចពេលនេះដែរ។ ដូច្នេះជំនួបថ្ងៃនេះ មិនមែនមានន័យថា ជាជំនួប ភ្ជាប់ទំនាក់ទំនងជាភារៈរវាងអាមេរិកនិងរុស្ស៊ីទេ។ តែជាការចាប់ផ្តើម !
លោក ត្រាំ សម័យចង់ឃើញមានជំនួបជាមួយលោកពូទីននេះតាំងពីយូរមកហើយ ដោយថែមទាំងធ្លាប់បង្ហាញសុទិដ្ឋនិយម ថានឹងធ្វើឱ្យមានភាពប្រសើរជាមួយលោកពូទីន។ លោកបានព្រលយមាត់ថានឹងថានឹងទៅជជែកជាមួយលោកពូទីន អំពីស្ថានភាពស៊ីរី ស្ថានភាពអ៊ុយក្រែន ការត្រួតពនិត្យអាវុធនុយក្លេអ៊ែរ ឬបញ្ហារុស្ស៊ីលួចជ្រៀតជ្រែកការបោះឆ្នោតអាមេរិក។
ប៉ុន្តែ មើលទៅការពិភាក្សាគ្នាទំនងជាមិនទៅមុខទេ ! ទាំងខាងលោកត្រាំ ក៏ដូចជាលោកពូទីន។ នៅល្ងាចមិញ លោកត្រាំបានទទួលស្គាល់ថា លោកមិនរង់ចាំលទ្ធផលនេះជំនួបនេះទេ និងបានឆ្លើយប្រាប់អ្នកសារព័ត៌មានថា លោកពូទីនមិនមែនជាសត្រូវ ថ្ងៃណាមួយលោកនឹងអាចក្លាយទៅជាមិត្ត។ ចំណែកខាង លោកពូទីន វិញ ក៏ត្រូវការមានជំនួបនេះ ដើម្បីបានឡើងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ប៉ុន្តែប្រភពរុស្ស៊ីយល់ថា ជំនួបនេះទំនងជាមិនអាចសម្រេចជាសេចក្តីថ្លែងការណ៍រួមនឹងគ្នាបានផង។
ដៃគូអាមេរិក ព្រួយទុកមុន
អ្នកវិភាគជាច្រើន សង្ស័យថាជំនួបថ្ងៃនេះ ជាឱកាសកំណត់ដែននៃឥទ្ធិពល បានន័យថាលោកត្រាំ និងលោក ពូទីន អាចត្រូវរ៉ូវគ្នាលើប្រធានបទមួយចំនួន នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសខ្លាំង ដូចជា វត្តមានរបស់ទាហានអ៊ីរ៉ង់ នៅស៊ីរីជាប់ព្រំប្រទល់អ៊ីស្រាអែល... ជំហររបស់លោកត្រាំ ចង់ដាក់អ៊ីរ៉ង់ឱ្យឯកាបំផុត អាចនឹងជំរុញលោកត្រាំឱ្យងាកទៅចងសម្ព័ន្ធមេត្រីជាមួយរុស្ស៊ី ក្រោមសម្ពាធប៉ោងតឹងរបស់អឺរ៉ុប ជាមិត្តចាស់។ ក្នុងសំណុំរឿងស៊ីរី លោកត្រាំ ប្រហែលមិនដល់ថ្នាក់ព្រមព្រៀងអ្វីជាមួយលោក ពូទីន ជាសាធារណៈទេ តែបើមានអ្វីប្រសើរឡើង គឺលោកពូទីនច្បាស់ជាស្ថិតក្នុងជំហរខ្លាំងជាងហើយ។
ចំពោះបញ្ហាគ្រីមេ លោកត្រាំមិនអាចក្រឡាប់ចាក់ស្ថានការណ៍ទៅទទួលស្គាល់ទង្វើរុស្ស៊ីមែន ប៉ុន្តែក្នុងនាមជាមនុស្សមិនសូវខ្វល់នឹងច្បាប់អន្តរជាតិនោះ លោកត្រាំទំនងជាអាចបន្ទន់កាយវិការបន្តិចបន្តួចទាក់ចិត្តលោកពូទីន។ អញ្ចឹងហើយបានជាសហភាពអឺរ៉ុប អត់ព្រួយមិនបាននោះ។ នៅមានសំណុំរឿងមួយទៀត ដែលសម្ព័ន្ធមិត្តជាមហាអំណាចនៅអឺរ៉ុប ហាក់ផ្តោតការព្រួយបារម្ភ នោះ គឺការបញ្ឈប់ការធ្វើសមយុទ្ធនៅសមុទ្ទបាល់ទិក។ សមយុទ្ធជាទម្លាប់ រៀងរាល់ពីរឆ្នាំម្តង តាំងពីឆ្នាំ១៩៧០។
លោកដូណាល់ត្រាំ ទំនងជាអាចលើបញ្ហាសមយុទ្ធនេះទៅជជែកជាមួយលោក ពូទីន ព្រោះកាលពីខែមុន ដោយគ្មានព្រៀងទុក លោក ដូណាល់ត្រាំ បានសន្យាជាមួយលោក គីម ជុងអ៊ុន នៅពេលជួបគ្នាមួយទល់នឹងមួយ ផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូង។ តើអាមេរិករបស់លោកត្រាំ នឹងធ្វើដូចគ្នាចំពោះអឺរ៉ុប ឬយ៉ាងណា ? បើលោកត្រាំទើបតែគំរាមកំហែងដើរចេញពីអូតង់ថ្មីៗនេះផងនោះ។ ជាទស្សនវិស័យមួយ ដែលអឺរ៉ុបត្រូវតែគិតខ្វល់ខ្វាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ