ONUSIDA៖អ្នកមានមេរោគអេដស៍ ៦០% ទទួលបានថ្នាំពន្យារជីវិត តែកង្វះថវិកាបន្តចោទជាបញ្ហា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃពុធ ទី១៨ កក្កដា អង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ដែលហៅកាត់ជាភាសាបារាំង ONUSIDA បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ ជារបាយការណ៍ស្តីពីស្ថានភាពនៃជំងឺអេដស៍នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០១៧ កន្លងទៅ។ តាមរបាយការណ៍ អ្នកមានមេរោគអេដស៍ចំនួន ៦០% អាចទទួលបានថ្នាំពន្យារជីវិត ពោលមានជិត ៣នាក់ក្នុងចំណោម ៥នាក់។ នេះជាអត្រាមួយដ៏ខ្ពស់មិនធ្លាប់មានទេ។ តែទន្ទឹមគ្នានេះ ONUSIDA ក៏បានទាញសញ្ញាអាសន្នពីកង្វះថវិកានៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងបានអំពាវនាវឲ្យពិភពលោកពួតដៃគ្នាបន្ថែមទៀតដើម្បីសម្រេចឲ្យបាននូវកម្មវត្ថុឆ្នាំ ២០២០។
បើយកឆ្នាំ ២០១៦ ធ្វើជាការប្រៀបធៀបគេសង្កេតឃើញថា អ្នកមានមេរោគអេដស៍ក្នុងខ្លួនមានចំនួន ៣៦ ៩០០ ០០០នាក់ក្នុងឆ្នាំ ២០១៧ ពោលលើសឆ្នាំ ២០១៦ ដែលមាន ៣៦ ៣០០ ០០០នាក់។ តែបើនិយាយពីអ្នកដែលបានទទួលថ្នាំពន្យារជីវិតវិញ មានចំនួន ២១ ៧០០ ០០០នាក់ក្នុងឆ្នាំ ២០១៧ ពោលច្រើនជាងឆ្នាំ ២០១៦ ដែលមាន ១៩ ៤០០ ០០០នាក់។ ទោះបីជាមានកំណើនអ្នកទទួលបានថ្នាំពន្យារជីវិតក៏ដោយ ក៏ចំនួនអ្នកស្លាប់នៅតែមានអត្រាខ្ពស់ដដែល ពោលស្លាប់ ៩៤០ ០០០នាក់ក្នុងឆ្នាំ ២០១៧ ទល់នឹង ៩៩០ ០០០នាក់ក្នុងឆ្នាំ ២០១៦។ ចំណែកចំនួនអ្នកឆ្លងថ្មីដោយមេរោគអេដស៍ក្នុងឆ្នាំ ២០១៧ ហាក់នៅថេរបើធៀបនឹងឆ្នាំ ២០១៦ ពោលក្នុងរង្វង់ ១ ៨០០ ០០០នាក់ ហើយមានប្រមាណជា ៥០ប្រទេសដែលបានស្គាល់អត្រាកំណើនខ្លាំងជាងគេ។
តែរបាយការណ៍របស់ ONUSIDA បានកត់សម្គាល់ឃើញថា អត្រាអ្នកឆ្លងថ្មីដោយមេរោគអេដស៍បានធ្លាក់ចុះខ្លាំងនៅក្នុងតំបន់ដែលបានរងគ្រោះដោយមេរោគអេដស៍ខ្លាំងជាងគេ។ ជាក់ស្តែងនៅតំបន់អាហ្រ្វិកខាងកើត និងអាហ្រ្វិកខាងត្បូង អត្រាអ្នកឆ្លងថ្មីដោយមេរោគអេដស៍បានធ្លាក់ចុះចំនួន ៣០% គិតតាំងពីឆ្នាំ ២០១០។ ចំណែកតំបន់ដែលមិនសូវរងគ្រោះដោយមេរោគអេដស៍ ពិសេសអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលបែរជាស្គាល់អត្រាអ្នកឆ្លងថ្មីប្រចាំឆ្នាំកើនទ្វេដងទៅវិញ។ នៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ចំនួនអ្នកឆ្លងថ្មីដោយមេរោគអេដស៍បានកើនជាង ១ភាគ៤ គិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
មានការងារជាច្រើនដែលត្រូវធ្វើដើម្បីអាចសម្រេចបានកម្មវត្ថុឆ្នាំ ២០២០
ទោះបីជាការវិវត្តក្នុងផ្លូវវិជ្ជមានស្តីពីការទប់ស្កាត់ការឆ្លងថ្មីដោយមេរោគអេដស៍ និងកំណើននៃការទទួលបានថ្នាំពន្យារជីវិតក៏ដោយ ក៏កម្មវត្ថុឆ្នាំ ២០២០ ហាក់នៅឆ្ងាយនៅឡើយ។ បើធៀបនឹង ១០ ឬ ២០ឆ្នាំមុន ចំនួនមនុស្សស្លាប់ដោយមេរោគអេដស៍ និងចំនួនមនុស្សឆ្លងថ្មីដោយមេរោគអេដស៍បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងឆ្នាំ ២០០៥ ចំនួនអ្នកស្លាប់ដោយមេរោគអេដស៍នៅទូទាំងពិភពលោកមានដល់ទៅ ១ ៩០០ ០០០នាក់។ ១៣ឆ្នាំក្រោយមក ពោលឆ្នាំ ២០១៧ ចំនួនអ្នកស្លាប់បានធ្លាក់ចុះជាងពាក់កណ្តាល ពោលមាន៩៤០ ០០០នាក់។ តែកម្មវត្ថុរបស់ ONUSIDA សម្រាប់ឆ្នាំ ២០២០ គឺបញ្ចុះចំនួនអ្នកស្លាប់ដោយមេរោគអេដស៍ឲ្យនៅក្រោម ៥០០ ០០០នាក់ក្នុង ១ឆ្នាំ។
ក្នុងឆ្នាំ ២០០៥ ដដែល មានអ្នកផ្ទុកមេរោគអេដស៍ក្នុងខ្លួន ២លាននាក់គត់ក្នុងចំណោម ៣០លាននាក់ដែលទទួលបានថ្នាំពន្យារជីវិត។ ចំណែកក្នុងឆ្នាំ ២០១៧ មានដល់ទៅ ២១ ៧០០ ០០០នាក់ក្នុងចំណោមអ្នកមានមេរោគអេដស៍ចំនួនតែ ៣៦ ៩០០ ០០០នាក់ប៉ុណ្ណោះ។ និយាយពីចំនួនអ្នកឆ្លងថ្មីដោយមេរោគអេដស៍វិញ ទោះបីជាជាង ២០ឆ្នាំកន្លងទៅ គឺពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៧ មានការធ្លាក់ចុះជិតពាក់កណ្តាលពី ៣ ៤០០ ០០០នាក់មកនៅ ១ ៨០០ ០០០នាក់ក៏ដោយ ក៏កម្មវត្ថុរបស់ ONUSIDA សម្រាប់ឆ្នាំ ២០២០ គឺបញ្ចុះចំនួនអ្នកឆ្លងថ្មីដោយមេរោគអេដស៍ឲ្យនៅក្រោម ៥០០ ០០០នាក់ក្នុង ១ឆ្នាំ។
ទន្ទឹមគ្នានេះ ក្តីកង្វល់ និងក្តីបារម្ភរបស់ ONUSIDA គឺទាក់ទងនឹងភាពរើសអើងនៅក្នុងសង្គមក៏ដូចជាភាពរើសអើងក្នុងការទទួលបានថ្នាំពន្យារជីវិត ពិសេសនៅតំបន់អាហ្រ្វិករវាងអ្នកមានមេរោគអេដស៍ជាកូនក្មេង និងអ្នកមានមេរោគអេដស៍ជាមនុស្សធំ។ ជារួម អត្រាអ្នកផ្ទុកមេរោគអេដស៍ជាមនុស្សធំបានទទួលថ្នាំពន្យារជីវិត ២ដងច្រើនជាងអ្នកផ្ទុកមេរោគអេដស៍ជាកូនក្មេង។ បន្ទាប់មក ការរើសអើងក្នុងសង្គមដែលអ្នកផ្ទុកមេរោគអេដស៍ត្រូវបានសង្គមមើលងាយ មិនយកចិត្តទុក មិនរាប់រក និងពេលខ្លះក៏បានបង្ខំខ្លួនឯងឲ្យនៅដាច់ឆ្ងាយពីគេឯងទៀតផង។
ONUSIDA ខ្វះលុយ ៧ ០០០លានដុល្លារ
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍បានទាញសញ្ញាអាសន្នពីស្ថានភាពផុយស្រួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ អ្វីដែលជាការទាមទារដោយទទូចរបស់ ONUSIDA គឺលុយ និងការរួមចំណែកឲ្យបានសកម្មជាងនេះរបស់ប្រទេសនីមួយៗ។ ចូរកុំភ្លេចថា បញ្ហាជំងឺអេដស៍ជាបញ្ហាសុខភាពរបស់ពិភពលោកទាំងមូល ពោលមិនមែនជាបញ្ហាផ្តាច់មុខរបស់ប្រទេសណាមួយឡើយ។ ដើម្បីអាចសម្រេចកម្មវត្ថុឆ្នាំ ២០២០ បាន ចំណាត់ការរបស់ ONUSIDA តែមួយគឺមិនគ្រប់គ្រាន់ទេ ពោលត្រូវការឲ្យមានការរួមសហការណ៍ពីគ្រប់ប្រទេសទាំងអស់ក្នុងលោក រួមទាំងវិធានការផ្ទៃក្នុងរបស់ប្រទេសនីមួយៗផង។
ONUSIDA បានបញ្ជាក់ពីកង្វះថវិកាចំនួន ៧ ០០០លានដុល្លារដើម្បីអាចសម្រេចបាននូវកម្មវត្ថុឆ្នាំ ២០២០ ឲ្យបាន ១០០%។ តាមរបាយការណ៍ ទឹកប្រាក់ដែល ONUSIDA ទទួលបានក្នុងឆ្នាំ ២០១៧ មានប្រមាណ ២០ ៦០០លានដុល្លារ ពោលកើនប្រមាណជា ៨% បើធៀបនឹងឆ្នាំ ២០១៦។ ក៏ប៉ុន្តែ ទឹកប្រាក់នេះតំណាងឲ្យតែ ៨០% ប៉ុណ្ណោះនៃកម្មវត្ថុដែលកំណត់ដោយមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០។ អ្វីដែលជាក្តីបារម្ភរបស់ ONUSIDA គឺការកាត់បន្ថយថវិកាពីក្រុមប្រទេសផ្តល់ជំនួយដែលនាំឲ្យមានការកាត់បន្ថយការជួយទំនុកបម្រុងដល់ក្រុមប្រទេសដែលកំពុងរងគ្រោះខ្លាំងដោយមេរោគអេដស៍។ បច្ចុប្បន្ននេះ មានយ៉ាងតិច ៤៤ប្រទេសបានពឹងផ្អែកលើជំនួយអន្តរជាតិដល់ទៅ ៧៥% សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ