លោកCharles Aznavour ម្ចាស់ដើមនៃបទចម្រៀង “ទោះយ៉ាងណា” ជានរណា ?
ជាតារាចម្រៀង តារាសម្តែង និងអ្នកនិពន្ធបទចម្រៀង លោក Charles Aznavour ស្ហាលស៍ អាសណាវួរ ជាអ្នកចម្រៀងបារាំងដ៏ល្បីល្បាញតែម្នាក់គត់ ដែលមានឈ្មោះរន្ទឺនៅលើពិភពលោក។ នៅប្រទេសកម្ពុជា ក្រៅពីអ្នកសិក្សាភាសាបារាំង ដែលធ្លាប់រៀនជួបបទចម្រៀងរបស់លោកអាសណាវួរ ក្នុងសៀវភៅ ពលរដ្ឋខ្មែរពុំសូវស្គាល់ឈ្មោះ និងស្តាប់ចម្រៀងលោកទេ ប៉ុន្តែខ្មែរស្គាល់ច្បាស់បទ "ទោះជាយ៉ាងណា" របស់លោកស៊ីន ស៊ីសាម៉ុត ដែលបកប្រែពីចម្រៀងបារាំង Et pourtant របស់លោក អាស្នាវួរ នេះឯង។ លោកបានទទួលមរណភាព នៅយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ ក្នុងជន្មាយុ៩៤ឆ្នាំ។ បារាំង អាមេរិក អារមេនី ក៏ដូចជាប្រិយមិត្តអ្នកស្តាប់ទូទាំងពិភពលោក នាំគ្នាប្រារព្ធឧទ្ទិសដល់វិញ្ញណក្ខន្ធលោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជានិម្មិត្តរូប និងជាសរសរទ្រូងនៃសិល្បៈចម្រៀងបារាំង លោក អាសណាវួរ បានតែងបទចម្រៀងសរុប១៣០០បទ ច្រៀង១៤០០បទ សម្តែងតួក្នុងភាពយន្ត៦០រឿង និងលក់ថាសចម្រៀងបានជាង ១៨០លាន និងអាចតែងច្រៀងជា៦ភាសា។ បទចម្រៀងរបស់លោក ត្រូវបានបកប្រែជាភាសាបរទេសដ៏ច្រើន ក្នុងនោះមានមួយបទ ជាភាសាខ្មែរ ដែលមានចំណងជើងថា “ទោះយ៉ាងណា” បកពីបទដើម “Et Pourtant”។
កើតនៅថ្ងៃទី ២២ ឧសភា ១៩២៤ នៅទីក្រុងប៉ារីស ពីឪពុកម្តាយជាតិអារមេនី លោក Charles Aznavour បានបញ្ចប់ការសិក្សាក្នុងវ័យ៩ឆ្នាំ ដើម្បីជួយសម្រួលជីវភាពគ្រួសារ និងបានចាប់ផ្តើមចូលលេងល្ខោន លេងកុន ជាតួតូចតាច។ ក្រោយសង្គ្រាមលោកលើកទីពីរ លោកបានចាប់ផ្តើមអាជីពជាសិល្បករ ដោយបានថតចម្រៀងមួយបទដំបូង នៅឆ្នាំ ១៩៤៨និងចាប់ផ្សងព្រេងនៅទ្វីបអាមេរិក កាណាដា។
ក៏ប៉ុន្តែលោកត្រូវរង់ចាំដល់ឆ្នាំ១៩៥៦ នៅពេលលោកឡើងច្រៀងនៅសាលដ៏ធំនៅទីក្រុងប៉ារីស ទើបអាជីពជាអ្នកចម្រៀងរបស់លោក ចាប់មានពន្លឺ។ បួនឆ្នាំក្រោយមកទៀត លោក Charles Aznavour ចាប់ល្បីល្បាញក្លាយជាតារាចម្រៀងជាទីនិយម ជាមួយនឹងបទចម្រៀង Je m’voyais déjà។ Emmenez-moi, La Bohème, Hier encore, Et pourtant, Formidable La mamma ... សុទ្ធសឹងជាបទចម្រៀងដ៏ល្បីល្បាញ ដែលមានអ្នកស្តាប់ច្រើនជាងគេ។
លោក អាសណាវួរ និពន្ធបទចម្រៀងសម្រាប់ច្រៀងខ្លួនឯងផង និងឱ្យតារាល្បីៗផង និងបន្តឡើងឆាកនៅទូទាំងពិភពលោកក្នុងសាលដ៏កិត្យានុភាព នៅញូវយ៉ក នៅតូក្យូជាដើម ។ល។
ក្រៅពីសិល្បៈ លោកសកម្មខ្លាំងដើម្បីបុព្វហេតុអារមេនី ប្រទេសកំណើតរបស់ឪពុកម្តាយលោក។ នៅឆ្នាំ១៩៨៨ នៅពេលប្រទេសអារមេនី រងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ លោកបានតែងនិងច្រៀងបទចម្រៀងមួយបទ មានចំណងជើងថា “សម្រាប់អ្នក” Pour toi, Armenie។ ថវិកាបានពីបទចម្រៀងនេះ ត្រូវក្លាយជាមូលនិធិសម្រាប់ជួយជនរងគ្រោះអារមេនីទាំងអស់។ ក្រោយពីបានទទួលសញ្ជាតិអារមេនី នៅក្នុងវ័យ៨៤ឆ្នាំ លោក អាសណាវួរ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអារមេនីប្រចាំស្វីស។
ក្នុងវ័យ៩១ឆ្នាំ (នៅឆ្នាំ២០១៥) លោក បានថតអាល់ប៊ុមចុងក្រោយ ដែលមានចំណងជើងថា “Encore”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ