ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ចាប់​ពី​ឆ្នាំ១៩៧៥ ឱនភាពថវិកាជាតិ​របស់​រដ្ឋាភិបាល​បារាំង​នៅ​តែ​បន្ត​មាន​វត្តមាន​រហូត​មក​ដល់​សព្វថ្ងៃនេះ ខណៈបំណុលសាធារណៈ​បាន​កើន​រហូត​ជិត​ដល់ ១០០ភាគរយនៃ​​​ផលិត​ផល​ក្នុងស្រុក​សរុប (ផ.ស.ស) នៅត្រីមាសទីពីរឆ្នាំ២០១៨។ តើ​មាន​មូលហេតុអ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​បំណុល​សាធារណៈបារាំងបន្តកើន​ឡើងយ៉ាង​ដូច្នេះ?

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ស្ថានភាពបច្ចុប្បន្ននៃបំណុល​សាធារណៈ​បារាំង​

កាល​ពី២០០៧​ អតីតនាយករដ្ឋមន្ត្រី​បារាំង​លោក François Fillon បាន​ប្រកាសក្ដែងៗ​ថា “រដ្ឋាភិបាល​បារាំង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្ស័យធន ដោយ​ពេល​នោះ​ បំណុល​សាធារណៈ​បាន​កើន​ត្រឹម​តែប្រហែលជិត​​ ៦៥ភាគរយប៉ុណ្ណោះ​ ធៀប​នឹង​​ផលិត​ផល​ក្នុ​ង​ស្រុក​សរុប (ផ.ស.ស) ”។ ក៏ប៉ុន្តែ ប្រមាណ​ជាង​១១ឆ្នាំ​ក្រោយមក បំណុល​សាធារណៈ​បាន​​​កើន​ឡើង​ជិតប្រហែល ១០០ភាគរយ ឬ​គិត​ជា​ទំហំទឹកប្រាក់​ស្មើនឹង​ ២៣០០​ពាន់​លាន​អឺរ៉ូ នៅ​ត្រីមាស​ទីពីរ​ឆ្នាំ២០១៨។ វា​ជា​អត្រាប្រវត្តិសាស្ត្រ​ខ្ពស់បំផុត​​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​៤៣ឆ្នាំ​ចុងក្រោយ គិត​ចាប់​ពី​ឆ្នាំ១៩៧៥។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​ចុង​ក្រោយ​របស់ វិទ្យាស្ថានជាតិ​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច (INSEE)។

លើក​លែង ​តែ​ក្រោម​ការ​ដឹកនាំ​របស់​លោកប្រធានាធិបតី Charles de Gaulle  ឱនភាព​ថវិកា​របស់រដ្ឋបាល​ក្រុងប៉ារីស បាន​បន្ត​មាន​វត្តមានរហូតមក​ដល់ពេល​បច្ចុប្បន្ន ឬ​ការ​ចំណាយ​​សាធារណៈ​ មាន​ទំហំ​ធំ​​ជាង​ចំណូលជាតិ​ដែល​រដ្ឋាភិបាល​អាច​រក​បាន រាប់​តាំង​ពី​​ប្រធានាធិបតីបារាំង លោក Georges Pompidou លោក Valéry Giscard D’estaing លោក François Mitterrand លោក Jacque Chirac លោក Nicolas Sarkozy រហូត​ដល់​លោក​ François Hollande និង​ពេល​បច្ចុប្បន្ន លោក​ Emanuel Macron។

 

មូលហេតុនៃការកើនឡើងបំណុល​

ផ្នែកតាម​អ្នក​សេដ្ឋកិច្ច​បារាំង ការអូសបន្លាយ​អត្រាការប្រាក់​ទាប​បាន​​​លើក​ទឹកចិត្ត​​ឱ្យ​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​រដ្ឋាភិបាល​​ភាគច្រើន​លើ​ពិភពលោក​បង្កើនទំហំ​កម្ចីរបស់​ខ្លួន​លើ​​ទីផ្សារ​ហិរញ្ញវត្ថុ។ បារាំង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុតលើ​ពិភពលោក យោង​តាម​ចំណាត់ថ្នាក់របស់ក្រុម​ភ្នាក់​ងារ​វាយ​តម្លៃហានិភ័យ​ លំដាប់​ស្ដង់ដា​រពិភពលោក ដូចជា Standard & Poor’s Moody’s និង​ Fitch Rating។ នេះ​ជា​មូល​ហេតុ​ចម្បង​មួយដែល​រដ្ឋាភិបាល​បារាំង​អាច​ទទួល​បាន​កម្ចី​ជាមួយ​នឹង​អត្រាការ​ប្រាក់​ទាប​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​។​

ការ​កើន​ឡើង​បំណុល​ក៏​ព្រោះ​ដោយសារ​ ចំណាយ​សាធារណៈរបស់​រដ្ឋាភិបាលបារាំង​បានកើន​ឡើង​ផង​ដែរ។ ការ​ចំណាយ​ទាំង​នោះ ​រួម​មាន​ ការ​ចំណាយ​ថ្នាក់​ជាតិ ការ​ចំណាយ​ថ្នាក់​ក្រោម​ជាតិ និងការ​ចំណាយ​លើ​កិច្ចគាំពារសង្គម តួយ៉ាង លើការអប់រំ ការថែទាំសុខភាពប្រជាជន ប្រាក់​ចូលនិវត្តន៍ ប្រាក់​គាំពារ​គ្រួសារ និង​អ្នក​អត់​ការងារ​ធ្វើ។ នៅប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ ការចំណាយ​​លើ​សេវាកម្​មសាធារណៈ​ទាំង​​នេះ​ចេះ​តែ​បន្តកើន​ឡើង ម៉្យាង​ក៏​ព្រោះ​ដោយសារ​ ប្រជាពលរដ្ឋបារាំង​ដែល​មាន​វ័យកាន់​តែចាស់​កាន់​តែ មាន​ចំនួន​ច្រើន។

លើស​ពីនេះ ហេតុផល​ចម្បង​មួយផ្សេង​ទៀតគឺ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ​២០០៨ និង​វិបត្តិប្រាក់​អឺរ៉ូ​ចាប់​ពី​ឆ្នាំ​២០១០។ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិឱ្យ​ឆ្លង​ផុត​ពី​វិបត្តិ និង​ជួយ​សង្គ្រោះ​គម្រោងប្រាក់​អឺរ៉ូ បារាំង​ក៏​ដូចជា​ រដ្ឋាភិបាល​ផ្សេង​ទៀត​នៅ​សហភាពអឺរ៉ុប ​ត្រូវ​បង្ខំចិត្ត​បង្កើន​បំណុល​សាធារណៈរបស់​ខ្លួន​យ៉ាង​កំហុក។ ផ្នែក​តាម​អ្នក​ជំនាញ​ដដែល ទោះ​ជាមាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​ប្រសិទ្ធិភាព ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ក៏​គេ​មើល​មិន​ឃើញ​ថា បារាំង​អាច​ស្វែងរក​តុល្យភាព​ថវិកា​ជាតិ​បាន​ដែរ ​ពីមុន​ឆ្នាំ​២០២០។

បំណុល​សាធារណៈ និង​របប​​ប្រជាធិបតេយ្យ​និយម

ផ្នែកតាម​ការ​អនុវត្ត​ជាក់ស្ដែង គេ​អង្កេត​ឃើញ​ជា​រឿយៗ ពីការ​កើន​ឡើង​បំណុល​សាធារណៈ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យនិយម​ ហើយ​បញ្ហានេះ​វា​​បាន​ក្លាយ​​ជា​រឿង​ធម្មតាទៅហើយ។ ដើម្បី​ទទួល​បាន​សម្លេង​ឆ្នោត​ពីប្រជាពលរដ្ឋ​​ភាគច្រើន រដ្ឋាភិបាល​​មួយ​​​នឹង​សន្យា​ធ្វើ​អ្វីៗបន្ថែម​ ជាពិសេស ​ការ​អនុវត្ត​នយោបាយ​រយៈពេល​ខ្លី ដែល​អាចចេញ​ជា​លទ្ធផល​ភ្លាមៗ។ ហើយ​ដើម្បីអាច​យក​ឈ្នះ​គូប្រជែង​របស់​ខ្លួន​នៅការ​បោះឆ្នោត​បន្ទាប់ គេ​ចាំបាច់​ត្រូវ​បន្ត​សន្យា​ផ្តល់​នូវនយោបាយ​របៀបនេះ​ ​ជាបន្តបន្ទាប់។ វា​ជា​ការសន្យា​មួយដែល​គ្មាន​ទីបញ្ចប់។ ក្នុងល័ក្ខខ័ណ្ឌ​នេះ បេក្ខ​ជន​ប្រធានាធិបតី ឬ​នាយក​រដ្ឋមន្ដ្រីមួ​យ​នឹង​មិន​ត្រូវ​បាន​បោះឆ្នោត ​ផ្តល់​សេចក្តី​ទុក​ចិត្ត ​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​នោះ​ទេ ប្រសិន​បើ​គាត់​មាន​បំណង​អនុវត្ត​នយោបាយរយៈពេល​វែង ឬ​វា​ប្រៀប​បាន​ជាមួយ​​ការវះកាត់ និងដាក់​ថ្នាំ​ព្យាបាល​ជម្ងឺសង្គម​ដ៏​ល្វីងជូរជត់។

នៅ​ចុង​បញ្ចប់ ផលវិបាកផ្សេង​ៗ​ដូចជា ការកើន​ឡើង​បំណុល​សាធារណៈ ឱនភាព​ថវិកា​ជាតិ អត្រា​និកម្មភាព​កើន​ឡើង នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ក្រោយៗ និង​មនុស្ស​ជំនាន់​ក្រោយដែល​ត្រូវ​បង់​ពន្ធ​បន្ថែម។ ទោះ​ជាយ៉ាងណា ស្ថាន​ភាព​អាច​នឹង​មាន​ភាព​ប្រែប្រួលខ្លះ សម្រាប់​ប្រទេស​ដែល​មាន​អាណត្តិ​ដឹកនាំ ដូចជាករណី​នៅ​អាមេរិក​ដែល​ប្រធានាធិបតី​អាច​ដឹកនាំ​បានត្រឹម​តែពីរអាណត្តិ។ ​ក្នុងល័ក្ខខ័ណ្ឌ​នេះ ប្រធានាធិបតី​ដែល​បាន​ជាប់​ឆ្នោត​នៅអាណត្តិ​ទីពីរ​នឹង​ខិតខំ​អនុវត្ត​នយោបាយ​រយៈពេល​វែង ដើម្បី​ប្រយោជន៍​ជាតិ​ ព្រោះ​ខ្លួន​មិន​ចាំបាច់​ត្រូវ​ខ្វល់​ខ្វាយ​ចង់​បាន​សម្លេង​ឆ្នោត​អ្វីទៀត​ទេ នៅ​អាណត្តិបន្ទាប់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI