បន្ថយការហូបសាច់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
មិនមែនមានតែឧស្សាហកម្មទេ ដែលប៉ះពាល់ដល់បរិស្ថាន ! ទម្លាប់ទទួលទានអាហាររបស់មនុស្សសម័យថ្មី ក៏ជាកត្តាមួយចូលរួមចំណែកបំពុលបរិយាកាសដែរ ! ដូច្នេះប្រសិនបើពិភពលោកចង់ប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅនៃភពផែនដីប្រកបដោយប្រសិទ្ធភាព គួរតែកាត់បន្ថយការបរិភោគសាច់ឱ្យបានខ្លាំងមែនទែន។ នេះបើតាមការបង្ហាញឱ្យឃើញនៅក្នុងសិក្សាមួយស្តីអំពីផលប៉ះពាល់នៃការទទួលទានចំពោះបរិស្ថាន។ ការសិក្សានេះមានចុះផ្សាយក្នុងទំព័រទស្សនាវដ្តី Nature។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើតាមការគុណគិតរបស់អ្នកស្រាវជ្រាវ ដើម្បីថែរក្សាផែនដី និងដើម្បីអាចមានអាហារសាច់ទទួលគ្រប់គ្រាន់ រហូតដល់ឆ្នាំ២០៥០ ក្រុមប្រទេសអ្នកមានអភិវឌ្ឍជឿនលឿនខ្លាំង ជាពិសេសជាងគេ ត្រូវបញ្ចុះការទទួលទានសាច់ ចំនួន៩០%។
ហេតុអ្វី ? ផលិតកម្មកសិចំណីអាហារ ត្រូវការទឹកច្រើនផង និងជាប្រភពនៃការកាប់ព្រៃឈើ ដែលសុទ្ធសឹងជាកត្តាចំបងៗនៃការឡើងកម្តៅអាកាសធាតុ។ ការចិញ្ចឹមសត្វបង្កផលប៉ះពាល់ដល់បរិស្ថានខ្លាំងជាពិសេសតែម្តង ! (ផោម)សត្វជាប្រភពបញ្ចេញជាតិឧស្ម័នមេតាន ដែលថ្វីបើមិនបង្កជាឧស្ម័នផ្ទះកញ្ចក់ខ្លាំងដូចឧស្ម័នកាបូនិកមែន តែឧស្ម័ននេះបង្កើនកម្តៅបរិយាកាសខ្លាំងណាស់។ ផលិតសាច់ មានន័យស្មើនឹងការចំណាយទឹក ! ដើម្បីបានសាច់គោមួយគីឡូក្រាម គេត្រូវការទឹកដល់ទៅជិត៧០០០លីត្រ។
បញ្ច្រាសមកវិញ បើមិនកាត់បន្ថយការទទួលទាន សាច់ទេ នោះផលប៉ះពាល់ចំពោះបរិស្ថាននឹងត្រូវកើនឡើងពី៥០ទៅ៩០% នៅពាក់កណ្តាលសតវត្សរ៍ទី២១។ នេះបើតាមការព្រមានរបស់ក្រុមអ្នកសិក្សាដដែល ដោយផ្តល់អំណះអំណាងថា ប្រជាជនលើភពផែនដីមានកំណើនរហូត ហើយរបបអាហារ ទាន់សម័យ កាន់តែសម្បូរសារធាតុខ្លាញ់ ស្ករ និងសាច់ ខ្លាំងឡើងៗ។
អ្នកដឹកនាំសិក្សា ក៏បានរំលឹកឱ្យពិភពលោកកាត់បន្ថយការខ្ជះខ្ជាយអាហារ។ បន្ថយបានតែពាក់កណ្តាល នោះការរងគ្រោះផ្នែកបរិស្ថានក៏បានចុះថយប្រមាណ១៦%។ ធ្វើកសិកម្មប្រកបដោយទំនួលខុសត្រូវ ផ្តល់ការអប់រំនិងធ្វើកំណែទម្រង់ឧស្សាហកម្ម ដើម្បីប្តូរផ្លាស់របៀបទទួលទានអាហារ មកហូបសាច់តិច បន្លែច្រើន សុទ្ធសឹងជាដំណោះស្រាយដែលត្រូវប្រើរួមគ្នា ដើម្បីជួយថែរក្សាភពផែនដី និងដើម្បីអាចចិញ្ចឹមជីវិតមនុស្សលោកបានយូរអង្វែង។
លទ្ធផលនៃការសិក្សានេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈតែមួយសប្តាហ៍ក្រោយរបាយការណ៍របស់ក្រុមអ្នកជំនាញអាកាសធាតុអន្តររដ្ឋាភិបាល ស្តីអំពីផលវិបាកនៃការឡើងកម្តៅអាកាសធាតុយ៉ាងលឿនលើសពី១,៥អង្សា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ