ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីអឺរ៉ុប​ច្រានចោល​គម្រោង​ថវិកា​អ៊ីតាលី ?

សំឡេង ០៧:៣១
អ៊ិតាលី​បដិសេធ​មិន​ផ្តល់​គម្រោង​ថ្មី ក្រោយ​គណៈកម្មការអឺរ៉ុប​បដិសេធ​គម្រោងថវិកា​អ៊ីតាលី
អ៊ិតាលី​បដិសេធ​មិន​ផ្តល់​គម្រោង​ថ្មី ក្រោយ​គណៈកម្មការអឺរ៉ុប​បដិសេធ​គម្រោងថវិកា​អ៊ីតាលី AFP/Philippe Huguen

ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសហភាពអឺរ៉ុប ដែល​គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ច្រាន​ចោល​គម្រោង​ថវិកា​របស់​ប្រទេស​ជា​សមាជិក។ នៅ​ថ្ងៃ​ទី ២៣​តុលា​ម្សិលមិញ គម្រោង​ថវិកា​ឆ្នាំ​២០១៩ របស់​អ៊ីតាលី ត្រូវ​បាន​គណៈកម្មការអឺរ៉ុប​ច្រាន​ចេញ។ ឯ​រដ្ឋាភិបាល​កាន់អំណាច​នៅ​ក្រុង​រ៉ូម ក៏​បាន​ឆ្លើយ​តប​វិញ​ភ្លាម ថា​អ៊ីតាលីមិន​ដក​ថយ​ទេ ! ហើយ​ក៏​នឹង​មិនលើក​គម្រោង​ថវិកា​ថ្មី​ តាម​សំណើ​របស់​អឺរ៉ុប​ឡើយ។ បើ​ដូច្នេះ​មែន តើ​គណៈកម្មការអឺរ៉ុប មាន​ជម្រើស​យ៉ាងណា ? អឺរ៉ុប​នឹង​ប្រើ​ទណ្ឌកម្ម​ដាក់​លើ​អ៊ីតាលី​ជា​សមាជិក​ព្រោះ​មិន​ស្តាប់​បង្គាប់​ឬ​ ?

ផ្សាយពាណិជ្ជកម្ម

​អឺរ៉ុប​មិន​ដែល​​សម្រេច​ចិត្ត​ច្រាន​ចោល​គម្រោង​ថវិកា​របស់ប្រទេស​​ជា​សមាជិក​ណាស់ម្នាក់​ឡើយ បើ​ទោះ​បី​ជាខ្លួន​​មាន​អំណាចក៏​ដោយ​ ព្រោះសេចក្តី​សម្រេច​ក្នុង​ផ្លូវ​នេះ ​​អាច​ត្រូវ​បាន​គេចាត់​ទុក​ជា​​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស។ ទើប​តែ​នៅ​​ថ្ងៃ​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​គណៈកម្មការអឺរ៉ុប​ បាន​ច្រានចោល​គម្រោង​ថវិកាអ៊ីតាលី ! មូល​ហេតុ​ មកពី​អ៊ីតាលី​មាន​ឱនភាពជាតិខ្លាំង​ និង​បំណុល​សាធារណៈ​ដ៏​ធំ​មហិមាពេក។ ដូច្នេះ​រដ្ឋាភិបាល​អ៊ីតាលី​ត្រូវ​លើក​គម្រោង​ថវិកា​ថ្មី​មក​បង្ហាញ​អឺរ៉ុប ! អឺរ៉ុប​ទុក​​​ពេលឱ្យ​​អ៊ីតាលី​ បី​អាទិត្យ។

តែ​អ៊ីតាលី​ប្រកែក ! សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី ជា​លើក​ទី​មួយ​ដែល​គម្រោង​ថវិកា​ជាតិ​អ៊ីតាលី មិន​ឆ្លង​កាត់​បញ្ជា​អឺរ៉ុប។ ​ ​អ៊ីតាលី​មិន​ខ្វល់​នឹងពាក្យ​​បញ្ជា​របស់​អឺរ៉ុបដែរ! ហើយ​ក្រុង​រ៉ូម បាន​អះអាង​គ្មាន​ជម្រើស​ស្រគួរ​សម្រាប់​យក​មក​ធ្វើ​ជា​គម្រោង​ថវិកា​ថ្មី​ដាក់​បំពេញ​ចិត្ត​អឺរ៉ុប​ឡើយ​ !

ជា​ការ​បដិសេធ ប្រកប​ដោយ​ហានិភ័យ ! ព្រោះ​​បើ​ក្រុង​រ៉ូម នៅ​តែ​មានៈ​ មិន​បង្ហាញ​គម្រោង​ថវិកា​ថ្មីមែន នោះ​គណៈកម្មការ​អឺរ៉ុប​នឹង​អាចផ្តើម​ដំណើរ​ការ​ដាក់​អ៊ីតាលី​ឱ្យ​ស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​ ក្នុងនាម​ជា​ប្រទេស​ មាន​ “ឱនភាព​ហួសហេតុ” ក្រោមហេតុផល​ថា កំរិត​ឱនភាព​ថវិកាឡើង​ខ្ពស់​ខ្លាំង​លើស​ច្បាប់​អនុញ្ញាតឱ្យ​នៅ​ត្រឹម​៣%​ ឬ​ ​បំណុល​សាធារណៈ​​ឡើង​លើស​ពី​៦០%នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB)។

អនុប្រធាន​គណៈកម្មការអឺរ៉ុប​បាន​លើក​អំពី​សេណារីយោ​នេះ​ជា​សាធារណៈ​ កាលពី​រសៀល​ថ្ងៃ​មិញ។

ហេតុអ៊ីតាលី​គ្រោង​មាន​ឱនភាព​ថវិកា​តែ​២,៤%​នៅ​ឆ្នាំ​២០១៩ ទាប​ជាង​កំរិត​ ៣%​របស់​​​អឺរ៉ុបហើយ​ ហេតុអ្វី​ក៏​​​​គណៈកម្មការអឺរ៉ុប​នៅ​តែបដិសេធ​ទៀត?

បើ​តាម​សំណេរ​ជា​លាយ​លក្ខណ៍​អក្សរ ក្នុង​គម្រោង​ថវិកា​២០១៩ អ៊ីតាលី​គោរព​បាន​ទាំង​ស្រុង​កំរិត​ឱនភាព​ជាតិ ក្រោម​៣%​​កំណត់​ដោយ​គណៈកម្មការ​អឺរ៉ុប។ ប៉ុន្តែ​​គណៈកម្មការអឺរ៉ុប​យល់​ថា​អ៊ីតាលី​រំលោភ​វិធាន​អឺរ៉ុប ដែល​ ​សមាជិក​ទាំង​អស់​បាន​ព្រមព្រៀង​ទទួល​យក​ នោះ​គឺ​​អ៊ីតាលី​ធ្វើបញ្ច្រាស​នឹង “យន្តការ​​ការពារស្ថិរភាព​អឺរ៉ុប”។ ជា​យន្តការ​ដាក់​លើ​​​​ប្រទេសដែល​មាន​ហានិភ័យ​លង់​ក្នុង​បំណុល​ឬ​ឱនភាព​ថវិកា​ខ្លាំង ​ឱ្យ​ទប់​ឱនភាពជាតិ​ឱ្យ​នៅក្រោម​៣%​ ឬ​ទប់​បំណុល​សាធារណៈ​ក្រោម​៦០% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

​ប្រទេស​អ៊ីតាលី​ស្ថិត​ក្រោម​យន្តការ​នេះ តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ! អ៊ីតាលី​ទប់​ឱនភាព​ជាតិ​បាន​មែន ប៉ុន្តែ​បំណុល​សាធារណៈ​របស់​ប្រទេស​ប៉ោង​ឡើង​ខ្ពស់​ខ្លាំងណាស់ ! បំណុល​អ៊ីតាលី​​ធ្ងន់​ខ្លាំង​ជាប់​លំដាប់​ទីពីរ​នៅ​ក្នុង​តំបន់​អឺរ៉ូ​ ក្នុង​កំរិត​១៣០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុកនៅឆ្នាំ​២០១៧។ ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ​ដ៏​មហិមា​នេះ អ៊ីតាលី​បាន​ព្រមព្រៀង​ កាលពី​កក្កដា ប្រឹង​ធ្វើ​កំណែទម្រង់​ រចនា​សម្ព័ន្ធ ដើម្បី​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ឱ្យ​បាន​០,៦% តាម​សេចក្តី​ណែនាំ​របស់​អឺរ៉ុប តែ​នៅ​ក្នុង​គម្រោង​ថវិកា ២០១៩ រដ្ឋាភិបាល​អ្នក​ស្តាំ​ជ្រុលនិយម​អ៊ីតាលី​បែរ​ជា​បង្កើន​ចំណាយ​រចនា​សម្ព័ន្ធដល់​ទៅ​០,៨%​ទៅ​វិញ។ នេះ​ហើយជា​បញ្ហា ! ជា​បញ្ហា​ដ៏​ធំ ដែល​បញ្ជាក់​ថា​អ៊ីតាលី​គ្មាន​សមត្ថភាព​សង​បំណុល​ជាតិ​ទេ។

វា​ខុស​ពី​ប្រទេស​បារាំង ដែល​ស្ថិត​ក្នុង​ចង្កោម​ ប្រទេសមាន​ “​ឱនភាព​ហួសហេតុ” និង​ដែល​ស្ថិត​នៅ​ក្រោម​​យន្តការ​ត្រួត​ពិនិត្យ​របស់​អឺរ៉ុប​តាំង​ពី​៩​មែន តែបារាំង​​អាច​ខ្ទប់​ឱនភាព​ជាតិឱ្យ​នៅ​ត្រឹម​៣% និង​បាន​បង្ហាញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​​រចនា​សម្ព័ន្ធ មិន​បានបញ្ចុះ​ចំណាយ​​​០,៦%​ ដូច​អឺរ៉ុប​តម្រូវ​មែន ​ តែ​មិន​វេរប្តូរ​ទិស​ទៅ​ជា​កំណើនចំណាយ​​ទេដូច​អ៊ីតាលី​ទេ។ ព័រទុយហ្កាល់ អេស្ប៉ាញ បែលហ្សិក​ ក៏គោរពបញ្ជា​​អឺរ៉ុប​មិន​បាន​ទាំង​ស្រុង​ដែរ តែ​គ្មាន​នរណា​ដើរ​បញ្ច្រាស​ទិស​​ខ្លាំង​ដូច​អ៊ីតាលី​ទេ។

គណៈកម្មការ​អឺរ៉ុបនឹង​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​អ៊ីតាលី?

ពេល​នេះ​គណៈកម្មការអឺរ៉ុប​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទ័ល​ ! ស្ថាប័ន​ធ្លាប់​សម្រួល​និ​ងអនុគ្រោះ​ដល់​អ៊ីតាលី​ដែល​មិន​គោរព​យន្តការ​​ស្ថិរភាព​អឺរ៉ុប​ ដោយ​ផាត់​ឱនភាព​សាធារណៈ​របស់​អ៊ីតាលី​ចំនួន​៣០ពាន់​លាន​អឺរ៉ូ​ នៅ​រវាង​ពី​ឆ្នាំ​២០១៥-២០១៨​ហើយ។ តែ​​ពេល​នេះ​គណៈកម្មការ​អឺរ៉ុប​មិន​អាច​បណ្តោយ​ឱ្យ​អ៊ីតាលីឱ្យ​បន្ត​​រំលោភ​បំពាន​ច្បាប់​បាន​ទៀត​ឡើយ បើ​ពុំ​នោះ​ស្ថាប័ន​នឹង​ត្រូវ​បាន​បង់​ទំនុក​ចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ​ និង​ ប្រទេស​សមាជិក​ផ្សេង​ទៀត។

ដូច្នេះ​អឺរ៉ុប​គ្មាន​ជម្រើស​ច្រើន​ឡើយ​ ! បើ​អ៊ីតាលី​នៅ​តែ​មិន​ស្តាប់ គណៈកម្មការ​អឺរ៉ុប អាច​មាន​លទ្ធភាព​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​អ៊ីតាលី ! បើតាម​មើល​ទៅ ដំណើរការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​អ៊ីតាលី ទំនង​ជា​សេណារីយោ ដែល​មិន​អាច​បញ្ចៀស​បាន​ឡើយ។ តាម​រយៈ​វិធានការ​នេះ អឺរ៉ុប​នឹង​អាច​តានដាន​អ៊ីតាលី​យ៉ាង​ស្អិត ហើយ​បើ​មើល​ឃើញ​ថា​រដ្ឋាភិបាល​ប្រទេស​នេះ គ្មាន​ឆន្ទៈ​ល្អ​ពិត​ប្រាកដ​ នោះ​អឺរ៉ុប​នឹង​អាច​រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ ច្បាប់ដាក់​ទណ្ឌកម្ម​អ៊ីតាលី​ ដែល​ត្រូវ​ការ​ពេលវេលា​រាប់​ខែ ឬ​ដល់​ឆ្នាំ​ផង ​ពិន័យ​ជា​ប្រាក់​ក្នុង​កំរិត​០,២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក រយៈ​ពេល​ប៉ុណ្ណេះ​ឆ្នាំ​អញ្ចឹង​ទៅ។

ប៉ុន្តែ​សម្រាប់​ពេល​នេះ អឺរ៉ុប​ចៀស​មិន​ធ្វើ​ដល់​ថ្នាក់​នោះឡើយ គណៈកម្មការ​សង្ឃឹម​លើ​​ការ​ចរចា​និង​ ​សម្ពាធ​នយោបាយ​របស់​បណ្តា​ប្រទេស​ជាសមាជិក​តំបន់​អឺរ៉ូ​ផ្សេង​ទៀត ដាក់​លើ​អ៊ីតាលី នៅ​ពេល​ជំនួប​ប្រជុំ​ដើម​ខែ​វិច្ឆិកា និង​ធ្នូ​ខាង​មុខ។ ហើយ​គណៈកម្មការ​ក៏​អាច​រំពឹង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​ទៀត ក្នុង​ការ​ជួយ​រុញ​ច្រាន​រដ្ឋាភិបាល​អ៊ីតាលី​ឱ្យ​ប្តូរ​ចិត្ត លើក​គម្រោង​ថវិកា​ថ្មី​ ដែល​​អឺរ៉ុបអាច​ទទួល​យក​បាន ​នៅ​សប្តាហ៍​ទៀត​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI