លោកស្រី​មឺកែល​ នឹង​ចុះចេញពី​តំណែង​ជា​ប្រមុខ​ដឹកនាំ​​អាល្លឺម៉ង់​នៅឆ្នាំ​២០២១​

ប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីមឺកែល
ប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីមឺកែល REUTERS/Hannibal Hanschke

មេដឹកនាំ​អាល្លឺម៉ង់​ គឺ​លោក​ស្រីមឺកែល​ នៅថ្ងៃចន្ទ​ទី២៩​ តុលា​ បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ដោយ​លោកស្រី​បាន​ប្រកាស​ថា​ នឹង​ឈប់​ធ្វើ​ជាមេដឹកនាំ​អាល្លឺម៉ង់​ត្រឹមឆ្នាំ​២០២១ខាងមុខ​នេះ​ ជាពេលដែល​អាណត្តិ​ដឹកនាំ​របស់​លោកស្រី​ត្រូវបាន​បញ្ចប់​។

ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ដ៏​ភ្ញាក់ផ្អើលនេះ​ ធ្វើឡើង​បន្ទាប់ពី​ប្រទេសអាល្លឺម៉ង់​ធ្លាក់ក្នុង​វិបត្ដិ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​ និងក្រោយ​ពី​គណបក្ស​របស់​លោកស្រី​ បាត់បង់​ការគាំទ្រ​ក្នុង​ពេល​បោះឆ្នោត​សកល​ក្នុង​តំបន់​នាពេល​កន្លងទៅ​នេះ​។ "ខ្ញុំ​នឹង​មិន​ប្រកួតប្រជែង​ ដណ្តើម​យក​មុខតំណែង​នយោបាយ​ណាមួយ​ទេ​ បន្ទាប់ពី​ខ្ញុំ​បញ្ចប់​អាណត្តិ​នៅឆ្នាំ​២០២១​ខាងមុខ​។ នេះ​ ជា​សម្តី​របស់​លោកស្រី​អង់ហ្គឺឡា​ មឺកែល​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់​នៅថ្ងៃ​ទី២៩​ តុលា​។

លើស​ពីនេះ​ទៅទៀត​ លោកស្រី​ក៏បាន​និយាយ​ផងដែរ​ថា​ នឹង​មិន​ចូលរួម​ឈរឈ្មោះ​ជា​មេដឹកនាំ​នៃ​គណបក្ស​ CDU​ បក្ស​ស្តាំ​អភិរក្សនិយម​នា​ខែធ្នូ​ខាងមុខ​ទៀតផង​។ ជា​មុខតំណែង​ដែល​លោកស្រី​បាន​កាន់កាប់​អស់​រយៈពេល​១៨ ឆ្នាំ​ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។

លោកស្រី​មឺកែល​ ក៏បាន​អះអាង​ផងដែរ​ថា​ លោកស្រី​ទទួល​ខុសត្រូវ​ចំពោះ​ការបាត់បង់​សំឡេង​ឆ្នោត​របស់​បក្ស​ នាពេល​កន្លងមក​ថ្មីៗនេះ​។ មួយវិញទៀត​ លោកស្រី​បាន​បន្ថែម​ថា​ ពេលនេះ​ វា​ដល់ពេល​ដែល​ត្រូវ​បើកទំព័រ​សករាជថ្មី​ របស់​អាល្លឺម៉ង់​ហើយ​។

សូម​ជម្រាបជូន​ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ប្រទេស​អាល្លឺម៉ង់​ បានធ្លាក់​ទៅក្នុង​វិបត្តិយ៉ាង​ធ្ងន់ធ្ងរ​ ជាពិសេស​ដោយសារតែ​បញ្ហា​ជន​អន្តោប្រវេសន៌​។ រឿង​ដ៏គួរឲ្យកត់សម្គាល់​ផងដែរនោះ​គឺ​ គណបក្ស​ CDU​ បក្សស្តាំ​អភិរក្ស​និយម​ របស់​លោកស្រី​បាន​ថយ​ចុះ​សម្លេង​ឆ្នោត​ គាំទ្រ​យ៉ាងគំហុក​កាលពី​ឆ្នាំ២០១៧​ កន្លងទៅ​ដោយសារតែ​លោកស្រី​មឺកែល​ ព្រមទទួលយក​ជនភៀសខ្លួន​រាប់លាននាក់​ ឲ្យតាំង​ទីលំនៅក្នុង​ប្រទេសអាល្លឺម៉ង់​។

គួរ​រឮក​ផងដែរថា​ មានវ័យ​ ៦៤ឆ្នាំ​ លោកស្រី​ មឺកែល​ បាន​ជាប់ឆ្នោត​ក្លាយជា​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង​ដំបូង​នៅឆ្នាំ​ ២០០៥​។ ហើយក្នុងករណី​ ដែល​លោកស្រី​បញ្ចប់​អាណត្តិ​ត្រឹមឆ្នាំ ​២០២១​ ដូច​ដែល​បានគ្រោងទុក​នោះ​ លោកស្រី​នឹង​ក្លាយជា​មេដឹកនាំ​ប្រទេស​បានយូរជាង​គេ​ទីពីរ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​អាល្លឺម៉ង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI