សត្វនិងរុក្ខជាតិ ១លានប្រភេទប្រឈមនឹងការផុតពូជ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់បានជួបប្រជុំអស់ពេញមួយសប្តាហ៍ នៅអង្គការយូនីស្កូ ក្រុងប៉ារីស អ្នកជំនាញអង្គការសហប្រជាជាតិ និងអ្នកការទូត មកពី១២៣ប្រទេសបានចេញផ្សាយរបាយការណ៍ វាយតម្លៃស្ថានភាពជីវចម្រុះ នៅលើពិភពលោក ជាសាធារណៈ។ បើតាមរបាយការណ៍ ជីវិតសត្វនិងរុក្ខជាតិ ១លានប្រភេទ កំពុងប្រឈមនឹងការផុតពូជ និងក្នុងល្បឿនលឿនក្រៃ។ គេអាចជួយធម្មជាតិបាន ដរាបណាតែមនុស្សប្តូរផ្លាស់ទម្លាប់ ផលិតនិងទទួលទាន ឱ្យបានស៊ីជម្រៅ។
ជាសេចក្តីសន្និដ្ឋានដ៏គួរឱ្យរន្ធត់ ! របាយការណ៍ថ្មីស្រឡាងមួយ បានបង្ហាញឱ្យឃើញថា ធម្មជាតិដែលជាទីរំពឹងរបស់មនុស្ស កំពុងប្រឈមនឹងការរលត់ផុតពូជ ល្បឿនលឿនបំផុតនៃប្រវត្តិមនុស្សជាតិ។ កំរិតនៃការរលត់ផុតពូជ លឿនខ្លាំង អាចនឹងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះជីវិតមនុស្សលោកលើភពផែនដី។
មនុស្សលោកកើនឡើងទ្វេដងក្នុងរយៈពេល៥០ឆ្នាំ (៧៦០០ពាន់លាននាក់ នៅពេលនេះ និង១០ពាន់លាននាក់នៅឆ្នាំ២០៥០)។ មនុស្សលោកផលិត ទទួលទាន កាន់តែច្រើនឡើងៗ សាច់សត្វ សាច់ត្រី និងផលិតផលធ្វើពីសត្វ ពីត្រី។ ជាលទ្ធផល សកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ និងប្តូរផ្លាស់ធម្មជាតិលើដីបីភាគបួន ធម្មជាតិក្នុងទឹក ពីរភាគបី។ របៀបរស់នៅរបស់មនុស្ស ជាដើមហេតុនៃការបំផ្លាញបរិស្ថានលើដី៧៥% បំផ្លាញបរិស្ថានសមុទ្ទ៦៦%។
ការប្រើប្រាស់ដី (ការកាប់ព្រៃឈើ កសិកម្មបែបប្រពលវប្បកម្ម) ការទាញប្រយោជន៍ពីធនធានធម្មជាតិ (នេសាទហួសហេតុ បរបាញ់ ពង្រីកនគរូបនីយកម្ម ទាញយករ៉ែ) ការបែ្រប្រួលអាកាសធាតុ ការបំពុលបរិយាកាស និងការរាតត្បាតនៃសត្វនិងរុក្ខជាតិចង្រៃ ជាមូលហេតុចំបង៥យ៉ាងនៃការបំផ្លាញធម្មជាតិ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ៤៥០នាក់ ដែលសិក្សាអស់រយៈពេលបីឆ្នាំ មុនឈានដល់ការចេញជារបាយការណ៍ថ្ងៃនេះ។
ជាសរុបជីវិតសត្វនិងរុក្ខជាតិ ប្រមាណ ១លាន លើ៨លានពូជដែលមាននៅលើភពផែនដី កំពុងប្រឈមនឹងការផុតពូជ ដោយភាគច្រើននឹងរលត់បាត់បង់នៅទសវត្សរ៍លក្រោយ។ ការវាយតម្លៃ នៅក្នុងរបាយការណ៍នេះ មានន័យស្របគ្នាទៅនឹងគំនិតរបស់អ្នកវិទ្យាសាស្ត្រជាច្រើនដែលថានេះការផុតពូជទាំងហ្វូងៗទី៦ និងជាលើកទីមួយ ដោយស្នាដៃមនុស្ស។ ប៉ុន្តែមនុស្សក៏ជាជនដំបូងគេដែលអាចបញ្ឈប់សកម្មភាពហិនហោចផុតពូជបាន ប្រសិនបើយើងប្តូរផ្លាស់សកម្មភាពភ្លាមចាប់ពីថ្ងៃនេះទៅ។
រៀបចំឡើងយ៉ាងផ្ចិតផ្ចង់ ក្នុងអំឡុងពេលមួយសប្តាហ៍ នេះជារបាយការណ៍ប្រវត្តិសាស្ត្រ ប្រសូតចេញពីការងាររបស់ប្រទេសទាំង១៣២ ដែលមានន័យជាការទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួន។ របាយការណ៍ចេញហើយ ឥលូវដល់ពេលត្រូវចាប់អនុវត្តម្តង !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ