បារាំងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាន
ចុះផ្សាយនៅថ្ងៃ៖
បារាំងពុំធ្លាប់ជួបប្រទះទាល់សោះ បាតុភូតក្តៅខ្លាំងហួសហេតុ តាំងពីនៅក្នុងខែមិថុនា យ៉ាងដូច្នេះពីមុនមក ! គ្រាន់តែប្រក្រតិទិនចង្អុលថាដល់រដូវក្តៅភ្លាម សីតុណ្ហភាពស្ទុះឡើងដល់ជាងសាមសិបអង្សាភ្លែត និងដល់ជាងសែសិបអង្សាផង នៅថ្ងៃស្អែកនិងខានស្អែក។ ពេញមួយសប្តាហ៍នេះ ប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសជិតខាងអឺរ៉ុបមួយចំនួន ត្រូវរងសម្ពាធអាកាសធាតុបានក្តៅខ្លាំងហួសហេតុ មិនធ្លាប់មាន តាំងពីដើមរដូវ ក្នុងរយៈពេលយ៉ាងហោច៦ថ្ងៃជាប់គ្នា។
៣៣អង្សា នៅថ្ងៃចន្ទ នៅក្រុងប៉ារីស ! ស្អែកសីតុណ្ហភាពនឹងឡើងដល់៣៥អង្សា និងកាន់តែក្តៅខ្លាំងមែនទែនដល់ជាង ៤០អង្សា នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ …
ខ្យល់ក្តៅបក់មកពីវាលខ្សាច់សាហារ៉ា មកពីអេស្ប៉ាញ កំពុងគ្របដណ្តប់លើផ្ទៃប្រទេសបារាំង ព្រមទាំងបណ្តាប្រទេសជិតខាងក្នុងអឺរ៉ុបជាច្រើនទៀត ក្នុងរយៈពេលមួយដែលគ្មាននរណាអាចកំណត់បានឡើយ។ អ្នកជំនាញឧតុនិយម ព្យាករថារយៈពេលក្តៅខ្លាំងអាចអូសបន្លាយយ៉ាងតិចបំផុតក៏៦ថ្ងៃ ជាប់គ្នាដែរ។
មានតែតំបន់ភាគខាងលិច តាមបណ្តោយមហាសមុទ្ទអាត្លង់ទិកប៉ុណ្ណោះ ដែលសីតុណ្ហភាពចង្អុលត្រឹមកំរិតប្រមាណជាង៣៥អង្សារ។ ហើយដោយគ្មានការភ្ញាក់ផ្អើល គឺទីប្រជុំជន និងក្រុងធំៗដែលសីតុណ្ហភាពឡើងក្តៅ និងស្អុះស្អាប់ខ្លាំងជាងគេ (១០អង្សាលើសស្រុកស្រែនិងជនបទ)។ ជាក់ស្តែង ក្រុងប៉ារីស បានប្រកាសអាសន្នកំរិតប្រុងប្រយ័ត្ន ចាប់តាំងពីថ្ងៃចន្ទនេះទៅ។
ឆាប់ក្តៅ និងឡើងក្តៅភ្លាមជាការក្តៅខ្លាំងហួសហេតុ តាំងពីដើមរដូវ ជាបាតុភូត ដែលមិនធ្លាប់កើតមានទេនៅប្រទេសបារាំង គិតចាប់តាំងពីឆ្នាំ១៩៤៧មក។ កាលពីឆ្នាំ២០០៣ បាតុភូតក្តៅស្អុះស្អាប់ខ្លាំងហួសហេតុបានកើតមានម្តង ក្នុងរយៈពេលជិតបីសប្តាហ៍ និងបានធ្វើឱ្យមនុស្សស្លាប់ជាង១៥០០០នាក់។
នៅលើកនេះ បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរបារាំងបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ទាំងផ្នែកសង្គ្រោះបន្ទាន់ និងធម្មតា នៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលមនុស្សចាស់ សាលារៀន និងកន្លែងធ្វើការ ព្រមទាំងទីសាធារណៈ។ ឈរលើស្ថានភាពជាក់ស្តែង សាលារៀនអាចនឹងត្រូវប្រកាសបិទទ្វារ ដោយមានសេចក្តីត្រឹមថ្នាក់មូលដ្ឋានក៏បាន។ ការផ្គត់ផ្គង់អគ្គីសនីក៏ត្រូវបានធានាដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី បណ្តាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នឹងជំរុញឱ្យបាតុភូតក្តៅខ្លាំងកើតឡើងកាន់តែញឹកញយ កាន់តែឆាប់ និងអូសបន្លាយរដូវក្តៅឱ្យកាន់តែវែង រដូវក្តៅនឹងក្តៅកាន់តែខ្លាំង។ នេះជាការព្រមានរបស់អ្នកវិទ្យាសាស្ត្រ ដោយរំលឹកថាប៉ារីសធា្លប់មានរដូវក្តៅដែលត្រជាក់ខ្លាំង៥ដង តែកាលពីមុនឆ្នាំ១៩៨០ប៉ុណ្នោះ។ បើតាមការព្យាកររបស់ឧតុនិយមបារាំង កំដៅសីតុណ្ហភាពនឹងអាចឡើង២អង្សាទៅ៤លើសសម័យមុនឧស្សាហកម្មនៅរវាងឆ្នាំ២០៧១-២១០០ នៅប្រទេសបារាំង។ ហើយពីពេលនេះដល់ឆ្នាំ២០៥០ បាតុភូតជួបរលកកម្តៅខ្លាំងនឹងអាចមានច្រើនទ្វេ ពីរទៅបីដង លើសសព្វថ្ងៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ