អ៊ីរ៉ង់ចាប់ខ្លួនអ្នកស្រាវជ្រាវនយោបាយបារាំង ក្នុងបរិបទនៃភាពតានតឹងនុយក្លេអ៊ែរ
អ្នកស្រាវជ្រាវបារាំងដើមកំណើតអ៊ីរ៉ង់ អ្នកស្រី ហ្វារីបា អាឌែលខា Fariba Adelkhah នាយកស្រាវជ្រាវនៅវិទ្យាសា្ថនសិក្សានយោបាយ នៅទីក្រុងប៉ារីស ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន នៅក្នុងទឹកដីអ៊ីរ៉ង់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបារាំង ដោយមិនបញ្ជាក់អំពីថ្ងៃខែនៃការចាប់ខ្លួននោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើតាមប្រព័ន្ធឃោសនាព័ត៌មានអ៊ីរ៉ង់នៅបរទេស អ្នកស្រាវជ្រាវនយោបាយជាតិបារាំងដើមកំណើតអ៊ីរ៉ង់ត្រូវបានក្រុងតេអេរ៉ង់ ចាប់ខ្លួនតាំងពីប្រមាណបីសប្តាហ៍មកហើយ។
ប៉ារីស បានទាមទារ និងដាក់សំណើសុំជួបអ្នកស្រីនរវិទ្យូ ដោយគ្មានបង្អង់ តាំងពីថ្ងៃបាត់ដំណឹងអ្នកស្រីភ្លាម តាមដំណើរបែបបទរដ្ឋបាល និងការទូត ទៅកាន់អាជ្ញាធរក្រុងតេអេរ៉ង់ ដើម្បីបានដឹងអំពីស្ថានការណ៍និងលក្ខខណ្ឌនៃការចាប់ខ្លួន ប៉ុន្តែគ្មានចម្លើយតបទេ រហូតមកទល់នឹងរសៀលថ្ងៃចន្ទទី ១៥ កក្កដានេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង។ ក្រសួងការបរទេសដែលបានអំពាវនាវ ឱ្យអាជ្ញាធរបំភ្លឺអំពីស្ថានភាពរបស់អ្នកស្រី ហ្វារីបា អាឌែលខា បានបញ្ជាក់ទទូចជាថ្មីឱ្យអ៊ីរ៉ង់ផ្តល់ព័ត៌មានតាមផ្លូវទូត។
អាយុ៦០ឆ្នាំ ជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនៃវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយ Sciences Po-Paris ឯកទេសអ៊ីរ៉ង់ ជាបណ្ឌិតផ្នែកនរវិទ្យា នៅសាលាសិក្សាវិទ្យាសាស្ត្រសង្គមជាន់ខ្ពស់ ក្រុងប៉ារីស អ្នកស្រី ហ្វារីបា អាឌែលខា សហការការងារជាមួយទស្សនាវដ្តីវិទ្យាសាស្ត្រជាច្រើន ដូចជា Iranien Studies Tevue des mondes musulmans et de la Méditerranée។ អ្នកស្រីមានសរសេរសៀវភៅជាច្រើនស្តីពីអ៊ីរ៉ង់ អាហ្វហ្កានីស្ថាន។
ការបាត់ខ្លួនអ្នកស្រី អាឌែលខា ដែលបានធ្វើដំណើរទៅអ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌនៃការស្រាវជ្រាវ ប្រព្រឹត្តទៅក្នុងខណៈដែលអ៊ីរ៉ង់កំពុងមានទំនាក់ទំនងតានតឹងជាមួយបស្ចឹមលោក ដោយហេតុតែអាមេរិកដកខ្លួនជាឯកតោភាគីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានត្រឡប់មកដាក់ទណ្ឌកម្មលើតេអេរ៉ង់ជាថ្មី។
អ៊ីរ៉ងបានដាក់ឱសានវាទគំរាមដើរចេញពីកិច្ចព្រមព្រៀងដែរ និងបានទាមទារជាថ្មីនៅថ្ងៃចន្ទនេះ ឱ្យសហភាពអឺរ៉ុបចាត់គ្រប់វិធានការងាយៗ មានប្រសិទ្ធភាពនិងប្រកបដោយទំនួលខុសត្រូវ ដើម្បីស្តារកិច្ចព្រមព្រៀង បើពុំនោះទេអ៊ីរ៉ង់នឹងត្រលប់ទៅប្រកាន់ជំហរដូចកាលពីឆ្នាំ២០១៥។ នាំមុខបារាំងអាល្លឺម៉ង់អង់គ្លេស អឺរ៉ុបបានខ្នះខ្នែងបញ្ជូនអន្តរការីទៅអ៊ីរ៉ង់ និងបានរកវិធីបន្ធូរបន្ថយស្ថានការណ៍ ប៉ុន្តែមិនបានផល។ នៅថ្ងៃចន្ទនេះ អឺរ៉ុបកំពុងជួបប្រជុំគ្នាជាថ្មីដើម្បីប្រឹងឱ្យអស់ពីសមត្ថភាពស្តារកិច្ចព្រមព្រៀង ប៉ុន្តែអឺរ៉ុបគ្មានលទ្ធភាពពង្រាងទណ្ឌកម្មអាមេរិក ឱ្យសមចិត្តអ៊ីរ៉ង់សោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ