ភ្លើងឆេះព្រៃ ដ៏លាតសន្ធឹង មិនធ្លាប់មាននៅតំបន់អាកទិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
២០១៩ អាចជាឆ្នាំដែលក្តៅបំផុតដែលភពផែនដី មិនធ្លាប់ជួបប្រទះ។ រលកកំដៅ ខ្លាំងនៅអឺរ៉ុប ជាពិសេសនៅប្រទេសបារាំង ដែលលាតសន្ធឹងទៅដល់មានភ្លើងឆេះ ព្រៃ នៅតំបន់អាកទិក ភាគខាងជើងនៃផែនដី ជាភស្តុតាងស្រាប់។ យោងតាមអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ ភ្លើងឆេះព្រៃក្នុងទ្រង់ទ្រាយធំ នៅតំបន់អាកទិក ជារឿងដែលមិនធ្លាប់មានទេ ពីមុនមក។
តំបន់អាកទិក តែងជួបប្រទះភ្លើងឆេះព្រៃ ពីខែឧសភា រហូតដល់ខែតុលា។ សម្រាប់អ្នកជំនាញ ភ្លើងឆេះព្រៃជាផ្នែកមួយនៃធម្មជាតិជីវចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន។ ប៉ុន្តែ អាកាសធាតុ ក្តៅស្ងួតហួតហែងខ្លាំង នៅខែ មិថុនាកន្លងទៅ បានចាប់បណ្តាលឲ្យមានភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ ខ្លាំង និងរយៈពេលយូរ នៅតំបន់អាកទិក។
ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យដីស្ងួតខ្លាំង និងអាកាសធាតុក្តៅខ្លាំង មិនធ្លាប់មាន នៅអំឡុងខែ មិថុនា។ បាតុភូតទាំងនេះ បូកផ្សំនឹងរន្ទះ ខ្យល់បក់ខ្លាំង បានបណ្តាលឲ្យភ្លើងឆេះព្រៃ រីករាលដាល នៅពេញតំបន់អាកទិក តាំងពីខាងជើង តំបន់ស៊ីបេរី ប្រទេសអឺរ៉ុបខាងជើង ដូចជាស៊ុយអែត រហូតដល់អាឡាស្កា ឬ Greenland ជាដើម។
នៅGreenland អ្នកជំនាញរកឃើញថា អាកាសធាតុ ក្តៅ ស្ងួត មិនធម្មតា បានធ្វើឲ្យទឹកកករលាយមុន កាលកំណត់។ តាំងពីថ្ងៃទី១០កក្កដា ផ្កាយរណបបានចាប់បានសញ្ញាភ្លើងឆេះព្រៃ នៅGreenland ចំណែកនៅតំបន់ទឹកកកអាឡាស្ការបស់អាមេរិក គេរាប់ឃើញមានភ្លើងឆេះព្រៃ ដល់ទៅ៤០០កន្លែង។ អ្នកឧតុនិយមអាមេរិកាំងវាយតម្លៃថា គិតរហូតមកដល់ថ្ងៃពុធ សប្តាហ៍នេះ ភ្លើងឆេះព្រៃ បានលេបត្របាក់ ផ្ទៃដីព្រៃ អាឡាស្កា ជាង ៨ពាន់គីឡូម៉ែត្រក្រឡា។
សម្រាប់អ្នកវិទ្យាស្រ្ត ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃ រាប់រយកន្លែង នៅតំបន់ អាកទិកបានបង្កឲ្យមានឧស្ម័នកាបូនិក ដ៏ក្រាសក្រែល នៅក្នុងបរិយាកាស។ គេវាយតម្លៃថា ភ្លើងឆេះព្រៃ កាលពីរលកកំដៅខ្លាំង នៅខែមិថុនាកន្លងទៅ បានបញ្ចេញឧស្ម័នកាបូនិក ៥០ Megatonnes ដែលស្មើនឹងការបញ្ចេញឧស្ម័នកាបូនិក របស់ប្រទេសស៊ុយអែត ក្នុងរយៈពេល១ឆ្នាំ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ