បារាំង-អូតង់

លោកអេម៉ានុយអែល ម៉ាក្រុង៖បារាំងពិនិត្យមើលឡើងវិញនូវរបៀបវារៈនៃអន្តរាគមន៍របស់ខ្លួននៅតំបន់ស្ហាហ៊ែល

អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg (រូបឆ្វេង) និង​ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង វិមាន​អេលីហ្សេក្នុង​ក្រុង​ប៉ារីស ថ្ងៃទី២៨ វិច្ឆិកា ២០១៩
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg (រូបឆ្វេង) និង​ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង វិមាន​អេលីហ្សេក្នុង​ក្រុង​ប៉ារីស ថ្ងៃទី២៨ វិច្ឆិកា ២០១៩ Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ វិច្ឆិកា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ទទួល​ជួប​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ក្នុង​វិមាន​អេលីហ្សេ ក្រុង​ប៉ារីស។ នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​ប្រមុខ​អង្គការ​អូតង់ លោក​ម៉ាក្រុងថ្លែង​បាន​ថ្លែង​ថា បារាំង​កំពុង​សិក្សា ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជម្រើសរើស​យុទ្ធសាស្រ្ត​ទាំង​អស់​សម្រាប់​អន្តរាគមន៍​យោធា​របស់​បារាំង​នៅ​តំបន់​ស្ហាហ៊ែល ក្នុង​នោះ ក៏​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ពី​កម្លាំងសម្ព័ន្ធមិត្ត​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​មាន​ចូលរួម​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ៣ថ្ងៃ​ក្រោយ​ពី​មាន​ស្លាប់​ទាហាន​​បារាំង​ចំនួន ១៣នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បាកាន​ក្នុង​ប្រទេស​ម៉ាលី។

ផ្សាយពាណិជ្ជកម្ម

« ប្រទេស​បារាំង​បាន​ចូលរួម និង​បាន​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា។ នៅ​ក្នុង​នោះ មាន​សម្ព័ន្ធមិត្ត​ជាច្រើន​ក៏​បាន​ចូលរួម​ជាមួយ​យើង​ដែល​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​សន្យា និង​ចំពោះ​វត្តមាន​កងពល​ទាហាន រួម​ទាំង​សម្ភារៈសឹក​គ្រប់​ប្រភេទ។ ខ្ញុំ​ក៏​សូម​ស្វាគមន៍​ជា​ថ្មី​នៅ​ទី​នេះ​ចំពោះ​កម្លាំងទ័ព​គ្រប់​ប្រភេទ និង​ទាហាន​គ្រប់​រូប​ដើម្បី​និយាយ​ប្រាប់​ពួក​គេ​ពី​សេចក្តីទុកចិត្ត​របស់​ខ្ញុំ និង​សេចក្តីទុកចិត្ត​របស់​ប្រជាជាតិ​ទាំង​មូល។

បេសកកម្ម​របស់​យើង​តំបន់​ស្ហាហ៊ែល​ជា​បេសកកម្ម​សំខាន់​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ បរិបទ​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​តំបន់​ស្ហាហ៊ែល​ពេល​នេះ​បាន​នាំ​ឲ្យ​យើង​ពិនិត្យ​មើល​លើ​គ្រប់​ជម្រើសរើស​យុទ្ធសាស្រ្ត​ទាំង​អស់។ នៅ​ថ្ងៃ​អង្គារ ទី២៧ វិច្ឆិកា ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំទី១ ហើយ​នៅ​សប្តាហ៍​ខាង​មុខ​នឹង​ផ្តោត​លើ​ការងារ​ស៊ីជ្រៅ​ដែល​ខ្ញុំ​បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​កងទ័ព​របស់​យើង។

ការងារ​ស៊ីជ្រៅ​ផ្តោត​សំខាន់​លើ​របៀបវារៈ​នៃ​បទ​អន្តរាគមន៍​របស់​យើង​នៅ​តំបន់​ស្ហាហ៊ែល ហើយ​ខ្ញុំ​បាន​និយាយ​ថា គេ​ត្រូវ​ពិនិត្យ​មើល​លើ​គ្រប់​ជម្រើស​ទាំង​អស់។ នៅ​ក្នុង​បរិបទ​មួយ​នេះ និង​ដោយ​ផ្អែក​លើ​សេចក្តីសម្រេច​ដែល​បារាំង​នឹង​ត្រូវ​អនុម័ត ការ​ចូលរួម​កាន់​តែ​ច្រើន​ពី​ក្រុម​សម្ព័ន្ធមិត្ត​ពិត​ជា​រឿង​មួយ​ដែល​នឹង​មាន​គុណប្រយោជន៍​ខ្លាំង​ណាស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI