អានតួអត្ថបទ
តួកគី-បារាំង

លោកអ៊ែរដូហ្កានវាយប្រហារលោកម៉ាក្រុងដោយចាត់ទុកលោកម៉ាក្រុងស្ថិតក្នុងស្ថានភាពស្លាប់

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និងសមភាគី​តួកគី​លោកអ៊ែរដូហ្កាន ថ្ងៃទី៥ មករា ឆ្នាំ ២០១៨
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និងសមភាគី​តួកគី​លោកអ៊ែរដូហ្កាន ថ្ងៃទី៥ មករា ឆ្នាំ ២០១៨ LUDOVIC MARIN / POOL / AFP
១៧ នាទី

សង្រ្គាម​ពាក្យសម្តី​កំពុង​ផ្ទុះ​យ៉ាង​ផុសផុល​រវាង​ប្រទេស​បារាំង និង​តួកគី។ នៅ​ថ្ងៃ​សុក្រ ទី២៩ វិច្ឆិកា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ប្រើ​សម្តី​វាយប្រហារ​ធ្ងន់ៗ​លើ​សមភាគី​បារាំង​លោក​ម៉ាក្រុង​ដោយ​វិនិច្ឆ័យ​ថា លោក​ម៉ាក្រុង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្លាប់។ ការ​ថ្លែង​របស់​មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល និង​ជា​ការ​ឆ្លើយ​តប​នឹង​លោក​ម៉ាក្រុង​ដែល​បាន​ចាត់​ទុក​អង្គការ​អូតង់​ស្ថិត​ក្នុង​ស្ថានភាព​ស្លាប់។ ប្រតិកម្ម​តប​ភ្លាមៗ​នឹង​ការ​វាយប្រហារ​របស់​លោក​អ៊ែរដូហ្កាន វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​អ៊ែរដូហ្កាន​បាន​និយាយ​មិនមែន​ជា​សេចក្តីថ្លែងការណ៍​មួយ​ទេ តែ​ជា​ការ​ជេរប្រមាថ។

ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​ជា​មិនមែន​លើក​ចុង​ក្រោយ​ទេ​ដែល​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​មិន​ញញើត​ប្រើ​សម្តី​ខ្លាំងៗ​ដាក់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង។ តែ​ការ​វាយប្រហារ​របស់​លោក​អ៊ែរដូហ្កាន​លើ​លោក​ម៉ាក្រុង​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ម៉ាក្រុង​បាន​រិះគន់​លើ​ការ​វាយប្រហារ​របស់​កម្លាំងទ័ព​តួកគី​លើ​កម្លាំង​គួដឌីស្ថាន​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​តុលា​កន្លង​ទៅ និង​បន្ទាប់​ពី​លោក​ម៉ាក្រុង​បាន​ចាត់​ទុក​អង្គការ​អូតង់​ស្ថិត​ក្នុង​ស្ថានភាព​ស្លាប់។ គួរ​រម្លឹក​ថា ក្រុម​បស្ចិមលោក​បាន​រិះគន់​ចាស់​ដៃ​លើ​អន្តរាគមន៍​របស់​ទ័ព​តួកគី​ដែល​ជា​សមាជិក​ម្នាក់​របស់​អង្គការ​អូតង់​នៅ​ស៊ីរី។

ចំណែក​លោក​ម៉ាក្រុង​បាន​វាយតម្លៃ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍ The Economist ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី៧ វិច្ឆិកា​ថា អង្គការ​អូតង់​ស្ថិត​ក្នុង​ស្ថានភាព​ស្លាប់ និង​ត្រូវ​សើរើ​ពិនិត្យមើល​ឡើង​វិញ​នូវ​ទិសដៅ​យុទ្ធសាស្រ្ត​របស់​ខ្លួន។ « ខ្ញុំ​ថ្លែង​ពី​តួកគី​ទៅ​កាន់​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង ហើយ​ខ្ញុំ​នឹង​និយាយ​ដូច​គ្នា​នេះ​នៅ​អូតង់។ ដំបូង​ពិនិត្យមើល​ស្ថានភាព​ស្លាប់​ខ្លួន​ឯង​សិន​ទៅ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។ មនុស្ស​ខ្លាំង​តួកគី​រូប​នេះ​ដដែល​បាន​បន្ថែម​ដោយ​ឌឺដង​ថា លោក​ម៉ាក្រុង​គ្មាន​បទពិសោធន៍ និង​មិន​ដឹង​ថា​អ្វី​ទៅ​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម​ទើប​ក្រុម​អាវកាក់លឿង​បារាំង​លុកលុយ​ពេញ​ប្រទេស។

« អ្វី​ដែល​លោក​អ៊ែរដូហ្កាន​បាន​និយាយ​នេះ​មិនមែន​ជា​សេចក្តីថ្លែងការណ៍​មួយ​ទេ តែ​ជា​ការ​ជេរប្រមាថ » នេះ​ជា​ប្រតិកម្ម​តប​វិញ​របស់​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ រួច​បន្ថែម​ថា គ្មាន​ការ​អត្ថាធិប្បាយ​ណា​មួយ​ដែល​ត្រូវ​ធ្វើ​លើ​សម្តី​ជេរប្រមាថ​ឡើយ។ តាម​វិមាន​អេលីហ្សេ​ដដែល ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​ក្រុង​ប៉ារីស​នឹង​ត្រូវ​កោះហៅ​ទៅ​សួរ​នាំ​នៅ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ខាង​មុខ។ សង្រ្គាមពាក្យ​សម្តី​រវាង​លោក​អ៊ែរដូហ្កាន និង​លោក​ម៉ាក្រុង​បាន​ផ្ទុះ​ឡើង ក្នុង​ពេល​ដែល​អូតង់​ត្រៀម​បើក​ជំនួបកំពូល​ប្រចាំឆ្នាំ​លើកទី៧០ ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៤ ធ្នូ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ នា​ឱកាស​នោះ លោក​អ៊ែរដូហ្កាន លោក​ម៉ាក្រុង នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់លោកស្រីមែរកិល និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​ត្រូវ​រួម​ប្រជុំ​ដើម្បី​និយាយ​ពី​បញ្ហា​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ